នៅក្នុងសវនាការដំបូងនាថ្ងៃអង្គារនេះ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បានឆ្លើយបំភ្លឺជុំវិញការចោទប្រកាន់រូបលោកពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងស្នើឲ្យមានការបង្ហាញពីភ័ស្តុតាងលើការចោទប្រកាន់រូបលោក។
ថ្លែងប្រាប់អ្នកសារព័ត៌មានខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ លោក សុន ឆ័យ បញ្ជាក់ថា លោកបានបកស្រាយទៅកាន់តុលាការជុំវិញការប្រើប្រាស់ពាក្យពេចន៍ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអនឡាញឌឹខេមបូឌាដេលី ដែលត្រូវបានយកមកចោទប្រកាន់ប្រឆាំងរូបលោក។
លោកបន្តថា លោកបានប្រើប្រាស់ពាក្យពេចន៍ទាំងនោះក្នុងគោលបំណង«បង្ហាញ»ថាមានភាពមិនប្រក្រតីអំឡុងពេលបោះឆ្នោតឃុំសង្កាត់តែប៉ុណ្ណោះ ដោយយោងទៅលើការសង្កេតការណ៍ និងរបាយការណ៍របស់គណបក្សរបស់លោក គណបក្សនយោបាយដទៃទៀត និងអង្គការសង្គមស៊ីវិល។
អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះក៏បានជំរុញឲ្យភាគីដើមបណ្តឹងបង្ហាញពីចំណុចឬភ័ស្តុតាងជាក់លាក់ណាមួយ ដែលបញ្ជាក់ថាអ្វីដែលលោកបានលើកឡើង គឺខុសពីការពិត។
លោកថ្លែងថា៖ «ខ្ញុំចង់ដឹងថាវាមិនពិតត្រង់ណា? អ្វីដែលខ្ញុំនិយាយហ្នឹង វាមិនពិតត្រង់ណា? ពីព្រោះមិនមែនតែខ្ញុំឯណា គណបក្សខ្ញុំបានធ្វើសេចក្តីថ្លែងការណ៍បែបហ្នឹង គណបក្សនយោបាយបីបួនទៀតក៏បានធ្វើរបាយការណ៍បែបហ្នឹង អង្គការសង្គមស៊ីវិលតាមដានការបោះឆ្នោតក៏និយាយបែបហ្នឹង។ អ៊ីចឹង ចង្អុលឲ្យចំមក ត្រង់ណាមួយដែលវាមិនពិត»។
លោក សុន ឆ័យ យល់ថា បណ្តឹងប្រឆាំងនឹងរូបលោកនេះត្រូវបានជំរុញពីក្រោយដោយហេតុផលនយោបាយ ស្របពេលលោកលើកឡើងថា ករណីនេះគួរតែមានជាការពន្យល់ឆ្លើយតបពីភាគីពាក់ព័ន្ធជាជាងការបញ្ជូនសំណុំរឿងមកតុលាការ។
លោក ជូង ជូងី មេធាវីការពារក្តីលោក សុន ឆ័យ ឲ្យដឹងថា លោកបានដាក់ភ័ស្តុតាង ដើម្បីដោះបន្ទុក ជូនកូនក្តីរបស់លោក ដែលរួមមាន សេចក្តីថ្លែងការណ៍ពីគណបក្សភ្លើងទៀន កិច្ចប្រជុំពីសំណាក់គណបក្សនយោបាយចំនួនបួន និងរបាយការណ៍របស់អង្គការខុមហ្វ្រែលស្តីពីភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតឃុំសង្កាត់កន្លងទៅនេះ។
លោកថ្លែងថា៖ «នីតិវិធីបន្តអយ្យការនឹងពិចារណាពីបណ្តឹងរបស់គ.ជ.ប ពិចារណាពីចម្លើយដោះសាររបស់ឯកឧត្តម សុន ឆ័យ ពិចារណាលើភ័ស្តុតាងគ.ជ.ប ដាក់ទៅជាសម្អាង និងភ័ស្តុតាងដែលខ្ញុំជាមេធាវីការពារឯកឧត្តម សុន ឆ័យ ដាក់ពាក្យជាសម្អាង។ ហើយតំណាងអយ្យការ គេនឹងធ្វើការសម្រេចថាតើគួរតម្កល់រឿងអត់ចាត់ការ ឬគួរចោទប្រកាន់»។
លោក ជូង ជូងី បន្តរក្សាជំហរថា វាជារឿងមិនសមស្របមួយ ដែលស្ថាប័នរៀបចំការបោះឆ្នោតប្រើប្រាស់ប្រព័ន្ធតុលាការប្រឆាំងនឹងសកម្មជនគណបក្សនយោបាយមួយរូប ដែលមានគោលបំណងជំរុញស្វែងរកការបោះឆ្នោតសេរី និងយុត្តិធម៌។
អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានប្រាប់វីអូអេតាមប្រព័ន្ធផ្ញើសារតេឡេក្រាមពាក់ព័ន្ធសំណុំរឿងលោក សុន ឆ័យ ខាងលើនេះក្នុងន័យដើមថា៖«តំណាងអយ្យការបានស្តាប់ចម្លើយនិងពិនិត្យលើភ័ស្តុតាងដែលមេធាវីបានដាក់ជូនមក។ ការសម្រេចបែបណានោះនៅមិនទាន់ដឹងទេ ព្រោះតំណាងអយ្យការត្រូវការពេលវេលាមួយសមស្របដើម្បីពិនិត្យនិងវាយតម្លៃលើឯកសារទាំងអស់របស់ដើមបណ្តឹងនិងរបស់ជនសង្ស័យ ដើម្បីឈានដល់ការសម្រេចមួយតាមច្បាប់»។
នាថ្ងៃអង្គារនេះ អនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ បានចូលបំភ្លឺក្នុងនាមជា«ជនសង្ស័យ»ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការអធិប្បាយរបស់លោកអំពីភាពមិនប្រក្រតីនៃការបោះឆ្នោត ក្រោយពីខកខានបង្ហាញខ្លួនតាមការកោះហៅជាលើកដំបូង ដោយលោកជាប់ភារកិច្ចនៅក្រៅប្រទេស។
លោក សុន ឆ័យ កំពុងរងបណ្តឹងចំនួនពីរ គឺពីគ.ជ.ប និងគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងការអធិប្បាយរបស់លោកអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
អង្គហេតុនៃពាក្យបណ្តឹងរបស់គ.ជ.ប គឺដូចគ្នានឹងអង្គហេតុដែលលើកឡើងដោយគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងការថ្លែងរបស់លោក សុន ឆ័យ កាលពីថ្ងៃទី៧ ខែមិថុនា ជាមួយសារព័ត៌មានអនឡាញឌឹខេមបូឌាដេលី។ ការថ្លែងរបស់លោក សុន ឆ័យ ដែលឈានទៅដល់ការប្តឹងផ្តល់នេះ គឺពាក់ព័ន្ធនឹងពាក្យពេចន៍មួយចំនួនដូចជាថា«លទ្ធផលនេះមិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋ វាមានការបំភ័យ វាមានការទិញ វាមានការលួច បាននៅសល់ប៉ុណ្ណឹង»។
គ.ជ.ប បញ្ជាក់ថា ការលើកឡើងនេះបានប៉ះពាល់ដល់អព្យាក្រឹត្យភាពរបស់ស្ថាប័ន ដើម្បីធានាការបោះឆ្នោតមួយប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
នៅក្នុងពាក្យបណ្តឹងនោះ ស្ថាប័នគ.ជ.បបានស្នើសុំតុលាការផ្តន្ទាទោសលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ និងឱ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោសគ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ។ បើតាមមាត្រា៣០៥ ការបរិហារកេរ្តិ៍ជាសាធារណៈត្រូវពិន័យជាប្រាក់ពី១០ម៉ឺនរៀលទៅ១០លានរៀល។
ចំណែកគណបក្សកាន់អំណាចបានទាមទារសំណងជំងឺចិត្តចំនួន៤.០០០លានរៀល ឬប្រហែល១លានដុល្លារអាមេរិកពីលោក សុន ឆ័យ ផងដែរ។
លោក សុន ឆ័យ បានបញ្ជាក់ថា លោកត្រៀមបង្ហាញខ្លួន ដើម្បីចូលរួមបំភ្លឺក្នុងសំណុំរឿងបណ្តឹងពីសំណាក់គណបក្សប្រជាជនកម្ពុជា ដែលតុលាការបានកោះហៅនៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ខាងមុខនេះ៕