គណបក្សជំទាស់ចំនួន៥ នៅថ្ងៃចន្ទនេះ បានជំរុញរួមគ្នាឱ្យមានការកែប្រែសមាសភាពនៃថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងការកែលម្អប្រព័ន្ធបោះឆ្នោត ដើម្បីធានាការបោះឆ្នោតមួយដែលអាចទទួលយកពីគណបក្សនយោបាយ និងជាការទុកចិត្តពីសាធារណជន។
នៅព្រឹកថ្ងៃចន្ទនេះ តំណាងគណបក្សចំនួន៥បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ ដោយពិភាក្សាអំពីការកែលម្អប្រព័ន្ធបោះឆ្នោត និងការលើកស្ទួយសេរីភាពនយោបាយនៅកម្ពុជា។ តំណាងគណបក្សក្រៅរដ្ឋាភិបាលទាំងនោះបានលើកឡើងពីបញ្ហាប្រឈម និងភាពមិនប្រក្រតីជាច្រើន រាប់ចាប់ចាប់តាំងពីមុនការឃោសនាបោះឆ្នោត រហូតដល់ដំណាក់កាលក្រោយថ្ងៃបោះឆ្នោត ដែលពួកគេចង់ឱ្យមានការកែប្រែបញ្ហាទាំងអស់នោះ ដើម្បីកុំឱ្យកើតមានបន្តទៀតនៅក្នុងការបោះឆ្នោតលើកក្រោយៗទៀត។
លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ សន្និសីទសារព័ត៌មាននេះ អវត្តមានតំណាងមកពីគណបក្សកម្ពុជានិយម។
មុនធ្វើសន្និសីទសារព័ត៌មាននេះ គណបក្សចំនួន៥រួមមានគណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សភ្លើងទៀន បានជួបពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា រួចសម្រេចដាក់ចេញសំណើរួមគ្នាចំនួន៨ចំណុច ដើម្បីទាមទាកែលម្អប្រព័ន្ធបោះឆ្នោត និងការលើកស្ទួយសេរីភាពនយោបាយនៅកម្ពុជា។ ចំណុចទាំងនោះរួមមាន ទី១ ការកែទម្រង់សមាសភាព គ.ជ.ប ដោយប្រធានជាបុគ្គលឯករាជ្យ មិនពាក់ព័ន្ធបក្សនយោបាយយ៉ាងតិច៥ឆ្នាំ សមាជិកគ.ជ.ប ៤រូប ត្រូវមានប្រភពឯករាជ្យមិនជាប់ពាក់ព័ន្ធគណបក្សនយោបាយ ទី២ ការធានាភាពមិនលម្អៀងរបស់មន្ត្រីគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត ទៅលើគណបក្សណាមួយ ទី៣ មន្ត្រីរាជការស៊ីវិល តុលាការ យោធា នគរបាល មេភូមិ អនុភូមិ និងសមាជិកភូមិ ត្រូវបំពេញតួនាទីដោយអព្យាក្រឹតភាព។
ចំណុចទី៤ ត្រូវមានយន្តការទប់ស្កាត់រាល់សកម្មភាពបំភិតបំភ័យ គម្រាមកំហែងទាំងឡាយដល់អ្នកចូលរួមនយោបាយ ទី៥ការរាប់សន្លឹកឆ្នោតដោយចំហ និងផ្តល់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោតទម្រង់១១០២ ទៅឱ្យគណបក្សនយោបាយចូលរួមភ្លាមៗ ទី៦ ត្រូវមានយន្តការច្បាស់លាស់ក្នុងការដោះស្រាយបណ្តឹងនៅពេលមានភាពមិនប្រក្រតី ជាមួយការរាប់សន្លឹកឆ្នោតឡើងវិញ ទី៧ធ្វើវិសោធនកម្មច្បាប់បោះឆ្នោត និងច្បាប់ស្តីពីគណបក្សនយោបាយ និងទី៨កែលម្អការចុះឈ្នោះអ្នកបោះឆ្នោត ចុះឈ្មោះបោះឆ្នោតបេក្ខជន និងការចុះឈ្មោះភ្នាក់ងារសង្កេតការណ៍គណបក្ស។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មាននេះថានៅពេលថ្ងៃខាងមុខឆាប់ៗនេះ គណបក្សទាំង៥ គ្រោងដាក់លិខិតសុំជួបស្ថាប័នមួយចំនួន ដើម្បីពិភាក្សារកដំណោះស្រាយនូវអ្វីដែលគណបក្សប្រឈមរួមគ្នា ដែលរួមមានស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប ក្រសួងមហាផ្ទៃ រដ្ឋសភា និងអាចជួបជជែកជាមួយគណបក្សកាន់អំណាចជាដើម។ លោកបន្តថាគណបក្សទាំង៥ ក៏នឹងមានការជួបជាមួយអង្គការសង្គមស៊ីវិលផងដែរ។
លោកជឿជាក់ថាការជួបជជែកជាមួយស្ថាប័នពាក់ព័ន្ធទាំងនោះ ដើម្បីលើកឡើងពីបញ្ហាប្រឈមនានារបស់គណបក្សក្រៅរដ្ឋាភិបាល ដើម្បីឱ្យមានការកែប្រែនីតិវិធីមួយចំនួន និងធ្វើឱ្យការបោះឆ្នោតមានភាពសេរីត្រឹមត្រូវ តាមបែបប្រជាធិបតេយ្យពិតប្រាកដ។ លោកសង្កត់ធ្ងន់ថាការជួបជជែកជាមួយគណបក្សកាន់អំណាច គឺជាគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាទាំងអស់នេះបានឆាប់រហ័ស ជាពិសេសការធ្វើវិសោធនកម្មច្បាប់ជាដើម ព្រោះលោកថាសមាជិករដ្ឋសភា សុទ្ធតែជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា។
លោកថ្លែងថា៖ «សូមជម្រាបដែរក្នុងគម្រោងដែលយើងចង់ទៅជជែកនេះ មិនមែនតែស្ថាប័នជាតិទេ ក៏មានគម្រោងជជែកជាមួយគណបក្សប្រជាជនកម្ពុជាដែរ បណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់អ៊ីចឹង។ ហើយកន្លែងដែលមានប្រសិទ្ធភាពបំផុត គឺគណបក្សប្រជាជនកម្ពុជាហ្នឹងតែម្តង អាហ្នឹងនិយាយឱ្យខ្លី។ បើបានជជែកគ្នាត្រូវរ៉ូវ ស្រួលគ្នាជាមួយគណបក្សប្រជាជនកម្ពុជាហ្នឹង ស្ថាប័នហ្នឹងវាទៅដោយស្វ័យប្រវត្តិ មិនពិបាកជជែកទេ»។
ចំណែកលោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា យល់ថាប្រសិនបើគណបក្សប្រជាជនកម្ពុជា មានបញ្ហាប្រឈមដូចគ្នា ទើបអាចមានការជជែកគ្នាត្រូវ និងចៀសវាងនូវរងការរិះគន់ថាគណបក្សក្រៅរដ្ឋាភិបាល ទៅជួបជជែកគ្នាជាមួយគណបក្សកាន់អំណាច ដើម្បីត្រូវរ៉ូវគ្នាមុនការបោះឆ្នោត។
លោកថ្លែងថា៖ «ដូច្នេះ យើងជជែកជាមួយរដ្ឋាភិបាល យើងជជែកជាមួយស្ថាប័នដែលពាក់ព័ន្ធគ.ជ.ប យើងជជែកជាមួយរដ្ឋសភា ប៉ុន្តែគណបក្សប្រជាជន បើលោកអ្នករងគ្រោះដែរ មកជជែកដើម្បីតស៊ូមតិ។ បើលោកមិនរងគ្រោះដោយសារស្ថាប័ន គ.ជ.បទេ [ឬ]ដោយសាររដ្ឋាភិបាលទេ ខ្ញុំជឿថាមិនមានអ្វីត្រូវជជែកទេ ព្រោះលោកអ្នកកាន់អំណាចហើយ»។
លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ យល់ថាការជជែកគ្នារវាងគណបក្សកាន់អំណាច និងគណបក្សក្រៅរដ្ឋាភិបាល គឺដើម្បីស្វែងរកចំណុចរួមគ្នាលើការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ។
លោកថ្លែងថា៖ «ដូច្នេះខ្ញុំគិតថាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងគណបក្សកាន់អំណាច ទាំងគណបក្សមិនកាន់អំណាច ត្រូវចាប់ផ្តើមគិតគូទៅលើការអនុវត្តច្បាប់ ត្រូវតែមានភាពក្លាហាន។ ហើយស្ថាប័នគ.ជ.ប ក៏ដោយ ស្ថាប័នណាក៏ដោយ តែងលើកឡើងថាខ្លួនអនុវត្តច្បាប់ ក៏ប៉ុន្តែត្រូវតាមមើលថាការអនុវត្តច្បាប់នោះ មានប្រសិទ្ធភាពឬទេ? តើការអនុវត្តច្បាប់របស់ខ្លួនវាត្រឹមត្រូវដែរឬទេ? វាមានចំណុចឆកល្វែងច្រើនណាស់ដែលគ.ជ.ប ត្រូវតែឆ្លុះបញ្ចាំងខ្លួនឯង ថាតើខ្លួនបានធ្វើល្អកម្រិតណា ត្រឹមត្រូវកម្រិតណាក្នុងការអនុវត្តច្បាប់ ដែលខ្លួនអះអាងក្នុងការបោះឆ្នោតកន្លងមកហ្នឹង»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់វីអូអេនៅថ្ងៃចន្ទថាការចង់ជជែកជាមួយគណបក្សប្រជាជនមិនមានប្រយោជន៍អ្វីឡើយ ដោយសារគណបក្សកាន់អំណាចមិនមានអ្វីមួយចង់កែប្រែនោះទេ។ លោកបន្តថាស្ថាប័នគ.ជ.ប បានអនុវត្តការងារដោយអព្យាក្រឹត។
លោកថ្លែងថា៖«ជជែកជាមួយគណបក្សប្រជាជន មិនមានប្រយោជន៍អ្វី បើគណបក្សប្រជាជនអត់ចង់កែប្រែផង»។
ស្ថាប័ន គ.ជ.ប រងការរិះគន់ជាបន្តបន្ទាប់ពីគណបក្សក្រៅរដ្ឋាភិបាល ដោយថា សមាសភាពមន្ត្រី គ.ជ.ប ភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យស្ថាប័ននេះ មិនមានអព្យាក្រឹតភាពពេញលេញនៅឡើយ។
បើតាមច្បាប់ស្តីពី«ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត» ដែលត្រូវបានធ្វើវិសោធនកម្ម ក្រោយមានកិច្ចព្រមព្រៀងនយោបាយកាលពីឆ្នាំ ២០១៤ សមាសភាពទាំង ៩ រូបនៃ គ.ជ.ប គឺ ៤ រូបត្រូវជ្រើសរើសដោយគណបក្សដឹកនាំរដ្ឋាភិបាល ៤ រូបជ្រើសដោយគណបក្សដែលមានអាសនៈក្នុងរដ្ឋសភាដែលមិនចូលរួមក្នុងរដ្ឋាភិបាល និងមួយរូប ជ្រើសរើសដោយការព្រមព្រៀងគ្នារវាងគណបក្សទាំងអស់ដែលមានអាសនៈក្នុងរដ្ឋសភា។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នាត លោក ហង្ស ពុទ្ធា ប្រាប់វីអូអេថាស្ថាប័នគ.ជ.ប បានបំពេញតួនាទីទៅតាមច្បាប់។ លោកបន្តថាការលើកឡើងរបស់គណបក្សជំទាស់ទាំងនោះ អាចជា«ការស្រមើស្រមៃ» និងជាវិធីសាស្រ្តរបស់គណបក្សទាំងនោះ ដែលលោកថាដើម្បី«រំខានដល់ការបោះឆ្នោត»។
លោកថ្លែងថា៖ «ខ្ញុំយល់ថានេះគ្រាន់តែជាភាសា និងវោហារសាស្រ្តរបស់អ្នកនយោបាយក្នុងគោលបំណងណាមួយដែលនៅពេលគណបក្សរបស់ខ្លួនមិនទទួលបានលទ្ធផលគាំទ្រស្របទៅតាមការគិតរបស់ខ្លួន។ អ៊ីចឹងការបង្ហាញប្រតិកម្មផ្សេងៗ នោះគឺជាវិធីសាស្រ្តនយោបាយនៃគណបក្សនោះទេ»។
បើតាមច្បាប់បោះឆ្នោត ប្រធាន អនុប្រធាន និងសមាជិកនៃស្ថាប័ន គ.ជ.ប មានអាណត្តិ ៥ឆ្នាំ ហើយត្រូវផុតអាណត្តិនៅពេលមានសមាសភាពថ្មីចូលកាន់តំណែង។ ក្នុងករណីដែលខកខានមិនបានរៀបចំសមាសភាពថ្មី សមាសភាពដែលមានស្រាប់ត្រូវអនុវត្តការងាររបស់ខ្លួនបន្តទៀត និងមានសមត្ថកិច្ច ដើម្បីចាត់ចែងរៀបចំការបោះឆ្នោតស្របតាមច្បាប់ជាធរមាន៕