ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កោះ​ហៅ​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ឱ្យ​ចូល​បំភ្លឺ​នៅ​សប្តាហ៍​ក្រោយ


រូបឯកសារ៖ លោក សុន ឆ័យ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ថ្ងៃ​បញ្ចប់​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ លោក សុន ឆ័យ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ថ្ងៃ​បញ្ចប់​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត។ (ស៊ុន ណារិន/វីអូអេ)

ប្រឈម​នឹង​ពាក្យ​បណ្តឹង​ចំនួន​ពីរ​ផ្សេង​គ្នា លោក សុន ឆ័យ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​កោះ​ហៅ​ជា​លើក​ទី​ពីរ​ឱ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​សប្តាហ៍​ក្រោយ។ នេះ​បើ​តាម​អ្នក​នាំពាក្យ​របស់​តុលាការរាជធានី​ភ្នំពេញ។

លោក ប្លង់ សុផល អ្នកនាំពាក្យ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​តំណាង​អយ្យ​ការ​បាន​កោះ​ហៅ​ជា​លើក​ទី២ ដើម្បី​ឱ្យ​លោក សុន ឆ័យ ជា​«ជនសង្ស័យ»​ចូល​មក​ចំពោះ​មុខ​តំណាង​អយ្យ​ការ ​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា វេលា​ម៉ោង​៩​ព្រឹក ដើម្បីឆ្លើយ​បំភ្លឺ​លើ​បណ្តឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះ​ឆ្នោត និង​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​៩​ព្រឹក ដើម្បី​ឆ្លើយ​តប​នឹង​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ជូង ជូងី មេធាវី​ការពារ​ក្តី​ឱ្យ​លោក​ សុន ឆ័យ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​កូន​ក្តី​របស់​លោក​នឹង​ចូល​មក​តុលាការ ដើម្បី​ការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់។

លោក សុន ឆ័យ ប្រាប់​វីអូអេ​ថា​ពេល​នេះ​លោក​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​នឹងចូល​ទៅ​ឆ្លើយ​បំភ្លឺ​តាម​កាល​កំណត់​របស់​តុលាការ។

អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ រង​ពាក្យ​បណ្តឹង​ចំនួន​ពីរ គឺ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) ​និង​គណបក្ស​ប្រជា​ជន​កម្ពុជា ​ពាក់ព័ន្ធ​នឹង​ការ​អធិប្បាយ​របស់​លោក​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២។

អង្គ​ហេតុ​នៃ​ពាក្យ​បណ្តឹង​របស់​គ.ជ.ប គឺ​ដូចគ្នា​នឹង​អង្គហេតុ​ដែល​លើក​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទាក់​ទង​នឹង​ការ​ថ្លែង​របស់​លោក សុន ឆ័យ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ជាមួយ​សារព័ត៌មាន​អន​ឡាញ​ឌឹ​ខេមបូឌា​ដេលី។ ការ​ថ្លែង​របស់​លោក សុន ឆ័យ ដែល​ឈាន​ទៅ​ដល់​ការ​ប្តឹង​ផ្តល់​នេះ គឺ​ពាក់​ព័ន្ធ​នឹង​ពាក្យ​ពេចន៍​មួយ​ចំនួន​ដូច​ជា​ថា​«លទ្ធផល​នេះ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ វា​មាន​ការ​បំភ័យ វា​មាន​ការ​ទិញ​ វា​មាន​ការ​លួច បាន​នៅ​សល់​ប៉ុណ្ណឹង»។

គ.ជ.ប បញ្ជាក់​ថា​ការ​លើក​ឡើង​នេះ​បាន​ប៉ះពាល់​ដល់​អព្យាក្រឹត្យភាព​របស់​ស្ថាប័ន ដើម្បី​ធានា​ការ​បោះឆ្នោត​មួយ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

នៅ​ក្នុង​ពាក្យ​បណ្តឹង​នោះ ស្ថាប័ន​គ.ជ.ប បាន​ស្នើ​សុំ​តុលាការ​ផ្តន្ទាទោស​លោក សុន ឆ័យ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ និង​ឱ្យ​លោក សុន ឆ័យ ធ្វើ​លិខិត​សុំ​ទោស​គ.ជ.ប ជា​លាយលក្ខណ៍​អក្សរ និង​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ។ បើ​តាម​មាត្រា​៣០៥ ការ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១០​ម៉ឺន​រៀល​ទៅ​១០​លាន​រៀល។

ចំណែក​គណបក្ស​កាន់​អំណាច ​បាន​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៤.០០០​លាន​រៀល ឬ​ប្រហែល​១​លាន​ដុល្លារ​អាមេរិក​ពី​លោក សុន ឆ័យ ផង​ដែរ៕

XS
SM
MD
LG