លោក Michael Cohen ដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតខាងព្រហ្មទណ្ឌចំពោះតួនាទីរបស់លោកដែលកាលពីពេលមុនជាមេធាវីរបស់ប្រធានាធិបតីអាមេរិក ដូ ណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា «អាទិភាពទីមួយរបស់លោកគឺការពារក្រុមគ្រួសារនិងប្រទេសរបស់លោក មិនមែនប្រធានាធិបតីត្រាំទេ»។
លោក Cohen ជាមេធាវីក្រុងញូវយ៉កដែលកាលពីពេលមុនបានពណ៌នាខ្លួនលោកថាជាមនុស្សដែលនឹងទទួលគ្រាប់កាំភ្លើងជំនួសលោកត្រាំដែលជាមហាសេដ្ឋីអចលនទ្រព្យដែលបានក្លាយទៅជាអ្នកនយោបាយ។ ក៏ប៉ុន្តែ ឥឡូវនេះគឺថា លោក Robert Mueller ស្មាក្តីពិសេសកំពុងស៊ើបអង្កេតពីតួនាទីរបស់លោក Cohen ក្នុងអំឡុងនៃយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦របស់លោកត្រាំនិងពួករដ្ឋអាជ្ញារបស់ក្រុងញូវយ៉កស៊ើបអង្កេតការទាក់ទងខាងពាណិជ្ជកម្មរបស់លោក Cohen ដែលលោកបាននិយាយផ្សេងនៅក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ ABC។
មេធាវីអាយុ៥១ឆ្នាំរូបនេះបានផ្តល់សញ្ញាពីឆន្ទៈរបស់លោកដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋអាជ្ញានៅក្នុងការស៊ើបអង្កេត២ដោយបាននិយាយថា «ខ្ញុំមានភាពស្មោះត្រង់ជាមុនចំពោះភរិយារបស់ខ្ញុំ កូនស្រីរបស់ខ្ញុំហើយនិងកូនប្រុសរបស់ខ្ញុំ។ ខ្ញុំនឹងស្មោះត្រង់ជាមួយពួកគេជានិច្ចកាល។ ខ្ញុំផ្តល់អាទិភាពដល់គ្រួសារនិងប្រទេសរបស់ខ្ញុំមុន»។
រហូតដល់ពេលថ្មៗនេះ លោក Cohen បានដើរតួនាទីដ៏សំខាន់នៅក្នុងការធ្វើតំណាងឲ្យប្រធានាធិបតីត្រាំ ទោះបីលោកមិនមានតួនាទីផ្លូវការនៅក្នុងសេតវិមានក៏ដោយ។
លោក Cohen បានផ្តល់ប្រាក់បំបិទមាត់ចំនួន១សែន៣ម៉ឺនដុល្លារដល់តារាភាពយន្ត Stormy Daniels មិនដល់២សប្តាហ៍មុនការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០១៦ដើម្បីបំបិទមាត់លោកស្រីនៅពេលដែលមានការចោទប្រកាន់ពីទំនាក់ទំនងផ្លូវភេទមួយយប់ដែលលោកស្រីបានអះអាងថាមានជាមួយលោកត្រាំនៅឆ្នាំ២០០៦ ភ្លាមៗបន្ទាប់ពីលោកស្រី Melania ដែលជាភរិយារបស់លោកត្រាំបានឆ្លងទន្លេ៕