បេក្ខជន៖ លោកប្រធានាធិបតី Donald Trump បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ និងលោក Joe Biden បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យនឹងជជែកដេញដោលគ្នាជាលើកដំបូង នៅយប់ថ្ងៃអង្គារស្អែកនេះ។
ពេលវេលា៖ ម៉ោង ៩ ដល់ម៉ោង ១០:៣០ នាទីយប់ (ម៉ោងនៅសហរដ្ឋអាមេរិក) ដែលត្រូវនឹងព្រឹកថ្ងៃពុធ ម៉ោង ៨ ដល់ម៉ោង ៩:៣០ នាទីព្រឹក (ម៉ោងនៅកម្ពុជា)។
ទីកន្លែង៖ ការជជែកដេញដោលនេះនឹងធ្វើឡើងនៅសាកលវិទ្យាល័យ Case Western Reserve ដែលជាវិទ្យាស្ថានអប់រំឯកជនស្ថិតនៅទីក្រុង Cleveland រដ្ឋ Ohio សហរដ្ឋអាមេរិក។
អ្នកសម្របសម្រួល៖ លោក Chris Wallace អ្នកយកព័ត៌មានឲ្យសារព័ត៌មាន Fox News
ព័ត៌មានទូទៅ៖ ការជជែកដេញដោលលើកទី១នេះ នឹងប្រព្រឹត្តឡើងរយៈពេល ៩០នាទី ដោយគ្មានការចាក់ផ្សាយស្ពត់ពាណិជ្ជកម្ម និងការធ្វើសេចក្តីថ្លែងបើកវេទិកាជជែកដេញដោលរវាងបេក្ខជនទាំងពីរឡើយ។ ជាកិច្ចចាប់ផ្តើម អ្នកសម្របសម្រួលលោក Chris Wallace នឹងសួរសំណួរទី ១ ទៅកាន់លោក Trump។
ប្រធានបទ៖ ការជជែកដេញដោលនេះ ត្រូវបានបែងចែកជា ៦ដំណាក់កាល ដែលដំណាក់កាលនីមួយៗមានរយៈពេល ១៥ នាទី។ ដំណាក់កាលទី ១ ផ្តោតលើប្រវត្តិក្នុងឆាកនយោបាយរវាងលោក Trump និងលោក Biden។ ដំណាក់កាលទី ២ ផ្តោតលើការតែងតាំងបេក្ខជនចៅក្រមតុលាការកំពូលថ្មី។ ដំណាក់ទី ៣ ផ្តោតលើវិបត្តិជំងឺកូវីដ ១៩។ ដំណាក់កាលទី ៤ ផ្តោតលើស្ថានភាពសេដ្ឋកិច្ច។ ដំណាក់កាលទី ៥ ផ្តោតលើបញ្ហាជាតិសាសន៍ និងអំពើហិង្សាតាមបណ្តាក្រុងនានាក្នុងសហរដ្ឋអាមេរិក។ ដំណាក់កាលទី ៦ ផ្តោតលើសុចរិតភាពនៃដំណើរការបោះឆ្នោត។
វិធានការទប់ស្កាត់ជំងឺកូវីដ១៩៖ បេក្ខជនទាំងពីរឈរនៅដាច់ដោយឡែកពីគ្នា ដោយគ្មានការចាប់ដៃគ្នាស្វាគមន៍ហើយអ្នកចូលរួមត្រឹមចន្លោះពី ៨០ ទៅ ៩០ នាក់តែប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឲ្យចូលរួមផ្ទាល់ ដើម្បីបង្ការកុំឲ្យឆ្លងជំងឺកូវីដ១៩។ អ្នកចូលរួមទាំងនោះត្រូវបានធ្វើតេស្តរកជំងឺកូវីដ១៩ មុននឹងអនុញ្ញាតឲ្យចូលរួមផ្ទាល់។ នេះបើយោងតាមព័ត៌មានដកស្រង់ពីសារព័ត៌មាន The Washington Post៕