ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ សុន ឆ័យ ​រង​បទ​​បរិហារ​កេរ្តិ៍​តាម​បណ្តឹង​របស់​​បក្ស​កាន់​អំណាច​និង​គ.ជ.ប.​ពាក់ព័ន្ធ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​​​​​​​​​​​​​​​​


រូប​ឯកសារ៖ លោក សុន ឆ័យ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ក្នុង​អំឡុង​ពេល​ផ្តល់​កិច្ចសម្ភាសន៍​ដល់​វីអូអេ នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​ភ្លើងទៀន​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ (ខាន់ សុគុំមនោ/វីអូអេ)
រូប​ឯកសារ៖ លោក សុន ឆ័យ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ក្នុង​អំឡុង​ពេល​ផ្តល់​កិច្ចសម្ភាសន៍​ដល់​វីអូអេ នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​ភ្លើងទៀន​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ (ខាន់ សុគុំមនោ/វីអូអេ)

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក​ សុន ឆ័យ នឹង​ចូល​ខ្លួន​ទៅ​ជំនុំ​ជម្រះ​ផ្ទាល់​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ បន្ទាប់​ពី​អ្នក​នយោបាយ​ជំទាស់​រូប​នេះ​ត្រូវ​បាន​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ចំពោះការ​អត្ថាធិប្បាយពី​ភាព​មិន​ប្រក្រតី​នៃ​ដំណើរការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កន្លង​ទៅ​ជាមួយ​កាសែត​ឌឹ​ខេមបូឌា​ដេលី​ (The Cambodia Daily)។

លោក​ សុន ឆ័យ​ អាយុ​៦៦​ ឆ្នាំ​ បាន​ទទួល​រង​ពាក្យ​បណ្តឹងពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា​ ​ដែល​មិន​យល់​ស្រប​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក​ សុន ឆ័យ​ តាម​ការ​ប្រើប្រាស់ពាក្យ​ពេចន៍​មួយ​ចំនួន​ពាក់ព័ន្ធ​លទ្ធផល​បោះឆ្នោត​ ដូច​ជា​ការ​និយាយ​ថា​«លទ្ធផល​នេះ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ប្រជា​ពលរដ្ឋ។ វា​មាន​ការ​បំភ័យ។​ វា​មាន​ការ​ទិញ។ វា​មាន​ការ​លួច បាន​នៅ​សល់​ប៉ុណ្ណឹង»។ ​ចំណែក​គ.ជ.ប.​បាន​អះអាង​ថា​ ពាក្យ​សម្តី​របស់​លោក ​សុន ឆ័យ​ ជុំវិញ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ថ្ងៃ​ទី​៥ ​ខែ​មិថុនា​នោះមាន​ចរិត​បរិហារ​កេរ្តិ៍ស្ថាប័ន​ជាតិ​រៀបចំ​ការបោះឆ្នោត។​

ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​កម្ពុជា​យល់​ថា​ ចំណាត់ការ​ច្បាប់​របស់​តុលាការ​មក​លើ​លោក​ សុន ឆ័យ​ នេះ​ជាការ​វាយ​ប្រហារ​ទៅ​លើ​គណបក្ស​ប្រឆាំង​ដែល​ចាប់​ផ្តើមដំណើរការ​ឡើងវិញ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​ហើយ​ក៏​នឹង​ធ្វើឱ្យ​គណបក្ស​នេះធ្លាក់ប្រជា​ប្រិយភាព​ មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣។​ ​

​អ្នក​វិភាគ​នយោបាយ​លោក​ សេង​ សារី​ កត់​សម្គាល់​ថា ​លោក​ សុន ឆ័យ ​ជា​បុគ្គល​ម្នាក់​ដែល​មាន​ប្រជា​ប្រិយ​ភាពក្នុង​គណបក្ស​ភ្លើង​ទៀន​ ដូច្នេះការ​ប្តឹងផ្តល់​របស់​គណបក្ស​កាន់​អំណាច​ទំនង​ជា​ចង់​បន្ថយ​សំឡេង​គាំទ្រ​របស់​គណបក្ស​ប្រឆាំង​ដែល​ទើប​ចាប់​ផ្តើម​ដំណើរ​ការ​ឡើង​វិញ​នេះ។​

លោក​បន្ថែម​ថា​ ​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​លោក ​សុន ឆ័យ ​យ៉ាង​ដូច្នេះ​ទៀត​សោត​គឺ​ដើម្បីកុំ​ឱ្យ​មាន​ការ​រាំង​ស្ទះ​នូវ​ផែន​ការផ្ទេរ​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​មនុស្ស​ជំនាន់​ថ្មី​របស់​ខ្លួន​ ខណៈ​ពិភពលោក​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ធំៗ​តួយ៉ាង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​ និង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ​ដែល​នាំ​ឱ្យបញ្ហា​កម្ពុជា​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​នោះ​ឡើយ។

លោក​ថ្លែង​ថា៖ ​«កត្តា​មួយ​ទៀត ​ដែល​ជា​កត្តា​រាំង​ស្ទះ​គឺ​ទាក់​ទង​កម្លាំង​នយោបាយ​ដែល​កំពុង​តែ​មាន​ចំនួន​ប្រមាណ​ជិត​២​លាន​[នាក់]​នេះ​នឹង​អាច​ចូល​រួមការ​បោះ​ឆ្នោត​ឆ្នាំ​២០​២៣។​ ហើយ​កម្លាំង​នេះ​នៅ​តែ​ជា​ក្តី​បារម្ភ​របស់​គណបក្ស​ប្រជាជន​ ហើយ​ជា​ពិសេស​ក្តី​បារម្ភ​នៅ​ក្នុង​ការ​ផ្ទេរ​អំណាច​របស់​គណបក្ស​ប្រជាជន​ទៅ​មនុស្ស​ជំនាន់​ថ្មី​របស់​ខ្លួន​ដែរ»។​

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ លោក ​ឯម សុវណ្ណារ៉ា​ បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​រួម​តូច​បន្ថែម​ទៀត​នៃ​លម្ហ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ នៅ​ពេល​លោក​សុន ឆ័យ​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ចំពោះ​ការ​ហ៊ាន​ចេញមុខ​រិះគន់​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ថ្មីៗ​នេះ។​ ​

​លោក​ថ្លែង​ថា៖ ​«នៅ​ពេល​ដែល​ចរន្ត​នៃ​ការ​ប្តឹង​អ្នក​ដែល​មាន​សំឡេង​រិះគន់ចំណុច​អវិជ្ជមាន​ច្រើន​នោះ​កើត​ឡើង​ អ៊ីចឹង​លទ្ធ​ផល ​ឬ​ក៏​វិសាល​ភាព​ទម្រង់​នៃ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​ក្រោយ​ហ្នឹង​វា​បាត់​នូវ​លំហ​ នូវ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ធំ​ណាស់។ ​ជាពិសេស​ចេញ​ពី​សង្គមស៊ីវិល​ និង​អ្នក​នយោបាយ​នៅ​ក្រៅ​រដ្ឋាភិបាល​ លែង​សូវ​មាន​មតិ​លើក​ឡើង​ពាក់ព័ន្ធ​ចំណុច​ខ្វះខាត​ ចំណុច​អវិជ្ជមាន»។​

ចំណែក​មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល​លោក​ កន សាវាង្ស​ ចង់​ឃើញ​រដ្ឋាភិបាល​ និង​ស្ថាប័ន​គ.ជ.ប.​ បង្ហាញ​លទ្ធ​ភាព​នៃការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក ​សុន ឆ័យ​ ​ដើម្បី​ធ្វើ​ឱ្យ​បរិយាកាស​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០២៣​ ​មាន​ភាព​ប្រសើរ​សម្រាប់ការ​ចូលរួម​ប្រកួត​ប្រជែង​ដល់​គ្រប់​ភាគី ​គណបក្ស​ និង​សកម្មជន​នយោបាយ។​

បើ​តាម​ដីកា​បញ្ជូន​សំណុំ​រឿង​ទៅ​ជំនុំជម្រះ​ផ្ទាល់ ​ចុះ​ថ្ងៃ​ទី​៩ ​ខែ​សីហារបស់​សាលា​រាជធានី​ភ្នំពេញ​ លោក​ព្រះ​រាជ​អាជ្ញា​រង​ ប្លង់​ សុផល​ បាន​សម្រេចចោទ​លោក​ សុន ឆ័យ​ ពី​បទបរិហារ​កេរ្តិ៍​ជា​សាធារណៈ ​ដោយ​មាន​ភ្ជាប់​ភ័ស្តុតាង​ដែល​ជា​បទ​សម្ភាសន៍​របស់​លោក​ សុន​ ឆ័យ​ ក្នុង​កម្មវិធី​ IDEA TALK ​របស់​សារ​ព័ត៌មាន ​The Cambodia Daily ​និង​ការ​អះអាង​ផ្សេងៗ​ទៀតពាក់ព័ន្ធចម្លើយ​ និង​ការ​ដាក់​ឯកសារ​ជា​ភ័ស្តុតាង​របស់​ជន​សង្ស័យលោក ​សុន ឆ័យ​ និង​មេធាវី។​

​វីអូអេ​បាន​ទាក់​ទង​ទៅ​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក​ សុន ឆ័យ ​ប៉ុន្តែ​លោក​ឱ្យ​អ្នក​សារ​ព័ត៌មាន​ទៅ​សួរ​មេធាវី​តំណាងលោក​វិញ។​

លោក​ ជួង ជូងី​ មេធាវី​ក្តី​តំណាង​ឱ្យ​លោក ​សុន ឆ័យ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះថា​ លោក​នឹង​ពិភាក្សា​ជាមួយ​កូនក្តីទាក់​ទង​នឹង​នីតិវិធីបន្ត​បន្ទាប់​ទៀត។ ​ប៉ុន្តែ​លោក​បញ្ជាក់​ជាថ្មី​ទៀត​ថា​ ​លោក ​សុន ឆ័យ ​មិន​បាន​ប្រមាថ​ កាត​ទាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គ.ជ.ប.​នោះ​ទេ​ទាក់ទង​ការ​បោះឆ្នោត​កន្លង​មក​ និង​ថា បណ្តឹង​របស់​គ.ជ.ប.​ប្រឆាំង​នឹង​លោក ​សុន ឆ័យ​ ជា​សញ្ញាណ​មិន​ល្អចំពោះ​ការ​រៀបចំ​ការ​បោះឆ្នោត​មួយ​ដោយ​សេរី​ ត្រឹម​ត្រូវ​ និង​យុត្តិធម៌​នៅ​ពេល​ខាង​មុខ។ ​

លោក​ថ្លែង​ថា៖ ​«គាត់​ជា​អ្នក​នយោបាយ​មាន​ប្រជាប្រិយ​ក្នុង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ ហើយ​កន្លង​មក​ហ្នឹង​គាត់​លើក​ពី​បញ្ហា​មិន​ប្រក្រតី​ពាក់ព័ន្ធ​ការ​បោះឆ្នោត​ ប៉ុន្តែ​បែរ​ជា​គ.ជ.ប. ​ជា​អាជ្ញា​កណ្តាល​គឺ​បែរ​ជា​មក​ប្តឹង​គាត់។​ អាហ្នឹង​ក្នុង​លក្ខណៈ​មួយ​ថា​ អាជ្ញា​កណ្តាល​មក​ធ្វើ​ជា​កីឡាករ​មក​ប្រដាល់​ជាមួយ​គាត់​វិញ។ ​អាហ្នឹង​ដូចជា​ខ្ញុំ​មើល​ឃើញ​ទៅ​វា​មិន​សូវ​ល្អ»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពីលោក ​គី តិច​ មេធាវី​តំណាង​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​តាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទ​បាន​នៅ​ឡើយទេ​ ​នៅ​ថ្ងៃ​សុក្រ​នេះ។​

អ្នក​នាំ​ពាក្យ​គណបក្ស​គ្រប់​គ្រង​ប្រទេស​លោក ​សុខ ឥសាន​ យល់​ថា​ ពាក្យ​សម្តី​របស់​លោក​ សុន ឆ័យ សម​នឹង​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​តុលាការ ​ដោយ​សារ​ការ​និយាយ​របស់​គាត់កន្លង​មកអំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​នេះធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ និង​ប៉ះពាល់​សិទ្ធិ​អ្នក​ដទៃ។​

លោក​ប្រាប់​វីអូអេថា៖ «ហើយ​បើ​យើង​និយាយ​ប្រើ​សិទ្ធិ​របស់​យើង​អត់​មាន​ព្រំដែន​អ៊ីចឹង​ វា​ប៉ះ​សិទ្ធិ​អ្នក​ដទៃ។ ​ហើយ​បើ​ប៉ះ​សិទ្ធិ​អ្នក​ដទៃ​ គេ​ត្រូវ​រក​អាជ្ញា​កណ្តាល​គឺ​តុលាការ​ហ្នឹង​ហើយ។ ​ដល់​គេ​មិន​រក​តុលាការ​ ​ថា​គេ​ប្រើ​ច្បាប់​ព្រៃ។​ ទាល់​តែ​គេរក​តុលាការ​ ហៅ​ថា ​គេ​ចង់​ជិះ​ជាន់​ យក​តុលាការ​ធ្វើជា​ខែល។​ អាហ្នឹង​វា​មិន​ត្រឹម​ត្រូវ​ទេ»។​

ស្រដៀង​គ្នា​នឹង​ការ​អត្ថាធិប្បាយ​របស់​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុ​ជា​ដែរ​ ​អគ្គ​លេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ លោក ​សោម សូរីដា​ ​ចាត់​ទុក​ថា​ ​សម្តី​របស់​លោក​ សុន ឆ័យ ​ដែល​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​កាសែត ​The Cambodia Daily ​ជា​ការ​ប្រមាថ ​ពោល​គឺ​មិនមែន​ជា​ទម្រង់​នៃ​ការ​បញ្ចេញ​មតិ​ទេ។​

លោក​ថ្លែង​ថា៖​«ការ​លើក​ឡើង​អំពី​ភាព​មិន​ប្រក្រតី​វា​ជា​សិទ្ធិ​បញ្ចេញ​យោបល់​របស់​ភាគី​ពាក់ព័ន្ធ ក៏​ប៉ុន្តែ​ការ​ប្រមាថ​ត្រង់ៗ​ ដែល​ចោទ​ប្រកាន់​ស្ថាប័ន​ជាតិ​មួយ​ថា​ ជា​ចោរ​គឺ​មិន​មែន​ជា​ការ​បញ្ចេញ​មតិ​ទេ»។​ ​

បើ​តាមលោក ​សោម សូរីដា​ នៅ​ពេល​ណា​លោក ​សុន ឆ័យ ធ្វើ​លិខិត​សុំទោស​ជា​សាធារណៈ​ នោះ​គ.ជ.ប.​នឹង​ពិចារណា​បញ្ឈប់​ការប្តឹង។​ ​

ប្រធាន​ស្តីទីគណបក្ស​ភ្លើង​ទៀន​លោក​ ថាច់ សេដ្ឋា ​និយាយ​ថា​ ការ​ចោទ​ប្រកាន់​របស់​តុលាការ​មក​លើ​លោក​ សុន ឆ័យ ជាការ​គំរាមកំហែង​ផ្នែក​នយោបាយ ​និង​អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​រង​ការ​ថ្កោល​ទោស​ពី​សហគមន៍​អន្តរជាតិចំពោះ​ការ​មិន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ។​

លោក​ថ្លែង​ថា៖ ​«យើង​មិន​អាច​ទទួល​យក​បាន​ទេ ​សូម​ឱ្យ​វែក​ញែក​ឱ្យ​ដាច់​ពី​គ្នា​ ឱ្យ​ច្បាស់​ពី​គ្នា​ ថា​តើការ​ប្រមាថមាន​លក្ខណៈ​បែប​ណា ​ហៅ​ថា​ប្រមាថ? ​ហើយ​ចុះ​ពេល​ដែល​បោះឆ្នោត​ យើង​មាន​ច្បាប់​បទ​បញ្ញត្តិ​ណាមួយ​ដែល​បាន​ចែង​ពីរឿង​ប្រមាថ​ទេ។ ​ការ​រិះ​គន់​ ការ​វាយ​ប្រហារ​គ្នា​ទៅវិញ​ទៅមក​ ដូច​ជា​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ក្នុង​[ប្រទេស]​នានា​លើ​សកល​លោក ​ការ​វាយ​ប្រហារ ​ការ​រិះ​គន់​គ្នា​បែប​នេះ​គឺជា​ការ​ប្រមាថដែរ​ឬ?​ អាហ្នឹង​សូម​ញែក​ឱ្យ​ដាច់»។​

បន្ថែម​ពី​នេះ ​លោក​ទាមទារ​ឱ្យ​ស្ថាប័ន​គ.ជ.ប.​គួរតែ​យក​ពេលស្តាប់​នូវ​ការ​លើក​ឡើង​របស់​គណបក្ស​នយោបាយ​ផ្សេងៗ​ និង​សង្គម​ស៊ីវិល​ក្នុង​ការ​កែ​លម្អ​ដំណើរការ​បោះឆ្នោត​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ជាជាង​ការ​ចោទ​ប្រកាន់​បែប​នេះ។​

កន្លង​មក​ លោក ​សុន ឆ័យ​ ដែល​ជា​អតីត​តំណាង​រាស្ត្រ​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ បាន​ផ្តល់​ការ​ពន្យល់​ទៅ​កាន់​ស្ថាប័ន​អយ្យការ​អម​តុលាការ​រាជធានី​ភ្នំពេញ​ថា​ ការ​ឆ្លើយតប​របស់​គាត់ទៅនឹង​អ្នក​កាសែត​ The Cambodia Daily​ ដោយ​យោង​លើ​ព្រឹត្តិ​ការណ៍​កើត​ឡើង​អំឡុង​ពេល​នៃ​ការ​រៀបចំ​ការ​បោះឆ្នោត​ និង​ក្នុងថ្ងៃ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាលពី​ខែ​មិថុនា​កន្លង​មកនោះ គឺ​គ្មានការ​បំភ្លៃ​ខុស​ការណ៍​ពិត​ ផ្តល់​ព័ត៌មាន​ក្លែង​ក្លាយ​ក្នុង​ចេតនា​ទម្លាក់​កំហុស​ និង​មួល​បង្កាច់​ ដែល​ប៉ះពាល់​ដល់​កិត្តិយស​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ឬ​គណបក្ស​កាន់​អំណាច​នោះ​ឡើយ៕

XS
SM
MD
LG