អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ នៅថ្ងៃសុក្រនេះ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងនាមជា «ជនសង្ស័យ» ដើម្បីឆ្លើយតបនឹងបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងការថ្លែងអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥។
គណបក្សប្រជាជនកម្ពុជាបានដាក់ពាក្យបណ្តឹងប្រឆាំងលោក សុន ឆ័យ ទាក់ទងនឹងការថ្លែងរបស់លោក កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២២ ជាមួយសារព័ត៌មានអនឡាញឌឹខេមបូឌាដេលី នៅមុនការប្រកាសលទ្ធផលផ្លូវការរបស់ស្ថាប័នរៀបចំការបោះឆ្នោត។ ការថ្លែងរបស់លោក សុន ឆ័យ ដែលឈានទៅដល់ការប្តឹងផ្តល់នេះ គឺពាក់ព័ន្ធនឹងពាក្យពេចន៍មួយចំនួនដូចជាថា «លទ្ធផលនេះមិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋ វាមានការបំភ័យ វាមានការទិញ វាមានការលួច បាននៅសល់ប៉ុណ្ណឹង»។
នៅក្នុងនោះ គណបក្សប្រជាជនកម្ពុជាបានទាមទារសំណងជំងឺចិត្តចំនួន ៤.០០០ លានរៀល ឬប្រហែល ១ លានដុល្លារអាមេរិកពីលោក សុន ឆ័យ។ លោក សុន ឆ័យ ក៏ប្រឈមនឹងពាក្យបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលលោកបានចូលបំភ្លឺនៅតុលាការកាលពីថ្ងៃអង្គារសប្តាហ៍នេះផងដែរ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយចូលបំភ្លឺ លោក សុន ឆ័យ បានលើកឡើងថា លោកបានបកស្រាយបំភ្លឺលើចំណុចដែលមានការចោទប្រកាន់មកលើរូបលោកអំឡុងពេលសវនាការ បើទោះបីលោកចាត់ទុកថា ចំណាត់ការតាមប្រព័ន្ធតុលាការដូចនេះមិនមែនជារឿងចាំបាច់។
លោកថ្លែងថា៖ «ខ្ញុំថា វាជាការប្តឹងផ្តល់មួយដែលមិនចាំបាច់ ហើយមិនមានផលប្រយោជន៍អីសម្រាប់ទាំងគណបក្សប្រជាជនកម្ពុជា ក៏មិនមានប្រយោជន៍អីសម្រាប់គណបក្សភ្លើងទៀនដែរទេ។ ដូចគ្នានឹង គ.ជ.ប ដែរ ខ្ញុំបានបញ្ជាក់ហើយថា អ្វីដែលខ្ញុំលើកឡើងមានសំអាង»។
កាលពីពេលមុននេះ អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះធ្លាប់បានបញ្ជាក់ប្រាប់ថា លោកបានប្រើប្រាស់ពាក្យពេចន៍ ដែល គ.ជ.ប និងគណបក្សកាន់អំណាចកំណត់យកមកប្តឹងផ្តល់ប្រឆាំងរូបលោក ក្នុងគោលបំណង «បង្ហាញ» ថា មានភាពមិនប្រក្រតីអំឡុងពេលបោះឆ្នោតឃុំសង្កាត់តែប៉ុណ្ណោះ ដោយយោងទៅលើការសង្កេតការណ៍ និងរបាយការណ៍របស់គណបក្សរបស់លោក គណបក្សនយោបាយមួយចំនួនទៀត និងអង្គការសង្គមស៊ីវិល។
លោក សុន ឆ័យ បន្ថែមថាការប្រើប្រាស់ពាក្យពេចន៍ទាំងនោះ គឺធ្វើឡើង នៅមុនពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលការបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ ជាផ្លូវការផងដែរ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ មុនសវនាការរបស់លោក សុន ឆ័យ លោក ជូង ជូងី មេធាវីការពារក្តីលោក សុន ឆ័យ បន្តរក្សាជំហរថា បណ្តឹងប្រឆាំងនឹងកូនក្តីលោកជារឿងជំរុញពីក្រោយដោយហេតុផលនយោបាយ។
លោកថ្លែងថា៖ «រឿងនេះសម្រាប់ខ្ញុំមើលឃើញគឺជារឿងនយោបាយ ពីព្រោះថាជជែកពាក់ព័ន្ធនឹងការបោះឆ្នោតគឺជារឿងនយោបាយ។ ភាគីប្តឹងសម្តេច សាយ ឈុំ ក៏ជាអ្នកនយោបាយ ហើយឯកឧត្តម សុន ឆ័យ ក៏ជាអ្នកនយោបាយដែរ។ ប៉ុន្តែវាខុសគ្នាត្រង់ថា ឯកឧត្តម សុន ឆ័យ ជាអ្នកនយោបាយអត់មានអំណាច អត់មានតួនាទីនៅក្នុងរដ្ឋទាល់តែសោះ។ ជាអ្នកនយោបាយដែលមានប្រជាប្រិយបំផុតប្រចាំគណបក្សភ្លើងទៀន»។
អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ប្រាប់វីអូអេតាមប្រព័ន្ធផ្ញើសារតេឡេក្រាម នៅថ្ងៃសុក្រនេះថា តំណាងអយ្យការបានស្តាប់ចម្លើយនិងពិនិត្យលើភ័ស្តុតាងដែលមេធាវីបានដាក់ជូនមក។ ហើយតំណាងអយ្យការត្រូវការពេលវេលាសមស្របមួយ ដើម្បីពិនិត្យវាយតម្លៃលើឯកសាររបស់ដើមបណ្តឹង និងជនសង្ស័យ មុនពេលឈានដល់ការសម្រេចតាមផ្លូវច្បាប់។
ថ្នាក់ដឹកនាំរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានទៅខាងមុខតុលាការ ដើម្បីបង្ហាញការគាំទ្រទៅលោក សុន ឆ័យ ផងដែរ។
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ ចាត់ទុកសំណុំរឿងប្រឆាំងលោក សុន ឆ័យ ជា «រឿងមិនគួរកើតមាន» ដោយបន្ថែមថាការលើកឡើងរបស់លោក សុន ឆ័យ និងពាក្យបណ្តឹងប្រឆាំងរូបលោក គឺធ្វើឡើង នៅពេល គ.ជ.ប មិនទាន់ចេញលទ្ធផលជាផ្លូវការនៅឡើយ។
ការចូលសវនាការឆ្លើយបំភ្លឺរបស់លោក សុន ឆ័យ នៅសាលាដំបូងរាជធានីភ្នំពេញជាលើកទីពីរធ្វើឡើងនេះ បន្ទាប់ពីការឆ្លើយបំភ្លឺជាលើកដំបូងកាលពីថ្ងៃទី ១២ ខែកក្កដា ពាក់ព័ន្ធនឹងបណ្តឹងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមានអង្គហេតុស្រដៀងនឹងបណ្តឹងពីគណបក្សកាន់អំណាច។
យោងតាមពាក្យបណ្តឹងនោះ ស្ថាប័ន គ.ជ.ប បានស្នើសុំតុលាការផ្តន្ទាទោសលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ និងឱ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោស គ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ។ បើតាមមាត្រា ៣០៥ នេះ ការបរិហារកេរ្តិ៍ជាសាធារណៈត្រូវពិន័យជាប្រាក់ពី ១០ ម៉ឺនរៀលទៅ ១០ លានរៀល៕