ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងទាមទារឲ្យបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden ដែលជាគូប្រជែងរបស់លោក នៅក្នុងការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ ពិនិត្យរកសារធាតុញៀននៅមុន ឬក៏ក្រោយការជជែកដេញដោលរបស់ពួកគេ នៅយប់ថ្ងៃអង្គារស្អែក។
លោក Trump បានលើកឡើងថា ការសម្ដែងឡើងរបស់លោក Biden នៅក្នុងការជជែកដេញដោលនយោបាយ កាលពីលើកមុនៗ នៅក្នុងឆ្នាំនេះ មានលក្ខណៈមិននឹងនរល្អ ដោយសារតែលោក Biden ប្រើសារធាតុញៀន។
ការចោទប្រកាន់របស់លោក Trump នេះ បានធ្វើឡើងស្របដែលលោកនៅបន្តស្ថិតពីក្រោយលោក Biden នៅក្នុងការស្ទង់មតិថ្នាក់ជាតិអស់រាប់ខែមកហើយ។
នៅក្នុងការជជែកដេញដោលជាមួយអ្នកប្រជែងបេក្ខភាពប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យដទៃទៀតកន្លងមកក្នុងឆ្នាំនេះ លោក Biden ពេលខ្លះ ហាក់ដូចជាធ្វើមិនបានល្អនៅលើវេទិកាដេញដោលជាមួយបេក្ខជនច្រើន ប៉ុន្តែលោកហាក់ធ្វើបានល្អនៅក្នុងការជជែកដេញដោលមួយទល់នឹងមួយជាមួយនឹងលោក Bernie Sanders សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Vermont កាលពីខែមីនា។
កាលពីខែមុន លោក Trump បាននិយាយថា៖ «អ្នកបានឃើញការជជែកដេញដោលទាំងនោះខ្លះដែលមានមនុស្សច្រើននៅលើវេទិកា។ ខ្ញុំធ្លាប់និយាយថា តើលោក [Biden] អាចបន្តទៅមុខរួចដោយវិធីណា?»។
លោក Trump ដែលមានវ័យ ៧៤ ឆ្នាំ តែងចោទសួរពីប្រក្រតីភាពខាងផ្លូវចិត្តរបស់លោក Biden ដែលមានវ័យ ៧៧ ឆ្នាំ។ ប៉ុន្តែលោក Biden តែងសើចចំអកចំពោះការចោទប្រកាន់របស់លោក Trump ដោយនិយាយថា លោកនឹងតទល់ជាមួយលោក Trump នៅក្នុងការជជែកដេញដោល។
ការជជែកដេញដោលលើកទីមួយរវាងលោក Trump និងលោក Biden នឹងធ្វើឡើងនៅថ្ងៃអង្គារស្អែកនៅក្នុងទីក្រុង Cleveland រដ្ឋ Ohio ដោយមានលោក Chris Wallace អ្នកសារព័ត៌មានមកពីទូរទស្សន៍ Fox News ជាអ្នកសម្របសម្រួល៕