សាលាក្តីកាត់ទោសខ្មែរក្រហមចូលរួមដោយអង្គការសហប្រជាជាតិ (អ.ស.ប.) នឹងប្រកាសសាលដីកាស្ថាពរលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០១ ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហមពីររូបគឺ នួន ជា និង ខៀវ សំផន នៅពាក់កណ្តាលសប្តាហ៍ទី៣ នៃខែវិច្ឆិកានេះ ក្រោយពេលជនទាំងពីរដែលមានវ័យជាង៨០ឆ្នាំនេះ មិនបានសុខចិត្តទទួលយកការកាត់ទោសមួយជីវិតពីបទពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មនានា ដែលកើតឡើងក្នុងទសវត្សរ៍១៩៧០ នោះ។
កាលពីដើមខែសីហាឆ្នាំ២០១៤ សាលាក្តីកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអ.ស.ប. បានកាត់ទោសមេដឹកនាំខ្មែរក្រហមទាំងពីរដែលនៅរស់រានមានជីវិតនេះ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ មេដឹកនាំទាំងពីរគឺ នួន ជា បងធំទី២ ជាមេមនោគមន៍វិជ្ជានៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ហើយនឹង ខៀវ សំផន ប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។ សាលក្រមនេះគឺផ្តោតទៅលើផ្នែកខ្លះនៃបទឧក្រិដ្ឋកម្មជាច្រើន គឺការជម្លៀសពលរដ្ឋដោយបង្ខំចេញពីទីក្រុងនិងការសម្លាប់ពលរដ្ឋ អ្នកសាធារណរដ្ឋខ្មែរ នៅទួលពោធិ៍ជ្រៃ ខេត្តពោធិ៍សាត់។
ក្រុមអ្នកការពារក្តី ជនរងគ្រោះបានបង្ហាញអំពីការចង់បានសាលដីកាស្ថាពរដ៏ធ្ងន់ធ្ងរពីតុលាការកំពូលនៃសាលាក្តីខ្មែរក្រហមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ទៅតាមអំណះអំណាងរៀងៗខ្លួនដែលទាក់ទងនឹងបទចោទប្រកាន់ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហមទាំងពីរ។
លោក ហុង គឹមសួន មេធាវីការពារជនរងគ្រោះជាដើមបណ្តឹងរដ្ឋប្បវេណីបានថ្លែងថា៖ «ជាបំណងរបស់ជនរងគ្រោះដើមបណ្តឹងរដ្ឋប្បវេណីនៃរបបខ្មែរក្រហមនៃសាលាក្តី កាត់ទោសមេដឹកនាំខ្មែរក្រហមគឺគាត់ចង់ឃើញថា ការផ្តន្ទាទោសហ្នឹងឲ្យបានធ្ងន់ឲ្យសមជាមួយនឹងទង្វើរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ឬក៏ថ្នាក់ដឹកនាំប្រទេសនៃសម័យខ្មែរក្រហមនិងបក្សពួករបស់គាត់ទាំងអស់ហ្នឹងទទួលទោសហ្នឹងឲ្យធ្ងន់ធ្ងរបំផុត ឲ្យសមជាមួយនឹងភាពឈឺចាប់វិនាសអន្តរាយជីវិតរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់នេះ»។
លោកបានបន្ថែមថា ជនរងគ្រោះជាច្រើនពាន់នាក់ដែលដាក់ពាក្យប្តឹងជាដើមបណ្តឹងរដ្ឋប្បវេណី ហើយនឹងជនរងគ្រោះដទៃទៀតចង់ឮពាក្យពិតចុងក្រោយរបស់មេដឹកនាំទាំងពីរ គឺមិនមែនការទទួលស្គាល់ត្រឹមតែជាការសោកស្តាយលើផ្នែកសីលធម៌និងមិនទទួលស្គាល់ពីការកាប់សម្លាប់នោះទេ។ លោកថា នេះជារឿងមិនអាចទទួលយកបានឡើយ។
«ជាពិសេសគាត់ចង់ឮសម្តីរបស់ជនជាប់ចោទ ខៀវ សំផន និង នួន ជា ហ្នឹង។ គាត់ និយាយបណ្តាំចុងក្រោយមក ទោះបីថាវ័យគាត់ចំណាស់ហ្នឹងទៅហើយ ប្រវត្តិរឿងរ៉ាវ ទាក់ទងនឹងការបដិសេធហ្នឹងគាត់ យ៉ាងម៉េចចង់ឲ្យគាត់និយាយ ហេតុផលអីដែលគាត់និយាយបដិសេធថាគាត់មិនបានប្រព្រឹត្តនូវអំពើសម្លាប់ប្រជាពលរដ្ឋដែលធ្វើឲ្យប្រទេសជាតិកម្ពុជាធ្លាក់ចូលក្នុងនរកអវិចីយ៉ាងហ្នឹងនោះណា»។
លោកថា បើមានការសម្រាលទោសវិញ នោះជាការខកចិត្ត និងសោកស្តាយព្រោះការស្លាប់ ព្រាត់ប្រាសនិងខូចខាតនោះគឺធំធេងណាស់។
លោក ឡាត់ គី មន្ត្រីសម្របសម្រួលសាលាក្តីខ្មែរក្រហមនៃអង្គការសិទ្ធិមនុស្សអាដហុក ដែលធ្វើការជាមួយជនរងគ្រោះជាច្រើនជាពិសេសដើមបណ្តឹងរដ្ឋប្បវេណីបានថ្លែងថា៖ «សម្រាប់ជនរងគ្រោះ គឺចង់ឲ្យតែមានការផ្តន្ទាទោស ធ្វើយ៉ាងម៉េចឲ្យអ្នកទាំងពីរទទួលខុសត្រូវក្នុងនាមជាមេដឹកនាំជាន់ខ្ពស់នៅក្នុងរបបហ្នឹង។ មានន័យថា ត្រូវទូទាត់ជាមួយនឹងព្យសនកម្មដែលគាត់រងគ្រោះ។ នេះគឺជាការទាមទារខាងជនរងគ្រោះ ដែលយើងខ្ញុំបានធ្វើការជាមួយ»។
ក្នុងចំណោមដើមបណ្តឹងរដ្ឋប្បវេណីជាង៣.០០០នាក់ តាំងពីដំបូង ហើយនឹងជនរងគ្រោះផ្សេងទៀតមិនពេញចិត្ត ខកចិត្តនឹងចម្លើយដោះសារបស់មេដឹកនាំខ្មែរក្រហមដែលមិនព្រមនិយាយការពិត អំពីការទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំ អំពីផែនការកាប់សម្លាប់មនុស្សតាមវិធីផ្សេងៗនៅសម័យ៣ឆ្នាំ៨ខែហើយនឹង២០ថ្ងៃក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ។
លោក ឡាត់ គី បានបន្ថែមថា គាត់ជាមេដឹកនាំជាន់ខ្ពស់ក្នុងរបបមួយគ្មានវិធានការ ទប់ស្គាត់ ដឹងឮហើយ មិនបានទប់ស្កាត់គឺជាចំណែកមួយនៃការទទួលខុសត្រូវ។
«អញ្ចឹងហើយបានជាការច្រានចោល ការដោះបន្ទុកនេះជាចំណុចមួយដែលពួកជនរងគ្រោះភាគច្រើនគាត់យល់ថា អត់សមហេតុសមផល នៅក្នុងការដែលអះអាងរបស់ជនជាប់ចោទ»។
ទោះជាយ៉ាងណាក៏ដោយ លោក គង់ សំអុន មេធាវី ការពារក្តី លោក ខៀវ សំផន ដែលជាជនជាប់ចោទម្នាក់ក្នុងចំណោមពីរនាក់ បានថ្លែងថា ការបកស្រាយរបស់តុលាការកំពូលមានភាពស្របគ្នាមួយចំនួនទៅនឹងតុលាការសាលាដំបូង ថ្វីត្បិតតែមានភាពខុសគ្នាខ្លះក្តី។ លោកថា ការចោទនឹងទំនងជាមិនមានការប្រែប្រួលទេទោះជាអង្គហេតុ និងអង្គច្បាប់ខ្លះអាចមានការប្រែប្រួលក៏ដោយ។ ទំនោរគាំទ្រសាលក្រមសាលាដំបូងច្រើនជាង តែលោកថា ការដាក់ទោសទណ្ឌកូនក្តីរបស់លោកក្នុងសំណុំរឿង០០២វគ្គ១នេះធ្ងន់ធ្ងរ គឺជារឿងគ្មានន័យសម្រាប់សំណុំរឿង០០២ វគ្គ ២ ដែលគេដឹងថាមានការចោទប្រកាន់លើឧក្រិដ្ឋកម្មធ្ងន់ធ្ងរជាច្រើនទៀតនោះ។
«បើសិនជាតុលាការរកឃើញថា លោក ខៀវ សំផន មានទោស អញ្ចឹងវាមានន័យថា ការជំនុំជម្រះទៅលើសំណុំរឿង០០២ វគ្គ២ ក្រោយនេះ វាមិនសូវជាមានអត្ថន័យទៀតទេ ពីព្រោះថា លោក ខៀវ សំផន ត្រូវបានសាលាដំបូងរកឃើញថា មានទោសហើយ កាត់ទោស អស់មួយជីវិតរួចទៅហើយ។អញ្ចឹងវាមិនមានអ្វីដូចថាដែលជាផលប្រយោជន៍ សម្រាប់លោក ខៀវ សំផន ចំពោះដំណើរការរឿងក្តី០០២ វគ្គទី២ ទៀតទេ»។
លោក គង់ សំអុន ថា សំណុំរឿងកូនក្តីរបស់លោកប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាការបិទសិទ្ធិ ជនជាប់ចោទ សាក្សីនិងភស្តុតាងមិនមែនភាគចុងចោទជាអ្នករើស តែតុលាការបានកំណត់រួចជាស្រេច។ ហើយសាក្សីសំខាន់ៗជាពិសេសមន្ត្រីរដ្ឋាភិបាលមិនត្រូវបានអនុញ្ញាតឲ្យកោះហៅ ហើយការសួរដេញដោលរឿងភស្តុតាងនិងសាក្សីមិនសូវមានតម្លាភាព។
«ហើយឧទាហរណ៍មួយទៀតគឺទាក់ទងនឹងសាក្សីសំខាន់ៗ ដែលភាគីស្នើសុំបែរជាមិនបានកោះហៅទេ ជាពិសេសបុគ្គលជាឥស្សរជនមួយចំនួននៅក្នុងរដ្ឋាភិបាល»។
លោកបន្តថាសាលាក្តីខ្មែរក្រហមនេះហាក់ដូចជាលើកយកតែផ្នែកមួយតូចបំផុតដែលបានកើតឡើងក្នុងសម័យខ្មែរក្រហមក្នុងទសវត្សរ៍១៩៧០នោះ ដោយសារបរទេសដែលពាក់ព័ន្ធ នឹងបុគ្គលដែលប្រព្រឹត្តបទឧក្រិដ្ឋកម្មជាច្រើនមិនត្រូវគេនាំយកមកកាត់ទោសនិងស៊ើបអង្កេត។
«មែនទែនទៅ បើយើងនិយាយអំពីតុលាការវាត្រូវតែដើម្បីស្វែងរកយុត្តិធម៌។ នេះទិសដៅរបស់តុលាការ ហើយបើសិនជាយើងនិយាយពីក្របខណ្ឌនយោបាយវាអាចទៅស្វែងរកសន្តិភាពដើម្បីផ្សះផ្សាជាតិអញ្ចឹងទៅ។ ប៉ុន្តែបើយើងប្រើប្រាស់តុលាការក្នុងទិសដៅផ្សះផ្សាជាតិផង ដើម្បីរក្សាសន្តិភាពផង។ អញ្ចឹងទៅវាធ្វើឲ្យមានភាពច្របូកច្របល់នៅក្នុងការអនុវត្តន៍ច្បាប់ហ្នឹងហើយ»។
លោក សំអុន បានផ្តល់ការពន្យល់បន្ថែមថា៖ «ឧទារហរណ៍ថា ទាក់ទងទៅនឹងការ ស៊ើបសួរ បើសិនជាមានការស៊ើបសួរហ្នឹងវាធ្ងន់ធ្ងរ វាច្រើនតទៅទៀត វាធ្វើឲ្យមានបញ្ហាអសន្តិសុខអញ្ចឹងទៅ មិនអាចធ្វើការស៊ើបសួរបាន។ អញ្ចឹងវាមានយុត្តិធម៌មកពីណា ពីព្រោះថា បើយើងស្វែងរកយុត្តិធម៌ វាត្រូវតែជម្នះរាល់បញ្ហាទាំងអស់ មិនមែន និយាយថា ខ្វះថវិកា ខ្វះធនធានមិនអាចធ្វើការស៊ើបអង្កេតកើតទេ វាត្រូវធ្វើការស៊ើបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយ។ ហើយបើយើងនិយាយពីការទទួលខុសត្រូវព្រហ្មទណ្ឌរបស់បុគ្គល គឺថាបុគ្គលណាក៏ដោយដែលធ្វើខុស ត្រូវតែទទួលការស៊ើបអង្កេត វិនិច្ឆ័យក្តីអញ្ចឹងទៅ។ ក៏ប៉ុន្តែដោយឡែកយើងឃើញថា ក្នុងករណីរបស់ខ្មែរក្រហមនេះ យើងមានតែមេដឹកនាំធំៗប៉ុន្មាននាក់នៅក្នុងពេលបច្ចុប្បន្ននេះមានតែពីរនាក់ទេដែលនៅសល់»។
បើតាមការអះអាងរបស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានថ្លែងថា ការប្រកាសសាលក្រមគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់សាលាក្តីខ្មែរក្រហមនៅក្នុងការស្វែងរកការពិតនិងយុត្តិធម៌សម្រាប់ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយការប្រកាសសាលដីកាស្ថាពរនេះគឺបញ្ជាក់ថា នឹងបញ្ចប់ទាំងស្រុងលើដំណើរការនិងការជំនុំជម្រះក្តីក្នុងសំណុំរឿង០០២ វគ្គ១ដែល ផ្តោតទៅលើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិពាក់ព័ន្ធជាមួយនឹងអង្គហេតុ ជម្លៀស ប្រជាជនដោយបង្ខំដំណាក់កាលទី១ និង ទី២ ហើយនឹងការសម្លាប់អតីតមន្ត្រីរាជការ សម័យសាធារណរដ្ឋនៅទួលពោធិ៍ជ្រៃ។
«ប៉ុន្តែទោះបីជាយ៉ាងណាយើងសង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងអាចទទួលយកបាននូវការសម្រេចរបស់អង្គជំនុំជម្រះតុលាការកំពូលពីព្រោះដំណើរការនីតិវិធីនៅក្នុងការជំនុំជម្រះក្តីនិងការពិនិត្យទៅលើសំណុំរឿង ក៏ដូចជាពិនិត្យទៅលើ បណ្តឹងសាទុក្ខនេះ គឺបានគោរពទៅតាមនីតិវិធីច្បាប់ ហើយគ្រប់ភាគីទាំងអស់គឺមានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ តតាំងគ្នានៅចំពោះមុខច្បាប់។ អញ្ចឹងយើងរំពឹងថា ជនរងគ្រោះនិងជនជាប់ចោទ លោកនឹងទទួលបានទាំងអស់គ្នានូវការសម្រេចរបស់អង្គជំនុំជម្រះនៃតុលាការកំពូល»។
លោកបានបន្ថែមសេចក្តីថា តុលាការកំពូលនៃសាលាក្តីខ្មែរក្រហមនឹងពិចារណាចំពោះការប្តឹងឧទ្ធរណ៍នេះ ហើយការសម្រេចយ៉ាងណាជាសិទ្ធិរបស់ចៅក្រមដែលមានភាគី ខ្មែរនិងអន្តរជាតិចូលរួម។
លោក ឡុង បញ្ញាវុធ មន្ត្រីកម្មវិធីនៃគម្រោងផ្តួចផ្តើមយុត្តិធម៌នៅកម្ពុជា បានថ្លែងថា ការប្តឹងសាទុក្ខ និង ការកាត់ក្តីរបស់តុលាការកំពូលយូរណាស់មកហើយៗការកាត់ក្តីលើសំណុំរឿងនេះក៏យូរណាស់មកហើយដែរ តែការប្រកាសសាលក្រមនេះគឺជារឿងស្វាគមន៍។
«ប៉ុន្តែព័ត៌មានដែលថា ថ្ងៃទី២៣ ខែ១១ ដែលថា តុលាការកំពូលនឹងប្រកាសសាលក្រមរបស់ខ្លួននោះ ជាព័ត៌មានដែលយើងសូមសាទរ ហើយយើងរង់ចាំទាំងអស់គ្នាថា តើតុលាការកំពូលរបស់សាលាក្តីខ្មែរក្រហមពិនិត្យទៅលើអង្គហេតុនិងអង្គច្បាប់ ទៅនឹងការប្តឹងរបស់ជនជាប់ចោទលោក ខៀវ សំផន ហើយនឹង នួន ជា នោះ មានការប្រែប្រួលយ៉ាងណា»។
សាលាក្តីខ្មែរក្រហមដែលចូលរួមដោយអ.ស.ប.បានចំណាយទឹកប្រាក់អស់២៦០លានដុល្លារ ចាប់តាំងពីឆ្នាំ២០០៦មក ដោយបានកាត់ទោសប្រធានគុកទួលស្លែងគឺ កាំង ហ្កេចអ៊ាវ ហៅ ឌុចដែលទទួលខុសត្រូវចំពោះជីវិតមនុស្សប្រមាណជាង១២.០០០នាក់ និងមេដឹកនាំខ្មែរក្រហមកំពូល២នាក់តែប៉ុណ្ណោះក្រោយឧក្រិដ្ឋកម្មបានកើតឡើង៤ទសវត្សរ៍មកនោះ។ សាលាក្តីនេះនៅមានសំណុំរឿង០០២ វគ្គទី២ ជាវគ្គបញ្ចប់និងសំណុំរឿង០០៣ ហើយនឹង០០៤ ដែលមានជនជាប់ចោទជាអតីតកម្មាភិបាលខ្មែរក្រហម៤នាក់ទៀត ដែលត្រូវបន្តនីតិវិធីតុលាការនោះ៕