ក្រោយពេលកាំង ហ្កេចអ៊ាវ ហៅឌុច បានផ្តល់សក្ខីកម្មអំពីរឿងជនបរទេសដែលត្រូវសម្លាប់ដោយដុតកម្ទេចសាកសពក្នុងមន្ទីរឃុំឃាំងស២១នោះ ក្រុមមន្ត្រីឃ្លាំមើលសាលាក្តីខ្មែរក្រហមបានចាប់អារម្មណ៍ខ្លាំងចំពោះសក្ខីកម្មក្នុងសំណុំរឿង០០២នោះ ហើយថា ការប្រើវិធីសម្លាប់ជនបស្ចឹមប្រទេសដូច្នេះជាឧក្រិដ្ឋកម្មដ៏ឃោរឃៅ ដែលមិនអាចរកអ្វីមកប៉ះប៉ូវបានទេ។ ក្រុមអ្នកឃ្លាំមើលនិងក្រុមជនរងគ្រោះដោយរបបខ្មែរក្រហមបានអះអាងថា ទោះជាសាលក្រមដាក់ទោសឌុចរួចមែន តែពួកគេចាត់ទុកថា ឧក្រិដ្ឋកម្មបែបនេះកើតឡើងលើគ្រប់ជនជាតិ។
កាំង ហ្កេចអ៊ាវ ហៅឌុចត្រូវបានតុលាការខ្មែរក្រហម ដែលចូលរួមដោយអ.ស.ប. កាត់ទោសឲ្យជាប់គុកអស់មួយជីវិតពីបទឧក្រិដ្ឋកម្ម។ ឌុចក្នុងនាមជាអ្នកទទួលខុសត្រូវក្នុងគុកទួលស្លែងស២១នៃរបបខ្មែរក្រហមចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ បានទទួលស្គាល់ថា គាត់បានសម្លាប់ជនបស្ចឹមប្រទេស៤នាក់ដែលមិនបានបញ្ជាក់ឈ្មោះ ដោយប្រើកង់ឡានដុតកម្ទេចសាកសពឲ្យទៅជាផេះផង់ ក្នុងពេលដែលពួកគេបានជាប់ឃុំក្នុងគុកទួលស្លែងក្នុងរាជធានីភ្នំពេញ។ ក្រុមអ្នកឃ្លាំមើលបាននិយាយថា នេះគឺជាឧក្រិដ្ឋកម្មដ៏ឃោរឃៅ និងជាការបង្ហាញថាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ហ្នឹងគឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលគ្មានអ្វីប៉ះប៉ូវបាន និងជាការបង្ហាញថា វាកើតឡើងចំពោះទាំងជនជាតិខ្មែរ និងជនបរទេស។
លោកឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បានថ្លែងប្រាប់ VOA ថា ការសម្លាប់ជនបរទេសតាមការដុតកម្ទេចសាកសពនេះជាឧក្រិដ្ឋកម្មដ៏ឃោរឃៅ។
«ការស្លាប់បាត់បង់ជីវិតជនបរទេសទាំងបួននាក់ដែលត្រូវដុតកម្ទេចក្រោមការបញ្ជារបស់ឌុចក្នុងគុកទួលស្លែងនោះគឺជាការឈឺចាប់ដូចគ្នានឹងការស្លាប់របស់ពលរដ្ឋកម្ពុជារាប់លានគ្រួសារដែលបានបាត់បង់អ្នកជាទីស្រឡាញ់របស់ពួកគេ។ ហើយអំពើប្រល័យពូជសាសន៍នោះគឺបញ្ជាក់ច្បាស់ពីឧក្រិដ្ឋកម្មប្រឆាំងនឹង មនុស្សជាតិ។ នេះជាការសម្លាប់មិនរើសមុខទេ។ ពួកគេសម្លាប់មនុស្សគ្រប់គ្នា មិនថា ឡើយជាជនបរទេស ជាជនជាតិខ្មែរ ឥស្លាម ចិន ខ្មែរ ឬ ព្រះសង្ឃទេ»។
តាមរយៈការស្រាវជ្រាវនិងការសម្ភាសជាមួយឌុច អាយុ៧៤ឆ្នាំ ដែលជាប្រធានគុកទួលស្លែង ហើយទទួលខុសត្រូវជីវិតមនុស្ស១៤០០០នាក់នោះ មជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្ហាញថា ជនបស្ចឹមប្រទេសត្រូវបានបញ្ជូនមកឃុំឃាំងគឺមាន៧នាក់ដែលបានជិះទូកចូលមកកម្ពុជាក្នុងឆ្នាំ១៩៧៨ ហើយត្រូវចាប់ខ្លួន។ ក្នុងនោះរួមមានជនជាតិអាមេរិកាំងដែលមានឈ្មោះ James William Clark, Lance McNamara, Michael Scott Deeds, Christopher Delance និងជនជាតិអូស្ត្រាលី២នាក់គឺលោក Keith Dean និងលោក David Lloyd Scott។ ក្រៅពីនេះមានជនជាតិអង់គ្លេសម្នាក់ឈ្មោះ John Dawson Dewhirst ជនជាតិកាណាដាម្នាក់គឺលោក Stuart Glass ជនជាតិអង់គ្លេសម្នាក់ឈ្មោះ John Dawson Dewhirst ជនជាតិកាណាដាម្នាក់គឺលោក Stuart Glass ហើយនឹងជនជាតិញ៉ូហ្សេឡែនម្នាក់មានឈ្មោះ Kerry George Hamill ដែលបងប្អូនរបស់លោកបានដាក់ពាក្យប្តឹងនៅក្នុងតុលាការ។
លោកវណ្ណថាន់ ពៅតារា នាយករងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានថ្លែងថាការសម្លាប់ជនបរទេសដោយការដុតកម្ទេចសាកសពនេះគឺជាអំពើឃោរឃៅព្រៃផ្សៃ អមនុស្សធម៌ ដែលរកពាក្យហៅអំពើនេះសឹងតែមិនបាន ហើយវាជាអំពើដែលប៉ះពាល់ទៅដល់មនុស្សជាតិទាំងមូលដែលតម្រូវឲ្យមនុស្សជាតិធ្វើការថ្កោលទោសជាទម្ងន់។
«សំខាន់វាទាក់ទងទៅនឹងភាពឃោរឃៅនិងភាពយង់ឃ្នងដែលខ្មែរក្រហមបានប្រពឹត្តទៅលើជនជាតិបរទេស ជាពិសេសគឺជនជាតិអាមេរិក ជនជាតិកាណាដា អង់គ្លេសជាដើម។ វាបង្ហាញអំពីអំពើអមនុស្សធម៌យង់ឃ្នង។ បើទោះបីជាសាលក្រមចេញមកយ៉ាងម៉េចក៏ដោយ សម្រាប់ខ្ញុំ ខ្ញុំគិតថា វាមិនអាចប៉ះប៉ូវទៅដល់ការស្លាប់ដោយភាពឃោរឃៅទៅលើជនបរទេសទាំងអស់នេះទេ»។
នៅក្នុងសវនាការកាលពីដើមខែមិថុនា ឌុចបានធ្វើសក្ខីកម្មក្នុងសាលាក្តីកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអ.ស.ប.ក្នុងសំណុំរឿង០០២ វគ្គ២ ប្រឆាំងនឹងបងធំទី២ នួន ជា ដែលទាក់ទងនឹងការកាប់សម្លាប់ពលរដ្ឋជាង១លាន៧សែននាក់នៅចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ក្នុងរបបខ្មែរក្រហម ដែលដឹកនាំដោយបងធំទី១ ប៉ុល ពត។ ឌុចបានចោទប្រកាន់ថា បងធំទី២ គឺនួន ជាបានបញ្ជាលោកទាក់ទិននឹងឧក្រិដ្ឋកម្មសម័យខ្មែរក្រហមនោះ។ ហើយឌុចបន្តថាគាត់បានទទួលបញ្ជាពីថ្នាក់លើដើម្បីកម្ទេចជនបរទេស។ បើតាមការអះអាងរបស់មន្ត្រីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានឲ្យដឹងថា ក្រោយពេលដែលឌុចបាននិយាយពីជនបស្ចឹមប្រទេសត្រូវដុតសម្លាប់ តែមិនបានបញ្ចេញឈ្មោះនិងភ្លេចឈ្មោះនោះ មន្ត្រីមជ្ឈមណ្ឌលឯកសារកម្ពុជាបានស្នើសុំជួបសម្ភាសជាមួយឌុចក្នុងមន្ទីរឃុំឃាំងកាលពីថ្ងៃ២៩ខែសីហាឆ្នាំ២០១៣។ ឌុចក៏បានបញ្ជាក់បន្ថែមតាមការបកប្រែជាភាសាអង់គ្លេស បារាំងក្នុងសវនាការថា ជនបរទេសទាំងនោះ ត្រូវកម្ទេចដោយសារតែពួកគេឆ្លងព្រំដែនចូលក្នុងប្រទេសកម្ពុជា។
«ខ្ញុំអាចនិយាយថា ជនបរទេសទាំងនោះត្រូវបានសួរចម្លើយ ហើយបន្ទាប់មកពួកគេត្រូវកម្ទេចចោលដោយសារបទបញ្ជា។ ហើយការនិយាយពីកម្ទេចពេលនេះគឺមានន័យថា ជនបរទេសទាំងនោះត្រូវគេដុតដោយកង់ឡាន»។
ក្នុងសវនាការដដែលនោះឌុចបានបន្ថែមទៀតថា៖
«ជនជាតិអាមេរិកាំងត្រូវបានចាប់និងឃុំខ្លួនដោយទាហានជើងទឹកនៅឯឈូងសមុទ្រកំពង់សោម ហើយក្រោយមកពួកគេត្រូវបានបញ្ជូនពីកំពង់សោមមកភ្នំពេញតាមរយៈគណៈមជ្ឈឹម ហើយគណៈមជ្ឈឹមបញ្ជូនមកកាន់ស២១ ដើម្បីសួរចម្លើយ និងក្រោយមកកម្ទេចចោល។ ពួកគេត្រូវចាប់ខ្លួនពីបទចោទថា បានចូលក្នុងទឹកដីកម្ពុជាដើម្បីយកព័ត៌មាន»។
លោកជុំ ម៉ី អ្នករួចជីវិតម្នាក់ពីគុកទួលស្លែងបានថ្លែងថា ការសម្លាប់ក្នុងគុកទួលស្លែងមានទម្រង់ជាច្រើន មានភាពឃោរឃៅខ្លាំងណាស់។ តែជនបរទេសដែលស្លាប់ដោយដុតកម្ទេចនោះ លោកមិនបានឃើញទេ។ តែលោកបានឮអំពីដំណឹងនោះ។
«គឺថា(ជនបរទេស)ចូលមកហ្នឹងអត់មានរួចខ្លួនមួយទេ គឺវាសម្លាប់ទាំងអស់តែទាំងអស់ហ្នឹង»។
សាស្ត្រាចារ្យច្បាប់អាមេរិកាំងម្នាក់ គឺ លោក Peter Maguire ដែលជាអ្នកនិពន្ធសៀវភៅអំពីខ្មែរក្រហមឈ្មោះ Facing Death in Cambodia ឬ ប្រឈមមុខនឹងការស្លាប់ក្នុងប្រទេសកម្ពុជា បានថ្លែងថា ឌុចត្រូវបានដាក់ទោសចំពោះឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅដែលច្បាប់អន្តរជាតិបានដាក់ទោសហើយ។ លោកថាការស្លាប់របស់ជនបស្ចឹមប្រទេសទាំងបួននាក់បានលេចឮដល់គ្រួសារអាមេរិកាំងជាច្រើនឆ្នាំហើយ។
«នេះមិនមែនជារឿងចម្លែកទេ សម្រាប់កិច្ចសហការពីសាក្សីស្ទើរតែទាំងអស់ដូចជាឌុច ក្នុងការផ្តល់សក្ខីកម្មចំពោះការកាត់ទោសអ្នកផ្សេងទៀតនោះ។ ឌុចទំនងជាធុញថប់ពេលនេះដែលការកាត់ទោសរបស់គាត់បានចប់ទៅហើយ ហើយឌុច ហាក់ដូចជាកំពុងភ្លក្សរស់ជាតិនៃការយកចិត្តទុកដាក់ពីសាធារណជន»។
លោកបានប្រៀបធៀបឌុចទៅនឹងការធ្វើសក្ខីកម្មរបស់បណ្តាញម៉ាហ្វ៊ីយ៉ាក្នុងក្រុងញូវយ៉ក ឈ្មោះ Sammy "The Bull" Gravano ដែលបានធ្វើសក្ខីកម្មកាលពីពាក់កណ្តាលទសវត្សរ៍១៩៩០ដើម្បីឲ្យមានការចាប់ខ្លួនសមាជិកក្រុមម៉ាហ្វ៊ីយ៉ា៣៦នាក់ដែលពាក់ព័ន្ធនឹងការសម្លាប់មនុស្ស១៩នាក់។
សាលាក្តីកាត់ទោសខ្មែរក្រហមបានចាប់ផ្តើមកាត់ទោសកាំង ហ្កេចអ៊ាវហៅឌុចឲ្យជាប់ឃុំឃាំងអស់មួយជីវិតសម្រាប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ កាលពីឆ្នាំ២០១០ ដែលគេដឹងថា ជាករណីដំបូងដែលតុលាការខ្មែរក្រហមបានជំនុំជម្រះក្នុងពេលជិត៤ទសវត្សរ៍ក្រោយពីអំពើឧក្រិដ្ឋកម្មបានកើតឡើង។ ក្រុមជនរងគ្រោះខ្លះបានចាត់ទុកថា ដំណើរការយុត្តិធម៌យឺតយ៉ាវ ដែលកើតឡើងក្រោយការពន្យារពេលយូរ និងក្រោយពីមេដឹកនាំធំកំពូលៗរបស់ខ្មែរក្រហមស្លាប់ជាច្រើនទៅហើយនោះ គឺជាដំណើរការគ្មានយុត្តិធម៌ ឬមានយុត្តិធម៌តិចតួចសម្រាប់ជនរងគ្រោះទូទាំងប្រទេស៕