ឥទ្ធិពលនយោបាយនិងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសចិនជាមួយនឹងប្រទេស កម្ពុជាកាន់តែចាក់គ្រឹះមាំឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការណ៍នេះ ហាក់ដូចជារឿងល្អសំរាប់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលត្រូវការមហាអំណាចជាខ្នងបង្អែកក៏ពិតមែន ក៏ប៉ុន្តែមេដឹកនាំរដ្ឋាភិបាលកម្ពុជាដែលធ្លាប់ត្រូវ បានលើកបណ្តុបដោយវៀតណាម ហើយសន្យាបន្តកិច្ចសហប្រតិបត្តិការម៉ឺនឆ្នាំនោះ ក៏នឹងប្រឈមមុខនឹងគំនាបសេដ្ឋកិច្ចនិងនយោបាយពីប្រទេសវៀតណាមផងដែរ។
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជាមើលឃើញថា ទំនាក់ទំនងដែល រង្គោះរង្គើរវាងវៀតណាមនិងលោកហ៊ុន សែនបានកើតឡើងបន្ទាប់ពីបញ្ហាព្រំដែន បានផ្ទុះឡើងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយរដ្ឋាភិបាលកម្ពុជារបស់លោក ហ៊ុន សែន បានបញ្ជូនកំណត់ទូត២០ ទៅកាន់ប្រទេសវៀតណាមដើម្បីតវ៉ាផង ហើយនឹងការ សង្កេតឃើញប្រទេសកម្ពុជា បានគាំទ្រនយោបាយចិនចំពោះជម្លោះសមុទ្រចិនខាង ត្បូងប្រឆាំងនឹងប្រទេសក្នុងតំបន់អាស៊ានរួមទាំងវៀតណាមដែលកំពុងទាមទារកម្មសិទ្ធផងនោះ ក៏ជារឿងមិនសប្បាយចិត្តផងដែរ មុនរឿងរ៉ាវនេះត្រូវបានដោះស្រាយ ដោយធូរស្រាលមកវិញក្នុងកិច្ចប្រជុំអាស៊ានក្នុងប្រទេសឡាវកាលពីពាក់កណ្តាលឆ្នាំនេះ។
លោក Sebastian Strangio ជាអ្នកកាសែតម្នាក់និងជាអ្នកនិពន្ធសៀវភៅ Hun Sen’s Cambodia ឬ កម្ពុជាជារបស់ហ៊ុន សែន បានទទួលស្គាល់ពីការពឹងអាងទៅលើចិនរបស់លោក ហ៊ុន សែន ដែលថែមទាំងអាចឲ្យលោកតវ៉ាជាមួយវៀតណាម ដែលមិនធ្លាប់កើតមានពីមុនផងដែរ។
«ការប្រាស្រ័យទាក់ទងគ្នារបស់លោក ហ៊ុន សែនជាមួយវៀតណាមគឺជារឿងងាយនឹង ខូចខាតណាស់ដែលលោកចាំបាច់ត្រូវប្រឈមក្នុងអាជីពនយោបាយរបស់លោក។ ហើយខ្ញុំគិតថាពេលនេះ ដោយមានខ្នងបង្អែកចិនដ៏រឹងមាំ លោក ហ៊ុន សែនអាចរិះគន់ វៀតណាម ជាចំហដែលលោកស្ទាក់ស្ទើមិនអាចធ្វើបានទេកាលពី១០ ទៅ១៥ឆ្នាំ មុន»។
ប្រទេសវៀតណាមត្រូវគេដឹងថា បានសង់ប៉ុស្តិ៍យោធាជួរមុខ កសាងផ្លូវថ្នល់ និង ជីកស្រះនៅក្នុងខេត្តមួយចំនួនជាប់នឹងព្រំដែនកម្ពុជា ដែលកម្ពុជាបានតវ៉ាថា បានចូលមកក្នុងដីរបស់ខ្លួននិងតំបន់ហាមឃាត់។ រឿងរ៉ាវនេះ បានកើតឡើងដំណាលគ្នាដែល គេដឹងថា កម្ពុជាបានបញ្ចេញជំហរដូចជាជំហរចិនចំពោះជម្លោះដណ្តើមកម្មសិទ្ធនៅ សមុទ្រចិនខាងត្បូង ដែលការសម្រេចដូច្នោះ ធ្វើឲ្យប្រទេសមួយចំនួនមិនសប្បាយចិត្តនឹងកម្ពុជា រួមទាំងវៀតណាមដែលជាភាគីដណ្តើមកម្មសិទ្ធិពីចិនផងដែរ ក្នុងចំណោម ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន។
បើតាមការអះអាងរបស់លោក Sebastian Strangio បានបញ្ជាក់បន្ថែមថា៖
«ជាការពិតប្រទេសវៀតណាមទេ ដែលពលរដ្ឋកម្ពុជាភាគច្រើនទំនងជាខ្លាចហើយ មិនទុកចិត្ត។ ហើយបន្ថែមពីលើរឿងនេះមានពលរដ្ឋកម្ពុជាជាច្រើនមានខ្សែស្រឡាយ ចិន ដូចអ្នកដឹងហើយពួកគេមានប្រទេសមួយដែលភាគច្រើនគេមិនបារម្ភអំពីការកើន ឡើងនៃឥទ្ធិពលចិន តែមិនទុកចិត្តវៀតណាមទៅវិញ»។
ប្រទេសវៀតណាមបានចូលឈ្លានពានកម្ពុជាកាលពីឆ្នាំ១៩៧៩ ដើម្បីបណ្តេញក្រុម ខ្មែរក្រហម ហើយលើកបណ្តុបរដ្ឋាភិបាលកម្ពុជាមួយចេញពីក្រុមខ្មែរក្រហមមួយផ្នែក ដែលវៀតណាមគាំទ្រ។ ទំនាក់ទំនងដ៏ខ្លាំងរវាងប្រទេសទាំងពីរក្រោយមកហាក់ដូច ជាចុះខ្សោយបន្តិចម្តងៗនៅពេលកម្ពុជាបានបង្កើនទំនាក់ទំនងដល់កម្រិតខ្ពស់ជា មួយនឹងចិន ទាំងនយោបាយ និងសេដ្ឋកិច្ច។
ប្រទេសចិនជាប្រទេសផ្តល់ជំនួយដ៏ធំជាងគេផង និងជាប្រទេសបានដាក់វិនិយោគទុន ធំជាងគេផង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជីងពីន មានកិច្ចព្រមព្រៀងទ្វេភាគីចំនួន៣១ត្រូវចុះហត្ថលេខា។ ភ្លាមៗនោះលោក ស៊ី បានសន្យាថានឹងបង្កើនវិនិយោគទុនពីប្រទេសចិនមកកម្ពុជាពីចំនួនជាង៣ពាន់លានឲ្យដល់៥ពាន់លានក្នុង១ឆ្នាំ។ ការវិនិយោគចិនមានលើផ្នែក ថាមពល រ៉ែ ដីសម្បទាន វាយណភណ្ឌជាដើម។ ហើយបើតាមមន្ត្រីនៃក្រុម ប្រឹក្សាអភិវឌ្ឃន៍កម្ពុជានិងមន្ត្រីពាណិជ្ជកម្មបានឲ្យដឹងថា ការនាំចេញ នាំចូលនឹងត្រូវ បង្កើនពីចំនួនជាង៤ពាន់លាន ដល់៥ពាន់លាននៅឆ្នាំខាងមុខ ក្នុងពេលដែលការ វិនិយោគ វៀតណាមធ្លាក់ចុះសឹងដល់កម្រិតសូន្យកាលពីឆ្នាំ២០១៥ ដែលគ្មានការ បញ្ជាក់ថានេះជាសម្ពាធផ្នែកសេដ្ឋកិច្ចសម្រាប់កម្ពុជាទេ ក្នុងពេលដែលអាស៊ានមាន ទីផ្សាររួមគឺកើតចេញពីសមាគមសេដ្ឋកិច្ចរួមនោះ។ ការនាំចេញនាំចូលរវាងកម្ពុជានិងវៀតណាមត្រូវមន្ត្រីកម្ពុជាបញ្ជាក់ដែរថាមានរហូតដល់ទៅជាង៣ពាន់ដុល្លារគឺកម្ពុជានាំចេញជាង៩០០លាន និងវៀតណាមនាំចូលជាង២ពាន់លាន។
លោក មាស នី អ្នកវិភាគនិងជាអ្នកស្រាវជ្រាវបានថ្លែងថាទំនាក់ដែលកាន់តែស្អិតរមួត រវាងចិននិងកម្ពុជាហាក់ដូចជាមិនធ្វើឲ្យវៀតណាមសប្បាយចិត្តទេ ហើយបញ្ហាព្រំដែន នឹងនៅតែជារឿងរសើបសម្រាប់ប្រទេសកម្ពុជានិងវៀតណាម។
«ខ្ញុំគិតថាបើសិនជាទំនាក់ទំនងរវាងចិនហើយនឹងកម្ពុជានេះ វាជាទំនាក់ទំនងមួយពិត ដើម្បីដើរចេញពីវៀតណាមមែននោះ ខ្ញុំគិតថាវៀតណាមនឹងយកបញ្ហាព្រំដែនមក ធ្វើជាគំនាបសម្រាប់រដ្ឋាភិបាលទីក្រុងភ្នំពេញនៅក្នុងចំណែកណាមួយនៅក្នុងពេល អនាគត។ នេះបើសិនវៀតណាមនៅប្រើឥទ្ធិពលមកលើដៃគូ របស់ខ្លួនគឺរដ្ឋាភិបាល កម្ពុជានៅពេលខាងមុខ»។
សាស្ត្រាចារ្យច្បាប់អាមេរិកាំង Peter Maguire ជាអ្នកនិពន្ធសៀវភៅមានចំណងជើង ថា Facing Death in Cambodia ឬ «ប្រឈមមុខនឹងការស្លាប់នៅកម្ពុជា» បានមើល ឃើញដែរថា ប្រទេសចិននឹងក្លាយជាដៃគូកាន់តែរឹងម៉ាំជាមួយនឹងកម្ពុជា នៅពេល ស.រ.អាខកខានគោលនយោបាយរបស់ខ្លួនងាកបែរមកតំបន់អាស៊ី។
«ទោះជាល្អឬអាក្រក់ប្រទេសចិនជានិច្ចជាកាលចិននៅតែបន្តជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជា។ ជំនួយដែលចិនផ្តល់ដល់ប្រទេសកម្ពុជាគ្មានការដាក់លក្ខខណ្ឌលើបញ្ហាសិទ្ធិមនុស្សទេ។ គោលនយោបាយងាកបែរទៅកាន់តំបន់អាស៊ីរបស់រដ្ឋបាលលោកប្រធានាធិបតីអូបាម៉ាបានបរាជ័យនោះហើយ ដែលបង្កើនអនុភាព ដល់ជំហរនិងការតាំងចិត្តរបស់ចិន។ នៅពេលដែលស.រ.អាមើលឥទ្ធិពល និងអំណាចរបស់ខ្លួនចុះថយ ប្រទេសចិននិងរុស្ស៉ីនឹងបំពេញចន្លោះប្រហោងនោះ ហើយធ្វើសកម្មភាពកាន់តែខ្លាំងឡើង»។
ដោយមិនអើពើនឹងការរិះគន់ពីបស្ចឹមប្រទេសរឿងបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ប្រទេសកម្ពុជាពឹងផ្អែកខ្លាំងលើជំនួយចិនទាំងកម្ចីនិងជំនួយឥតសំណងរាប់លានដុល្លារក្នុងរយៈពេលឆ្នាំថ្មីៗនេះ ដែលធ្វើឲ្យប្រទេសម្ចាស់ជំនួយបស្ចឹមប្រទេស និងលោកខាងលិច បានត្រឹមតែឈរមើលដំណើរការវិវត្តន៍របស់កម្ពុជា ទោះជាពេញ ចិត្តនិងមិនពេញចិត្តក្តីជាពិសេសលើរឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។
ទោះជាយ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសយូរៗម្តងថា លោកនឹងកាន់អំណាចដល់៩០ឆ្នាំ។ ទោះគណបក្សប្រជាជនកម្ពុជារបស់លោកបាន ឈ្នះឆ្នោតក៏ពិតមែនក្តីកាលពីឆ្នាំ២០១៣ តែបានចុះថយសម្លេងពី៩០ អាសនៈមក ត្រឹម៦៨។ ចំណែកគណបក្សជំទាស់របស់លោក សម រង្ស៉ី និង លោកកឹម សុខា ឡើងសម្លេងដល់ទៅ ៥៥ អាសនៈក្នុងចំណោមសរុប១២៣ក្នុងរដ្ឋសភា។ ការធ្លាក់ចុះ សម្លេងរបស់គណបក្សប្រជាជនកម្ពុជានេះគឺត្រូវគេដឹងថា មានជាប់ពាក់ព័ន្ធនឹងការមិនសប្បាយចិត្តរបស់ប្រជាពលរដ្ឋចំពោះអំពើរំលោភសិទ្ធិមនុស្ស ការរិតត្បិតសេរីភាពបញ្ចេញមតិ អំពើពុករលួយ បញ្ហារំលោភបំពានដីធ្លីជាដើម។
លោក Sebastian Strangio និយាយថាគណបក្សសង្គ្រោះជាតិអាចឈ្នះការបោះឆ្នោត ប្រសិនបើដំណើរការនេះធ្វើតាមលំនាំប្រជាធិបតេយ្យ ដែលគេហៅថាការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌ តែបរិបទនយោបាយកម្ពុជា ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមេដឹកនាំកំពូលៗ ដែលកំពុងគ្រប់គ្រងអំណាចដូច្នេះ វាមិនមែនជារឿង ដែលងាយស្រួលក្នុងការយកឈ្នះការបោះឆ្នោត ហើយក៏រិតតែមិនងាយស្រួលទៅ ទៀតក្នុងការដែលថា គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែនបោះបង់ចោល អំណាចដោយសុទ្ធចិត្តនោះ។
«លោក ហ៊ុន សែនមានបំណងធ្វើអ្វីៗដើម្បីរក្សាអំណាចរបស់លោក ហើយលោក ហ៊ុន សែនមើលឃើញការប្តូររដ្ឋាភិបាលស្មើនឹងការបំបែកស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម។ លោកអ្នកដឹងទេ ខ្ញុំគិតថាលោក ហ៊ុន សែនមិនទំនងជាបោះបង់អំណាចដោយងាយៗទេ នៅកម្ពុជានោះ»។
លោក ក៏បានបន្ថែមថា៖
«លោកអ្នកដឹងទេមានអ្នកមានច្រើនណាស់ និងមនុស្សមានឥទ្ធិពលច្រើនណាស់ដែលមានទ្រព្យសម្បត្តិច្រើននៅក្នុងស្ថានភាពនយោបាយប្រទេសកម្ពុជាបច្ចុប្បន្ន នេះ។ ប្រសិនបើប្រព័ន្ធនេះបែកបាក់ឬដួលរលំ ហើយលោកនាយករដ្ឋមន្ត្រីត្រូវបាត់ ពីអំណាចក្នុងការបោះឆ្នោត ហើយធ្លាក់ពីអំណាចនោះ គឺនឹងមានមនុស្សដែលមាន ឥទ្ធិពលច្រើនណាស់ដែលនឹងត្រូវបាត់បង់អ្វីៗគ្រប់យ៉ាង។ រឿងហេតុ ភ័យខ្លាចនេះ ហើយ ដែលខ្ញុំគិតថា ជាមូលហេតុដែលគណបក្សប្រជាជនកម្ពុជានៅតែបន្តការរួបរួម គ្នាជាច្រើនឆ្នាំ ហើយក៏ជាហេតុផលដែលស្ថានការណ៍នយោបាយនិងស្ថេរភាពនយោបាយនៅកម្ពុជាគ្មានលំនឹងតាមអ្វីដែលគួរកើតឡើងនោះ»។
លោក Sebastian Strangio បាននិយាយថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដឹងអំពីការផ្លាស់ប្តូរដែលយុវជននិងអ្នកជំនាន់ក្រោយ ហើយនឹងពលរដ្ឋកម្ពុជាចង់បានការកែទម្រង់ហើយ។ លោកហ៊ុន សែនបានតម្លើងប្រាក់បៀវត្សរ៍ដល់កម្មករ មន្ត្រីរាជការ ទាហាន ហើយនឹងបង្ហាញពីគោលនយោបាយធ្វើកំណែទម្រង់ប្រទេសរបស់លោក។លោក Sebastian Strangio ក៏បានបន្ថែមថារដ្ឋាភិបាលលោកហ៊ុន សែនបានសន្យាថានឹងផ្តល់ដីដល់គ្រួសារគ្មានដី ហើយលោកបានសន្យាថានឹងធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ ការការពារបរិដ្ឋាន។ តែរឿងរ៉ាវទាំងនេះប្រសិនបើលោកហ៊ុន សែនធ្វើបានជោគជ័យ នោះ លោកនឹងទទួលបានការគាំទ្រដែលបាត់បង់កាលពីការបោះឆ្នោតឆ្នាំ២០១៣ ត្រឡប់មកវិញ ដែលរឿងនេះមានន័យថា លោកហ៊ុន សែនត្រូវធ្វើសកម្មភាពកែទម្រង់ប្រាកដប្រជាភ្លាមឥឡូវនេះ៕