ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនយក្សផ្នែកទូរគមនាគមន៍របស់ចិនបាននិយាយថា ខ្លួនចង់បណ្តុះបណ្តាលយុវជនអាហ្វ្រិករហូតដល់ ៣ លាននាក់ដើម្បីអាចឱ្យពួកគេធ្វើការជាមួយនឹងបច្ចេកវិទ្យាឌីជីថលទំនើបៗដូចជា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។ និស្សិតនីហ្សេរីយ៉ាបានចូលរួមរួចហើយនៅក្នុងការប្រកួតប្រជែងបច្ចេកវិទ្យាទំនាក់ទំនង និងព័ត៌មាន (ICT) ដែលឧបត្ថម្ភដោយក្រុមហ៊ុន Huawei។ ពួកគេបាននិយាយថា អត្ថប្រយោជន៍មានច្រើនណាស់ រាប់ទាំងឱកាសធ្វើការជាមួយនឹងក្រុមហ៊ុនផងដែរ។ ប៉ុន្តែអ្នកជំនាញព្រមានថា អាចមានផលប៉ះពាល់អវិជ្ជមានពីឥទ្ធិពលបច្ចេកវិទ្យាដែលកាន់តែរីកចម្រើនរបស់ចិននៅអាហ្វ្រិក។
លោក Muhammad Maihaja និស្សិតឆ្នាំទី៤ជំនាញវិស្វកម្មកុំព្យូទ័រនឹងបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Ahmadu Bello ក្នុងរដ្ឋ Kaduna ប្រទេសនីហ្សេរីយ៉ាក្នុងខែវិច្ឆិកាខាងមុខ។
នៅក្នុងឆ្នាំ២០១៩ លោកជាសមាជិកម្នាក់ក្នុងក្រុមមួយដែលមានសមាជិក ៦ នាក់មកពីសាលាមួយដែលតំណាងឱ្យប្រទេសនីហ្សេរីយ៉ាងនៅក្នុងការប្រកួតប្រជែង ICT របស់ក្រុមហ៊ុនHuawei នៅទូទាំងសាកលលោក នៅក្នុងក្រុង Shenzhen (ស្ហ៊ិនជិន) ប្រទេសចិន និងទទួលបានចំណាត់ថ្នាក់លេខ៣។
ក្រុមហ៊ុន Huawei បានយកការប្រកួតប្រជែងនេះទៅអាហ្វ្រិកនៅក្នុងឆ្នាំ២០១៤ ដើម្បីស្វែងរក និងបណ្តុះបណ្តាលអ្នកមានជំនាញ ICT ខ្លាំងៗ ដែលនេះជាអ្វីដែលក្រុមហ៊ុននិយាយថា ជាផ្នែកមួយនៃការពង្រីកការស្វែងរកអ្នកមានទេពកោសល្យក្នុងវិស័យបច្ចេកវិទ្យានៅអាហ្វ្រិក។ វាបានផ្តល់អត្ថប្រយោជន៍ដល់និស្សិតអាហ្វ្រិកប្រមាណ ២.០០០ នាក់ ដែលមានលោក Maihaja ជាឧទាហរណ៍ស្រាប់។
លោក Muhammad Maihaja ដែលបានចូលរួមក្នុងកម្មវិធី Huawei Cool Geek បាបថ្លែងក្នុងសម្តីដើមថា៖ «យើងមានឱកាសបានសាកល្បងប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាដែលយើងមិនធ្លាប់ប្រើប្រាស់ពីមុនមក។ ក្នុងនាមជានិស្សិតសាកលវិទ្យាល័យធម្មតា យើងមិនអាចឆ្លងកាត់បទពិសោធន៍ដូចដែលយើងបានឆ្លងកាត់នៅក្នុងការប្រកួតប្រជែងនោះទេ។ ដូច្នេះ ខ្ញុំនឹងនិយាយថា កម្មវិធីនេះធ្វើឱ្យខ្ញុំកាន់តែចាប់អារម្មណ៍លើបច្ចេកវិទ្យា ICT កាន់តែខ្លាំង»។
ការប្រកួតប្រជែងនេះវាយតម្លៃសមត្ថភាពរបស់និស្សិតផ្នែកបណ្តាញ និងបច្ចេកវិទ្យាប្រព័ន្ធផ្ទុកទិន្នន័យ Cloud។ ជោគជ័យរបស់លោក Maihaja និងក្រុមរបស់លោកនៅក្នុងឆ្នាំ២០១៩គឺជាស្នាដៃដ៏កម្រមួយសម្រាប់ទ្វីបអាហ្វ្រិក និងជាអ្នកចូលរួមលើកដំបូងទៅទៀត។
ជោគជ័យនេះជំរុញទឹកចិត្តនិស្សិតជាច្រើនផ្សេងទៀតដូចជាលោក Hamza Atabor ដែលព្យាយាមយ៉ាងខ្លាំងសម្រាប់ការប្រកួតប្រជែងនៅក្នុងឆ្នាំ២០២០។ លោក និងនិស្សិតនីហ្សេរីយ៉ាផ្សេងទៀតបានឈ្នះការប្រកួតប្រជែងនៅក្នុងឆ្នាំ២០២០នោះ។
លោក Hamza Atabor ដែលបានចូលរួមក្នុងកម្មវិធី Huawei Cool Geek បានថ្លែងក្នុងសម្តីដើមថា៖
«ខ្ញុំមានកម្លាំងចិត្តយ៉ាងខ្លាំង នៅពេលពួកគេនិយាយអំពីរឿងរ៉ាវរបស់ពួកគេ និយាយពីរបៀបដែលពួកគេឈ្នះការប្រកួត និងនៅពេលពួកគេទទួលបានពានរង្វាន់ និងអ្វីៗគ្រប់យ៉ាង។ ខ្ញុំគ្រាន់តែមានអារម្មណ៍ថា អូខេ នេះជាអ្វីមួយដែលខ្ញុំគួរតែលះបង់ដើម្បីយកវាឱ្យបាន»។
និស្សិតដូចជាលោក Maihaja និងលោក Atabor កំពុងជួយសម្រេចគោលដៅរបស់ក្រុមហ៊ុន Huawei ប៉ុន្តែអ្នករិះគន់និយាយថា ក្រុមហ៊ុននេះគ្រាន់តែផ្នែកមួយប៉ុណ្ណោះនៃការគ្របដណ្តប់យ៉ាងលឿនរបស់ចិននៅក្នុងវិស័យបច្ចេកវិទ្យានៅអាហ្វ្រិក។
ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៍ថា កាន់កាប់បណ្តាញទូរគមនាគមន៍ជាង ៧០% នៅក្នុងទ្វីបអាហ្វ្រិក។
លោកMohammed Bashir Muazu សាស្ត្រាចារ្យវិស្វកម្មកុំព្យូទ័រនៅសាកលវិទ្យាល័យ Ahmadu Bello និយាយថា វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេដែលថា ចិនកំពុងមានវត្តមានកាន់តែខ្លាំងនៅអាហ្វ្រិក។
លោក Mohammed Bashir Muazu ថ្លែងប្រាប់ VOA ក្នុងសម្តីដើមថា៖ «ដោយមើលឃើញកម្រិតនៃការអភិវឌ្ឍបច្ចេកវិទ្យានៅចិន ខ្ញុំគិតថា អ្វីៗដែលកំពុងកើតឡើងនេះមិនអាចចៀសវាងបានទេ»។
ក្តីបារម្ភអំពីវត្តមានចិននៅអាហ្វ្រិកមានកាន់តែច្រើននៅក្នុងឆ្នា២០១៩ បន្ទាប់ពីសារព័ត៌មានសហរដ្ឋអាមេរិក The Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុន Huawei បានជួយអាជ្ញាធរអ៊ូហ្គាន់ដា និងសំប៊ីធ្វើចារកម្មលើក្រុមប្រឆាំង។
ក្រុមហ៊ុន Huawei បានបដិសេធការចោទប្រកាន់នេះ និងបដិសេធមិនផ្តល់បទសម្ភាសន៍លើបញ្ហានេះទេ។
ប៉ុន្តែលោក Samuel Adekola អ្នកជំនាញ ICT បាននិយាយថា ចិនអាចប្រើប្រាស់ការមានប្រៀបរបស់ខ្លួននេះដើម្បីទាញយកផលចំណេញផ្ទាល់ខ្លួន។
លោក Samuel Adekola ថ្លែងប្រាប់ VOA ក្នុងសម្តីដើមថា៖ «វាជារឿងគ្រោះថ្នាក់ណាស់។ ខ្ញុំមិនអាចនិយាយបានថា វាគ្រោះថ្នាក់កម្រិតណាទេ ប៉ុន្តែអ្នកណាក៏ដោយដែលមានទិន្នន័យអាចធ្វើកិច្ចការបានយ៉ាងច្រើន។ អ្នកមានព័ត៌មានច្រើនអំពីក្រុមមនុស្ស និងប្រជាជាតិមួយ»។
ដរាបណាចិននៅបន្តវិនិយោគនៅអាហ្វ្រិក និស្សិតដូចជាលោក Maihaja និងលោក Atabor នឹងនៅតែទទួលបានជំនាញដ៏មានតម្លៃ ទោះបីជាអ្នកជំនាញនិយាយថា អាហ្វ្រិកអាចនឹងត្រូវខាតបង់ចំពោះការពឹងផ្អែកខ្លាំងពេកលើក្រុមហ៊ុនបរទេសក៏ដោយ៕