ផ្ទុយទៅនឹងអ្វីដែលមនុស្សមួយចំនួនព្រួយបារម្ភ ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា លោកចង់ធ្វើការដោយជិតស្និទ្ធជាមួយនឹងលោក Andres Manuel Lopez Obrador ដែលជាប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់ប្រទេសម៉ិកស៊ិក។
លោក Trump បាននិយាយយ៉ាងដូច្នេះថា៖ «យើងបាននិយាយអំពីសន្តិសុខព្រំដែន។ យើងបាននិយាយអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាមេរិកខាងជើង NAFTA។ យើងបាននិយាយអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងមួយរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក។ យើងមានកិច្ចពិភាក្សាគ្នាដ៏ល្អមួយ។ ខ្ញុំគិតថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងក្លាយជាទំនាក់ទំនងដ៏ល្អមួយ។ យើងនឹងរង់ចាំមើលថាតើនឹងមានអ្វីកើតឡើង»។
លោក Trump ក៏បានបញ្ជាក់ផងដែរថា លោក Lopez Obrador ប្រហែលជាមានឆន្ទៈធ្វើការជាមួយនឹងលោកដើម្បីពង្រឹងព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក។
លោក Trump បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា លោក Lopez Obrador នឹងព្យាយាមជួយសហរដ្ឋអាមេរិករឿងព្រំដែន។ សហរដ្ឋអាមេរិកមានច្បាប់ព្រំដែន និងច្បាប់អន្តោប្រវេសន៍អន់បំផុតដែលមិនគួរឲ្យជឿ គឺអន់ជាងគេបំផុតនៅលើពិភពលោក»។
អ្នកវិភាគមួយចំនួនបាននិយាយថា ការលើកឡើងរបស់លោកប្រធានាធិបតី Trump អាចបង្ហាញឲ្យឃើញពីការភ្ជាប់ទំនាក់ទំនងឡើងវិញរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក ប៉ុន្តែគេនៅមិនទាន់ច្បាស់ទេថាតើករណីនោះអាចកើតឡើងតាមរបៀបណានោះ។
នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតរបស់លោក លោក Lopez Obrador បានរិះគន់លើការទាមទាររបស់លោក Trump ដែលចង់ឲ្យមានការសាងសង់ជញ្ជាំងនៅតាមបណ្ដោយព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក។ លោក Obrador ក៏បានបញ្ជាក់ផងដែរថា ប្រទេសម៉ិកស៊ិកនឹងមិនចំណាយលើការសាងសង់ជញ្ជាំងព្រំដែននោះទេ។
លោក Ruben Olmos អ្នកជំនាញខាងផ្នែកទំនាក់ទំនងរវាងប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក និយាយថា៖ «ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិកបានធ្លាក់ចុះទាបបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ។ នៅពេលដែលថ្លែងសុន្ទរកថាទទួលយកជ័យជំនះរបស់លោកនៅក្នុងការបោះឆ្នោត លោក Lopez Obrador បាននិយាយថា លោកចង់ឲ្យប្រទេសម៉ិកស៊ិកមានទំនាក់ទំនងដ៏គួរឲ្យគោរពជាទីពេញចិត្តមួយជាមួយនឹងសហរដ្ឋអាមេរិក ប៉ុន្តែលោកតែងតែផ្ដល់អាទិភាពលើប្រទេសម៉ិកស៊ិករបស់លោកជាមុន»។
លោក Ruben Olmos សង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់ប្រទេសម៉ិកស៊ិកនឹងទទួលបានជោគជ័យនៅក្នុងការធ្វើឲ្យទំនាក់ទំនងរបស់ប្រទេសម៉ិកស៊ិកជាមួយនឹងសហរដ្ឋអាមេរិកមានភាពប្រសើរឡើង ដោយសារតែនាពេលបច្ចុប្បន្ននេះ ការចរចាដែលប្រឈមនឹងហានិភ័យខ្ពស់អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាមេរិកខាងជើងដែលហៅកាត់ថា NAFTA កំពុងតែធ្វើឡើង។
លោក Ruben Olmos បានបន្ថែមទៀតថា៖ «លោក Lopez Obrador បាននិយាយថា លោកនឹងតែងតាំងទីប្រឹក្សាពិសេសមួយចំនួនដែលនឹងចាប់ផ្ដើមចូលរួមនៅក្នុងការចរចាអំពីកិច្ចព្រមព្រៀង NAFTA បច្ចុប្បន្ននេះ»។
លោក Lopez Obrador និយាយថា លោកមានឆន្ទៈធ្វើការជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីស្វែងរកដំណោះស្រាយសម្រាប់បញ្ហាសំខាន់ៗដទៃទៀត ដែលក្នុងនោះមានទាំងបញ្ហាអន្តោប្រវេសន៍ និងបញ្ហាសន្តិសុខព្រំដែនផងដែរ។ ប៉ុន្តែ អ្នកជំនាញផ្សេងទៀតខ្លាចថា ទំនាក់ទំនងរវាងមេដឹកនាំទាំងពីរអាចមានបញ្ហាជាងមុន។
លោក Michael Shifter អ្នកជំនាញខាងផ្នែកអាមេរិកឡាទីន បាននិយាយថា៖ «ទំនាក់ទំនងរវាងមេដឹកនាំទាំងពីរប្រហែលជាអាចកាន់តែយ៉ាប់យ៉ឺនឡើងយ៉ាងហោចណាស់នៅត្រឹមកម្រិតវោហារសាស្ត្រ។ ប៉ុន្តែ ខ្ញុំគិតថា មានបញ្ហាប្រឈមជាច្រើនសម្រាប់ប្រទេសទាំងពីរ ដែលអាចធ្វើឲ្យទំនាក់ទំនងរវាងមេដឹកនាំទាំងពីរខុសពីការគ្រោងទុកទាំងស្រុង។ ខ្ញុំគិតថា នៅទីបញ្ចប់ វានឹងអាចទៅរួច ប៉ុន្តែវាមានការប្រឈម។ យើងប្រាកដជាអាចឃើញមានបញ្ហាខ្លះនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក»៕
ប្រែសម្រួលដោយ ភី សុភាដា