ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កំពុងតែបន្ដលើកឡើងពីការមន្ទិលសង្ស័យលើសុចរិតភាពនៃការបោះឆ្នោតជាតិ តាមរយៈការសម្ដែងការព្រួយបារម្ភចំពោះលទ្ធភាពនៃការបន្លំសន្លឹកឆ្នោត ដែលផ្ញើតាមប្រៃសណីយ៍។ នេះគឺជាសេណារីយ៉ូមួយ ដែលក្រុមមន្ត្រីជាច្រើននិយាយថា កំពុងត្រូវបានគេនិយាយពន្លើសយ៉ាងសម្បើម។
លោក Trump បានថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ នៅសេតវិមានមុនពេលឡើងជិះឧទ្ធម្ភាគចក្រ Marine One ទៅកាន់រដ្ឋ North Carolina និងរដ្ឋ Florida ថា៖ «យើងចង់ឲ្យប្រាកដថា ការបោះឆ្នោតនេះមានភាពស្មោះត្រង់ ប៉ុន្តែខ្ញុំមិនប្រាកដថា វាអាចនឹងទៅរួចនោះទេ»។
លោក Trump បានអះអាងថា «សន្លឹកឆ្នោតជាច្រើនត្រូវបានរកឃើញនៅក្នុងទន្លេមួយ» ហើយសន្លឹកឆ្នោតដែលពលរដ្ឋបានបោះឆ្នោតឲ្យលោក «ត្រូវបានគេបោះចោលទៅក្នុងធុងសំរាមមួយ»។
សន្លឹកឆ្នោតមួយចំនួនតូចរបស់យោធាត្រូវបានបោះចោល ហើយក្នុងនោះសន្លឹកឆ្នោតចំនួន ៩ ត្រូវបានគេរើសយកមកវិញ ដើម្បីធ្វើការស៊ើបអង្កេត។ នេះបើយោងតាមការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក នៅក្នុងរដ្ឋ Pennsylvania។
ក្រសួងយុត្តិធម៌បានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «សន្លឹកឆ្នោតខ្លះក្នុងចំណោមនោះអាចរកឃើញថា ជារបស់អ្នកបោះឆ្នោតជាក់លាក់បាន ប៉ុន្តែមួយចំនួនមិនដឹងថាជារបស់អ្នកណាទេ។ ក្នុងចំណោមសន្លឹកឆ្នោតទាំង ៩ សន្លឹកដែលត្រូវបានគេបោះចោល ហើយត្រូវបានយើងរកឃើញ មានសន្លឹកឆ្នោតចំនួន ៧ ដែលត្រូវបានគេបោះឲ្យបេក្ខជនប្រធានាធិបតីលោក Donald Trump»។ ចំណែកឯសន្លឹកឆ្នោតពីរសន្លឹកទៀត គេមិនដឹងថាបោះឲ្យនរណានោះទេ។
លោកប្រធានាធិបតីបានសម្ដែងការព្រួយបារម្ភម្ដងហើយម្ដងទៀតអំពីគម្រោងរបស់រដ្ឋមួយចំនួន ដោយរួមទាំងរដ្ឋ California រដ្ឋ Colorado រដ្ឋ Hawaii រដ្ឋ Nevada រដ្ឋ New Jerseyរដ្ឋ Oregon រដ្ឋ Utah រដ្ឋ Vermont និងរដ្ឋ Washington ផង ដែលនឹងរៀបចំការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ សម្រាប់ពលរដ្ឋទាំងអស់នៅក្នុងការបោះឆ្នោតប្រធានាធិបតីលើកនេះ។
លោក Christopher Wray នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI បានថ្លែងប្រាប់គណៈកម្មការព្រឹទ្ធសភា កាលពីថ្ងៃព្រហស្បតិ៍ថា ជាប្រវត្តិសាស្ត្រ សហរដ្ឋ អាមេរិកមិនដែលឃើញមាន «កិច្ចខិតខំប្រឹងប្រែងបន្លំសន្លឹកឆ្នោត ដែលមានការរៀបចំក្នុងទ្រង់ទ្រាយធំនៅក្នុងការបោះឆ្នោតធំៗណាមួយនោះទេ មិនថាបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ ឬបោះឆ្នោតធម្មតាទេ»៕