ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកTrump និង​លោក Biden នឹង​ជជែក​ដេញដោល​គ្នា​លើក​ទី​មួយ​នៅ​យប់​ថ្ងៃ​អង្គារ​នេះ


ឆាក​សម្រាប់​ជជែក​ដេញដោលលើក​ទី​មួយ​រវាង​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ លោក Donald Trump និង​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Joe Biden នៅ​ថ្ងៃ​ នៅ​ទីក្រុង Cleveland រដ្ឋ Ohio ទី ២៩ ខែកញ្ញា។
ឆាក​សម្រាប់​ជជែក​ដេញដោលលើក​ទី​មួយ​រវាង​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ លោក Donald Trump និង​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Joe Biden នៅ​ថ្ងៃ​ នៅ​ទីក្រុង Cleveland រដ្ឋ Ohio ទី ២៩ ខែកញ្ញា។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក Joe Biden ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ នឹង​ធ្វើការ​ជជែក​ដេញដោល​គ្នា​ជា​លើក​ដំបូង​នៅ​យប់​ថ្ងៃ​អង្គារ​នេះ គឺ​ក្នុង​ពេល ៥ សប្ដាហ៍​មុន​ការ​បោះឆ្នោត​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​ចូល​មក​ដល់។ នេះ​ជា​ការ​ជជែក​ដេញដោល​មួយ​ទល់​នឹង​មួយ​លើក​ទី​មួយ​នៃ​ការ​ជជែក​ដេញដោល ៣ លើក ដែល​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​មួយ​ខែ​ខាង​មុខ។

ព្រឹត្តិការណ៍​ដ៏​សំខាន់​នៅ​ក្នុង​ទីក្រុង Cleveland រដ្ឋ Ohio នេះ ធ្វើ​ឡើង ស្រប​ពេល​ដែល​លោក Biden នៅតែ​នាំ​មុខ​លោក Trump ៧% ក្នុង​ពេល​ជា​ច្រើន​សប្ដាហ៍​នៅ​ក្នុង​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ។ ករណី​នេះ​អាច​ធ្វើ​ឲ្យ​លោក Trump ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទី ៣ ក្នុង​ពេល ៤ ទសវត្សរ៍​ចុងក្រោយ ដែល​ចាញ់​ការ​បោះឆ្នោត​នៅ​អាណត្តិ​ទី ២។

ប៉ុន្តែ ការ​ប្រជែង​នេះ​មាន​លក្ខណៈ​ប្រកៀក​ប្រកិត​គ្នា​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​សំខាន់ៗ​ មួយ​ចំនួន ដែល​អាច​បង្កើន​លទ្ធភាព​ដែល​ថា​លោក Trump អាច​ចាញ់​ចំនួន​សន្លឹក​ឆ្លោត​សរុប​ដូច​ករណី​ការ​បោះឆ្នោត​ឆ្នាំ ២០១៦ ប្រជែង​នឹង​អ្នកស្រី Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ តែ​នៅតែ​ឈ្នះ​ចំនួន​អសន:​នៅ​រដ្ឋ​សំខាន់ៗ និង​បាន​ក្លាយជា​ប្រធានាធិបតី។
មាន​ការ​ប៉ាន់ស្មាន​ថា ពលរដ្ឋ​អាមេរិកាំង​ប្រមាណ ១០០ លាន​នាក់​នឹង​ទស្សនា​ការ​ជជែក​ដេញដោល​រយ:ពេល ៩០ នាទី រវាង​បេក្ខជន​ទាំង​ពីរ​នេះ ដែល​នឹង​ត្រូវ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​តាម​ទូរទស្សន៍ និង​ការ​ផ្សាយ​ផ្ទាល់​តាម​អ៊ីនធឺណិត។

លោក Chris Wallace អ្នក​សារព័ត៌មាន​មក​ពី​ទូរទស្សន៍ Fox News គឺ​ជា​អ្នក​សម្របសម្រួល ហើយ​មនុស្ស​ប្រហែល ១០០ នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មក​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់។

លោក Wallace បាន​និយាយ​ថា លោក​នឹង​សួរ​សំណួរ​ទាក់ទង​នឹង​ប្រធានបទ​ចំនួន ៦ រួមមាន​ប្រវត្តិ​ការងារ​របស់​បេក្ខជន​ទាំង​ពីរ ជំងឺ​កូវីដ១៩ ការ​តែងតាំង​ចៅក្រម​តុលាការ​កំពូល​ថ្មី សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក សុចរិតភាព​នៃ​ការ​បោះឆ្នោត និង​ការ​រើសអើង​ពូជសាសន៍​និង​អំពើ​ហិង្សា​នៅ​តាម​ទីក្រុង​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក។

បន្ថែម​ពី​លើ​ប្រធានបទ​ទាំង ៦ ខាង​លើ ប្រធានបទ​ថ្មី​មួយ​ទៀត​ដែល​អាច​ជា​ចំណុច​សំខាន់​ដែរ​នោះ គឺ​ការ​បង់​ពន្ធ​ប្រាក់​ចំណូល​របស់​លោក Trump ជូន​រដ្ឋាភិបាល​សហព័ន្ធ ដែល​កាល​ពី​ថ្ងៃ​អាទិត្យ កាសែត New York Times បាន​រាយការណ៍​ថា លោក Trump បាន​បង់​ពន្ធ​ប្រាក់​ចំណូល​ជូន​រដ្ឋាភិបាល​សហព័ន្ធ​ត្រឹមតែ ៧៥០ ដុល្លារ​ប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំ ២០១៦ និង ២០១៧៕

XS
SM
MD
LG