កំណត់និពន្ធ៖ លោក ឆាំង យុ ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា។ ជាច្រើនឆ្នាំមកហើយ អង្គការរបស់លោកបានស្រាវជ្រាវនិងចងក្រងរឿងរ៉ាវទាក់ទងនឹងអំពើឧក្រិដ្ឋកម្មឃោរឃៅនានាដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម ហើយបានដើរតួយ៉ាងសំខាន់សម្រាប់ដំណើរការរបស់សាលាក្តីខ្មែរក្រហម។ តទៅនេះ ជាសំណេររបស់លោក ឆាំង យុ ក្នុងឱកាសទិវានៃការចងចាំជាអន្តរជាតិស្តីពីការសម្លាប់រង្គាលនៅអឺរ៉ុប (Holocaust)។
នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០០៥ សភាពេញអង្គរបស់អង្គការសហប្រជាជាតិបាន អនុម័តិកំណត់យកថ្ងៃទី២៧ ខែមករា ជាទិវានៃការចងចាំជាអន្តរជាតិស្តីពីការសម្លាប់រង្គាលនៅអឺរ៉ុប (Holocaust)។ ទិវានៃការចងចាំនេះមានសារៈសំខាន់ណាស់ព្រោះថា វាមិនត្រឹមតែ ផ្តល់កិត្តិយសដល់ជនរងគ្រោះនៅអឺរ៉ុបតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្រើនរំឭក និងបង្កើនការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិក្នុងការប្តេជ្ញាចិត្តថា អំពើព្រៃផ្សៃ ប្រហាក់ប្រហែលគ្នានេះនឹងមិនអាចបំភ្លេចបានជារៀងរហូត។
ទោះជាសហគមន៍អន្តរជាតិមានការតាំងចិត្តបែបនេះក្តី យើងគួរមានមនសិការគិតត្រង់ចំណុចនេះថា ការទទួលស្គាល់ដែលមានរយៈពេលតែមួយថ្ងៃបែបនេះមិនស្មើនឹងការផ្តល់សេចក្តីគោរពពេញមួយជីវិតទេ ហើយសេចក្តីស្មោះត្រង់តាមរយៈកាយវិការមិនអាចយកមកជំនួសសកម្មភាពជាក់ស្តែងបានឡើយ។ យើងត្រូវប្រាកដថា សេចក្តីចង់បាននៃគោលការណ៍មនុស្សធម៌របស់យើង អាចបកស្រាយថា ជាសេចក្តីមេត្តាករុណាដ៏ស្មោះត្រង់សម្រាប់មនុស្សជាតិគ្រប់រូប។ សេចក្តីតាំងចិត្តរបស់យើងក្នុងការចងចាំរឿងរ៉ាវពីអតីតកាលត្រូវបានវាស់វែងមិនមែនតាមរយៈការទទួលស្គាល់ដ៏សោះកក្រោះបែបនេះឡើយ ប៉ុន្តែតាមរយៈការពេញចិត្តរបស់យើងចំពោះរឿងរ៉ាវរបស់មនុស្សគ្រប់រូប។
ក្នុងស្មារតីនេះ នាឱកាសទិវាប្រវត្តិសាស្ត្រនេះ ខ្ញុំសូមលើករឿងមួយមកនិយាយ ដែលជារឿងផ្ទាល់ខ្លួនរបស់ក្រុមគ្រួសារខ្ញុំ ប៉ុន្តែរឿងរ៉ាវនេះតំណាងឱ្យការតស៊ូមួយដែលប្រជាជនកម្ពុជាជាច្រើនកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន។
នាសប្តាហ៍មុន បងស្រីរបស់ខ្ញុំឈ្មោះ កែវ កុលធីតា ឯកស័ក បានទទួលមរណភាពក្រោយពីបានព្យាយាមជម្នះនឹងជំងឺមហារីកអស់រយៈពេលជាច្រើនឆ្នាំ។ បងស្រីខ្ញុំកើតក្នុងឆ្នាំ១៩៥៩ នៅទីក្រុងភ្នំពេញ។ ម្តាយរបស់ខ្ញុំឈ្មោះ កែវ ណាន មានអាយុ៨៦ឆ្នាំ។ បងស្រីរបស់ខ្ញុំ គឺជាមនុស្សគថ្លង់ពីកំណើត។ គាត់ជាកូនស្រីពៅគេបង្អស់ក្នុង ចំណោមបងស្រីប្រាំនាក់។ គាត់មានអាយុខុសគ្នាជាមួយខ្ញុំតែពីរឆ្នាំប៉ុណ្ណោះ ហេតុដូច្នេះ គាត់និងខ្ញុំហាក់បីដូច ជាមិត្តជិតស្និទ្ធនឹងគ្នា។ ដោយសារតែគាត់មិនអាចធ្វើទំនាក់ទំនងជាមួយមនុស្សទូទៅបាន លើកលែងតែជាមួយមនុស្សមួយចំនួនតូចដែលចេះភាសាកាយវិការមនុស្សគ គាត់តែងតែធ្វើកិច្ចការអ្វីៗដោយខ្លួនឯង ហើយមានតែមនុស្សមួយចំនួនតូច ប៉ុណ្ណោះដែលមានការអត់ធ្មត់និងចង់ស្គាល់និងស្វែងយល់ពីអារម្មណ៍របស់គាត់។ ប៉ុន្តែ ទោះបីជាគាត់ស្ថិតក្នុង កាលៈទេសៈបែបនេះក្តី គាត់ជាមនុស្សម្នាក់ដែលមានស្មារតី និងបុគ្គលិកលក្ខណៈរឹងមាំដែលផ្តល់ជាពន្លឺដ៏ថ្លាថ្លៃនៅក្នុងគ្រួសារ។
នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចក្នុងឆ្នាំ១៩៧៥ បងស្រីខ្ញុំ ហើយនិងខ្ញុំក៏ព្រាត់ប្រាស់គ្នា ហើយមិនដែលបានជួបមុខគ្នាទេ។ យើងជួបជុំគ្នាឡើងវិញក្រោយរបបខ្មែរក្រហម ប៉ុន្តែយើងទាំងពីរនាក់បាន ភ្លេចភាសាកាយវិការដែលយើងធ្លាប់ប្រើសម្រាប់ទំនាក់ទំនងគ្នាកាលពីក្មេង។ អស់រយៈពេលជាច្រើនឆ្នាំក្រោយមក យើងក៏មិនសូវមានទំនាក់ទំនងជាមួយគ្នាច្រើនដែរ។ ទើបតែឆ្នាំចុងក្រោយនេះដែលខ្ញុំបានចំណាយពេលវេលាជាច្រើននៅជាមួយគាត់។ នៅពេលដែលយើងទាំងពីរនៅជាមួយគ្នា យើងសន្ទនាគ្នាអំពីការស្លាប់និងការបាត់ខ្លួន សមាជិកគ្រួសារជាទីស្រឡាញ់របស់យើង ហើយគាត់បានរៀបរាប់ពីជីវិតរបស់គាត់ក្នុងរបបខ្មែរក្រហម និងក្រោយរបបនេះ ដែលគាត់ជាអ្នកគំនូរម្នាក់។ គាត់គូររូបផ្សេងៗឱ្យក្មេងៗសិស្សសាលា។ ក្មេងទាំងអស់នោះតែងបរិច្ចាគប្រាក់បន្តិចបន្តួចមកគាត់ ដែលគាត់បានសន្សំម្តងបន្តិចៗ ហើយទិញបានក្រវិលមួយគូ ដែលក្រោយមក ក្រវិលមួយចំហៀងរបស់គាត់ត្រូវបានអ្នកជិតខាងលួចយកទៅ។
ដូចប្រជាជនកម្ពុជាជាច្រើននាក់ផ្សេងទៀតក្នុងអំឡុងរបបខ្មែរក្រហមដែរ គាត់ត្រូវ កម្មាភិបាលខ្មែរក្រហមចាត់តាំងឱ្យធ្វើស្រែ ដាំបន្លែ និងកាប់ឆ្ការព្រៃ។ បងស្រីខ្ញុំខិតខំត្រដររស់ដោយវេទនា តាមរយៈស្មារតីសម្បជញ្ញៈរបស់គាត់ជាមនុស្សគ។ នៅពេលដែលគាត់ឃ្លានខ្លាំង គាត់បានដើររើសស្លឹកឈើ និងសត្វល្អិតនានាហូបជាអាហារ។ បទពិសោធន៍របស់គាត់ធ្វើឱ្យខ្ញុំស្ញើចសរសើរ ហើយនឹកស្មានមិនដល់។ ជាមួយគ្នានោះដែរ នៅពេល ដែលខ្ញុំដឹងពីបទពិសោធន៍រឿងរ៉ាវជីវិតរបស់គាត់ ខ្ញុំមានអារម្មណ៍ក្តុកក្តួលនិងរំជួលចិត្តយ៉ាង ខ្លាំងដោយសារស្មារតីរបស់គាត់លើសពីអ្វីដែលអាចពិពណ៌នាបាន និងប្រាជ្ញា ស្មារតីរបស់គាត់ក្នុងភាពជាមនុស្សគថ្លង់តស៊ូស្វិតស្វាញដើម្បីជីវិតរស់ពីរបបឃោរឃៅខ្មែរក្រហម។
ពេលវេលាដែលខ្ញុំនៅជាមួយគាត់នាដំណាក់កាលចុងក្រោយនៃជីវិតរបស់គាត់ មានន័យយ៉ាងខ្លាំងចំពោះខ្ញុំ។ នាថ្ងៃចុងក្រោយនៃជីវិតរបស់គាត់ ខ្ញុំបែរបន់គ្រប់យ៉ាងសូមឱ្យមានអព្ភូតហេតុកើតឡើងដើម្បីឱ្យសុខភាពរបស់គាត់បានប្រសើរឡើង។
ប៉ុន្តែដូចប្រជាជនកម្ពុជាផ្សេងទៀតដែរដែលទទួលរងនូវបញ្ហាសុខភាពធ្ងន់ធ្ងរ បងស្រីខ្ញុំបានពើបប្រទះនូវការព្យាបាលសុខភាពពីប្រព័ន្ធសុខាភិបាលដែលទន់ខ្សោយ ដែលខ្វះការអនុវត្តឱ្យមានប្រសិទ្ធភាពនិងភាពខ្វះក្រមសីលធម៌ វិជ្ជាជីវៈ និងបច្ចេកទេសនិងវិធីសាស្ត្រដែលមានភាពចាស់គំរិល។ ខ្ញុំបានចំណាយពេលជាច្រើនយប់ ច្រើនថ្ងៃដើម្បីតាមសង្កេត និងត្រួតពិនិត្យមើលការព្យាបាលរបស់បងស្រីខ្ញុំ។ ពេលខ្លះ ខ្ញុំបានដាស់បុគ្គលិកមន្ទីរពេទ្យជាច្រើនសារនៅពេលយប់ដើម្បីធានាថា បងស្រីខ្ញុំបានទទួលការថែទាំដិតដល់។ ដោយខ្វះខាតនូវការលើកទឹកចិត្តចំពោះការងារនិង កង្វះនូវការទទួលខុសត្រូវរបស់ខ្លួនក្នុងការថែរក្សាអ្នកជំងឺ បុគ្គលិកពេទ្យតែងតែព្រងើយកន្តើយចំពោះភារកិច្ចរបស់ខ្លួន ជាពិសេស ចំពោះអ្នកជំងឺណាដែលក្រីក្រខ្វះខាត។ នៅប្រទេសដែលមានប្រព័ន្ធសុខាភិបាលទំនើប សុខុមាលភាពរបស់អ្នកជំងឺត្រូវបានយកចិត្តទុកដាក់ជាខ្លាំង។ ចំណែកឯនៅប្រទេសកម្ពុជាវិញ ប្រសិនជាគ្មានការផ្តល់លុយកាក់ និងការផ្តល់ប្រាក់បន្ថែមនោះទេ នឹងមិនអាចធានាអំពីគុណភាពនៃការព្យាបាលបានឡើយ។ ប្រព័ន្ធសុខាភិបាលបែបនេះធ្វើឱ្យអ្នកក្រកាន់តែដុនដាបទៅៗ ហើយជះឥទ្ធិពលអាក្រក់ដល់មនុស្សមួយជំនាន់ ដែលធ្លាប់ទទួលរងនូវការឈឺចាប់យ៉ាងក្រៃលែង ដើម្បីតស៊ូស្តារប្រទេសជាតិឡើងវិញក្រោយរបបខ្មែរក្រហម។
បងស្រីរបស់ខ្ញុំទទួលមរណភាពនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង៨:៤០នាទីយប់ ប៉ុន្តែមុននឹងលាចាកលោកនេះ គាត់បានមានៈនឹងសេចក្តីស្លាប់។ មុននេះមួយសប្តាហ៍ គឺនៅថ្ងៃទី១៣ ខែមករា វេលាម៉ោង៨:៤០នាទីព្រឹក គាត់ត្រូវបានវេជ្ជបណ្ឌិត ប្រកាសថាស្លាប់ហើយ។ សញ្ញាណដែលអាចបញ្ជាក់ថាគាត់នៅមានជីវិតនោះបានបាត់អស់ទៅ ហើយគាត់ហាក់គ្មានជីវិតរស់ទៀតឡើយ។ វេជ្ជបណ្ឌិតជាច្រើននាក់បានប្រាប់ខ្ញុំថា បងស្រីខ្ញុំស្លាប់ហើយ។ ប្រសិនជាយើងគ្មានគំនិតផ្ទុយពីវេជ្ជបណ្ឌិតទេនោះ បងស្រីរបស់ខ្ញុំប្រាកដជានឹងត្រូវបានបូជាទាំងមានជីវិតរស់នៅឡើយ។ ដោយសារវេជ្ជបណ្ឌិតប្រាប់ដូច្នេះ គ្រួសារយើងបានយកបងស្រីខ្ញុំទាំងក្តីសោកសង្រេងទៅកាន់វត្តលង្កា។ គ្រួសារយើងទាំងអស់គ្នាមិនបានបូជាបងស្រីខ្ញុំទេ ប៉ុន្តែយើងសុំឱ្យព្រះសង្ឃជាច្រើនអង្គសូត្រធម៌ជូនគាត់។ យើងបែរបន់ហើយបែរបន់ទៀត។ ព្រះសង្ឃបានសូត្រធម៌ និងដុតធូប។ យើងទាំងអស់គ្នាបែរបន់នៅក្បែរសាកសពបងស្រីខ្ញុំអស់រយៈពេលជាច្រើនម៉ោង។ រំពេចមួយនោះ ព្រះសង្ឃនាម ផាន់ ចាន់តារា ជាគ្រូសូត្រស្តាំ បានសង្កេតឃើញទឹកភ្នែកស្រក់នៅលើថ្ពាល់ខាងស្តាំរបស់បងស្រីខ្ញុំ។ បងស្រីខ្ញុំចាប់ផ្តើមកម្រើកដៃទាំងពីររបស់គាត់ ហើយចាប់ផ្តើមបើកភ្នែក។ ពេលនោះ ខ្ញុំចាប់ផ្តើមបង្ហាញគំនូរអំពីជីវិតរបស់គាត់ ដែលគាត់បានគូរសម្រាប់អ្នកស្រាវជ្រាវជនជាតិអាមេរិកាំងគថ្លង់ម្នាក់ឈ្មោះ អេរីន ម៉ូរីយ៉ាទី ហារ៉េលសាន់ (Erin Moriarty Harrelson)។ បើសិនជាក្នុងលោកនេះមានអព្ភូតហេតុកើតឡើងពិតមែននោះ ថ្ងៃនោះគឺជាអព្ភូតហេតុជាក់ស្តែងតែម្តង។ ព្រះអង្គ សម្តេចព្រះមហាអរិយវ័ង្ស សៅរ៍ ចន្ទថុល្ល គង់នៅទីនោះដែរ។
បងស្រីខ្ញុំបន្តមានជីវិតបានមួយសប្តាហ៍ទៀត។ ក្រោយពីគាត់ដឹងខ្លួនវិញ គាត់បានប្រាប់យើងពីមនុស្សដែលគាត់បានជួបនៅក្នុងក្តីស្រមៃ ដែលគាត់បានស្គាល់ពីអតីតកាល ហើយអ្នកទាំងនោះបានស្លាប់កាលពីរបបខ្មែរក្រហម។ គាត់បានជួបឪពុករបស់ខ្ញុំ បងស្រីខ្ញុំ និងអ្នកជិតខាងខ្ញុំដែលអ្នកទាំងអស់នោះបានស្លាប់កាលពីរបបខ្មែរក្រហមអស់ទៅហើយ។
បងស្រីខ្ញុំមានជីវិតឡើងវិញ និងមានសុខភាពប្រសើរបានមួយសប្តាហ៍ទៀត តែអកុសលបេះដូងរបស់គាត់ចាប់ផ្តើមគាំង ហើយទទួលមរណភាពនៅថ្ងៃទី១៩ ខែមករា។
បើអាចធ្វើបាន ខ្ញុំប្រាថ្នាធ្វើអ្វីៗច្រើនជាងនេះដើម្បីជួយបងស្រីខ្ញុំឱ្យធូរស្រាល គឺមិនខុសពីការប្រាថ្នារបស់ខ្ញុំធ្វើកិច្ចការជាច្រើនទៀតដែលខ្ញុំគួរតែធ្វើដើម្បីបុព្វហេតុសម្រាប់ជនរងគ្រោះនៃរបបខ្មែរក្រហម។ រហូតមកដល់ថ្ងៃនេះ កម្ពុជានៅបន្តប្រឹងប្រែងតស៊ូជាមួយនឹងរបបនេះនៅឡើយ។ ខណៈពេលដែលយើងកំពុងលើកកម្ពស់ និងចាត់ទុកបញ្ហានយោបាយ ការអប់រំ និងសាសនា ជាវិស័យចម្បងដែលត្រូវដោះស្រាយ ក្រោយពីវិស័យទាំងនេះទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីរបបខ្មែរក្រហម យើងក៏គួរយកចិត្តទុកដាក់ដល់ប្រព័ន្ធសុខាភិបាលដែរ ដែលទទួលស្លាកស្នាមកេរដំណែលពីរបបខ្មែរក្រហមដូចគ្នា។
ខណៈពេលដែលសង្គមទាំងឡាយកំពុងខិតខំលើកកម្ពស់ប្រព័ន្ធសុខាភិបាលរបស់ខ្លួន នោះ ខ្ញុំមិនចាត់ទុកថាកាលៈទេសៈនិងរឿងរ៉ាវរបស់បងស្រីខ្ញុំជារឿងខុសគេ និងពិសេសនោះទេ។ បើសិនជាយើងមិនបាននៅក្បែរនិងគាំទ្រគាត់ ដែលអង្វរចង់បានការថែទាំនិងការយកចិត្តទុកដាក់ចំពោះសុខភាពរបស់គាត់ ព្រមទាំងពិចារណាអំពីជម្រើសផ្សេងក្នុងការផ្តល់ការព្យាបាលបន្ថែមចំពោះសភាពពិតប្រាកដនៃជំងឺរបស់គាត់ ខ្ញុំមិនប្រាកដថាគាត់បានគាត់អាចមានជីវិតរហូតដល់ថ្ងៃទី១៩ ខែមករាទេ។ លើសពីនេះទៀត តើប្រជាជនក្រីក្រប៉ុន្មានពាន់នាក់ដែលត្រូវបានវេជ្ជបណ្ឌិតប្រកាសថាស្លាប់ ហើយយកទៅបូជាដែលអាចនៅមានជីវិតនៅឡើយ? ការមិនយកចិត្តទុកដាក់ ឬការព្រងើយកន្តើយដោយគំរោះគំរើយចំពោះជនក្រីក្រ ឬការប្រកាន់បក្ខពួក ដោយផ្តល់ការព្យាបាលតាមរយៈការទាមទារឱ្យបង់ប្រាក់ បានបង្កឱ្យមានភាពឈឺចាប់និងវេទនារម្មណ៍ជ្រាលជ្រៅ ជាងភាពរំខាន ភាពអសមត្ថភាព ឬភាពខ្ជិលច្រអូសទៅទៀត។ ស្នាមដាននៃរបបឃោរឃៅខ្មែរក្រហមតែងតែដក់ជាប់នៅក្នុងការយល់ដឹង សម្មានចិត្ត និងក្តីបារម្ភរបស់យើង ដែលយើងមានចំពោះមនុស្សជាតិរបស់យើង ទាំងពេលទំនាក់ទំនងជាមួយគ្នាធម្មតា និងសេវាកម្មផ្សេងៗ ដែលយើងបានផ្តល់ចំពោះមនុស្សជាតិ។ ចំពោះបញ្ហានេះ កម្ពុជានៅមានកិច្ចការច្រើនទៀតដែលត្រូវបំពេញ។
ដោយហេតុនេះ ការទទួលស្គាល់ជនរងគ្រោះមិនមែនចាប់ផ្តើម និងបញ្ចប់ទៅវិញក្នុងមួយថ្ងៃនោះទេ។ តែយើងត្រូវកំណត់យកទិវានេះជាកាយវិការនិមិត្តរូបមួយដែលបង្ហាញថា ការទទួលខុសត្រូវរបស់យើងនឹងមិនត្រូវបានបំភ្លេចចោលទេ ហើយជាមួយគ្នានោះដែរ យើងត្រូវធ្វើកិច្ចការបន្ថែមទៀត៕
-----
លោក ឆាំង យុ ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា។ ជាច្រើនឆ្នាំមកហើយ អង្គការរបស់លោកបានស្រាវជ្រាវនិងចងក្រងរឿងរ៉ាវទាក់ទងនឹងអំពើឧក្រិដ្ឋកម្មឃោរឃៅនានាដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម ហើយបានដើរតួយ៉ាងសំខាន់សម្រាប់ដំណើរការរបស់សាលាក្តីខ្មែរក្រហម។