អង្គជំនុំជម្រះសាលាដំបូងនៃតុលាការខ្មែរក្រហម ចាប់ពីថ្ងៃអង្គារខាងមុខគ្រោងនឹងបើកសវនាការដេញដោលចំពោះភ័ស្តុតាងចោទប្រកាន់ពីការពាក់ព័ន្ធនឹងការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរំលោភសេពសន្ធវៈក្នុងរបបខ្មែរក្រហម។ ដើមបណ្តឹងរដ្ឋប្បវេណីចំនួន៣រូប អ្នកជំនាញចំនួន២រូប នឹងត្រូវអនុញ្ញាតឲ្យស្តាប់សក្ខីកម្មនៅផ្នែកនេះ ក្នុងការជំនុំជម្រះក្តីលើសំណុំរឿង០០២ វគ្គទី២ ប្រឆាំងនឹងជនជាប់ចោទនួន ជា បងធំទី២ និងខៀវ សំផន ប្រមុខរដ្ឋខ្មែរក្រហម។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តី ដែលយោងតាមការចោទប្រកាន់ក្នុងដីកាដំណោះស្រាយ បានឲ្យដឹងថា បុរសនិងស្ត្រីនៅទូទាំងប្រទេសកម្ពុជាត្រូវគេបង្ខំឲ្យរៀបការ នៅក្នុងពិធីរួមគ្នាដែលមានចាប់ពី២ទៅ១០០គូក្នុង១លើកៗ។ សេចក្តីប្រកាសព័ត៌មាន ដដែលបានអះអាងថា បក្សកុម្មុយនីស្តកម្ពុជាបានអនុវត្តគោលនយោបាយស្តីពីការដាក់កំហិតលើការរៀបអាពាហ៍ពិពាហ៍ តាមរយៈមធ្យោបាយចាំបាច់នានា ចាប់ពីមុនឆ្នាំ១៩៧៥ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ដើម្បីសម្រេចឲ្យបាននូវសង្គនិយមនិងការពារបដិវត្តន៍សង្គមនិយម។
រហូតមកទល់ពេលនេះ អង្គជំនុំជម្រះសាលាដំបូងបានស្តាប់សក្ខីកម្មសាក្សីចំនួន៩២រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន៤៨រូប អ្នកជំនាញចំនួន០៤រូប ក្នុងរយៈពេលសវនាការចំនួន២១៦ថ្ងៃ។
សាលាក្តីខ្មែរក្រហមនឹងធ្វើសវនាការដេញដោលលើភ័ស្តុតាងពាក់ព័ន្ធនឹងអង្គហេតុជម្លោះ ប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងវៀតណាម ក្រោយពេលបញ្ចប់សវនាការដេញដោលភ័ស្តុតាងចោទប្រកាន់ពីការពាក់ព័ន្ធនឹងការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំនិងការរំលោភសេពសន្ធវៈ។ សាលាក្តីខ្មែរក្រហមរំពឹងថា នឹងអាចធ្វើសវនាការលើភ័ស្តុតាង និងបញ្ចប់នៅចុងឆ្នាំនេះ ហើយសាលាក្រមនឹងប្រកាសនៅចុងឆ្នាំ២០១៧៕