សាក្សីបាននិយាយថាពលរដ្ឋខ្មែរនៅក្នុងរបបខ្មែរក្រហមគ្មានសិទ្ធិជ្រើសរើសគូស្រករដោយខ្លួនឯងក្រៅពីអង្គការចាប់ផ្គុំនោះទេ។
អ្នកស្រី ជាង ស្រីមុំ អតីតអ្នកបង្រៀនជំនួយក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមបានផ្តល់សក្ខីកម្មក្នុងសវនាការសំណុំរឿង០០២វគ្គទី២នៅថ្ងៃព្រហស្បតិ៍នេះថាគ្មានពលរដ្ឋខ្មែរណាម្នាក់ហ៊ានប្រកែកតវ៉ាជាមួយអង្គការខ្មែរក្រហមក្នុងការចាប់រៀបការដោយបង្ខំនោះទេដោយសារតែខ្លាចត្រូវគេយកទៅសម្លាប់ចោល។
អ្នកស្រីជាង ស្រីមុំ ឆ្នាំនេះអាយុ៥៩ឆ្នាំ។ អ្នកស្រីផ្ទាល់ត្រូវកម្មាភិបាលខ្មែរក្រហមផ្តល់ដំណឹងឲ្យរៀបការប៉ុន្មានម៉ោងប៉ុណ្ណោះមុននឹងដល់ពេលវេលាត្រូវរៀបការ។ គឺរៀបការជាមួយបុរសដែលអ្នកស្រីមិនពេញចិត្ត។ហើយប្តីរបស់អ្នកស្រីមិនបានដឹងខ្លួនជាមុនថាគាត់ត្រូវរៀបការហើយត្រូវរៀបការជាមួយរូបអ្នកស្រីនោះទេ។
«ប្រធានកងនារីមកដល់ប្រាប់ខ្ញុំថាឥឡូវរៀបចំទៅ។អង្គការរៀបប្តេជ្ញា(រៀបការឲ្យ)យប់នេះហើយ។ខ្ញុំក៏មានការរន្ធត់ឮដូច្នេះ។ មិនដឹងថាប្តេជ្ញាជាមួយបុរសណាខ្ញុំក៏អត់ហ៊ានសួរគេដែរ។ ប្រធានកងនារីសួរខ្ញុំថាសម្រេចចិត្តយ៉ាងម៉េច។ខ្ញុំទាល់ច្រកមិនដឹងឆ្លើយថាម៉េចក៏តបវិញថាស្រេចលើម្តាយរបស់ខ្ញុំ។ (គាត់សួរ) ថាយើងរាល់ថ្ងៃកូនអង្គការឬកូនម៉ែឪ? ខ្ញុំឆ្លើយថាខ្ញុំកូនអង្គការ។ (គាត់)ថាបើកូនអង្គការរៀបចំ(ខ្លួន)ទៅអង្គការសម្រេចប្តេជ្ញាយប់ហ្នឹងហើយ។ ខ្ញុំក៏ដាច់ចិត្តសួរថាតើឲ្យខ្ញុំរៀបការជាមួយបុរសណា? យុវជនណា? គេឆ្លើយថារៀបការជាមួយទ្រី ទូច។ ប៉ុន្តែប្តីខ្ញុំមិនទាន់ដឹង(ខ្លួន)ទេ»។
សាក្សីដដែលបញ្ជាក់ថាឱពុកម្តាយអ្នកស្រីមិនត្រូវបានអនុញ្ញាតឲ្យចូលរួមធ្វើការសម្រេចចិត្តនោះទេ។ហើយឱពុករបស់អ្នកស្រីត្រូវចាប់ខ្លួនហើយត្រូវបានសម្លាប់នៅក្នុងគុកក្រាំងតាចាន់ដែលនៅទីនោះអ្នកទោសជាង១៥.០០០នាក់ត្រូវបានសម្លាប់។
អ្នកស្រីជាង ស្រីមុំ រៀបរាប់បន្ថែមថាពួកខ្មែរក្រហមចាប់បង្ខំចាប់តាំងពីការរៀបការរហូតដល់បង្ខំឲ្យរួមដំណេកជាមួយគ្នា។អ្នកស្រី អះអាងថាកងឈ្លបគឺជាភ្នាក់ងាររបស់អង្គការខ្មែរក្រហមដែលត្រូវតាមដានអំពីភាពចុះសម្រុងរបស់គូស្រករនានាក្រោយពីរៀបការ។
«ដំបូងពេលខ្ញុំរួមដំណេកជាមួយប្តីខ្ញុំឃើញ(កង)ឈ្លបនៅក្រោមផ្ទះ។ ចំពោះខ្លួនខ្ញុំមានការភ័យខ្លាច។ខ្ញុំធ្លាប់ដឹងអ្នករៀបការពីមុនៗមក។ពេលឈ្លបស្តាប់ឮនៅក្រោមផ្ទះ ពេលយើងមិនចុះដំណេកគ្នាគេតែងតែយកយើងទៅកសាង»។
ការកសាងនៅក្នុងសម័យខ្មែរក្រហមគឺមានន័យថាធ្វើការអប់រំ។
នៅក្នុងរបបខ្មែរក្រហមការរៀបការមិនបានអនុលោមតាមលក្ខណៈប្រពៃណីដោយមានការចូលស្តីដណ្តឹង ឬដោយមានសម្លៀកបំពាក់ប្រពៃណីនោះទេ។ ផ្ទុយទៅវិញការរៀបការគឺអង្គការរបស់ខ្មែរក្រហមជាអ្នកចាប់ផ្សំគូឲ្យឬជួនកាលបុរសអាចប្រាប់ទៅអង្គការថាពេញចិត្តស្ត្រីណាមួយដើម្បីអង្គការរបស់ខ្មែរក្រហមអាចរៀបចំឲ្យ។ អាពាហ៍ពិពាហ៍នេះស្ថិតក្នុងសម្លៀកបំពាក់ខោអាវខ្មៅដូចៗគ្នា។ គ្មានសាច់ញាតិច្រើនកុះករនោះទេ។ ប៉ុន្តែគឺតំណាងអង្គការខ្មែរក្រហមជាអ្នកធ្វើជាសាក្សីនៃការប្តេជ្ញាយកគ្នាជាប្តីប្រពន្ធនៃពលរដ្ឋទាំងនេះ។
ជាទូទៅអាពាហ៍ពិពាហ៍បែបនេះមិនសម្តែងចេញពីការពេញចិត្តឬព្រមព្រាងទាំងសងខាងនោះទេប៉ុន្តែគ្មានអ្នកណាហ៊ានប្រកែកនោះឡើយ។
សាក្សីដដែលបញ្ជាក់ថានៅពេលដែលគូស្វាមីដែលត្រូវបានរៀបការមិនស្ម័គ្រចិត្តរួមសង្វាសឬរួមដំណេកអាចនឹងទទួលទណ្ឌកម្មក្រោយពីកងឈ្លបបានរកឃើញ។
«ឃុំខ្ញុំធ្លាប់មានបញ្ហាការរៀបការហើយ។នារីហ្នឹងអត់ស្រឡាញ់ប្តី។ ដល់អត់ស្រឡាញ់ប្តីមិនចុះដំណេក(រួមសង្វាស)ដល់ចឹងកងឈ្លបដឹងគេហៅនារីនោះមកកសាង។ ប៉ុន្តែខ្ញុំមើលចិត្តនារីនោះចេះតែបំពេញកាតព្វកិច្ចនោះដោយសារការភ័យខ្លាចនឹងសេចក្តីស្លាប់។ ចឹងចេះតែរស់នៅជាមួយប្តីដោយល្វីងជូរចត់ចឹងទៅ។ ធ្វើហាក់ដូចជាមិនដឹងចឹងទៅ។ ចំពោះគ្រួសារដែលមិនចុះដំណេក។គេកសាងជាលើកទី១ ទី២ ទី៣ ដល់ពេលនោះអ្នកនោះនៅតែមិនតាម គឺគេចាត់ទុកប្រឆាំងនឹងបក្សចឹងអ្នកនោះត្រូវមានទោស ទទួលទណ្ឌកម្មឲ្យរែកទឹក ដកស្មៅ ស្រោចដូង កាប់ដីជាដើម»។
សូមបញ្ជាក់ថាការកាត់ទោសក្នុងសំណុំរឿង០០២វគ្គទី២នេះត្រូវផ្តោតលើអំពើប្រល័យពូជសាសន៍លើជនជាតិវៀតណាមនិងជនជាតិចាម ឧក្រិដ្ឋកម្មនៅតាមការដ្ឋានធ្វើការនិងតាមមន្ទីរសន្តិសុខឬគុកក្រាំងតាចាន់និងគុកដទៃទៀតបូករួមទាំងអំពើហិង្សាទាក់ទងផ្លូវភេទដូចជាការបង្ខំឲ្យរៀបការជាដើម៕