ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​ចិន​នៅ​បន្ត​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ


រូបឯកសារ៖ បុរសម្នាក់មើលទូរសព្ទដៃ​ ខណៈ​ពេល​ខ្លួន​កំពុង​ចូល​មើល​គេហទំព័រ Weibo​ នៅក្រុង​សៀងហៃ កាលពីថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ​២០១២។​
រូបឯកសារ៖ បុរសម្នាក់មើលទូរសព្ទដៃ​ ខណៈ​ពេល​ខ្លួន​កំពុង​ចូល​មើល​គេហទំព័រ Weibo​ នៅក្រុង​សៀងហៃ កាលពីថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ​២០១២។​

ដោយសារតែ​មាន​ការ​រឹតត្បិត​បណ្តាញ​សង្គម​តាម​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​ចិន បណ្តាញ​សង្គម Twitter បាន​ក្លាយ​ជា​កន្លែង​មួយ​សម្រាប់​ចែក​រំលែក​ព័ត៌មាន និង​ស្វែងយល់​អំពី​ព្រឹត្តិការណ៍​ផ្សេងៗ​ដែល​កើត​ឡើង​នៅ​លើ​ពិភពលោក។

ក្តី​សង្ឃឹម​សម្រាប់​សេរីភាព​សារព័ត៌មាន​នៅ​តែ​ជា​អ្វី​ដែល​ជា​គ្រាន់​តែ​ជា​ការ​ស្រមើស្រមៃ​ប៉ុណ្ណោះ​នៅ​ប្រទេស​ចិន ហើយ​អនាគត​សេរីភាព​សារព័ត៌មាន​គឺ​កាន់​តែ​មាន​ភាព​ស្រពិចស្រពិល​នៅ​ក្រោម​ការ​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​របស់​មេដឹកនាំ​ចិន​លោក​ស៊ីជីនពីង។

កាល​ពី​ឆ្នាំ​មុន អាជ្ញាធរ​ចិន​បាន​បង្កើន​ការ​ប្រើប្រាស់​បច្ចេកវិទ្យា និង​ជំរុញ​កិច្ចប្រឹងប្រែង​ដើម្បី​រារាំង​លទ្ធភាព​ទទួល​បាន​ព័ត៌មាន និង​គំនិត​យោបល់​ផ្សេងៗ សូម្បី​តែ​នៅ​លើ​បណ្តាញសង្គម​តាម​អ៊ីនធឺណិត ដែល​ត្រូវ​បាន​រឹតត្បិត​រួច​ទៅ​ហើយ​ក្នុង​ប្រទេស​ចិន ដូចជា​បណ្ដាញ​សង្គម Twitter ជា​ដើម។

នៅ​ក្នុង​ប្រទេស​ចិន ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​ពីរ​នៅ​លើ​សកលលោក វិបសាយ​ចំនួន​រាប់​ពាន់​ត្រូវ​បាន​បិទ​ដូចជា Facebook, Gmail, Google, Instagram និង​សូម្បី​តែ Pinterest ជាដើម។វិបសាយ​ព័ត៌មាន​ដូចជា VOA ជា​ភាសា​អង់គ្លេស និង​ជា​ភាសា​ចិន បណ្តាញ​សារព័ត៌មាន BBC កាសែត The New York Time និង​បណ្ដាញ​សារព័ត៌មាន Bloomberg ក៏ដូចជា​បណ្តាញ​សារព័ត៌មាន​ដទៃ​ទៀត​ត្រូវ​បាន​បង្អាក់​មិន​ឲ្យ​ចូល​នៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ចិន​បាន​នោះ​ទេ។

ដោយសារតែ​មាន​ការ​រឹតត្បិត​បណ្តាញ​សង្គម​តាម​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​ចិន បណ្តាញ​សង្គម Twitter បាន​ក្លាយ​ជា​កន្លែង​មួយ​សម្រាប់​ចែក​រំលែក​ព័ត៌មាន និង​ស្វែងយល់​អំពី​ព្រឹត្តិការណ៍​ផ្សេងៗ​ដែល​កើត​ឡើង​នៅ​លើ​ពិភពលោក។

រូបឯកសារ៖ អេក្រង់កុំព្យូទ័រ​បង្ហាញ​ពី​គេហទំព័រ​ញ្ញតិ្ត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​មួយ ដោយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន Cambridge University Press ដាក់​ឡើង​វិញ​នូវ​អត្ថបទ​ដែល​មាន​លក្ខណៈ​រំញោច​នយោបាយ​ ដែល​ត្រូវ​បាន​ដកចេញ​ពី​វិបសាយ​របស់​ក្រុមហ៊ុន​នេះ​នៅ​ប្រទេស​ចិន។
រូបឯកសារ៖ អេក្រង់កុំព្យូទ័រ​បង្ហាញ​ពី​គេហទំព័រ​ញ្ញតិ្ត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​មួយ ដោយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន Cambridge University Press ដាក់​ឡើង​វិញ​នូវ​អត្ថបទ​ដែល​មាន​លក្ខណៈ​រំញោច​នយោបាយ​ ដែល​ត្រូវ​បាន​ដកចេញ​ពី​វិបសាយ​របស់​ក្រុមហ៊ុន​នេះ​នៅ​ប្រទេស​ចិន។

ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ មនុស្ស​ម្នាក់ៗ ដែល​មាន​តាំង​ពី​អ្នក​សិក្សា​រៀន​សូត្រ រហូត​ដល់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ទោះ​បី​ជា​មួយ​ចំនួន​នៃ​ពួកគេ​មាន​អ្នក​គាំទ្រ​នៅ​តាម​បណ្ដាញ​សង្គម​តិចតួច​ក៏​ដោយ ក៏​ត្រូវ​បាន​បង្ខំ​ឲ្យ​លុបចោល​សារ​បង្ហោះ​ផ្សេងៗ ហើយ​នៅ​ក្នុង​ករណី​ខ្លះ ពួកគេ​ត្រូវ​បាន​បង្ខំ​ឲ្យ​បិទ​គណនី​របស់​ខ្លួន​ជា​អចិន្ត្រៃយ៍​តែ​ម្ដង។

ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​បាន​ប៉ាន​ប្រមាណ​ថា មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​កោះហៅ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​មុន និង​ត្រូវ​បាន​ប្រាប់​ឲ្យ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន ឬ​បើ​មិន​ដូច្នេះ​ទេ​នឹង​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ។ អ្នក​ខ្លះ​គឺ​គ្រាន់តែ​បង្ហោះសារ​បន្ត​លើ​បណ្តាញ​សង្គម Twitter ឬ​គ្រាន់​តែ​ចុច «Like» តែ​ប៉ុណ្ណោះ។

សកម្មភាព​របស់​អាជ្ញាធរ​ចិន​ទាំង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​បន្ត​រឹត​បន្តឹង​លំហ​នៃ​សេរីភាព​បញ្ចេញ​មតិ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រោម​ការ​ដឹកនាំ​របស់លោក​ប្រធានាធិបតី ស៊ី ជីនពីង។ វា​ជា​ការ​រឹត​បន្តឹង​ដែល​ជា​បន្តបន្ទាប់​មាន​ចាប់​ពី​ការ​បិទ​វេបសាយ​ពី​ខាង​ក្រៅ​ប្រទេស រហូត​ដល់​ការ​ដាក់​សម្ពាធ​ទៅ​លើ​អ្នក​ប្រើប្រាស់​វេបសាយ​ក្នុង​ប្រទេស និង​អ្នក​បង្កើត​ក្រុម​ជជែក​គ្នា​នៅ​តាម​បណ្តាញ​សង្គម​តាម​អ៊ីនធឺណិត​របស់​ចិន​ផង​ដែរ។

ការ​ផ្តោត​តាមដាន​ទៅ​លើ​បណ្តាញ​សង្គម Twitter មិន​ត្រឹម​តែ​ប៉ះពាល់​ទៅ​លើ​អ្នក​ដែល​ស្វែងរក​កន្លែង​ដើម្បី​បញ្ចេញ​មតិយោបល់​រិះគន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​កំណត់​បណ្ដាញ​សង្គម​នេះ​ថា​ជា​កន្លែង​ដែល​ពលរដ្ឋ​ចិន​អាច​មាន​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ​ក្រៅ​ពី​របាយការណ៍​នានា​ដែល​មាន​តែ​មក​ពី​រដ្ឋាភិបាល ឬ​គណបក្ស​កុម្មុយនីស្ត​ចិន​នោះ។ បន្ថែម​ពី​លើ​នេះ​ទៀត បណ្តាញ​សង្គម Twitter ក៏​ជួយ​ឲ្យ​ពលរដ្ឋ​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​យល់​ដឹង​កាន់​តែ​ច្បាស់​បន្ថែម​ផងដែរ។

អ្នក​ស្រី Sarah Cook អ្នក​វិភាគ​ស្រាវជ្រាវ​ប្រចាំ​អង្គការ Freedom House ដែល​ជា​អង្គការ​ឃ្លាំ​មើល​ការ​រឹត​ត្បិត​លើ​ការ​ផ្សព្វផ្សាយ​ផ្សេងៗ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក បាន​និយាយ​ថា៖ «ប្រភព​ខ្លះ​នៅ​បណ្តាញ​សង្គម Twitter គឺ​ជា​ប្រភព​ព័ត៌មាន​សំខាន់​សម្រាប់​អ្នក​សារព័ត៌មាន​បរទេស ហើយ Twitter ក៏​ជា​កន្លែង​ដែល​ពលរដ្ឋ​នៅ​ប្រទេស​ចិន​មិន​ត្រឹម​តែ​អាច​បញ្ចេញ​មតិ​យោបល់​របស់​ខ្លួន​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​លាតត្រដាង​ព័ត៌មាន និង​បង្ហោះ​វីដេអូ​បាន​ផង​ដែរ»។

មាន​ការ​ប៉ាន់ស្មាន​ថា អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ប្រទេស​ចិន​ប្រហែល​មួយ​ទៅ​បី​ភាគរយ ប្រើប្រាស់​បណ្ដាញ​សង្គម Twitter។ នេះ​គឺ​គ្រាន់​តែ​ជា​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ​ក្នុង​ប្រទេស​ចិន ដែល​មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ជាង ៨០០ លាន​នាក់​នេះ។

កំណើន​នៃ​សារ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​អ៊ីនធឺណិត​ជា​ភាសា​ចិន​អាច​ជា​ហេតុផល​មួយ​នៃ​ការ​រឹតបន្តឹង​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ចិន​នៅ​លើ​បណ្តាញ​សង្គម Twitter។ វា​អាច​ជា​រឿង​នេះ ឬ​ការណ៍​ដែល​ថា​ឆ្នាំ ២០១៩ គឺ​ជា​ឆ្នាំ​នៃ​ការ​ប្រារព្ធ​ខួប​ដ៏​សំខាន់ និង​ប្រទាំង​ប្រទើស​មួយ​ចំនួន ដូចជា​ខួប​លើក​ទី ៧០ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ខួប​ទី​៣០​នៃ​ការ​បង្រ្កាប​ដ៏​បង្ហូរ​ឈាម​នៅ​ទីលាន Tianamen ជា​ដើម។

កាសែត The New York Times បណ្តាញ​ព័ត៌មាន BBC និង​បណ្ដាញ​សារព័ត៌មាន​ដទៃ​ទៀត​មាន​ទំព័រ Twitter ជា​ភាសា​ចិន ដែល​មាន​អ្នក​តាម​ដាន​មើល​ជាង ១ លាន​នាក់។ វេបសាយ​ជា​ភាសាចិន​របស់ VOA មាន​អ្នក​តាមដាន​មើល​ជាង ៧ សែន ៨ ម៉ឺន​នាក់។ វេបសាយ​ជា​ភាសា​អង់គ្លេស​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua របស់​រដ្ឋាភិបាល​ចិន មាន​អ្នក​តាមដាន​មើល​ជាង ១២ លាន​នាក់ និង​ជា​ភាសាចិន​មាន​ជាង​មួយ​លាន​នាក់។

រូប​ឯកសារ៖​ ក្រុមការងារ​សារព័ត៌មាន​ Ming Pao ចូលរួម​នៅ​ក្នុង​ការ​ដើរ​ដង្ហែ​ក្បួន​ប្រឆាំង​នឹង​អំពើហិង្សា​លើ​អ្នកសារព័ត៌មាន​នៅ​ក្រុង​ហុងកុង​ កាល​ពី​ថ្ងៃ​ទី០២ ខែ​មីនា ឆ្នាំ​២០១៤។
រូប​ឯកសារ៖​ ក្រុមការងារ​សារព័ត៌មាន​ Ming Pao ចូលរួម​នៅ​ក្នុង​ការ​ដើរ​ដង្ហែ​ក្បួន​ប្រឆាំង​នឹង​អំពើហិង្សា​លើ​អ្នកសារព័ត៌មាន​នៅ​ក្រុង​ហុងកុង​ កាល​ពី​ថ្ងៃ​ទី០២ ខែ​មីនា ឆ្នាំ​២០១៤។

លោក William Nee អ្នក​ស្រាវជ្រាវ​ផ្នែក​ប្រទេស​ចិន​ប្រចាំ​អង្គការ​សិទ្ធិ​មនុស្ស Amnesty International និយាយ​ថា៖ «ពួកគេ​កំពុង​ប្រើប្រាស់​សេរីភាព​ព័ត៌មាន​ទទួល​បាន​ព័ត៌មាន និង​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិយោបល់ និង​បណ្ដាញ​សង្គម​តាម​អ៊ីនធឺណិត​ដែល​មាន​នៅ​ទូទាំង​ពិភពលោក​ទាំង​នោះ ដើម្បី​ផល​ចំណេញ​របស់​ពួកគេ ហើយ​ស្រប​ពេល​នោះ​ដែរ ពួកគេ​ក៏​មាន​ការ​ធានា​ធ្វើ​យ៉ាង​ណា​គោរព​យ៉ាង​ម៉ឺងម៉ាត់​តាម​ការ​ផ្លាស់ប្ដូរ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន»។

មុន​ពេល​លោក Xi Jinping ចូល​កាន់​អំណាច​នៅ​ចុង​ឆ្នាំ ២០១២ ក្រុម​អ្នក​វិភាគ និង​សកម្មជន​និយាយ​ថា ចំណាត់ការ​របស់​រដ្ឋាភិបាល​ចិន​គឺ​មាន​ភាព​ខុស​គ្នា​ខ្លាំង។ នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​អតីត​ប្រធានាធិបតី Hu Jintao គេ​ឃើញ​មាន​លំហ​ធំ​ជាង​នេះ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល និង​ការ​ចែករំលែក​ព័ត៌មាន​តាម​បណ្តាញ​សង្គម​តាម​អ៊ីនធឺណិត។

ក្រុម​អ្នក​វិភាគ និង​សកម្មជន​នានា​ក៏​បាន​កត់​សម្គាល់​ឃើញ​ផង​ដែរ​ថា ចាប់​តាំង​ពី​លោក Xi Jinping បាន​ឡើង​កាន់​អំណាច​មក លោក​បាន​ប្រើ​វិធានការ​ដែល​មាន​ការ​គិតគូរ​វែងឆ្ងាយ និង​ឈ្លៀស​វៃ​តាម​បច្ចេកវិទ្យា​ផ្សេងៗ។

លោក Zuo La អ្នក​សារព័ត៌មាន​ពលរដ្ឋ​ដ៏​ល្បី​ឈ្មោះ​ម្នាក់ និង​ជា​អ្នក​សរសេរ​ប្លុក ដែល​បាន​ចាកចេញ​ពី​ប្រទេស​ចិន​មុន​ពេល​លោក Xi Jinping ចូល​កាន់​អំណាច បាន​និយាយ​ថា៖ «លោក Xi Jinping បាន​ពង្រឹង​អំណាច​របស់​លោក​យ៉ាង​ច្បាស់​ក្រឡែត ហើយ​ដោយសារ​ហេតុ​នេះ​បាន​ជា​មាន​លំហ​តិច​ជាង​មុន​សម្រាប់​សេរី​ភាព​សារព័ត៌មាន។

ឈ្មោះ​ពិត​របស់​លោក Zuo La គឺ Zhou Shuguang។ ភរិយា​របស់​លោក​មក​ពី​កោះ​តៃវ៉ាន់ ហើយ​ឥឡូវ​នេះ​លោក​កំពុង​រស់​នៅ​កោះ​តៃវ៉ាន់ ដែល​ជា​កោះ​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​យ៉ាង​មុតមាំ។​

លោក​បាន​និយាយ​ថា៖ «នៅ​ប្រទេស​ចិន មាន​អ្នក​សារព័ត៌មាន​ផ្នែក​ស៊ើប​អង្កេត​កាន់​តែ​តិច​ទៅៗ លំហ​សម្រាប់​សេរីភាព​បញ្ចេញ​មតិ​កំពុង​តែ​រង​ការ​រិតត្បិត ហើយ​មនុស្ស​កាន់​តែ​ច្រើន​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​អ្វី​ដែល​ពួកគេ​បាន​និយាយ»។

បន្ថែម​ពី​លើ​ការ​រឹតបន្តឹង​ការ​គ្រប់គ្រង ក៏​មាន​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ពង្រឹង​គោលដៅ​ឃោសនា​ទាំង​ក្នុង​ប្រទេស​ចិន និង​នៅ​លើ​ឆាក​អន្តរជាតិ ក៏ដូច​ជា​ទស្សនៈ​វិស័យ​របស់​ប្រទេស​ចិន​សម្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ផង​ដែរ។

កាល​ពី​ចុង​ឆ្នាំ​មុន ទីភ្នាក់ងារ​ព័ត៌មានXinhua និង​ក្រុមហ៊ុន​បច្ចេកវិទ្យា Sogou បាន​បង្ហាញ​ពី​អ្នក​អាន​ព័ត៌មាន​ជា​មនុស្ស​យន្ត​ដំបូង​បង្អស់​នៅ​លើ​ពិភពលោក ដែល​ប្រើ​បច្ចេកវិទ្យា​បញ្ញានិមិត្ត​ដើម្បី​ធ្វើ​ត្រាប់​តាម​សំឡេង ចលនា​បបូរ​មាត់ និង​ទឹក​មុខ​របស់​អ្នក​អាន​ព័ត៌មាន។ មនុស្ស​យន្ត​អាន​ព័ត៌មាន​នេះ​ត្រូវ​បាន​កោត​សរសើរ​ថា​អាច​ធ្វើ​ការ​បាន ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​ជួយ​បង្កើន​ប្រសិទ្ធផល​ការងារ។

អ្នកស្រី Sarah Cook នៃ​អង្គការ Freedom House បាន​និយាយ​ថា ប៉ុន្តែ​ក្រៅ​ពី​មនុស្សយន្ត​ជា​អ្នកសារព័ត៌មាន​នេះ ការ​គួបផ្សំ​បញ្ចូល​គ្នា​រវាង​បញ្ញានិមិត្ត និង​ឧបករណ៍​ឃោសនា​របស់​រដ្ឋាភិបាល​ចិន គឺ​ជា​អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ។

អ្នកស្រី​បាន​និយាយ​ថា៖ «ជាពិសេស​ពាក់ព័ន្ធ​នឹង​គំនិត​នៃ​ការ​ផ្លាស់ប្តូរ​ពាក្យ​ពេចន៍​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន ឬ​ចំណង​ជើង​អត្ថបទ​សម្រាប់​អ្នក​ប្រើប្រាស់​ផ្សេង​គ្នា ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ទាក់ទាញ​ជាង​មុន ដូចជា​កម្មវិធី App ព័ត៌មាន ដែល​ដំណើរការ​ដោយ​ប្រើ​បញ្ញា​និមិត្ត​នេះ​ជា​ដើម»។

អ្នកស្រី​បាន​បន្ថែម​ថា លទ្ធភាព​នៅ​ក្នុង​ការ​កាត់​តម្រឹម​អត្ថបទ​ព័ត៌មាន និង​បង្កើត​ជា​ទម្រង់​ខុសៗគ្នា ដែល​អាច​តម្រូវ​ទស្សនិកជន​ឲ្យ​បាន​ច្រើន ដែល​ទស្សនិកជន​ទាំង​នោះ​អាន​ព័ត៌មាន​នោះ​អាស្រ័យ​ទៅ​លើ​ប្រព័ន្ធ​ដោះស្រាយ​បញ្ហា​នៃ​កម្មវិធី App ដែល​ពួកគេ​ប្រើប្រាស់ គឺ​ជា​ឧបករណ៍​ឃោសនា​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​មួយ។

អ្នកស្រី Cook បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ដឹង​ច្បាស់​ទេ​ថា​តើ​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា​នៅ​ក្នុង​ការ​មាន​អ្នក​អាន​ព័ត៌មាន​ដែល​ប្រើ​ដោយ​បញ្ញា​និមិត្ត​នេះ ប៉ុន្តែ​ខ្ញុំ​គិត​ថា មាន​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​និមិត្ត​ក្នុង​គោល​បំណង​អាក្រក់​ជាង​នេះ នៅ​ពេល​ដែល​វា​ត្រូវ​ប្រើ​គួប​ផ្សំ​គ្នា​ជាមួយ​នឹង​ទីភ្នាក់ងារ​ព័ត៌មាន​មួយ​ចំនួន​ដូចជា​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ជា​ដើម»៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG