អនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ នៅក្នុងសប្តាហ៍នេះ បានដាក់បន្ថែមចម្លើយជូនស្ថាប័នអយ្យការអមតុលាការរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងបណ្តឹងចំនួនពីរ ទាក់ទិននឹងការអត្ថាធិប្បាយរបស់លោកជាមួយប្រព័ន្ធផ្សព្វផ្សាយ អំពីភាពមិនប្រក្រតីនៃការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
យោងតាមចម្លើយបន្ថែមរបស់លោក សុន ឆ័យ ដែលមានកម្រាស់៥ទំព័រ និងដែលបានបញ្ជូនចូលដល់ដៃអយ្យការកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ គណបក្សភ្លើងទៀនបានប្រឈមមុខនឹងការយាយីជាច្រើនរូបភាពគិតចាប់តាំងពីការចាប់ផ្តើមដំណើរការគណបក្សនេះឡើងវិញ រហូតដល់ដំណាក់កាលបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
លោក សុន ឆ័យ រៀបរាប់ថា នៅមុនដំណាក់កាលឃោសនា មានការបំភិតបំភ័យពីសំណាក់អាជ្ញាធរដែនដី មកលើសមាជិកគណបក្សក្រៅរដ្ឋាភិបាលជាពិសេស ការគំរាមដកប័ណ្ណក្រីក្រ មិនសម្រួលឯកសារនានា បើចូលរួមគាំទ្រគណបក្សក្រៅរដ្ឋាភិបាល។ នៅក្នុងដំណាក់កាលឃោសនា លោក សុន ឆ័យ លើកឡើងថា មន្ត្រីរាជការ ដែលជាបុគ្គលិកអព្យាក្រឹតតាមផ្លូវច្បាប់ចូលរួមយ៉ាងសកម្ម និងចំហ ជួយឃោសនាឲ្យគណបក្សកាន់អំណាច។
អំឡុងពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត លោក សុន ឆ័យ រំឭកឡើងវិញនូវបណ្តឹងជាច្រើនរបស់គណបក្សភ្លើងទៀន ដែលប្តឹងជំទាស់នឹងភាពមិនប្រក្រតីផ្សេងៗដូចជា វត្តមានរបស់អាជ្ញាធរដែនដី ជាពិសេសមេភូមិ អនុភូមិ របស់គណបក្សកាន់អំណាចនៅក្បែរការិយាល័យបោះឆ្នោត ដោយមានបញ្ជីកត់ឈ្មោះអ្នកបោះឆ្នោត។ ហើយរាប់សន្លឹកឆ្នោតដោយបិទទ្វារបង្អួចការិយាល័យ និងមណ្ឌលបោះឆ្នោត ហើយពេលរាប់សន្លឹកឆ្នោត មានការដេញអ្នកបោះឆ្នោតចេញពីមណ្ឌលបោះឆ្នោត និងមិនបិទផ្សាយទម្រង់១១០២ នៅការិយាល័យបោះឆ្នោត និងពន្យារពេលចែកទម្រង់១១០២ នៅគណៈកម្មការឃុំសង្កាត់ រៀបចំការបោះឆ្នោត។
បន្ទាប់ពីរៀបរាប់ភាពមិនប្រក្រតីខាងលើនេះ នៅក្នុងឯកសារផ្តល់ចម្លើយបន្ថែមជូនទៅតំណាងអយ្យការ លោកសុន ឆ័យ បានលើកឡើងក្នុងន័យដើមថា៖
«ដោយយោងលើហេតុការណ៍ ដែលមានថ្លែងពីប្រភពទាំងឡាយ ដូចបានជម្រាបជូនខាងលើ ពីភាពមិនប្រក្រតីនោះហើយ ដែលរូបខ្ញុំបាទឆ្លើយតបនឹងអ្នកកាសែត The Cambodia Daily ដោយយោងលើព្រឹត្តិការណ៍ទាំងអស់នោះ ដោយមិនបានបំភ្លៃខុសការពិត ផ្តល់ព័ត៌មានក្លែងក្លាយ ក្នុងចេតនាទម្លាក់កំហុស និងមួលបង្កាច់ ដែលប៉ះពាល់ដល់កិត្តិយសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬគណបក្សកាន់អំណាចនោះឡើយ»។
អនុប្រធានគណបក្សជំទាស់រូបនេះបន្ថែមថា៖«ដូចនេះ ខ្ញុំសង្ឃឹមថា គ.ជ.ប នឹងបានយល់ពីបំណងពិតរបស់ខ្ញុំ ដែលពុំមានបំណងនិយាយអ្វី ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័នជាតិនោះទេ ប៉ុន្តែជាការតវ៉ាពីភាពមិនប្រក្រតីទាំងឡាយ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅ»។
បើតាមចម្លើយលោក សុន ឆ័យ គ.ជ.ប មានភារកិច្ចដោះស្រាយរាល់ការតវ៉ាពីភាពមិនប្រក្រតី នៃការបោះឆ្នោត តែមិនមានចំណុចណាក្នុងច្បាប់ឲ្យប្តឹងទៅតុលាការនោះទេ។
គួររំឭកឡើងវិញផងដែរថា លោក សុន ឆ័យ បានរងពាក្យបណ្តឹងពីរផ្ទួនៗគ្នា បន្ទាប់ពីផ្តល់សម្ភាសន៍ដល់សារព័ត៌មាន The Cambodia Daily ដែលផ្សាយតាមប្រព័ន្ធហ្វេសប៊ុក។
បណ្តឹងទី១គឺ ប្តឹងដោយគណបក្សកាន់អំណាច ដែលត្រូវបានធ្វើឲ្យរំខានចិត្តដោយការថ្លែងរបស់លោក សុន ឆ័យ កាលពីថ្ងៃទី៧ខែមិថុនា ឆ្នាំ២០២២ដែលមានពាក្យពេចន៍មួយចំនួនដូចជាការនិយាយថា«លទ្ធផលនេះមិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋ វាមានការបំភ័យ វាមានការទិញ វាមានការលួចបាននៅសល់ប៉ុណ្ណឹង»។
គណបក្សប្រជាជនកម្ពុជាបានប្តឹងទារសំណងជំងឺចិត្ត១លានដុល្លារពីលោក សុន ឆ័យ។ ចំណែកបណ្តឹងទី២ គឺជារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ខ្លឹមសារបណ្តឹងរបស់គ.ជ.ប គឺស្រដៀងគ្នានឹងពាក្យបណ្តឹងរបស់គណបក្សកាន់អំណាច។
នៅក្នុងការដាក់បន្ថែមចម្លើយជូនព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សុន ឆ័យបានសំណូមពរ គ.ជ.ប ដកពាក្យបណ្តឹង និងស្នើសុំតំណាងអយ្យការ «តម្កល់រឿងនេះ ទុកដោយឥតចាត់ការ»។
អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក ប្លង់ សុផល បញ្ជាក់សំឡេងសហរដ្ឋអាមេរិក (VOA) តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា លោកបានទទួលចម្លើយបន្ថែមរបស់លោក សុន ឆ័យ ហើយថាលោកកំពុងពិនិត្យឯកសាររបស់លោក សុន ឆ័យ ដើម្បីធ្វើការសម្រេច។
អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា ចាត់ទុកថា ការដាក់ចម្លើយបន្ថែមរបស់លោក សុន ឆ័យ ជារឿងឥតបានការ បើសិនលោក សុន ឆ័យ មិនចេញលិខិតសុំទោសជាសាធារណៈ ចំពោះអ្វីដែលលោក សុន ឆ័យ បាននិយាយប្រមាថមកលើគ.ជ.បនោះ។
លោក សោម សូរីដា ប្រាប់វីអូអេបន្ថែមនៅថ្ងៃព្រហស្បតិ៍នេះថា បើគ្មាការសុំទោសទេ ក៏គ្មានការដកពាក្យបណ្តឹងដែរ។
លោកថ្លែងថា៖«ដូចគ.ជ.ប បានដាក់នៅក្នុង ពាក្យបណ្តឹងរបស់ខ្លួនអ៊ីចឹង លោក សុន ឆ័យ ត្រូវសុំទោសជាសាធារណៈ ជាលាយលក្ខណ៍អក្សរ ដូច្នេះ អត់មានអីត្រូវមានការដកដោយគ្មានហេតុផលនោះទេ»។
លោក សុន ឆ័យ ប្រតិកម្មថា លោកកំពុងបំពេញទៅតាមនីតិវិធីរបស់តុលាការ ដូច្នេះរាល់ការសម្រេចយ៉ាងណាលើសំណើរបស់លោក គឺនៅលើតុលាការតែប៉ុណ្ណោះ។ លោកថ្លែងថា៖
«ខ្ញុំចាំស្តាប់ពីតុលាការបាទ។ ខ្ញុំអត់ស្តាប់ពីអ្នកប្តឹងខ្ញុំទេបាទ»។
បើតាមឯកសារចម្លើយបន្ថែមរបស់លោក សុន ឆ័យ ដាក់ជូនស្ថាប័នអយ្យការ មេដឹកនាំគណបក្សភ្លើងទៀនរូបនេះ ផ្តល់សេចក្តីពន្យល់ថា ការលើកឡើងក្នុងកិច្ចសម្ភាសន៍របស់សារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នោះ លោកមិនមានបំណងទាល់តែសោះ ក្នុងការនិយាយបរិហាកេរ្តិ៍ជាសាធារណៈ ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬចំពោះគណបក្សនយោបាយណាមួយនោះទេ ដោយការឆ្លើយរាល់សំណួរទាំងឡាយរបស់អ្នកកាសែតឈ្មោះ តាំង សារ៉ាដា គឺធ្វើឡើងដោយឥតព្រាងទុក និងបានឆ្លើយជាការតស៊ូមតិនៅពេលដែលគ.ជ.ប មិនទាន់បានប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ជាផ្លូវការនៅឡើយ។
មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែលលោក កន សាវាង្ស ថ្លែងដោយមិនសំដៅដល់ករណីប្តឹងផ្តល់លោក សុន ឆ័យ ថា អង្គការសង្គមស៊ីវិលដែលតាមដានការបោះឆ្នោត បន្តផ្តល់តម្លៃលើលក្ខខណ្ឌអប្បបរមា៦ចំណុច ពាក់ព័ន្ធសិទ្ធិបញ្ចេញមតិ ការជួបជុំដោយសន្តិវិធី និងសិទ្ធិនយោបាយ ដើម្បីកំណត់ថាការបោះឆ្នោតមួយដំណើរការទៅដោយសេរី និងយុត្តិធម៌ ឬក៏ត្រូវការកែសម្រួលបន្ថែមទៀត៕