អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ដែលកំពុងស្ថិតនៅប្រទេសអូស្ត្រាលី បានអះអាងថា លោកនឹងចូលមកតតាំងតាមផ្លូវច្បាប់ ខណៈលោកត្រូវបានកោះហៅឱ្យចូលបំភ្លឺក្នុងនាមជា«ជនសង្ស័យ»ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការអធិប្បាយរបស់លោកអំពីភាពមិនប្រក្រតីនៃការបោះឆ្នោត។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអ្នកនយោបាយជើងចាស់រូបនេះមិនទាន់អាចចូលមកប្រទេសកម្ពុជាបាន តាមការកំណត់កោះហៅរបស់តុលាការ គឺនៅថ្ងៃទី៣០ ខែមិថុនានោះទេ។
ថ្លែងប្រាប់វីអូអេតាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍នេះ លោក សុន ឆ័យ បានឱ្យដឹងថា លោកជាប់ភារកិច្ចនៅក្រៅប្រទេស និងមិនអាចមកកម្ពុជាវិញបាន មុនថ្ងៃ៣០ ខែមិថុនា ដែលជាថ្ងៃកំណត់ឱ្យលោកចូលមកបំភ្លឺនៅតុលាការរាជធានីភ្នំពេញ។ លោកបន្តថា អាស្រ័យហេតុនេះ លោកបានជូនដំណឹងនេះទៅមេធាវីការពារក្តី របស់លោក គឺលោក ជូង ជូងី ដើម្បីស្នើសុំពន្យារពេលការចូលឆ្លើយបំភ្លឺ។
លោក សុន ឆ័យ លើកឡើងថា លោកត្រៀមនឹងចូលរួមតាមនីតិវិធីតុលាការ បើទោះបីលោកចាត់ទុកថាជារឿងធម្មតាមួយចំពោះការប្រើប្រាស់ប្រព័ន្ធផ្លូវច្បាប់ប្រឆាំងអ្នកនយោបាយជំទាស់នៅកម្ពុជា។
លោកថ្លែងថា៖ «មិនជារឿងអីចម្លែកទេបាទ។ ការងារនេះកើតមានចំពោះសមាជិកគណបក្សប្រឆាំងច្រើនរូបហើយ។ ហើយខ្ញុំមួយទៀត មិនមានអ្វីប្លែកទេ។ ហើយកាលណាមានការប្តឹងផ្តល់ អាចនឹងមានការកោះហៅពីតុលាការ ហើយខ្លួនខ្ញុំជាសាមីខ្លួនត្រូវតែចូលខ្លួនបាទ»។
លោក ជូង ជូងី មេធាវីការពារក្តីឱ្យលោក សុន ឆ័យ ប្រាប់វីអូអេថា លោកបានដាក់ពាក្យស្នើសុំការពន្យារពេលការចូលបំភ្លឺតាមសំណើរបស់កូនក្តីលោកទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ។
នៅក្នុងពាក្យសុំពន្យារពេលចេញកាលពីថ្ងៃទី២៩ ខែមិថុនា លោក ជូង ជូងឺ បានរៀបរាប់ទៅព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញថាលោក សុន ឆ័យ កំពុងមានភារកិច្ចនៅក្រៅប្រទេស និងមិនអាចចូលមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តល់ការឆ្លើយបំភ្លឺនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បាននោះទេ។ លោកស្នើសុំពន្យារពេលការចូលបំភ្លឺទៅក្រោយថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ដែលជាពេលវេលាលោក សុន ឆ័យ នឹងមានវត្តមានក្នុងប្រទេសកម្ពុជាវិញ។
លោក ជូង ជូងី ចាត់ទុកការប្តឹងផ្តល់ប្រឆាំងលោក សុន ឆ័យ ពីសំណាក់គណបក្សកាន់អំណាច និងស្ថាប័នរៀបចំការបោះឆ្នោតជារូបភាពគាបសង្កត់មួយមកលើកូនក្តីរបស់លោក។
លោកថ្លែងថា៖ «ទីមួយ គណបក្សដែលមានអំណាចនៅក្នុងរដ្ឋប្តឹងចោទប្រកាន់ឯកឧត្តម សុន ឆ័យ ជាអ្នកនយោបាយបក្សមិនស្រប។ ទីពីរគឺ ស្ថាប័នជាតិមួយ ដែលមានឋានៈខ្ពង់ខ្ពស់ ទៅប្តឹងចោទប្រកាន់សកម្មជននយោបាយនៅក្នុងបក្សមួយ គឺដូចជាមិនសូវសមស្របប៉ុន្មានទេ។ ហាក់ដូចជាបង្ហាញពីគំនាបធ្ងន់ធ្ងរ មិនចង់ឱ្យមានការរិះគន់កែលម្អ»។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ រងពាក្យបណ្តឹងចំនួនពីរ គឺពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងការអធិប្បាយរបស់លោកអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
អង្គហេតុនៃពាក្យបណ្តឹងរបស់គ.ជ.ប គឺដូចគ្នានឹងអង្គហេតុដែលលើកឡើងដោយគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងការថ្លែងរបស់លោក សុន ឆ័យ កាលពីថ្ងៃទី៧ ខែមិថុនា ជាមួយសារព័ត៌មានអនឡាញឌឹខេមបូឌាដេលី។ ការថ្លែងរបស់លោក សុន ឆ័យ ដែលឈានទៅដល់ការប្តឹងផ្តល់នេះ គឺពាក់ព័ន្ធនឹងពាក្យពេចន៍មួយចំនួនដូចជាថា«លទ្ធផលនេះមិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋ វាមានការបំភ័យ វាមានការទិញ វាមានការលួច បាននៅសល់ប៉ុណ្ណឹង»។
គ.ជ.ប បញ្ជាក់ថា ការលើកឡើងនេះបានប៉ះពាល់ដល់អព្យាក្រឹត្យភាពរបស់ស្ថាប័ន ដើម្បីធានាការបោះឆ្នោតមួយប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
នៅក្នុងពាក្យបណ្តឹងនោះ ស្ថាប័នគ.ជ.ប បានស្នើសុំតុលាការផ្តន្ទាទោសលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ និងឱ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោសគ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ។ បើតាមមាត្រា៣០៥ ការបរិហារកេរ្តិ៍ជាសាធារណៈត្រូវពិន័យជាប្រាក់ពី១០ម៉ឺនរៀលទៅ១០លានរៀល។
ចំណែកគណបក្សកាន់អំណាច បានទាមទារសំណងជំងឺចិត្តចំនួន៤.០០០លានរៀល ឬប្រហែល១លានដុល្លារអាមេរិកពីលោក សុន ឆ័យ ផងដែរ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាម (Telegram) នៅថ្ងៃព្រហស្បតិ៍ថា តំណាងអយ្យការបានកោះហៅលោក សុន ឆ័យ ឱ្យចូលខ្លួន ដើម្បីស្តាប់ចម្លើយក្នុងនាមជាជនសង្ស័យ។ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ចំណាត់ការបន្ទាប់របស់តុលាការបានឡើយ៕
លោក សុន ឆ័យ ថាលោកនឹងតតាំងតាមផ្លូវច្បាប់ ខណៈលោកត្រូវតុលាការកោះហៅ
ភ្នំពេញ —