ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​នឹង​ចុះ​ហត្ថលេខា​លើ​ឯកសារ​យ៉ាង​តិច​២៨​ជាមួយ​ចិន​អំឡុង​ទស្សនកិច្ច​លោក​ស៊ី ជិនពីង


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងកិច្ចប្រជុំជាមួយលោកប្រធានាធិតបីចិន Xi Jinping នៅសណ្ឋាគារ Xijiao នៅទីក្រុងសៀងហៃកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងកិច្ចប្រជុំជាមួយលោកប្រធានាធិតបីចិន Xi Jinping នៅសណ្ឋាគារ Xijiao នៅទីក្រុងសៀងហៃកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។

ប្រទេស​ចិន​ជា​ប្រទេស​ដែល​បាន​ផ្ដល់​ជំនួយ​ និង​កម្ចី​មិន​មាន​លក្ខខណ្ឌ​តឹងតែង​ក្នុង​ទឹក​ប្រាក់​ប្រមាណ​១៥​ពាន់​លាន​ដុល្លារ​អាមេរិក​មក​ឱ្យ​ប្រទេស​កម្ពុជា​ ក្នុង​រយៈពេល​២​ទសវត្ស​ចុង​ក្រោយ។ ​ក្នុង​ឆ្នាំ​២០១៦​នេះ ប្រទេស​ចិន​បាន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​យ៉ាង​ហោច​ណាស់​៦០០​លាន​ដុល្លារ ដែល​ធ្វើ​ឱ្យ​ចិន​ក្លាយ​ជា​ប្រទេស​ដែល​ផ្ដល់​ជំនួយ​ច្រើន​បំផុត​ដល់​កម្ពុជា។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ឱ្យ​ដឹង​ថា​ កម្ពុជា​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​និង​ពិធីសារ​យ៉ាង​តិច​២៨​ជាមួយ​ចិន​ ដែល​ជា​ប្រទេស​មហា​អំណាច​ទី២​ពិភពលោក នៅ​ពេល​ប្រធានាធិបតី​ប្រទេស​នេះ​គឺ​លោក ស៊ី ជិនពីង (Xi Jinping) មក​ទស្សនកិច្ច​នៅ​កម្ពុជា​ចំនួន​២​ថ្ងៃ​ក្នុង​សប្ដាហ៍​ក្រោយ។

ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៃ​សាកល​វិទ្យាល័យ​មួយនៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ ហ៊ុន សែន បាន​ថ្លែង​ថា នៅ​ថ្ងៃ​ទី​១៣ និង​ទី​១៤ ខែ​តុលា​នេះ លោក ស៊ី ជិនពីង នឹង​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ ដោយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​មាន​ការ​ចុះហត្ថលេខា​លើ​ឯកសារ​ដ៏​ច្រើន​បំផុត​មួយ​រវាង​ប្រទេស​ទាំង​ពីរ។

លោក​ ហ៊ុន សែន មាន​ប្រសាសន៍​ថា៖

«តាម​ការ​គ្រោង​ទុក បើ​គ្មាន​ការ​ប្រែប្រួល​ទេ កិច្ច​ព្រមព្រៀង​និង​ពិធីសារ​មិន​តិច​ជាង​២៨​នឹង​ត្រូវ​ចុះ​ហត្ថលេខា។ នេះ​គឺ​ជា​កិច្ច​ព្រមព្រៀង​ដែល​ច្រើន​បំផុត​ បន្ទាប់​ពី​ទស្សនកិច្ច​របស់​ខ្ញុំ​ព្រះករុណា​ខ្ញុំ​ទៅ​ប្រទេស​ចិន​នៅ​ឆ្នាំ​២០០៤ ដែល​ពេល​នោះ​ក៏​មាន​ចុះ​ហត្ថលេខា​ច្រើន»។

ប្រទេស​ចិន​ជា​ប្រទេស​ដែល​បាន​ផ្ដល់​ជំនួយ​ និង​កម្ចី​មិន​មាន​លក្ខខណ្ឌ​តឹងតែង​ក្នុង​ទឹក​ប្រាក់​ប្រមាណ​១៥​ពាន់​លាន​ដុល្លារ​អាមេរិក​មក​ឱ្យ​ប្រទេស​កម្ពុជា​ ក្នុង​រយៈពេល​២​ទសវត្ស​ចុង​ក្រោយ។ ​ក្នុង​ឆ្នាំ​២០១៦​នេះ ប្រទេស​ចិន​បាន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​យ៉ាង​ហោច​ណាស់​៦០០​លាន​ដុល្លារ ដែល​ធ្វើ​ឱ្យ​ចិន​ក្លាយ​ជា​ប្រទេស​ដែល​ផ្ដល់​ជំនួយ​ច្រើន​បំផុត​ដល់​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី​មិន​បាន​បញ្ជាក់​លម្អិត​ថា ​កិច្ច​ព្រមព្រៀង​និង​ពិធីសារ​ដែល​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ជាមួយ​ចិន​នោះ​ពាក់ព័ន្ធ​វិស័យ​អ្វី​ខ្លះ​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ លោក​បាន​ឱ្យ​ដឹង​ថា បញ្ហា​សំខាន់​សម្រាប់​កម្ពុជា​គឺ​ស្វែង​រក​ទី​ផ្សារ​នៅ​ប្រទេស​ចិន​សម្រាប់​កសិផល​របស់​កម្ពុជា​ដូច​ជា​អង្ករ និង​ដំឡូង​មី ព្រម​ទាំង​កសិផល​ផ្សេង​ទៀត​ដែល​រួម​ទាំង​ចេក​ផង​ដែរ។

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ រាជធានីភ្នំពេញ។​
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ រាជធានីភ្នំពេញ។​

លោក ហ៊ុន សែន បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​នឹង​កើន​ដល់​៥​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៧ ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ឆ្នាំ​២០១៥​សម្រេច​បាន​លើស​ពី​៤​ពាន់​លាន​ដុល្លារ។ លោក​បន្ត​ថា ការ​វិនិយោគ​និង​ការ​ផ្ដល់​ជំនួយ​ក៏​ជា​បញ្ហា​សំខាន់​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន​ផង​ដែរ ហើយ​កម្ពុជា​រំពឹង​ថា ​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​បន្ថែម​ទៀត។

លោក ជុំ សន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​អះអាង​ប្រាប់ ​VOA ​ថា ​លោក​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី ជិនពីង និង​ឯកសារ​ដែល​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នោះ​ទេ ដោយ​លោក​កំពុង​ប្រមូល​ព័ត៌មាន​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ។

ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី ធ្វើ​ឡើង​ស្រប​ពេល​កម្ពុជា​កំពុង​រង​ការ​រិះគន់​ពី​បណ្ដា​បស្ចិមប្រទេស​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​គេ​ចាត់​ទុក​ថា ​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​គណបក្ស​ប្រឆាំង ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ និង​អ្នក​រិះគន់​រដ្ឋាភិបាល។

កម្ពុជា​ត្រូវ​បាន​រិះគន់​ថា គាំទ្រ​ប្រទេស​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ដោយ​មាន​ការ​លើក​ឡើង​ថា កម្ពុជា​រារាំង​មិន​ឱ្យ​មាន​ជំហរ​តែ​មួយ​លើ​ការ​សម្រេច​របស់​តុលាការ​អន្តរជាតិ​លើ​បញ្ហា​ជម្លោះ​នេះ​ដែល​ប្រទេស​ហ្វីលីពីន​បាន​ប្តឹង​ប្រទេស​ចិន។ យ៉ាង​នេះ​ក្ដី​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អះអាង​ថា​ កម្ពុជា​មិន​ចូលរួម​ចេញ​សេចក្តី​ថ្លែងការណ៍​ណា​មួយ​គាំទ្រ​សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​ ដោយសារ​វា​ជា​ជម្លោះ​ទ្វេភាគី គឺ​មិន​មែន​រវាង​ចិន​ជាមួយ​នឹង​អាស៊ាន​នោះ​ទេ។

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​យល់​ថា កម្ពុជា​នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​ការ​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ចិន ដោយ​កម្ពុជា​ទំនង​នឹង​ទទួល​បាន​ជំនួយ​បន្ថែម​ពី​ចិន​ ហើយ​កម្ពុជា​ក៏​នឹង​មាន​ប្រទេស​ចិន​ជា​បង្អែក​ផង​ដែរ​ នៅ​ពេល​មាន​បញ្ហា​នៅ​ក្នុង​តំបន់។

ទោះ​យ៉ាង​ណា លោក​ថា ​ប្រយោជន៍​នោះ​ជា​ប្រយោជន៍​រយៈ​ពេល​ខ្លី ហើយ​ការ​បង្កើន​ភាព​ជិតស្និទ្ធ​កាន់​តែ​ខ្លាំង​ជាមួយ​ប្រទេស​កុម្មុយនិស្ត​ដែល​មិន​សូវ​មាន​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ខ្លួនឯង​នោះ នឹង​នាំ​ឱ្យ​កម្ពុជា​ឃ្លាត​ចាក​កាន់​តែ​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​ ហើយ​ក្លាយ​ទៅ​ជា​ប្រទេស​ឯកោ។

អ្នក​វិភាគ​រូប​នេះ​ថ្លែង​ប្រាប់​ VOA ថា៖

«ដោយ​សារ​ចិន​ទី​១​មិន​សូវ​គោរព​សិទ្ធ​មនុស្ស​ខ្លួនឯង ទី​២​ចិន​ជា​ប្រទេស​កុម្មុយនិស្ត​ ហើយ​ដោយសារ​អ៊ីចឹង ចិន​គាំទ្រ​ឱ្យ​ប្រទេស​ដទៃ​ហ្នឹង​ដើរ​តាម​គន្លង​ប្រព័ន្ធ​នយោបាយ​របស់​ខ្លួន​ ប្រព័ន្ធ​កុម្មុយនិស្ត​ហ្នឹង។ ហើយ​ចឹង​បាន​ន័យ​ថា​ ប្រទេស​ចិន​មិន​ចង់​ឱ្យប្រជាធិបតេយ្យ​ជោគជ័យ​ទេ ព្រោះ​ថា​បើ​ប្រជាធិបតេយ្យ​ជោគជ័យ​បាន​ន័យ​ថា ​ប្រជាពលរដ្ឋ​ចិន​ក៏​អាច​ទាមទារ​របប​របស់​ប្រទេស​ចិន​ផង​ដែរ របប​ប្រជាធិបតេយ្យ​ឬ​មួយ​ក៏​របប​ផ្សេង​ពី​កុម្មុយនិស្ត​ទៅ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ចិន​ ហើយ​បើ​មាន​ការ​ទាមទារ​ចឹង​អាច​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ចិន​ដែរ»។

លោក អ៊ូ វីរៈ ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ការ​ពឹង​ផ្អែក​ខ្លាំងលើ​ប្រទេស​ចិន​នឹង​នាំ​ឱ្យ​សេដ្ឋកិច្ច​មិន​មាន​ភាព​ឯករាជ្យ​ពី​ចិន ដែល​អាច​នាំ​ឱ្យ​នយោបាយ​របស់​កម្ពុជា​ក៏​មិន​អាច​ឯករាជ្យ​ផង​ដែរ។

បើ​តាម​លោក អ៊ូ វីរៈ កម្ពុជា​គួរ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន ក៏​ប៉ុន្តែ​ត្រូវ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​ដែល​មិន​បង្ខំ​ឱ្យ​កម្ពុជា​ត្រូវ​ដើរ​តាម​គោលជំហរ​របស់​ចិន ដូច​ជា​ករណី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ដើម​ បើ​មិន​ដូច្នោះ​ទេ​ កម្ពុជា​នឹង​ក្លាយ​ទៅ​ «កូន​អុក» របស់​ចិន​ដោយ​មិន​ដឹង​ខ្លួន។

យ៉ាង​ណា​ក៏​ដោយ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្ដីការ​គណៈ​រដ្ឋមន្ត្រី​ច្រាន​ចោល​ការ​លើក​ឡើង​នេះ ដោយ​លោក​ថា កម្ពុជា​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន​គឺ​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ មិន​មាន​ការ​ពាក់ព័ន្ធ​នឹង​នយោបាយ​នោះ​ទេ។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា៖

«កុំ​ភ្លេច​ថា ​ពិភព​លោក​ឥឡូវ​នេះ​មាន​ប៉ូល​នយោបាយ​ច្រើន​ណាស់។ ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ប្រឹងប្រែង​របស់​កម្ពុជា យើង​មិន​ស្ថិត​នៅ​ក្នុង​ឥទ្ធិពល​នៃ​ប៉ូល​ដែល​ហៅ​ថា​ភូមិសាស្ត្រ​នយោបាយ​នោះ​ទេ​ វា​ជា​ភូមិសាស្ត្រ​សេដ្ឋកិច្ច។ រាល់​ជំនួយ​ រាល់​ការ​ពឹង​ពាក់​ជាមួយ​ចិន​ហ្នឹង​គឺ​ធ្វើ​ដើម្បី​ជា​ឥទ្ធិពល​ការងារ​សេដ្ឋកិច្ចរបស់​កម្ពុជា​ឱ្យ​មាន​ការ​វិវឌ្ឍ​តែ​ប៉ុណ្ណោះ។ ដូច្នេះ ការ​វិវឌ្ឍ​សេដ្ឋកិច្ច​មិន​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​ចឹង​ដែរ»។

កាល​ពី​ខែ​កញ្ញា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន​ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ និង​កម្មវិធី​ផ្សេង​ទៀត​ពាក់ព័ន្ធ​ការ​វិនិយោគ និង​ពាណិជ្ជកម្ម។ ក្នុង​ដំណើរ​នោះ ប្រទេស​ចិន​បាន​សន្យា​ផ្ដល់​ជំនួយ​ដល់​កម្ពុជា និង​ព្រម​បង្កើន​កូតា​នាំ​ចេញ​អង្ករ​ពី​កម្ពុជា​ពី​១០ម៉ឺនតោន ទៅ​២០​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៧៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG