ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ថៃ​ព្យាយាម​បង្ក្រាប​ការ​បញ្ចេញ​មតិ​លើ​អ៊ីនធឺណិត​ឲ្យ​មាន​ប្រសិទ្ធភាព


បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ពាក់​ស្បែក​មុខ​និង​ប្រើ​ឧបករណ៍​ iPad នៅ​មុខ​ក្រុម​ប៉ូលិស​បង្ក្រាប​កុប្បកម្ម​ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​​ខាង​ក្រៅ​ផ្សារ​ទំនើប​មួយ​នៅ​រាជធានី​បាងកក​កាល​ពី​ថ្ងៃ​ទី​៩​ខែ​មិថុនា​ឆ្នាំ​២០១៣។
បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ពាក់​ស្បែក​មុខ​និង​ប្រើ​ឧបករណ៍​ iPad នៅ​មុខ​ក្រុម​ប៉ូលិស​បង្ក្រាប​កុប្បកម្ម​ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​​ខាង​ក្រៅ​ផ្សារ​ទំនើប​មួយ​នៅ​រាជធានី​បាងកក​កាល​ពី​ថ្ងៃ​ទី​៩​ខែ​មិថុនា​ឆ្នាំ​២០១៣។
ក្នុង​ពេល​តិច​ជាង​មួយ​សប្តាហ៍​ បន្ទាប់​ពី​កង​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ផែនការ​ដែល​អនុញ្ញាត​ឲ្យ​ខ្លួន​អាច​ធ្វើ​ការ​ចាប់​ពិរុទ្ធ​ព័ត៌មាន​ដែល​មាន​ចុះ​ផ្សាយនៅ​ក្នុង​បណ្តាញ​អ៊ីនធឺណិត​ឲ្យ​បាន​ឆាប់​រហ័សជាង​មុន។​

ក្រុមហ៊ុន​ទូរគមនាគមន៍​២​ ដែល​រដ្ឋ​កាន់កាប់​របស់​ប្រទេស​ថៃ​ នឹង​ត្រូវ​ទទួល​បន្ទុក​ត្រួត​ពិនិត្យផ្លូវ​គមនាគមន៍​តាម​បណ្តាញអ៊ីនធឺណិត​ ដែល​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​អាច​គ្រប់​គ្រង​ការ​ចាប់​ពិរុទ្ធលើ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​នៅ​ក្នុង​អ៊ីនធឺណិត​បាន​ប្រសើរ​ជាង​មុន។ ប្រទេស​ថៃ​បាន​រារាំង​ព័ត៌មាន​ខ្លះ​តាម​អ៊ីនធឺណិត​ជា​ស្រេច​ទៅ​ហើយ ដែល​អាជ្ញាធរ​ចាត់​ថា​ជា​ការ​បរិហារ​រិះគន់​ តែ​ប្រព័ន្ធ​ថ្មី​នេះ​នឹង​ផ្តល់​ការត្រួត​ត្រា​រិត​តែ​ច្រើន​ឡើង​ទៀតទៅ​ឲ្យអាជ្ញាធរ។​

លោក​ ថានិត​ ប្រាប៉ាតាណាន់​ (Thanit Prapatanan)​ នាយក​ការិយាល័យ​បង្ការ​ឧក្រិដ្ឋកម្មខាង​បច្ចេកវិទ្យា​ព័ត៌មាន​ (IT) នៃក្រសួងព័ត៌មាន​និង​បច្ចេកវិទ្យា​គមនាគមន៍​ បាន​ប្រាប់​ វីអូអេ​ថា​ ផែនការ​រៀបចំ​បង្កើត​ប្រព័ន្ធ​ត្រួត​ត្រាថ្មី​នេះ​ប្រហែល​ជា​ប្រើ​ពេល​វេលា​ជា​ច្រើន​ខែ​ទៅ​មុខ​ទៀត។

លោក​ Thanit​ បាន​លើក​ឧទាហរណ៍​អំពីប្រទេស​ចិន​ ដោយ​លោក​បាន​អះអាង​ថា​ ការ​ត្រួត​ពិនិត្យមិន​មាន​ផល​ប៉ះពាល់​ខ្លាំង​ទៅ​លើ​សង្គម​ទេ។ ផ្ទុយ​ទៅ​វិញគេ​គ្រាន់​តែ​បាន​បិទ​គេហទំព័រ​ខ្លះ​ដែល​គេ​ចាត់​ទុក​ថា​ អាច​មាន​គ្រោះថ្នាក់​ តែមិន​បាន​បិទ​គមនាគមន៍​តាម​អ៊ីនធឺណិត​ទាំង​អស់​ទេ។​

ក្រសួង​ព័ត៌មាន​និង​បច្ចេកវិទ្យា​គមនាគមន៍​ និយាយ​ថា គេ​បាន​អនុវត្ត​វិធានការ​តឹងរ៉ឹង​ជាង​មុន​ខ្លះ​រួច​ទៅ​ហើយ សម្រាប់​បណ្តាញ​អ៊ីនធឺណិត ព្រម​ទាំង​បណ្តាញ​ព័ត៌មាន​សង្គម​ដែរ។​

តាម​បញ្ជា​របស់​ក្រុម​មេដឹកនាំយោធា​ គេ​បាន​បិទគេហទំព័រ​ចំនួន ២១៩​ ដែល​គេ​ចាត់​ថា​ជា​ការ​គំរាម​ដល់​សន្តិសុខ​ជាតិ។​ រួច​ក្រសួង​ព័ត៌មាន​បាន​និយាយ​ថា​ ខ្លួន​នឹង​សុំ​ក្រុមហ៊ុន​បណ្តាញ​ព័ត៌មាន​សង្គម​ដូច​ជា​ Facebook, Line និង​ YouTube​ ឲ្យហាម​គណនី​របស់​អ្នក​ប្រើ​ណា​ដែល​ខ្លួន​ចាត់​ថា​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ខុសច្បាប់​នៅ​ក្រោម​ក្រឹត្យ​ច្បាប់​អាជ្ញាសឹក​របស់​ប្រទេស​ថៃ។​

កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន បណ្តាញ Facebook​ ដែល​មាន​ប្រជាប្រិយភាព​ក្នុង​ប្រទេស​ថៃ​ មិន​អាច​បើក​ប្រើ​បានក្នុង​រយៈ​ពេល​៩០​នាទី។​ ក្រសួង​ព័ត៌មាន​បាន​និយាយ​ថា​មាន​«បញ្ហា​បច្ចេកទេស​ក្នុង​ផ្លូវ​គមនាគមន៍»​ ដែល​បណ្តាល​ឲ្យ​មាន​ការ​អាក់​ខាន​នេះ។​

ឧបទ្ទវហេតុ​នេះ​បាន​នាំ​ឲ្យ​សាធារណជនសម្តែង​ការ​បារម្ភ​ភ្លាមៗ​តាម​អ៊ីនធឺណិត ហើយ​ជា​ការ​ឆ្លើយ​តប ​អ្នក​នាំ​ពាក្យ​ក្រុម​រដ្ឋប្រហារ​ ​គឺ​វរសេនីយ៍​ឯក​ Winthai Suvaree បាន​ចេញ​សេចក្តី​ប្រកាស​រយៈ​ពេល​៣០​វិនាទី​មួយ​តាម​បណ្តាញ​ផ្សាយ​ទូទាំង​ប្រទេស។

លោក​វរសេនីយ៍​ឯក​ថ្លែង​ថា ក្នុង​ពេល​នោះ​មាន​«បញ្ហា​បច្ចេកទេស»​កើត​ឡើង​ក្នុង​ពេល​បើក​បណ្តាញ​ Facebook ហើយ​ថា​«បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​ហើយ»។

ការ​ពន្យល់​នេះ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ​ជឿ​ជាក់​ទេ។ ពួក​គេ​សង្ស័យ​ថា​ ការ​រអាក់រអួល​បណ្តាញ​ Facebook នេះ​គ្រាន់​ជា​ការ​សាកល្បង​សម្រាប់​ការ​បិទ​បណ្តាញ​សង្គម​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ពេល​ខាង​មុខ ហើយ​ថា​វា​ជា​សារ​មួយ​ព្រមាន​កុំ​ឲ្យ​រិះគន់​រដ្ឋប្រហារ។

សាស្ត្រាចារ្យ Kevin Hewison ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាស៊ី​នៅ​សាកលវិទ្យាល័យ​ Murdoch របស់​ប្រទេស​អូស្ត្រាលី​ និយាយ​ថា​ មេដឹកនាំ​រដ្ឋប្រហារ​ថៃ​ ប្រហែល​ចង់​ធ្វើ​តាម​ឧទាហរណ៍​នៅ​ប្រទេស​ផ្សេង​ទៀត ដូច​ជា​ប្រទេស​តួកគី ដែល​បាន​បិទ​ការ​សរសេរ​សារ​តាម Twitter និង​វីដេអូ​ YouTube កាល​ពី​ខែ​មីនា​ដើម​ឆ្នាំ​នេះ និង​ប្រទេស​អេហ្ស៊ីប​ដែល​ស្ទើរ​តែ​បាន​កាត់​ផ្តាច់​ខ្លួន​ពី​ប្រព័ន្ធ​អ៊ីនធឺណិត​ទាំង​ស្រុង​កាល​ពី​ខែ​មករា​ឆ្នាំ​២០១១។

លោក Hewison ពន្យល់​ថា៖ «តាម​ខ្ញុំ​ស្មាន​មើល​គឺ យោធា​ថៃ​បាន​តាម​ដាន​ការ​វិវត្ត​ទាំង​នេះ និង​ប្រហែល​ប្រាថ្នា​ចង់​ថា​ពួក​គេ​ក៏​អាច​មាន​សមត្ថភាព​ធ្វើ​ដូច​គ្នា​ដែរ។ បាតុកម្ម​រៀបចំ​ភ្លាមៗ​មិន​ប្រាប់​មុន​ទាំង​នេះ ខ្លះ​ត្រូវ​គេ​រៀបចំ​តាម​ការ​ហៅ​ទូរស័ព្ទ ប៉ុន្តែ​បាតុកម្ម​ខ្លះ​ក៏​ត្រូវ​បាន​គេ​រៀបចំ​តាម​បណ្តាញ​សង្គម​ដូច Facebook និង Line ជា​ដើម។ ខ្ញុំ​គិត​ថា​ពួក​គេ​នឹង​ព្យាយាម​រារាំង​សកម្មភាព​តវ៉ា​បែប​នេះ»។

ជនជាតិ​អូស្ត្រាលី​ដែល​ជា​អ្នក​ជំនាញ​ខាង​នយោបាយ​ថៃ​រូប​នេះ បាន​កត់​សម្គាល់​ថា​នៅ​ក្រោយ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​កាល​ពី​ឆ្នាំ​២០០៦ យោធា​ថៃ​បាន​រង​ការ​រិះ​គន់​ថា​ខ្លួន​មិន​បាន​លុប​បំបាត់​ឥទ្ធិពល​របស់​នាយករដ្ឋមន្ត្រី​ដក​ពី​តំណែង​ពេល​នោះ គឺ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) ដែល​ជា​មហាសេដ្ឋី​ខាង​ទូរគមនាគមន៍​ផង​នោះ។

«ហើយ​ខ្ញុំ​គិត​ថា​ ក្រុម​យោធា​នេះ​ប្រាកដ​ជា​បាន​រៀន​សូត្រ​ពី​បទពិសោធន៍​លើក​មុន។ ខ្ញុំ​នឹង​មិន​ភ្ញាក់​ផ្អើល​ទេ​ចំពោះ​សារ​ព្រមាន​កាន់​តែ​ខ្លាំង​ដែល​យើង​កំពុង​ឃើញ​នៅ​ពេល​នេះ។ រដ្ឋបាល​យោធា​នេះ​អាច​រិតត្បិត​កាន់​តែ​ខ្លាំង​ថែម​ទៀត។ ខ្ញុំ​គិត​ថា​លទ្ធភាព​ដែលយោធា​អាច​បិទ​ប្រព័ន្ធ​អ៊ីនធឺណិត​ទាំង​ស្រុង​តែ​ម្តង និង​ចាប់​មនុស្ស​ច្រើន​ថែម​ទៀត​ជា​ដើម។ល។ ប្រសិន​បើ​ពួក​គេ​មិនទទួល​បាន​ការ​សហការ​ដែល​ពួក​គេ​បាន​ទាមទារ​និងមាន​ចែង​ក្នុង​បទ​បញ្ជា»។

ក្រសួង​ព័ត៌មាន​និង​បច្ចេកវិទ្យា​គមនាគមន៍​ថៃ​ក៏​បាន​ប្រកាស​អំពី​ការ​បង្កើត​ស្ថាប័ន​ថ្មី​ចំនួន​ពីរ​ដើម្បី​អាច​គ្រប់គ្រង​ខ្លឹមសារ​ក្នុង​អ៊ីនធឺណិត​និង​បណ្តាញ​សង្គម​បាន​តឹងរ៉ឹង​ជាង​មុន។ ស្ថាប័ន​ទី​១​ត្រូវ​ស្ថិត​នៅ​ក្រោម​ឱវាទ​ប៉ូលិស ហើយ​មាន​តួនាទី​ឃ្លាំ​មើល​ខ្លឹមសារ​និង​រាំងខ្ទប់​ការ​ចែកចាយ​សារ​ណា​ដែល​គេ​ចាត់​ទុក​ថា​បាន​រំលោភ​បទបញ្ជា​ចាប់​ពិរុទ្ធ​ដែល​ត្រូវ​ចេញ​ដោយ​យោធា​ថៃ។

ក្រុម​ទី​២ បើ​តាម​ព័ត៌មាន​ពី​ក្រសួង​ថា នឹង​មាន​សមាសភាព​មន្ត្រី​យោធា​សហការ​ជាមួយ​មន្ត្រី​ប៉ូលិស​ដើម្បី​ស៊ើប​អង្កេត​និង​ចាប់​ខ្លួន​ជន​ណា​ដែល​ចែកចាយ​ព័ត៌មាន​ដែល​គេ​ចាត់​ទុក​ថា​ខុស​ច្បាប់។

ដោយ​សារ​ប្រទេស​ថៃ​មាន​ច្បាប់​ប្រមាថ​ព្រះចេស្តា​ដ៏​តឹងរ៉ឹង​ដែល​រិតត្បិត​រាល់​ការ​រិះគន់​ព្រះរាជវង្ស​ រួច​ទៅ​ហើយ​តាំង​ពី​មុន​រដ្ឋប្រហារ​កាល​ពី​ថ្ងៃ​ទី​២២​ខែ​ឧសភា​ម្ល៉េះ រាជាណាចក្រ​នេះ​ត្រូវ​បាន​អង្គការ Freedom House ដែល​ជា​អង្គការ​ឃ្លាំ​មើល​ឯករាជ្យគាំទ្រ​ប្រជាធិបតេយ្យ ចាត់​ចំណាត់​ថ្នាក់​ថា​មាន​ត្រឹម​«សេរីភាព​ខ្លះ» (partly free) ​ប៉ុណ្ណោះ។

បណ្តាញ​ផ្សាយ​ព័ត៌មាន​តាម​កាសែត​ទូរទស្សន៍​និង​វិទ្យុ​របស់​ថៃ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​រិតត្បិត ដោយ​មាន​វត្តមាន​ទាហាន​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន។ អ្នក​កាសែត​ខ្លះ​ត្រូវ​យោធា​កោះហៅ​ឲ្យ​ចូល​ខ្លួន​មក​សាកសួរ​ឬ​ត្រូវ​ចាប់​ខ្លួន។

អ្នក​យក​ព័ត៌មាន​ពីរ​នាក់​ដែល​បាន​សួរ​សំណួរ​ទៅ​មេដឹកនាំ​រដ្ឋប្រហារ គឺ​ឧត្តមសេនីយ៍ Prayuth Chan-ocha នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​តែ​មួយ​គត់​របស់​លោក​កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន ត្រូវ​បាន​ទទួល​ការ​រិះគន់។ អគ្គលេខាធិការ​របស់​យោធា​គឺ​វរសេនីយ៍​ Ponlapat Wannapak ត្រូវ​បាន​គេ​ដកស្រង់​សម្តី​ថា អ្នក​យក​ព័ត៌មាន​គួរ​តែ​«សាទរ»​ចំពោះ​អគ្គមេបញ្ជាការ​ ដែល​ឥឡូវ​នេះ​ក៏​ជា​មេដឹកនាំ​តែ​មួយ​គត់​នៃ​រដ្ឋបាល​ជាតិ។

រដ្ឋប្រហារ​កាល​ពី​ថ្ងៃ​ទី​២២​ខែ​ឧសភា កើត​មាន​ឡើង​ក្រោយ​ពី​ប្រទេស​ថៃ​បាន​ជួប​ប្រទះ​ចលាចល​នយោបាយ​អស់​ជា​ច្រើន​ឆ្នាំ​ និង​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ជា​ច្រើន​ខែ​ចុង​ក្រោយ​នេះ។ បាតុកម្ម​ដែល​ជាប់លាប់​ជាង​គេ​មាន​គោលដៅ​ឲ្យ​ដក​រដ្ឋាភិបាល​លោកស្រី Yingluck Shinawatra ដែល​ជា​ប្អូន​ស្រី​របស់​លោក Thaksin Shinawatra ដែល​លោក​ស្រី​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១១។ លោកស្រី​ស្ថិត​ក្នុង​ចំណោម​មនុស្ស​២៥៣​នាក់​ដែល​ត្រូវ​កោះហៅ​ដោយ​មេដឹកនាំ​រដ្ឋប្រហារ។ យោធា​ថៃ​និយាយ​ថា​មនុស្ស​១២៤​នាក់ រួម​ទាំង​លោកស្រី Yingluck ផង ត្រូវ​បាន​ដោះលែង​វិញ ហើយ​មនុស្ស​៥៣​នាក់​ទៀត​ដែល​ត្រូវ​កោះហៅ​ឲ្យ​បង្ហាញ​ខ្លួន​ដែរ​នោះ​ ឥឡូវ​នេះ​ត្រូវ​ចាត់​ទុក​ថា​ជា​អ្នក​រត់​គេច​ខ្លួន៕

ប្រែសម្រួល​ដោយ សឹង សុផាត
XS
SM
MD
LG