ទំនាក់ទំនងខ្វែងគំនិតគ្នាជាញឹកញាប់របស់លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ ជាមួយពួកទីភ្នាក់ងារស៊ើបការសម្ងាត់ស.រ.អា.មានរបត់មួយទៀតកាលពីថ្ងៃអង្គារ នៅពេលលោកបានសាកសួរថា តើទីភ្នាក់ងារសន្តិសុខជាតិតាមរករឿងលោកជាផ្នែកមួយនៃ«ការតាមធ្វើទុក្ខបុកម្នេញ»ឬយ៉ាងណា។
លោកប្រធានាធិបតីបានធ្វើការវាយប្រហារតាម Twitter លើទីភ្នាក់ងារ NSA ដែលមើលការខុសត្រូវលើការឃ្លាំមើលសារអេឡិចត្រូនិច ដោយហៅទីភ្នាក់ងារនេះថាជា«ភាពអាម៉ាស់»មួយ។
លោក ត្រាំ បានសរសេរថា«Wow! NSA បានលុបចោលការហៅទួរស័ព្ទនិងអត្ថបទសារ៦៨៥លាន។ តើនេះជាការរំលោភលើឯកជនភាពឬទេ? ពួកគេបន្ទោសលើភាពមិនប្រក្រតីខាងបច្ចេកទេស»។
លោកបានបន្ថែមថា«ការតាមធ្វើទុក្ខបុកម្នេញមានតទៅទៀត!”
ទីភ្នាក់ងារ NSA និងការិយាល័យរបស់នាយកផ្នែកស៊ើបការសម្ងាត់ជាតិដែលមើលការខុសត្រូវលើ NSA និងទីភ្នាក់ងារស៊ើបការសម្ងាត់សំខាន់ៗឯទៀតៗបានប្រកែកមិនព្រមធ្វើអត្ថាធិប្បាយទេអំពី Tweet របស់ប្រធានាធិបតី ត្រាំ ដោយបញ្ជូនសំណួរទាំងអស់ទៅសេតវិមាន។
ក៏ប៉ុន្តែអតីតសាមាជិកខ្លះនៃសហគមន៍ស៊ើបការសម្ងាត់ស.រ.អា.បាននិយាយបញ្ចេញមតិហើយរិះគន់លោកប្រធានាធិបតី។
លោក Ned Price ជាអតីតនាយកជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិនៅពេលលោកបារ៉ាក់ អូបាម៉ា កាន់តំណែងប្រធានាធិបតីស.រ.អា.។ លោកបានមានប្រសាសន៍ថា៖ «លោក ត្រាំ វាយប្រហារតាមពាក្យសម្តីលើ NSA និងសហគមន៍ស៊ើបការសម្ងាត់ទូលំទូលាយរបស់យើង ដោយលើកហេតុផលដូចដែលពួកឧក្រិដ្ឋជនវាយប្រហារលើការពង្រឹងច្បាប់ដែរ»៕