បណ្តាញទូរគមនាគមន៍ដែលផ្តល់ថវិកានិងស្ថាបនាដោយប្រទេសចិនកំពុងគ្រប់គ្រងប្រព័ន្ធ អ៊ីនធឺណិតនៅទ្វីបអាហ្វ្រិកដែលពួកអ្នកវិភាគនិយាយថាធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងអាចបញ្ចេញឥទ្ធិពលនយោបាយក្នុងប្រទេសខ្លះនៅទ្វីបនោះ។
លោក Bulelani Jili ជាបេក្ខជនបណ្ឌិតនៅសាកលវិទ្យាល័យ Harvard ផ្នែកអាហ្វ្រិកនិងការសិក្សាអំពីអាហ្វ្រិកអាមេរិកបានប្រាប់ VOA ភាសាចិនកុកងឺនៅក្នុងកិច្ចសម្ភាសន៍តាមទូរសព្ទថា«ក្រុមហ៊ុនHuaweiកំពុងធ្វើការនិងធ្វើដៃគូជាមួយរដ្ឋាភិបាលជាច្រើននៅទ្វីបនោះហើយរដ្ឋាភិបាលប្រទេសទាំងនោះកំពុងប្រើបច្ចេកវិទ្យាដ៏មានគុណភាពដើម្បីធ្វើឲ្យអន្តរាយដល់តម្លៃលទ្ធិប្រជាធិបតេយ្យ»។
Huawei ដែលជាក្រុមហ៊ុនលក់បច្ចេកវិទ្យា 5G និងទូរសព្ទទំនើបនាំមុខគេក្នុងពិភពលោកត្រូវសហរដ្ឋអាមេរិកនិងប្រទេសនានាមើលឃើញថា«បានជាប់ទាក់ទិននឹងរដ្ឋាភិបាលចិនដែលអាចប្រើក្រុមហ៊ុននេះ»ដើម្បីធ្វើចារកម្មតែក្រុមហ៊ុន Huawei បានបដិសេធការចោទប្រកាន់នេះ។នេះបើតាមក្រុមប្រឹក្សាទំនាក់ទំនងការបរទេស។
មជ្ឈមណ្ឌលដើម្បីការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ(CSIS)ដែលជាអង្គការស្រាវជ្រាវមួយមានទីតាំងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានរាយការណ៍កាលពីខែឧសភាថានៅទូទាំងពិភពលោក«កិច្ចព្រមព្រៀងភាគច្រើនរបស់ក្រុមហ៊ុនHuaweiដែលមានចំនួន៥៧ភាគរយគឺស្ថិតនៅក្នុងបណ្តាប្រទេសដែលមានប្រាក់ចំណូលមធ្យម»។
របាយការណ៍របស់ CSIS បានបន្ថែមទៀតថាសេវាហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតនិង សេវា រដ្ឋាភិបាលបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង (e-government)ផ្តល់ដោយក្រុមហ៊ុនHuaweiកំពុងកាន់កាប់ទិន្នន័យនិងសេវាកម្មសំខាន់ៗដែល«អាចធ្វើឱ្យអាជ្ញាធរចិនអាចស៊ើបការណ៍សម្ងាត់និងមានអានុភាពបង្ខិតបង្ខំ»។
របាយការណ៍របស់CSIS ថា៖ «ការស៊ើបការណ៍សម្ងាត់និងអានុភាពបង្ខិតបង្ខំ»កើតចេញពីច្បាប់ស៊ើបការណ៍សម្ងាត់ជាតិឆ្នាំ២០១៧របស់ចិនដែលចែងថា អង្គការនិងពលរដ្ឋចិនត្រូវតែ«ជួយឧបត្ថម្ភនិងធ្វើកិច្ច សហការជាមួយបណ្តាញការងារស៊ើបការណ៍សម្ងាត់រដ្ឋ»។
ច្បាប់នោះមិនបានកំហិតសកម្មភាពចំពោះប្រទេសចិនទេ៕