ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​បុរស​ស្បែកស​វ័យ​ក្មេងៗ​ជាក្រុម​ស្នូល​គាំទ្រ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ


ក្រុម​អ្នក​គាំទ្រ​ប្រធានាធិបតី​ ដូណាល់ ត្រាំ នៅ​ក្នុង​ការ​ជួប​ជុំ​គ្នា​មួយ​នៅ​ Fargo រដ្ឋ North Dakota កាល​ពី​ថ្ងៃទី​២៧ ខែ​មិថុនា ២០១៨។
ក្រុម​អ្នក​គាំទ្រ​ប្រធានាធិបតី​ ដូណាល់ ត្រាំ នៅ​ក្នុង​ការ​ជួប​ជុំ​គ្នា​មួយ​នៅ​ Fargo រដ្ឋ North Dakota កាល​ពី​ថ្ងៃទី​២៧ ខែ​មិថុនា ២០១៨។

ពលរដ្ឋ​អាមេរិកាំង​វ័យ​ក្មេង​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ស្បែក​ស​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​គោល​នយោបាយ​របស់​​លោក​ប្រធានាធិបតី​ស.រ.អា.​ ដូណាល់ ត្រាំ​ លើ​បញ្ហា​មួយ​ចំនួន។ ​​

ខណៈ​ពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ជនបទ​មួយ​នៃ​រដ្ឋ​ Ohio​ ដែល សេវា​ទូរស័ព្ទ​ម្តង​មាន​ម្តង​ដាច់ៗ​នោះ ​លោក ​Rylee Cupp អាយុ​២១​ឆ្នាំ​ បាន​ជំនះការ​ស្ទាក់​ស្ទើរ​ចិត្ត​ម្តងគាំទ្រ​ម្តង​មិន​គាំទ្រ​លោក​ ត្រាំ ​រហូត​ដល់​លោកបាន​ក្លាយ​ជា​អ្នក​គាំទ្រ​ដ៏​រឹងមាំ​របស់​លោក​ប្រធានាធិបតី។​

លោក​បាន​និយាយ​ថា៖ «សម្លឹង​មើល​ឥឡូវ​នេះ ​បន្ទាប់ពី​រឿង​វិជ្ជមាន​ទាំង​អស់​ដែល​ខ្ញុំ​ឃើញ​លោក ​ត្រាំ​ បាន​ធ្វើ ហើយ​នៅ​ក្នុង​ប្រទេស​នេះ ​ដូចជាសេដ្ឋកិច្ច​រីកលូត​លាស់​ ការ​ជ្រើស​រើស​ចៅក្រម​តុលាការ​កំពូល​ដ៏ត្រឹម​ត្រូវ​ ហើយ​បច្ចុប្បន្ន​ មាន​កិច្ច​ចរចា​ដើម្បី​លុប​បំបាត់​ អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង​ទៀត​នោះ ខ្ញុំអាច​និយាយ​ដោយ​មាន​ទំនុក​ចិត្ត​ថា​ ខ្ញុំនឹង​បោះឆ្នោត​ឲ្យ​លោក ​ដូណាល់ ត្រាំ ​ដោយ​រីករាយ​នៅ​ឆ្នាំ​២០២០»។​

បន្ទាប់​ពីជ័យ​ជម្នះដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​របស់​លោក ​ត្រាំ​ នៅក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០១៦​បុរស​ស្បែក​ស​ដែល​មាន​វ័យ​កណ្តាល​ ហើយ​ដែល​មិន​សប្បាយ​ចិត្ត​នឹង​រដ្ឋបាល​ចាស់​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ក្រុម​ដែល​ធំ​បំផុត ​ដែល​ខក​ចិត្ត​នឹង​នយោបាយប្រធានាធិបតី​អាមេរិក។​

ចាប់​តាំង​ពី​ពេល​នោះ​មក​ ការ​ស្ទង់​មតិ​បាន​រក​ឃើញ​ថា ​បុរស​ស្បែក​ស​នៅ​តែ​ជា​ក្រុម​ស្នូល​នៃ​ការគាំទ្រ​លោក​ប្រធានាធិបតី។ ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​កាល​ពី​ដើម​ឆ្នាំ​នេះ​ (https://www.prri.org/research/mtv-culture-and-religion/​) បង្ហាញ​ថា ក្នុង​ចំណោម​បុរស​ជនជាតិ​ស្បែក​ស​វ័យ​ក្មេង​ដែល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ទៅ​២៤​ឆ្នាំ​១០នាក់​ មាន​៤​នាក់​បាន​គាំទ្រ​លោក​ ត្រាំ។ដូចជា​លោក ​Cupp ​និង​ Nick Long​ អាយុ​១៩​ឆ្នាំ​ រស់​នៅរដ្ឋ​ Newport News ​និង​រដ្ឋ Virginia។​ លោក​បាន​និយាយ​ថា ​លោក​បាន​មើល​ឃើញ​ថា ​លោក​ ត្រាំ គឺជា​ជម្រើស​«មិនសូវ​អាក្រក់​ក្នុង​ចំណោម​បេក្ខជន​ប្រធានាធិបតី​២​នាក់»​ នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦។​

នៅ​ពេល​ដែល​លោក ​Long​ ​បោះ​ឆ្នោត​គាំទ្រ​លោក ​ត្រាំ និស្សិត​ឆ្នាំ​ទី២​មក​ពី​សកល​វិទ្យាល័យ​ James Madison​ ​រដ្ឋ Virginia ​រូបនេះ​សង្ឃឹម​ថា ក្នុង​នាមជា​បេក្ខជន​ប្រធានាធិបតី​មកពី​ក្រៅ​ឆាក​នយោបាយ​ ​លោក ត្រាំ​ មាន​សំឡេង​គាំទ្រកើន​ឡើង​ជាង​ពួក​អ្នក​មាន​បក្ខពួក​នយោបាយ។​

លោក ​Long ​បាន​និយាយ​ថា៖ «ខ្ញុំ​មើល​ទៅ​គាត់​ ខ្ញុំ​យល់​ថា ​គាត់​ជា​ប្រធានាធិបតី​ដែល​យ៉ាង​ហោច​ណាស់បង្ហាញជំហរ​ថា ​អ្នក​ដឹង​ទេ?​ ខ្ញុំ​មិន​ខ្វល់​ថា ខ្ញុំ​ជា​អ្នក​សាធារណរដ្ឋ​ទេ។​ ខ្ញុំ​នឹង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​សម្រាប់​ប្រទេស​របស់​ខ្ញុំ»។

លោក​ Long ​ដែល​ជា​និស្សិត​ឆ្នាំ​ទី២​បាន​ចាត់​ទុក​ខ្លួន​ឯង​ជា​អ្នក​អភិរក្ស​និយម​កណ្តាល។​

លោកនិយាយ​ថា៖ «ខ្ញុំមិន​បាន​និយាយ​ថា ​លោក ត្រាំ ​បាន​ធ្វើអី​ចឹង​ទេ ​ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​បោះឆ្នោត​ឲ្យ​គាត់​នោះ នេះជា​អ្វី​ដែល​ខ្ញុំ​បាន​គិត»។

យុវជន​ Nick Long អាយុ ១៩​ឆ្នាំ មក​ពីរដ្ឋ Virginia និង​មិត្តភក្តិ​ Jay Thurn នៅ​សាកល​វិទ្យាល័យ James Madison University។
យុវជន​ Nick Long អាយុ ១៩​ឆ្នាំ មក​ពីរដ្ឋ Virginia និង​មិត្តភក្តិ​ Jay Thurn នៅ​សាកល​វិទ្យាល័យ James Madison University។

ប្រជាជន​វ័យ​ក្មេង​ប្រមាណ​៧២%​ដែល​ត្រូវ​បានស្ទង់​មតិ​មាន​ទស្សនៈ​អវិជ្ជមាន​ចំពោះ​លោកប្រធានាធិបតី ​ត្រាំ ដោយ​ឆ្លុះ​បញ្ចាំង​ថា​ ការ​ស្តង់​មតិ​អំពី​ប្រធានាធិបតី​នេះ​ធ្វើ​ឡើង​ក្នុង​ចំណោម​យុវជន​វ័យ​ក្មេង​សុទ្ធសាធគឺ​មិន​ស្តង់មតិឪពុក​ម្តាយ​របស់​ពួក​គេ​ទេ។​

ប៉ុន្តែ​អ្នក​គាំទ្រ​ដូច​ជា​ លោក​ Oliver Lake​ អាយុ​២០​ឆ្នាំ​រស់​នៅទី​ក្រុង​ Cleveland រដ្ឋ​ Ohio​ ដែល​ទៅរៀន​នៅ​សាកល​វិទ្យាល័យ​ Akron ​ជាមួយ​លោក​ Cupp​ ដែរ​នោះ​ ​នៅ​តែ​តាំង​ចិត្ត​គាំទ្រ​លោក​ប្រធានាធិបតី​ Trump។​

លោក​ Lake​ បាន​និយាយ​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា ​លោក​ ត្រាំ​ តំណាង​ឲ្យ​អ្នក​ស្តាំនិយម។ លោក​កាន់​ជំហរ​រឹងមាំ​ដើម្បី​យើង​ មិនមែន​ដើម្បី​ក្រុម​ណាមួយ​ទេ​ តែ​សម្រាប់​អ្នកស្ដាំនិយម​ និង​អ្នក​អភិរក្ស​និយម»។

ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ក្រុម​ស្បែក​ស​វ័យ​ក្មេង​អាយុ​ពី​១៥​ឆ្នាំ​ទៅ​២៤​ឆ្នាំ​ ហាក់​ដូច​ជា​មាន​និន្នាការច្រើន​ជាង​ជនជាតិ​ផ្សេង​ទៀត​ ​ដែល​ជឿ​ថា​ ​ការ​រើស​អើង​បញ្ច្រាស​ប្រឆាំង​នឹង​ក្រុម​ស្បែក​ស​វិញគឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ ដូច​ការ​រើស​អើង​ប្រឆាំង​នឹង​ក្រុម​ជនជាតិ​ភាគតិច​ដែរ។​

ជនជាតិ​ស្បែក​ស​វ័យ​ក្មេងប្រហែល​៣៦ និង​បុរស​ស្បែក​ស​វ័យ​ក្មេង​៤៣​ភាគរយនិយាយ​ថា​ ការ​រើសអើង​ប្រឆាំង​នឹង​ជនជាតិ​ស្បែក​ស​មាន​សភាព​ធ្ងន់ធ្ងរ​ដូចការ​លំអៀង​ប្រឆាំង​នឹង​ជនជាតិ​ភាគតិច​ដែរ។​ជិត​ពាក់​កណ្តាល​គឺ​៤៨%​នៃ​បុរស​វ័យ​ក្មេង​ជនជាតិ​ស្បែក​ស ​បាន​និយាយ​ថា​ ពួកគេ​ជឿ​ថា ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ពង្រឹង​ការ​ចម្រុះ​ជាតិ​សាសន៍គឺ​ជា​គ្រោះ​ថ្នាក់​សម្រាប់​ពួក​ស្បែក​ស។​

បុរស​ស្បែក​ស​វ័យ​ក្មេង​ទាំង​បីនាក់​ដែល​ត្រូវ​បាន​សម្ភាស​សម្រាប់​អត្ថបទ​នេះ​និយាយ​ថា ​ជាតិ​សាសន៍​ផ្សេងៗ​គ្នា​គឺ​ជារឿង​វិជ្ជមាន​សម្រាប់​ប្រទេស​នេះ។​ ពួក​គេ​ក៏​យល់​ស្របផង​ដែរ​ថា​ មាន​ការ​ប្រកាន់​ជាតិ​សាសន៍​និង​ការ​រើស​អើង​ ​តែ​ទោះ​បី​យ៉ាង​ណា​ក៏ដោយ​ ​លោក ​Cupp ​បាន​និយាយ​ថា​ លោក​មិន​ចង់​និយាយ​អំពី​រឿង​នេះ​ទេ។

លោក​ Cupp​ និយាយ​ថា៖ «មាន​រឿង​ជាក់​លាក់​ដែល​មនុស្ស​អាច​ត្រូវ​បាន​គេ​រើស​អើង​ អាស្រ័យ​លើអ្វី​ដែល​អ្នក​ពិនិត្យ​មើល​តែ​ប៉ុណ្ណោះ ​ប៉ុន្តែ​និយាយ​រួម​ ខ្ញុំ​គិត​ថា ​ពិនិត្យ​អំពី​រឿង​នេះ​ មិន​មែន​ជា​រឿង​ល្អ​ទេ។ ​ខ្ញុំគិត​ថា ​យើង​គួរ​តែ​ផ្តោត​លើ​គំនិត​ប្រាកដ​និយម​ដែល​ថា​ មនុស្ស​គ្រប់​គ្នា​មាន​ភាព​ស្មើគ្នា​ មាន​ឱកាស​ស្មើគ្នា​ ហើយ​ផ្តោត​លើ​រឿងរ៉ាវ​ដែល​វិជ្ជមាន ​វាល្អ​ជាង​ ​ពីព្រោះ​នោះ​ជា​របៀប​ដែល​យើង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​មុខ»។​

យុវជន​ Rylee Cupp។
យុវជន​ Rylee Cupp។

មិត្ត​ភក្តិ​របស់​លោក ​Cupp ​គឺ​លោក​ Oliver Lake ​ដែល​បាន​ឲ្យ​ដឹង​ថា ​ម្តាយ​របស់​លោកគឺជា​អ្នក​រក​ស៊ី​ចិញ្ចឹម​គ្រួសារ​ បាន​និយាយ​ថា​ លោកជឿ​ជាក់​ថា​ភាព​លម្អៀង​ខាង​យេនឌ័រ​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ​ និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​គឺ​ជា​រឿង​ល្អ។​

ទោះជាយ៉ាង​ណា​ក៏​ដោយ លោក​មាន​ភាព​មិន​ច្បាស់លាស់​អំពី​«បព្វ​សិទ្ធិ​របស់​ជនជាតិ​ស្បែក​ស» ​ដែល​មានន័យ​ថា​ជនជាតិ​ស្បែក​ស​នៅ​អាមេរិក​មាន​គុណ​ប្រយោជន៍ជាង​ជនជាតិ​ដែល​មាន​ពណ៌​សម្បុរ​ផ្សេង។​

លោកLake​និយាយ​ថា៖​ «គ្មាន​អាហារូបករណ៍​សម្រាប់​ខ្ញុំ​ដាក់​ពាក្យ​សុំ​ដោយផ្អែក​លើជាតិសាសន៍​នោះ​ទេ។ ខ្ញុំ​ជា​បុរស​ស្បែក​ស ហើយដូច​គ្មានសិទ្ធិ​អ្វី​ពិសេស​នោះ​ទេ។ ខ្ញុំ​បាន​ខិត​ខំ​ប្រឹងប្រែង​ធ្វើ​ការ​ដើម្បីឱកាស​ដែល​ខ្ញុំ​មាន​នេះ។ ​ខ្ញុំបាន​ចំណាយ​ពេល​រាប់​មិន​អស់​ក្នុង​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ។ ​ខ្ញុំ​ព្យាយាម​រក្សាយក​ចិត្ត​ទុក​ដាក់​ ហើយ​ព្យាយាម​ជាប់​ជា​ប្រចាំ​ ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ មិន​មែន​ខ្ញុំ​បាន​អ្វីៗ​មក​ដោយ​គ្មាន​ការ​ប្រឹង​ប្រែង​នោះ​ទេ។ ​ខ្ញុំគ្រាន់តែ​មាន​អារម្មណ៍​ថា ​ប្រហែល​គេមិន​បាន​ពិចារណា​ឲ្យ​គ្រប់ជ្រុង​ជ្រោយ​អំពី​កិច្ចការ​លំបាក​ដែល​ខ្ញុំ​បាន​ធ្វើ​ គឺ​មិនមែន​មក​ពី​ខ្ញុំ​ស្បែក​ស​ទេ។​ តើ​មាន​បព្វសិទ្ធិ​សម្រាប់​ជនជាតិ​ស្បែក​ស​ទេ? ​ខ្ញុំ​មិន​ដឹង​ទេ។​ខ្ញុំ​ហាន​និយាយ​ថា ​មិន​មាន​ទេ ​បច្ចុប្ប​នេះ។ ​ក៏​ប៉ុន្តែ​នេះ​ជា​បញ្ហា​ស្មុគស្មាញ»។​

យុវជន​ Oliver Lake អាយុ ២០​ឆ្នាំ​ធ្វើ​ការ​ស្មគ្រ​ចិត្ត​នៅ​ស្នាក់​ការ​គណបក្ស​សាធារណរដ្ឋ ក្នុង​រដ្ឋ Ohio។
យុវជន​ Oliver Lake អាយុ ២០​ឆ្នាំ​ធ្វើ​ការ​ស្មគ្រ​ចិត្ត​នៅ​ស្នាក់​ការ​គណបក្ស​សាធារណរដ្ឋ ក្នុង​រដ្ឋ Ohio។

តើ​បុរស​ស្បែក​ស​វ័យ​ក្មេង​និង​បុរស​ស្បែក​ស​វ័យ​ចាស់​ដែល​បាន​បោះឆ្នោត​ឲ្យ​ លោក​ ត្រាំ​ ​មាន​ទស្សន​ដូច​គ្នា​កម្រិត​ណា?​

លោកស្រី​ Carolyn Davis ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​សាសនា​សារធារណៈ ​ដែល​ជា​អង្គការ​មិនកាន់​គណបក្ស ​ដែល​បាន​ធ្វើ​ការ​ស្ទង់មតិ​ ​បាន​ឲ្យ​ដឹង​ថា​ ប្រធានាធិបតីជា​មនុស្ស​ជាទី​ពេញចិត្ត​ក្នុង​ចំណោម​បុរស​វណ្ណៈ​កណ្តាល​ដែល​មាន​ការងារ​ធ្វើដែល​ហាក់​ដូច​ជា​ផ្សារ​ភ្ជាប់​ការ​ផ្លាស់ប្តូរ​បទដ្ឋាន​វប្បធម៌​ និង​ការកើន​ឡើង​នូវ​ភាព​ចម្រុះ​ជាតិ​សាសន៍​ជា​មួយ​អារម្មណ៍​របស់​គេអំពី​ការ​ផ្លាស់​ប្តូរ​វប្បធម៌។

លោក​ស្រី​បាន​និយាយ​ថា៖​ «អ្នក​សម្លឹង​មើល​យុវជន​វ័យ​ក្មេង​ស្បែក​ស​និង​វិធី​ដែល​ Trump ​ធ្វើ​ការ​អំពាវនាវ​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​ពួក​គេ​គឺ​វិធី​ដែល​ពួកគេ​កំពុង​មាន​អារម្មណ៍​ថា​ ជនជាតិ​ស្បែក​ស​កំពុង​ទទួល​រង​ការ​រើសអើង​ខ្លាំង ហើយ​ថា ពួក​គេ​ស៊ាំ​នឹង​ភាព​ចម្រុះ​ជាតិ​សាសន៍​ និង​កិច្ចខិតខំ​ប្រឹង​ប្រែង​បង្កើន​ភាព​ចម្រុះ​ជាតិ​សាសន៍»។​
លោកស្រី​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​ អ្នក​កំពុង​មើល​ឃើញ​នូវ​កង្វល់​ខាង​ផ្នែក​វប្បធម៌​ដែល​បាន​លេច​រូប​រាង​ឡើង​នៅ​ក្នុង​ក្រុម​នោះ​ផង​ដែរ​ ហើយ​ដែល​មិនទាន់​ត្រូវ​បាន​ដោះស្រាយ​ពិត​ប្រាកដ»។

លោកស្រី​ Davis​ និយាយ​ថា​ ត្រូវ​មាន​ការ​សិក្សា​បន្ថែម​ទៀត​អំពី​អត្ត​សញ្ញាណ​និង​អំពី​យុវវ័យ នៅ​ពេល​ដែល​ពួកគេ​ចាប់​ផ្តើម​យល់​អំពី​តួនាទីរបស់​ពួកគេ​នៅ​ក្នុង​សង្គម។

លោក​ស្រី​បាន​បញ្ជាក់​ថា៖ «យើង​មាន​ទិដ្ឋភាព​ផ្សេង​គ្នា​នៃ​វប្បធម៌​របស់​យើង ​ដែល​ឥឡូវ​នេះត្រូវ​ជំរុញ​ឲ្យ​ត្រឡប់​ទៅវិញ​ ហើយ​សួរ​សំណួរ​ប្រភេទ​ផ្សេងៗ​គ្នា​អំពី​អត្ត​សញ្ញាណ​អំពី​វប្បធម៌​ និង​អ្វី​ដែល​វប្ប​ធម៌​របស់​យើង​គួរ​ឲ្យ​តម្លៃ។ ​ហើយ​វា​ហាក់​ដូច​ជា​មាន​និន្នាការ​ភាគ​ច្រើន​ដែល​បក​ស្រាយ​ថា​ ​នៅ​ពេល​ដែលមនុស្ស​វ័យ​ក្មេង​កំពុងនាំ​ប្រទេស​នេះ​ឲ្យ​ជឿន​លឿនទៅ​មុខ​កាន់​តែរីក​ចម្រើន​នោះ ​ ទិន្នន័យ​មិន​ឆ្លុះ​បញ្ចាំង​ដូច្នេះ​ទេ​ នៅ​ពេល​យើង​សិក្សា​អំពី​ជនជាតិ​ស្បែក​ស​វ័យ​ក្មេង‍»។​

ទោះបី​ជា​បញ្ហា​អន្តោប្រវេសន៍​គឺ​ជា​ផ្នែក​មួយ​នៃ​បញ្ហា​របស់ ​ត្រាំ ​ក៏​ដោយ ក៏វា​មិន​មែន​ជារឿង​ព្រួយ​បារម្ភសម្រាប់​លោក​ Long ​អាយុ​១៩​ឆ្នាំ​មក​ពី​រដ្ឋ​ Virginia ដែល​និយាយ​ថា ​ការ​ប្រែប្រួល​អាកាស​ធាតុ​គឺជា​បញ្ហា​ដ៏ធំ​បំផុត​ដែល​ប្រទេស​ជាតិ​ប្រឈម​មុខ។​ លោកក៏មាន​ការ​ព្រួយ​បារម្ភ​អំពី​វិសមភាព​ពូជសាសន៍​និង​យេនឌ័រ​ផង​ដែរ។​

លោក ​Cupp ​ព្រួយ​បារម្ភ​អំពី​ការ​រីករាល​ដាល​នៃសារធាតុ​ញៀននិង​ការ​ចំណាយ​ដែល​មិន​ចាំ​បាច់។ ​លោក​និយាយ​ថា​ ការ​ចំណាយ​មូលនិធិ​សហ​ព័ន្ធ​ដើម្បី​កសាង​ជញ្ជាំង​នៅ​តាម​បណ្តោយ​ព្រំដែន​ភាគ​ខាង​ត្បូងគឺជា​ការ​ខ្ជះខ្ជាយ​ថវិកា។​

ការ​ព្រួយ​បារម្មណ៍​ដ៏​ចម្បង​របស់​លោក​ Lake ​គឺ​លោកចង់​ឲ្យ​អ្នក​ដែល​មានការ​ងារ​ធ្វើ​អាច​រក​ប្រាក់​បាន​សមរម្យ​ដើម្បី​រស់​ ហើយ​មិន​ចាំ​បាច់​ធ្វើ​ការងារ​ពីរដើម្បី​បំពេញ​តម្រូវ​ការ​ជីវភាព​រស់​នៅ​នោះ​ទេ។​

បរិយាកាស​នយោបាយ​បែក​ខ្ញែក​និង​ការ​បែក​បាក់​បច្ចុប្បន្ន​នេះក៏​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ​ផង​ដែរ។​

លោក ​Lake ​បាន​និយាយ​ថា៖ «មាន​ការ​ស្អប់​គ្នា​យ៉ាងខ្លាំង​មួយ​ចំនួន​បាន​កើត​មាន។ ​ ខ្ញុំ​មិន​ចាត់​ទុក​នរណា​ម្នាក់​ ជា​មនុស្ស​អាក្រក់​នោះ​ទេ ប្រសិន​បើ​ខ្ញុំ​ឮថា​ ​គេ​ជា​មនុស្ស​សេរី​និយម​ ឬ​អ្វី​មួយ​នោះ ​ ​ពីព្រោះ​មនុស្ស​ភាគ​ច្រើន​នៅ​មហា​វិទ្យាល័យ​ជាមនុស្ស​បែប​នេះ​ ហើយ​ ខ្ញុំ​គិត​ថា ​ការ​បែក​បាក់ ​និង​ការ​បែង​ចែក​ផ្នែក​នយោបាយ​តាម​គណបក្ស​គឺ​ជា​បញ្ហា​ដ៏​ធំមួយ។ ​នោះ​ជាអ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​បារម្ភ»។​

លោក ​Lake ​ ​ដែលជា​មិត្ត​ភក្តិ​របស់​លោក ​Cupp ​បាន​បន្ថែម​ថា​ជា​ផ្នែក​មួយ​នៃ​បញ្ហា​នេះ ​គឺ​ការ​បកស្រាយ​ខុស​នូវ​វោហារ​សាស្ត្រ​របស់​លោក ​ត្រាំ។​

«បើទោះជា​គាត់​និយាយ​មាន​ន័យ​យ៉ាង​នេះ​មែន​ក៏​ដោយ ​ ក៏​ខ្ញុំ​គិត​ថា​មនុស្ស​មួយ​ចំនួន​មើល​នៅក្នុង​ផ្លូវខុស ខុសពី​អ្វី​ដែល​លោក​ ត្រាំ ច​ង់​និយាយ​ ហើយ​ពួកគេ​បាន​យក​បញ្ហា​ទាំង​នោះ​ទៅ​បកស្រាយ​ក្នុង​ទិស​ដៅ​ខុស​ឆ្ងាយ​ ដែល​មិន​គួរ​ធ្វើ»។​

លោក ​Cupp ​បាន​លើក​យក​ការ​ហាម​ឃាត់​ពួក​មូស្លីម​ធ្វើ​ជា​ឧទាហរណ៍​នៃ​រឿង​នេះ។​

«នៅ​ពេល​អ្នក​ដាក់​ចំណង​ជើង​ដូច​ជា "ការ​ហាមប្រាម​ពួកម៉ូស្លីម"​ ​ខ្ញុំគិត​ថា​ វាមិន​ល្អ​ទេ។ ​នៅពេល​ពួក​គេ​ឃើញចំណង​ជើង​បែប​នេះ​វា​នាំ​ឲ្យ​គេ​មាន​គំនិត​មិន​ត្រឹមត្រូវ។ ​វាមិន​មែន​ជា​ការ​ហាម​ឃាត់​ពួក​មូស្លីម​ទេ​ វាគ្រាន់​តែ​ជាការ​ហាម​ឃាត់នៅ​លើ​ប្រទេស​មួយ​ចំនួន ហើយ​មនុស្ស​មើល​ក្នុង​ផ្លូវ​ខុស»។​

ខណៈដែល​និស្សិត​នៅ​មហា​វិទ្យាល័យ ​Ohio​ ពីរ​នាក់​នេះ​នៅតែ​ជា​អ្នក​គាំទ្រ​ដ៏​រឹងមាំ​របស់​លោក ​Trump​ នោះ​ លោក ​Long ​មកពី​រដ្ឋ​ Virginia ​ហើយ​ដែល​មិន​ចាត់ទុក​ខ្លួន​លោក​ថា​ ជាអ្នកសាធារណរដ្ឋ​ដ៏​តឹងរឹង​នោះ​ ​បាន​បង្ហាញ​ការ​ប្រុង​ប្រយ័ត្ន​ច្រើន​ជាង។​

លោក​និយាយ​ថា៖ «ខ្ញុំ​គ្មាន​ឃើញ​សញ្ញា​ថា​ តើ​ខ្ញុំ​នឹង​បោះឆ្នោត​ឲ្យ​អ្នក​ណាទេ​នៅ​ឆ្នាំ​២០២០។​ ខ្ញុំចង់​ឃើញ​លោក​ប្រធានាធិបតី​ធ្វើ​រឿង​សំខាន់​មួយ​ ​គឺភាព​ជា​អ្នក​ដឹកនាំ​ប្រសើរ​ជាង​នេះ។​ លោក​ប្រធានាធិបតី​មិន​ទាន់​បានធ្វើ​អ្វី ​ដែល​ប្រធានាធិបតី​ជាច្រើន​ទៀត​ធ្លាប់​បាន​ធ្វើ​ តែ​មិន​បាន​ជោគ​ជ័យ​នោះ​ទេ​ ហើយនោះ​គឺ​ការ​នាំ​ឲ្យ​ប្រទេស​ជាតិមាន​សាមគ្គី​ភាព និង​ឯកភាព​គ្នា»៕

ប្រែសម្រួលដោយ​ ​ពិន ស៊ីសុវណ្ណ

XS
SM
MD
LG