មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនិយាយថា បាតុកម្មជាជម្រើសចុងក្រោយដើម្បីបំបែកជម្លោះនយោបាយ តែថា រហូតមកដល់ពេលនេះ ការធ្វើបាតុកម្មមិនមែនជាអាទិភាពនោះទេ ព្រោះគណបក្សប្រឆាំងយល់ថា នៅមានច្រកជាច្រើនទៀតសម្រាប់រកដំណោះស្រាយដោយសន្តិវិធី។ ការលើកឡើងរបស់គណបក្សប្រឆាំងពាក់ព័ន្ធទៅនឹងជំហរធ្វើបាតុកម្មជាថ្មីនេះ កើតមានឡើង ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ច្រានចោលការសុំលើកលែងទោសពីព្រះមហាក្សត្រ ដោយមេដឹកនាំគណបក្សប្រឆាំង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធមិនផ្តល់ការលើកលែងទោស ទៅដល់មេដឹកនាំគណបក្សប្រឆាំង និងក្រុមមន្ត្រី ព្រមទាំងសកម្មជននៃគណបក្សដែលមានកៅអីលំដាប់ទីពីរនៅសភាជាតិនេះ ក្រោមហេតុផលថា អំណាចប្រតិបត្តិរបស់លោក មិនអាចជ្រៀតជ្រែកកិច្ចការតុលាការបានទេ។
ការបដិសេធមិនផ្តល់ការលើកលែងទោសរបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កើតមានឡើង បន្ទាប់ពីព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ផ្ញើព្រះរាជសារ ចុះថ្ងៃទី១១ ខែតុលា ទៅកាន់លោក ហ៊ុន សែន បញ្ជាក់ពីការស្នើរបស់លោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងឲ្យទ្រង់លើកលែងទោស និងទម្លាក់ចោលការចោទប្រកាន់ពីតុលាការ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាងបីទសវត្ស បានឆ្លើយតបទៅព្រះមហាក្សត្រ ក្នុងលិខិតរបស់លោកចុះថ្ងៃទី១២ ខែតុលា ដោយយោងតាមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញថា អំណាចតុលាការជាអំណាចឯករាជ្យ ហើយគ្មានអង្គការណាមួយនៃអំណាចនីតិប្បញ្ញត្តិ ឬនីតិប្រតិបត្តិ អាចទទួលអំណាចតុលាការបានឡើយ។ លោកបន្តថា អ្នកប្រព្រឹត្តខុសច្បាប់ត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់ដែលនេះគឺជារឿងធម្មតាក្នុងសង្គមនីតិរដ្ឋ។
លោក ហ៊ុន សែន បានបញ្ជាក់ថា ការមិនផ្តល់ការលើកលែងទោស គឺជាការពង្រឹងនីតិរដ្ឋ ដែលនឹងជួយឲ្យប្រទេសជាតិមានរបៀបរៀបរយ ស្ថិរភាព និងសន្តិសុខ ជាពិសេសជួយឲ្យលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សរបស់កម្ពុជា មានកិច្ចដំណើរការទៅមុខប្រកបដោយចិរភាព។
យ៉ាងហោចណាស់មានតំណាងរាស្ត្រ សកម្មជន និងមន្ត្រីគណបក្សប្រឆាំងមិនតិចជាង២០នាក់ ដែលទទួលការចោទប្រកាន់ និងការកាត់ទោសពីតុលាការ រួមមានលោក កឹម សុខា និងលោក សម រង្ស៊ី ដែលត្រូវបានតុលាការកាត់ទោសក្នុងសំណុំរឿងពេស្យាចារ និងបរិហារកេរ្តិ៍។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងថា ការបដិសេធលើកលែងទោស ធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងរាំងខ្ទប់ដល់ដំណើរការរកដំណោះស្រាយសម្រាប់បញ្ចប់ជម្លោះនយោបាយរវាងគណបក្សទាំងពីរ។ លោកថា មធ្យោបាយចុងក្រោយរបស់គណបក្សជំទាស់ គឺការកោះហៅអ្នកគាំទ្រឲ្យធ្វើបាតុកម្ម តែមធ្យោបាយនេះ មិនទាន់ត្រូវបានក្រុមអ្នកនយោបាយគណបក្សជំទាស់ ផ្តល់ជាអាទិភាពនោះទេ។
លោកមានសុទិដ្ឋិនិយមថា ក្រុមមន្ត្រីនៃគណបក្សជំទាស់ នឹងរិះរកមធ្យោបាយ ដើម្បីទម្លុះទម្លាយវិបត្តិនយោបាយ ដែលបានអូសបន្លាយមកជាច្រើនខែមកនេះ។
«យើងខិតខំជៀសវាងការធ្វើបាតុកម្ម បាតុកម្មជាជម្រើសចុងក្រោយបំផុតដែលយើងនឹងៗ ជ្រើសរើសយក ក៏ប៉ុន្តែមកទល់ពេលនេះ យើងនៅសង្ឃឹមថា នឹងមានដំណោះស្រាយ ដោយសន្តិវិធីនៅឡើយទេបាទ»។
លោក យឹម សុវណ្ណ បន្តថា ក្រុមមេដឹកនាំនៃគណបក្សប្រឆាំងនឹងជួបផលវិបាកក្នុងការឃោសនារកសំឡេងឆ្នោត ប្រសិនបើវិបត្តិនយោបាយបច្ចុប្បន្នមិនត្រូវបានដោះស្រាយ ដែលការណ៍នេះនឹងធ្វើឲ្យប៉ះពាល់ភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅក្នុងការបោះឆ្នោត នាពេលខាងមុខ។
ការស្នើសុំឲ្យមានការលើកលែងទោសពីអង្គព្រះមហាក្សត្រ ត្រូវគេដឹងថា មិនមែនជារឿងថ្មីនោះទេ នៅក្នុងនយោបាយខ្មែរ ដែលជារឿយៗ ជួបការប្រឈមមុខដាក់គ្នានៅគ្រាកៀកដល់ការបោះឆ្នោត។ ការលើកលែងទោសដល់អ្នកនយោបាយនេះ ក៏ធ្លាប់ត្រូវបានធ្វើឡើង នៅមុនការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីឆ្នាំ ២០១៣។
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រទានការលើកលែងទោសដល់លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ ដើម្បីបើកផ្លូវឲ្យលោកបានចូលរួមបោះឆ្នោត នាខែកក្កដា ឆ្នាំ២០១៣។
នៅមុនការប្រោសប្រទានការលើកលែងទោស លោក សម រង្ស៊ី ដែលបាននិរទេសខ្លួនទៅរស់នៅប្រទេសបារាំងអស់រយៈពេលបួនឆ្នាំ ត្រូវបានតុលាការខ្មែរ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលជាង១០ឆ្នាំ ពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ផ្សព្វផ្សាយព័ត៌មានមិនពិត និងក្លែងឯកសារសាធារណៈ។
ការលើកលែងទោស លោក សម រង្ស៊ី កើតមានឡើងក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរលិខិតមួយទូលថ្វាយព្រះមហាក្សត្រ ស្នើសុំការលើកលែងទោស មេគណបក្សប្រឆាំងរូបនេះ ដោយយោងលើស្មារតីបង្រួបបង្រួមជាតិ និងធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅតាមលក្ខណៈប្រជាធិបតេយ្យដែលមានគ្រប់ភាគីពាក់ព័ន្ធចូលរួម។
ក៏ប៉ុន្តែលោក ហ៊ុន សែន កាលពីខែសីហា ឆ្នាំ២០១៦ គឺនៅក្នុងពេលលោកដឹកនាំវេទិកាស្តីពីធនធានធម្មជាតិ បានថ្លែង ថា លោកនឹងមិនផ្តល់ការចុះហត្ថលេខាណាមួយសម្រាប់ការដោះលែងអ្នកមានពិរុទ្ធភាពនោះទេ។
ការថ្លែងអំពីការមិនផ្តល់ការលើកលែងទោសរបស់លោកនៅគ្រានោះ ធ្វើឡើងបន្ទាប់ពីលោកបានអធិប្បាយអំពីការចោទប្រកាន់ពីក្រុមដែលមិនគាំទ្រការដឹកនាំរបស់លោកថា កូនប្រុសច្បងរបស់ លោក គឺឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាកូនរបស់មេដឹកនាំវៀតណាម។
លោកនាយករដ្ឋមន្ត្រីថ្លែងនៅពេលនោះថា៖
«អតីតអ្នកប្រយុទ្ធ អតីតអ្នកស្វែងរកសន្តិភាព អតីតអ្នកបង្រួបបង្រួមជាតិ មួយនេះ មិនអាចលើកដៃចុះហត្ថលេខា សម្រួលឲ្យនរណាទាំងអស់ សុំឲ្យអាសារទៅអ្នកការទូតទាំងឡាយ កុំនិយាយជាមួយហ៊ុន សែន លើរឿងនេះ និយាយមិនបាន អ្នកណាត្រូវតុលាការផ្តន្ទាទោស អ្នកនោះត្រូវចូលគុក»។
ប៉ុន្មានខែក្រោយការថ្លែងបែបនេះលោក ហ៊ុន សែន ប្រកាសអំពីលទ្ធភាពនៃការចរចាផ្នែកនយោបាយថា អាចកើតមានបានតែក្នុងសភាប៉ុណ្ណោះ។ តែទោះជាយ៉ាងណា ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងបានបដិសេធមិនចូលប្រជុំសភាដដែល ដោយលើកហេតុផលពីការគំរាមកំហែងដល់សុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួន។ ជាលទ្ធផល ការប្រឈមមុខដាក់គ្នាបានកើតឡើងជាថ្មីម្តងទៀត។
ក្រុមអ្នកវិភាគនយោបាយនិយាយថា អ្នកនយោបាយខ្មែរ រមែងតែមិនអាចដោះស្រាយបញ្ហាក្នុងរង្វង់អ្នកនយោបាយគ្នាឯងបាននោះទេ វាលែងតែមានការដាក់សំពាធពីសហគមន៍អន្តរជាតិ។ ពួកគេថា ការណ៍បន្តទុកឲ្យមានវប្បធម៌ពឹងផ្អែកលើសំពាធបរទេសនេះ នឹងធ្វើឲ្យប្រជារាស្ត្រខ្មែរជួបជម្លោះនយោបាយជាដរាប ដែលនឹងបង្អាក់ដល់ដំណើរការអភិវឌ្ឍប្រទេស។
ការវិលត្រឡប់ចូលប្រទេសកម្ពុជារបស់ សម រង្ស៊ី កាលពីឆ្នាំ ២០១៣ បានកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់សម្ពាធមករដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់ដើម្បីអនុញ្ញាតឱ្យមេដឹកនាំគណបក្សប្រឆាំងរូបនេះបានចូលរួមបោះឆ្នោត។
ក្រុមអ្នកវិភាគនិយាយថា ប្រសិនបើអ្នកនយោបាយខ្មែរគិតគូរ ដល់ផលប្រយោជន៍ប្រទេសជាតិ ពួកគេគួររកផ្លូវបញ្ចប់ជម្លោះ ដោយឈប់ពឹងផ្អែកសំពាធពីក្រៅប្រទេស ដែលពួកគេយល់ថា មិនមែនជាដំណោះស្រាយសម្រាប់រយៈពេលវែងនោះទេ។
សំណើសុំលើកលែងទោសរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ធ្វើឡើងនៅស្របពេលដែលលោកស្រី រ៉ូណា ស្មីត (Rhona Smith) ប្រេសិតអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានកំពុងធ្វើបេសកកម្មស្វែងយល់ពីស្ថានភាពសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជា និងនៅមុនការមកដល់របស់ប្រធានាធិបតីចិន Xi Jinping នៅរាជធានីភ្នំពេញនាថ្ងៃព្រហស្បតិ៍នេះ។ អ្នកនាំពាក្យគណបក្សប្រឆាំង និយាយថា សំណើរបស់គណបក្សប្រឆាំង មិនមានទំនាក់ទំនងអ្វីជាមួយនឹងដំណើរទស្សនកិច្ចនេះទេ៕