រាជរដ្ឋាភិបាលបានសម្រេចយកថ្ងៃទី១៥ខែតុលា រៀងរាល់ឆ្នាំជាទិវារំឭកព្រះរាជវិញ្ញាណក្ខ័ន្ធ ព្រះបាទនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ដើម្បីរំឭកពីកេរដំណែល គុណបំណាច់របស់ទ្រង់ ចំពោះជាតិមាតុភូមិ។ នៅថ្ងៃ១៥តុលាឆ្នាំនេះ កេរដំណែលមួយដ៏ចម្បងរបស់ទ្រង់គឺទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយនឹងប្រទេសចិនបានដល់កម្រិតកំពូលចំពេលដែលប្រធានាធិបតីចិន ស៊ី ជីនពីង មកបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅភ្នំពេញ។
នៅក្នុងសប្ដាហ៍នេះ កម្ពុជាបានរៀបចំពិធីទ្រង់ទ្រាយធំ ក្រាលកម្រាលព្រំក្រហម ទទួលដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) នៅភ្នំពេញទីដែលលោកបានចូលជួបមេដឹកនាំកំពូលរបស់កម្ពុជា ដោយពាំនាំជាមួយនូវជំនួយនិងកិច្ចព្រមព្រៀងច្រើនវិស័យដ៏ច្រើនសន្ធឹកសន្ធាប់មកជាមួយផង។
ដំណើរទស្សនកិច្ចនេះនៅចំពេលដែលកម្ពុជាកំពុងរៀបចំពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះបាទសម្ដេច ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋិ ជាឆ្នាំទីបួន ចាប់តាំងពីព្រះអង្គសោយទីវង្គត នៅឆ្នាំ២០១២មក។
កេរដំណែលរបស់ព្រះអង្គ តែងត្រូវបានរាជរដ្ឋាភិបាល មជ្ឈដ្ឋាននយោបាយនានា និងមហាជនជាកូនចៅ លើករំឭកឡើង ហើយកេរដំណែលមួយដែលបានបន្តដល់បច្ចុប្បន្ននេះគឺ «ចំណងមិត្តភាពជាប្រពៃណី»ខ្មែរចិននេះឯង ដែលត្រូវបានគេមើលឃើញថា បានឈានឡើងដល់«កម្រិតកំពូលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ» នៅចំខួបទីបួននៃការយាងសោយព្រះទីវង្គតរបស់ព្រះអង្គ។
ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង បាននាំឱ្យមានការចុះកិច្ចព្រមព្រៀង និងពិធីសារយ៉ាងតិចចំនួន៣១ គ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរជំនួយលើវិស័យ កសិកម្ម ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ និងសុខាភិបាល រវាងប្រទេសទាំងពីរ។
កម្ពុជានិងចិន មានចំណងទាក់ទងជាយូរលង់ និងជាប្រវត្តិសាស្ត្រ តាំងពីមជ្ឈិមសម័យ តែទំនាក់ទំនងការទូតត្រូវបានភ្ជាប់ជាផ្លូវការឡើងវិញ នៅឆ្នាំ១៩៥៨ ក្រោយពីមានជំនួបរវាង សម្ដេចព្រះ នរោត្តម សីហនុ និងលោកអតីតនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ ដែលបានកសាងទំនាក់ទំនង«មិត្តភាពជាប្រពៃណី»រវាងប្រទេសទាំងពីរ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាផ្ទាល់របស់អង្គសម្ដេចឪ បានមានព្រះបន្ទូលប្រាប់ VOA ថា ការណ៍ដែលសម្ដេចព្រះឧបយុវរាជ បោះជំហាននយោបាយការបរទេសទៅរកប្រទេសចិន នៅឆ្នាំដំបូងៗពីពេលដែលកម្ពុជាទទួលបានឯករាជ្យពីបារាំងក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ដោយសារមានមូលហេតុពីរធំៗ។
«ព្រះករុណាពេលហ្នឹង (១៩៥៥) លោកយល់ឃើញថា ទោះយ៉ាងណាក៏ដោយ ប្រទេសចិនហ្នឹង ត្បិតថាមិនអភិវឌ្ឍ ជឿនលឿនដូចប្រទេសដទៃទៀត តែចិនជាមហាអំណាចមួយនៅក្នុងតំបន់ ដូច្នេះយើងត្រូវមានទំនាក់ទំនងជាមួយប្រទេសចិន ខទីមួយ»។
«ខទីពីរ ដោយសារតែប្រទេសចិន ជាប្រទេសមួយដែលគាំទ្រ លូកដៃជ្រៅចូលទៅក្នុងសង្គ្រាមវៀតណាម ក៏យើងត្រូវតែមានទំនាក់ទំនងដែរ ដើម្បីធ្វើយ៉ាងម៉េច ចៀសវាងកុំឱ្យសង្គ្រាមវៀតណាមហ្នឹងរាលមកដល់កម្ពុជា»។
ព្រះអង្គម្ចាស់ ធម្មិកោ ដែលបច្ចុប្បន្នជាសមាជិកជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិជាបក្សជំទាស់ បានមានព្រះបន្ទូលថា ព្រះករុណា ព្រះបរមរតនកោដិ្ឋ តែងមានក្ដីរំពឹងថា ចំណងមិត្តភាពខ្មែរចិន និងជួយការពារ ឯករាជភាព និងបូរណភាពទឹកដីនៃប្រជាជាតិព្រះអង្គពីការគំរាមនានា។
យ៉ាងណាក៏ដោយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានព្រះបន្ទូលបន្តថា បើទោះជាព្រះករុណា ព្រះបរមរតនកោដ្ឋិ មានចំណងជិតស្និទ្ធជាមួយមេដឹកនាំចិនកុម្មុយនីស្តជាច្រើនជំនាន់យ៉ាងណាក្ដី ភាពរកាំរកូស និងការអាក់អន់ព្រះហឫទ័យជាមួយនឹងចិនក៏ធ្លាប់មានដែរ។
បើយោងតាមការឱ្យដឹងពីព្រះអង្គម្ចាស់អង្គនេះ ការណ៍ដំបូងគឺពេលដែលចិនសម្រេចតាមលោក ខៀវ សំផន ក្នុងការវាយផ្ដាច់ដណ្ដើមយកជ័យលើក្រុមសាធារណរដ្ឋខ្មែរតាមសឹកសង្គ្រាម និងមិនគាំទ្រការចរចាបញ្ចប់សង្គ្រាមដោយសន្តិវិធី ដែលជាព្រះរាជបំណងរបស់អង្គសម្ដេចឪនៅឆ្នាំ១៩៧៣។
ម្ដងទៀត ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក៏បានលើកឡើងអំពីការណ៍ដែលព្រះករុណា បដិសេធសំណើចិន ក្នុងការទទួលយកជាផ្លូវការសម្ព័ន្ធភាពជាមួយនឹងក្រុមខ្មែរក្រហម ប្រឆាំងនឹងការចូលកាន់កាប់របស់វៀតណាម មកលើប្រទេសកម្ពុជានៅឆ្នាំ១៩៧៩ និងការជំទាស់នឹងចិន ដែលចង់បើកការចរចាជាអន្តរជាតិ ហើយទុកភាគីជម្លោះរបស់ខ្មែរនៅទសវត្សរ៍ឆ្នាំ១៩៨០ នៅមួយកន្លែងឆ្ងាយពីតុចរចាស្វះស្វែងរកសន្តិភាព។
ព្រះអង្គម្ចាស់មានព្រះបន្ទូលប្រាប់ VOA ថា៖
«ដូច្នេះការទំនាក់ទំនង វាមិនស្រួលរហូតនោះទេ វាមានការរអាក់រអួល។ ដោយសារតែអ្វី? ដោយសារតែ ចង់មិនចង់ ប្រទេសចិន ជាមហាអំណាចមួយ ដែលការពាររក្សាប្រយោជន៍របស់ខ្លួនឯង»។
គួររំឭកដែរថា ប្រទេសចិន បានគាំទ្រក្រុមរដ្ឋាភិបាលត្រីភាគី ដែលមានក្រុមតស៊ូហ៊្វុនស៊ីនប៉ិច ក្រុមលោក សឺន សាន និងក្រុមខ្មែរក្រហម ក្នុងការវាយនឹងរដ្ឋាភិបាលក្រុងភ្នំពេញក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលគាំទ្រដោយវៀតណាម។
ក៏ប៉ុន្តែក្រោយពីកម្ពុជាបានសម្រេចកិច្ចព្រមព្រៀងសន្ដិភាព និងរៀបចំការបោះឆ្នោត បង្កើតរាជាណាចក្រកម្ពុជាទីពីរ នៅឆ្នាំ១៩៩៣មក ប្រទេសចិនបានចាប់យកទំនាក់ទំនងជាមួយពហុភាគីនយោបាយនៅកម្ពុជា មិនថា ជាមួយក្រុមរាជានិយម និងព្រះរាជវាំងជាមិត្តចាស់ប៉ុណ្ណោះទេ តែក៏បង្កើតចំណងទាក់ទងល្អជាមួយនឹងគណបក្សប្រជាជន ដែលជាអតីតគូសត្រូវក្នុងសម័យសង្គ្រាមត្រជាក់ផងដែរ។
ទំនាក់ទំនងខ្មែរចិន បានឈានដល់របត់ថ្មីនៅឆ្នាំ២០១០ ពេលដែលប្រទេសទាំងពីរតំឡើងកម្រិតសហប្រតិបត្តិការក្នុងក្របខណ្ឌថ្មីដែលមាននាមថា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាមួយនឹងលំហូរនៃជំនួយហិរញ្ញប្បទាន និងការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់មកដល់កម្ពុជា។
ការឈានឡើងនៃឥទ្ធិពលរបស់ប្រទេសចិន ទាំងនៅកម្ពុជា ទាំងនៅក្នុងតំបន់ បាននាំឱ្យមានការរិះគន់ថា ការប្រើប្រាស់ជំនួយរបស់ចិននៅកម្ពុជា បាននាំឱ្យប៉ះពាល់ដល់ឯកភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលកម្ពុជា បានលេចមុខលេចមាត់ក្នុងការប្រឈមនឹងការជំទាស់មិនចេញសេចក្ដីថ្លែងការណ៍ណាមួយគាំទ្រសេចក្ដីសម្រេចរបស់តុលាការមជ្ឈតការអន្តរជាតិ (តុលាការអាជ្ញាកណ្តាលអន្តរជាតិ)ប្រឆាំងនឹងការអះអាងរបស់ចិននៅដែនសមុទ្រចិនខាងត្បូង។
យ៉ាងណាក្ដី រាជរដ្ឋាភិបាលដឹកនាំគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់ បានបដិសេធការអះអាងខាងលើ។
លោក សុខ ឥសាន សមាជិកសភាមណ្ឌលព្រៃវែង និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច បានហៅទំនាក់ទំនងកម្ពុជាចិន នាពេលបច្ចុប្បន្ន គិតត្រឹមដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ក្នុងសប្ដាហ៍នេះថាបានឈានទៅដល់ «កម្រិតកំពូលមិនធ្លាប់មានពីមុនមក» ក្នុងប្រវត្តិសាស្ត្រប្រទេសទាំងពីរ។
ទាំងលោក សុខ ឥសាន និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានលើកឡើងស្របគ្នាអំពីការទទួលខុសត្រូវរបស់ចិន នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលថា បណ្ដាលមកពីភាពមិនច្បាស់លាស់នៃការវិវត្តនយោបាយចិន នៅអំឡុងពេលបដិវត្ដន៍វប្បធម៌ និងការស្លាប់របស់មេដឹកនាំបក្សកុម្មុយនិស្តចិន លោក ម៉ៅ សេទុង និងលោក ជូ អេនឡាយ។
លោក សុខ ឥសាន បានលើកឡើងថា ទាំងប្រទេសចិន និងសម្ដេច ព្រះ នរោត្តម សីហនុ សុទ្ធតែបានធ្លាក់ស្ថិតក្នុងការប្រើល្បិចបញ្ឆោតរបស់ខ្មែរក្រហម ដើម្បីយកតួអង្គទាំងពីរជាឈ្នាន់ក្នុងការឈានទៅរកការកាន់អំណាចដែលរងការចោទថា បានបណ្ដាលឱ្យពលរដ្ឋខ្មែរយ៉ាងហោចណាស់១.៧លាននាក់បានស្លាប់បាត់បង់ជីវិត។
លោក សុខ ឥសាន បានពោលសរសើអំពីឥរិយាបថប្រទេសចិន ក្នុងទំនាក់ទំនងបច្ចុប្បន្នជាមួយកម្ពុជាថា៖
«យើងមើលចិនគោរពបាន ទោះយើងធំមិនស្មើរប៉ុនខេត្តមួយរបស់ចិនក៏ដោយ ក៏ចិនគោរពយើងស្មើភាព ស្មើសិទ្ធិ ជាមួយគ្នា គោរពអធិបតេយ្យភាព ទៅវិញទៅមក ដោយស្មើភាព មិនដើរខ្សែលើ ដូចជាប្រទេសមួយចំនួន ដែលអាងប្រទេសធំ អាងប្រជាជនច្រើន មកដើរខ្សែលើយើង ហ្នឹងគឺមិនមានទេ។ ចិនមិនបានធ្វើដូច្នេះទេ»។
«ចិនមិនចូលចិត្ត ឬគ្មានវប្បធម៌លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាមិត្តទេ អ៊ីចឹងនេះហើយដែលធ្វើឱ្យយើងគោរពគាត់ ... យើងដឹងហើយថា យើងជាប្រទេសតូច ទោះបីការខិតខំរបស់រាជរដ្ឋាភិបាល យ៉ាងណាក៏ដោយ យើងឃើញថា សភាពការណ៍បច្ចុប្បន្ន យើងមានតុល្យភាព ជាជញ្ជីងមួយដែលយុត្តិធម៌ សម្រាប់កម្ពុជាដែរ ក៏ប៉ុន្តែ ក្នុងលក្ខណៈជាប្រទេសឯករាជ្យ មានអធិបតេយ្យពេញលេញ យើងមិនចូលចិត្តឱ្យប្រទេសណាមកច្រំក្បាលយើង ឬមួយដឹកច្រមុះយើងទាំងស្រុងនោះទេ»។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានលើកឡើងដែរថា ភាពខុសគ្នារវាងឥរិយាបថទៅរកប្រទេសចិន ដោយសម្ដេច ព្រះ នរោត្តម សីហនុ និងរាជរដ្ឋាភិបាលគណបក្សប្រជាជនបច្ចុប្បន្ននៅត្រង់ថា សម្ដេច ព្រះ នរោត្តម សីហនុ ទ្រង់ផ្ដោតទៅលើការជួយគាំពារផ្នែកសន្តិសុខ ឯករាជ្យភាព និងអធិបតេយ្យភាព របស់កម្ពុជា រីឯរាជរដ្ឋាភិបាលបច្ចុប្បន្ន ផ្ដោតជាអាទិភាព លើជំនួយផ្នែកសេដ្ឋកិច្ច និងហិរញ្ញប្បទាន ច្រើនជាងបញ្ហាផ្សេង។
ការគាំទ្ររបស់ប្រទេសចិនដល់ព្រះរាជវាំងខ្មែរមានជាបន្តបន្ទាប់។ ចិនប៉េកាំងបានកសាងព្រះរាជដំណាក់មួយនៅរដ្ឋធានីរបស់ខ្លួនសម្រាប់ព្រះមហាក្សត្រខ្មែរ និងព្រះញាតិវង្ស បូករួមនឹងការសម្រាកព្យាបាលព្រះរោគរបស់ព្រះមហាក្សត្រខ្មែរ និងសម្ដេចព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ។ សម្ដេចព្រះបរមរតនកោដ្ឋិផ្ទាល់ព្រះអង្គ បានចំណាយប៉ុន្មានឆ្នាំចុងក្រោយនៃព្រះជន្មវស្សារបស់ព្រះអង្គសម្រាកនៅទីក្រុងប៉េកាំង ដែលជាទីព្រះអង្គសោយទីវង្គតនៅឆ្នាំ២០១២នោះឯង៕