បាងកក —
របបយោធាគ្រប់គ្រងប្រទេសថៃបានកោះហៅនិងឃុំខ្លួនសកម្មជននិងនិងបញ្ញវន្តនៅក្នុងមួយសប្តាហ៍ក្រោយដែលក្រុមយោធានេះបានចូលកាន់កាប់អំណាចតាមរយៈរដ្ឋប្រហារ។ ក្រុមយោធានិយាយថា ខ្លួនកំពុងធ្វើរបៀបវារៈកែទម្រង់មួយដែលមានគោលដៅដោះស្រាយវិបត្តិជាប់គាំងនយោបាយរបស់ប្រទេសថៃរយៈពេលជាង៦ខែមកនេះ។
ចាប់តាំងពីក្រុមយោធានៃប្រទេសថៃ គឺក្រុមប្រឹក្សារក្សាសន្តិភាពនិងសណ្តាប់ធ្នាប់ជាតិបានកាន់កាប់អំណាចមក បាតុករប្រឆាំងរដ្ឋប្រហាររាប់រយនាក់បានប្រមូលផ្តុំគ្នានៅរាជធានីបាងកក ក្នុងព្រឹត្តិការណ៍ជួបជុំគ្នារៀបចំភ្លាមៗតាមការផ្ញើសារតាមទូរស័ព្ទនិងតាមបណ្តាញសង្គម។
ក្រុមទាហានត្រូវគេបញ្ជូនឲ្យទៅប្រឈមនឹងក្រុមបាតុករនិងដើម្បីបោសសម្អាតផ្លូវនានា ហើយពេលខ្លះពួកគេបានចាប់ខ្លួនពួកបាតុករចំពោះការប្រឆាំងនឹងបំរាមហាមមិនឲ្យជួបជុំគ្នា។ របបយោធាក៏បានកោះហៅមន្ត្រីនៃរដ្ឋាភិបាលដែលត្រូវបណ្តេញចេញ សកម្មជន និងក្រុមបញ្ញវន្ត ហើយឃុំខ្លួនពួកគេជាច្រើនដោយមិនមានកាលកំណត់ នៅឯទីតាំងសម្ងាត់មួយ។
ពួកគេភាគច្រើនបានគោរពបទបញ្ជា ហើយបានទៅបង្ហាញខ្លួននៅការិយាល័យយោធា។ ប៉ុន្តែមានសកម្មជនមួយចំនួន ដូចជាលោក Sombat Boonngamanong សកម្មជនចលនា«អាវក្រហម»ដែលគាំទ្ររដ្ឋាភិបាល បានបដិសេធមិនគោរពតាមបទបញ្ជានេះ។
ផ្ទុយទៅវិញ លោក Sombat ថ្លែងថា អាជ្ញាធរអាចមកតាមរកលោកនៅតាមហាងអាហារ McDonald’s របស់ក្រុងបាងកក ដែលនៅទីនោះមានក្រុមបាតុករប្រមូលផ្តុំភ្លាមៗមិនឲ្យដឹងមុន ពាក់របាំងមុខដែលមានរូបលោក Sombat។ អ្នកនាង Chatuporn ជាបាតុករម្នាក់។ អ្នកនាងនិយាយថា យុទ្ធសាស្ត្រប្រមូលផ្តុំថ្មីនេះកើតមានឡើងក្រោយពេលដែលមេដឹកនាំនយោបាយរបស់ពួកគេជាច្រើននាក់ត្រូវបានចាប់ខ្លួន។
អ្នកនាង Chatuporn ពន្យល់ថា៖ «ដោយសារលោក Sombat លេងល្បែងពាក់មុខជាមួយមនុស្សគ្រប់រូប គឺថាប្រសិនបើអ្នកចង់ចាប់ខ្លួនគាត់ សូមទៅចាប់ខ្លួនគាត់នៅគ្រប់កន្លែង។ គឺពួកយើងមាននៅគ្រប់ទីកន្លែង គឺអាចមានជាបាតុកម្មភ្លាមៗយ៉ាងដូច្នេះ។ ព្រោះពួកគេចង់ចាប់មេដឹកនាំទាំងអស់ ពួកគេបានចាប់នាយករដ្ឋមន្ត្រីរបស់យើងនិងបានឃុំខ្លួនគាត់នៅកន្លែងសម្ងាត់មួយ ប៉ុន្តែលោក Sombat ជាអ្នកដែលពួកគេចាប់មិនបាន»។
ក្រៅពីលោក Sombat ក្រុមយោធាក៏បានកោះហៅនិងចាប់ខ្លួនអ្នកកាសែតនិងបញ្ញវន្តផងដែរ ក៏ដូចជាចាប់អ្នកដឹកនាំនយោបាយណាដែលប្រឆាំងនឹងរដ្ឋប្រហារ។
មេដឹកនាំរដ្ឋប្រហារនិងជាមេបញ្ជាការកងទ័ព គឺលោក Prayuth Chan-ocha បានថ្លែងថា លោកសង្ឃឹមថាការគ្រប់គ្រងរបស់យោធានឹងបញ្ចប់វិបត្តិនយោបាយដ៏រ៉ាំរ៉ៃរបស់ប្រទេសថៃ។ វិបត្តិនេះកើតឡើងដោយសាររដ្ឋាភិបាលដែលជាប់តាមការបោះឆ្នោតដោយប្រជាធិបតេយ្យ ហើយនឹងក្រុមអ្នកប្រឆាំង មិនអាចឈានដល់ការធ្វើសម្បទានណាមួយ ដែលនាំឲ្យមានបាតុកម្មរាប់ខែដែលរាំងស្ទះរាជធានីបាងកក។
លោក Werachon Sukhondhapatipak អ្នកនាំពាក្យរងរបស់យោធាថៃនិយាយថា យោធានឹងលះបង់អំណាចគ្រប់គ្រងប្រទេសវិញ នៅពេលដែលខ្លួនបានដោះស្រាយបញ្ហាទាំងឡាយ។
«គឺសន្តិសុខ សន្តិភាព និងសណ្តាប់ធ្នាប់។ សន្តិភាពនិងសណ្តាប់ធ្នាប់ ពលរដ្ឋថៃនឹងចុះសម្រុងគ្នា ហើយវាត្រូវតែជាសន្តិភាពនិងសណ្តាប់ធ្នាប់យូរអង្វែង មិនមែនគ្រាន់តែសន្តិភាពបណ្តោះអាសន្នប៉ុណ្ណោះទេ។ ហើយបន្ទាប់ពីនោះមកទើបយើងនឹងបន្តនិយាយគ្នាអំពីការបោះឆ្នោត។ ប៉ុន្តែសម្រាប់ពេលនេះ យើងត្រូវដោះស្រាយបញ្ហាទាំងអស់របស់ប្រទេសនេះ ជាពិសេសបញ្ហាចម្បងៗ»។
អ្នកនាំពាក្យនោះបានសន្យាថា មេដឹកនាំនយោបាយដែលកំពុងត្រូវឃុំខ្លួន នឹងត្រូវដោះលែងវិញនៅពេលដែលទីផ្លូវសាធារណៈចាប់មានសណ្តាប់ធ្នាប់ឡើងវិញ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតថា នឹងមានអ្វីកើតឡើងចំពោះអ្នកត្រូវឃុំខ្លួនដទៃទៀតទេ។
លោក Pavin Chachavalpongpun ជាអ្នកវិភាគនយោបាយនិងជាអតីតអ្នកការទូតមួយរូបស្ថិតនៅក្នុងចំណោមមនុស្សដែលត្រូវយោធាកោះហៅឲ្យទៅបង្ហាញខ្លួន។ ប៉ុន្តែលោកថ្លែងថា លោកមិនបានឆ្លើយតបតាមការបញ្ជានោះទេ ដោយសារលោកមិនទទួលស្គាល់ភាពស្របច្បាប់នៃរដ្ឋប្រហារនេះ។ លោកថាការកោះហៅជាការរំលោភសេរីភាពនៃការស្រាវជ្រាវនិងជាការប៉ុនប៉ងគំរាមកំហែង។
លោក Pavin និយាយថា៖ «នេះជារដ្ឋប្រហារលើកទី១៩ហើយ។ ការណ៍ដែលពួកគេចាប់ផ្តើមយាយីបញ្ញវន្តនិងអ្នកស្រាវជ្រាវគឺជាអ្វីដែលថ្មីមិនធ្លាប់មានពីមុន។ គឺដំបូងបំផុតពួកគេព្យាយាមកំណត់ខ្លឹមសារដែលពលរដ្ឋបញ្ជូនទៅវិញទៅមកទូទាំងប្រទេស។ ខ្ញុំគិតថាក្រុមបញ្ញវន្តអាចគំរាមកំហែងដល់តួនាទីអំណាចរបស់ក្រុមអ្នកធ្វើរដ្ឋប្រហារ»។
លោក Pavin ជឿថា ដំណើរការកោះហៅអ្នកដែលនិយាយឥតសំចៃ ដោយមានការគំរាមអំពីការកាត់ទោសនៅពេលអនាគតនៅក្រោមច្បាប់អាជ្ញាសឹកនិងច្បាប់ប្រមាថព្រះជេស្តាផង នឹងកាន់តែធ្វើឲ្យរដ្ឋប្រហារនេះបាត់បង់ភាពស្របច្បាប់ថែមទៀត។ លោក Pavin និយាយថា រឿងនេះនឹងកាន់តែលើកទឹកចិត្តឲ្យមានការរិះគន់ចំពោះរបបយោធាថែមទៀត៕
ប្រែសម្រួលដោយ សឹង សុផាត