ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនិងអតីតអនុប្រធានាធិបតីលោក Joe Biden ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បាននិយាយតទល់គ្នានៅក្នុងការជជែកដេញដោលគ្នាលើកដំបូងនាយប់ថ្ងៃអង្គារ ទី២៩ ខែកញ្ញា។
ក្នុងដំណាក់កាលដំបូងនៃការជជែកដេញដោលរយៈពេល ៩០ នាទីនេះ លោក Trump បានប្រើប្រាស់យុទ្ធសាស្ត្រវាយប្រហារជាពាក្យសម្តីនិងនិយាយរំខាន ពេលលោក Biden កំពុងឆ្លើយនឹងសំណួរពីអ្នកសម្របសម្រួលកម្មវិធីជជែកដេញដោលគ្នានេះ។នេះគឺជាយុទ្ធសាស្ត្រស្រដៀងគ្នាដែលលោក Trump បានធ្វើរាល់ពេលលោកឆ្លើយនឹងសំណួរពីអ្នកសារព័ត៌មាន និងក្នុងសន្និសីទសារព័ត៌មានទូទៅ។ នេះបើយោងតាមសារព័ត៌មាន Reuters។
លោក Trump បាននិយាយកាត់លោក Biden និងអ្នកសម្របសម្រួលលោក Chris Wallace ដែលជាអ្នកយកព័ត៌មានឲ្យសារព័ត៌មាន Fox News ម្ដងហើយម្ដងទៀត នៅក្នុងដំណាក់កាលពិភាក្សាដំបូង ដែលផ្តោតលើការតែងតាំងបេក្ខជនចៅក្រមតុលាការកំពូលថ្មី និងអំពីច្បាប់ថែទាំសុខភាព Affordable Care Act។
ពន្ធលើប្រាក់ចំណូល
នៅពេលត្រូវបានសួរអំពីការបង់ពន្ធលើប្រាក់ចំណូលជូនរដ្ឋាភិបាលលោក Trump មិនបានឆ្លើយថា តើនៅពេលណាឯកសារបង់ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនរបស់លោក នឹងត្រូវបានបង្ហាញជាសាធារណៈដូចដែលលោកធ្លាប់បានសន្យាថានឹងបង្ហាញនោះទេ។
លោកត្រូវបានអ្នកសម្របសម្រួលសួរពាក់ព័ន្ធនឹងការបង់ពន្ធលើប្រាក់ចំណូលនេះ បន្ទាប់ពីកាសែត The New York Times បានរកឃើញថា លោក Trump បានបង់ពន្ធលើប្រាក់ចំណូលត្រឹមតែ៧៥០ដុល្លារប៉ុណ្ណោះក្នុងឆ្នាំ២០១៦ និងឆ្នាំ ២០១៧។
សារព័ត៌មាន AP បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកទាំងអស់ លើកលែងតែលោក Trump បានបង្ហាញឯកសារបង់ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនជាសាធារណៈ ចាប់តាំងពីរដ្ឋបាលលោកប្រធានាធិបតី Richard Nixon មក។
កម្មវិធីធានារ៉ាប់រងសុខភាព
លោក Trump បានចោទលោក Biden ថាគាំទ្រឲ្យមានការលុបបំបាត់កម្មវិធីធានារ៉ាប់រងសុខភាពឯកជន។ លោក Trump ថ្លែងថា គណបក្សប្រជាធិបតេយ្យនៅតែចង់លុបបំបាត់គម្រោងធានារ៉ាប់រងសុខភាពឯកជន ហើយបានអះអាងថា គណបក្សប្រជាធិបតេយ្យបានបង្ខំលោក Biden ឲ្យធ្វើតាមការចង់បានរបស់បក្ស។ នេះបើយោងតាមសារព័ត៌មាន AP។
លោក Biden បានឆ្លើយតបវិញថា៖ «គណបក្សខ្ញុំគឺខ្ញុំជាអ្នកដឹកនាំ។ ក្នុងពេលនេះ ខ្ញុំគឺជាគណបក្សប្រជាធិបតេយ្យ»។
បញ្ហាជាតិសាសន៍
នៅពេលលោក Chris Wallace សួរលោក Trump ថា តើលោកមានឆន្ទៈក្នុងការថ្កោលទោសក្រុមប្រកាន់ស្បែកសជ្រុលនិយម និងក្រុមយោធាដែរឬទេ លោក Trump បានឆ្លើយដោយបង្វែរសំណួរនេះថា៖
«ខ្ញុំសូមនិយាយថា អ្វីគ្រប់យ៉ាងដែលខ្ញុំមើលឃើញ គឺកើតឡើងពីក្រុមសេរីនិយម (ឆ្វេងនិយម) មិនមែនក្រុមអភិរក្សនិយម (ស្តាំនិយម) ទេ។ ខ្ញុំមានឆន្ទៈនឹងធ្វើអ្វីគ្រប់យ៉ាង។ ខ្ញុំចង់ឃើញសន្តិភាព»។
ការតែងតាំងបេក្ខជនតុលាការកំពូលថ្មី
ទាក់ទិននឹងការតែងតាំងអ្នកស្រី Amy Convey Barrett ជាបេក្ខជនចៅក្រមតុលាការកំពូលថ្មី លោក Trump បានថ្លែងនៅក្នុងការជជែកដេញដោលលើកទី១នេះថា គណបក្សសាធារណរដ្ឋ «បានឈ្នះការបោះឆ្នោត ដូច្នេះយើងមានសិទ្ធិក្នុងការជ្រើសរើស» អ្នកស្រី Barrett ជាចៅក្រមជំនួសអាសនៈអ្នកស្រី Ruth Bader Ginsburg។
លោក Trump បានបន្ថែមថា លោកយល់ថា អ្នកនយោបាយគណបក្សប្រជាធិបតេយ្យ«ទំនងជាមិនគិតគូរតែងតាំងបេក្ខជនថ្មីទេ» បើសិនជាពួកគេមានឱកាសតែងតាំងបេក្ខជនចៅក្រមតុលាការកំពូល ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន AP លោក Biden និងអ្នកនយោបាយគណបក្សប្រជាធិបតេយ្យផ្សេងទៀត បានប្រឆាំងនឹងការតែងតាំងបេក្ខជនចៅក្រមតុលាការកំពូលថ្មី ដោយសារតែការបដិសេធរបស់អ្នកនយោបាយគណបក្សសាធារណរដ្ឋកាលពីឆ្នាំ ២០១៦ ដោយមិនព្រមពិចារណាជម្រើសរបស់លោកប្រធានាធិបតី Barack Obama ក្នុងការតែងតាំងបេក្ខជនចៅក្រមតុលាការកំពូលថ្មី ជំនួសអាសនៈលោក Antonin Scalia។ ក៏ប៉ុន្តែ លោក Biden មិនបានលើកឡើងអំពីចំណុចនេះនៅក្នុងការជជែកដេញដោលគ្នាជាមួយលោក Trump នោះទេ។
លោក Biden បានថ្លែងថា អ្នកស្រី Barrett ទំនងជា«មនុស្សមានបុគ្គលិកលក្ខណៈល្អ» ប៉ុន្តែ ការតែងតាំងបេក្ខភាពរបស់អ្នកស្រី បន្ទាប់ពី«ពលរដ្ឋរាប់ពាន់នាក់បានបោះឆ្នោតនោះ» គឺជាបញ្ហា។
សុចរិតភាពនៃដំណើរការបោះឆ្នោត
លោក Trump និងលោក Biden មានទស្សនៈខុសគ្នាស្រឡះ ទាក់ទិននឹងសុចរិតភាពនៃដំណើរការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះ។
នៅក្នុងការជជែកដេញដោលគ្នាលើកទី ១ នេះ លោក Biden បានជំរុញឲ្យអ្នកបោះឆ្នោតចេញទៅបោះឆ្នោត ហើយកុំភិតភ័យដោយសារតែការលើកឡើងរបស់លោក Trump ដែលថា លោកនឹងមិនទទួលយកលទ្ធផលឆ្នោត។ លោក Trump បានបន្តបង្ហាញភាពមន្ទិលសង្ស័យរបស់លោកលើសុចរិតភាពនៃការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍សម្រាប់ការបោះឆ្នោតប្រធានាធិបតីខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មាន AP។
លោក Biden បានថ្លែងថា៖ «សូមបោះឆ្នោតតាមមធ្យោបាយណា ដែលល្អប្រសើរសម្រាប់អ្នក ពីព្រោះគាត់ [លោក Trump] នឹងមិនអាចរារាំងអ្នកមិនឲ្យកំណត់លទ្ធផលនៃការបោះឆ្នោតនេះបានទេ»។
លោក Biden បានយល់ព្រមថា លោកនឹងមិនប្រកាសអំពីជ័យជម្នះរបស់លោក មុននឹងសន្លឹកឆ្នោតត្រូវបានរាប់អស់ទេ ហើយថាលោកនឹងទទួលយកសេចក្តីសម្រេចចុងក្រោយរបស់អ្នកបោះឆ្នោត។
សារព័ត៌មាន AP បានរាយការណ៍ថា លោក Trump បានបន្តលើកឡើងអំពីការបំផ្លៃទាក់ទិននឹងការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ ដោយលោកបានលើកឡើងថា អ្នកអង្កេតការណ៍នៅតាមមណ្ឌលបោះឆ្នោតរបស់លោក ត្រូវបានរារាំងមិនឲ្យចូលក្នុងមណ្ឌលបោះឆ្នោតមុនថ្ងៃបោះឆ្នោតនៅរដ្ឋ Philadelphia កាលពីថ្ងៃអង្គារ។ អ្នកអង្កេតការណ៍នៅតាមមណ្ឌលបោះឆ្នោតមិនទាន់បានទទួលការអនុញ្ញាតឲ្យតាមដានដំណើរការបោះឆ្នោតជាផ្លូវការនៅឡើយទេ៕