នៅទូទាំងប្រទេសចិនចាប់តាំងពីឆ្នាំមុនមកម្ល៉េះនៅលើដំបូលផ្ទះនានា លើបង្គោលខ្សែភ្លើងនិងតាមបង្គោលភ្លើងបំភ្លឺផ្លូវ គេឃើញមានការបំពាក់ប៉មចល័តសម្រាប់បណ្តាញបច្ចេកវិទ្យាទំនើប 5G ដែលឧបករណ៍ទាំងអស់នេះ ជាសញ្ញាបង្ហាញពីមហិច្ឆិតារបស់ប្រទេសចិន ក្នុងការនាំមុខពិភពលោកខាងបច្ចេកវិទ្យាថ្មីនេះ។ ទោះជាយ៉ាងនេះក្តី ឧបករណ៍ដែលគេបំពាក់ទាំងនេះជាច្រើន ដំណើរការតែកន្លះថ្ងៃទេ។
ក្រុមហ៊ុន China Unicom ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទូរគមនាគមន៍បីរបស់ចិន បានប្រកាសកាលពីខែសីហាថា សាខារបស់ខ្លួននៅក្នុងទីក្រុង Luoyang នៃខេត្ត Henan នឹងបិទជាស្វ័យប្រវត្តិនូវស្ថានីយបញ្ជូនបន្តសញ្ញា 5G ពីម៉ោង ៩ យប់ដល់ ៩ ព្រឹក ដោយសារមិនសូវមានអ្នកប្រើប្រាស់បណ្តាញថ្មីនេះ។ ភ្លាមៗបន្ទាប់ពីនោះមក ក្រុមហ៊ុនទូរគមនាគមន៍ចិនពីរផ្សេងទៀត ក៏សម្រេចធ្វើដូច្នេះដែរ នៅតាមទីក្រុងផ្សេងទៀតនៅទូទាំងប្រទេសចិន។
លោក Wang Xiaochu ប្រធានក្រុមហ៊ុន China Unicom បានថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបចំណូលពាក់កណ្តាលឆ្នាំរបស់ក្រុមហ៊ុនថា៖ «ការបិទអង់តែនចែកចាយបន្តទាំងនេះ មិនមែនជាការបិទដោយដៃនោះទេ ប៉ុន្តែជាប្រតិបត្តិការបើកបិទស្វ័យប្រវត្តិ ក្នុងពេលជាក់លាក់មួយ»។
បណ្តាញ 5G ជាគម្រោងវិនិយោគខាងបច្ចេកវិទ្យាដ៏ធំបំផុតមួយ ក្នុងប្រវត្តិសាស្ត្ររបស់ចិន។ ដោយត្រូវគេចាត់ទុកថាជាជំហានធំ បន្ទាប់ខាងប្រព័ន្ធគមនាគមន៍ឌីជីថលបច្ចេកវិទ្យាបណ្តាញចល័ត 5G នេះ ត្រូវគេរំពឹងថា នឹងផ្លាស់ប្តូរពិភពលោក និងជំរុញឲ្យមានបដិវត្តន៍ឌីជីថលថ្មីមួយ។
ប្រទេសចិនបានបើកសម្ពោធបណ្តាញ 5G ពាណិជ្ជកម្មរបស់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៩ ដោយបានសន្យាថា នឹងផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿនមិនធ្លាប់មាន ដើម្បីទ្រទ្រង់ការប្រើប្រាស់ថ្មីៗមួយចំនួន ដូចជារថយន្តបើកបរដោយស្វ័យប្រវត្តិ និងការវះកាត់ដោយបញ្ជាម៉ាស៊ីនពីចម្ងាយ។ ប៉ុន្តែជាងមួយឆ្នាំក្រោយមក ទីផ្សារ 5G ធំជាងគេនេះ កំពុងរងការរិះគន់ជាច្រើនអំពីបញ្ហាសេវាអ៊ីនធឺណិតយឺត និងការកើនឡើងយ៉ាងកំហុគនៃថ្លៃតំឡើងបណ្តាញ 5G នេះ។
សញ្ញាឆ្លងមិនផុតជញ្ជាំង
ដើម្បីអាចបញ្ជូនទិន្នន័យបានច្រើនជាងមុនក្នុងល្បឿនលឿនជាងមុន បច្ចេវិទ្យា 5G ប្រើប្រាស់ប្រេកង់ខ្ពស់ជាងបណ្តាញបច្ចុប្បន្ន។ ប៉ុន្តែរលក 5G ធ្វើដំណើរបានតែចម្ងាយជិតៗ ហើយងាយរងការជ្រៀតជ្រែក។
លោក Wang Xiaofei អ្នកជំនាញខាងគមនាគមន៍ម្នាក់នៅសាកលវិទ្យាល័យ Tianjin បានប្រាប់ទីភ្នាក់ងារព័ត៌មាន Xinhua របស់រដ្ឋចិនកាលពីឆ្នាំមុន ខណៈដែលក្រុមហ៊ុនទូរគមនាគមន៍របស់រដ្ឋចាប់ផ្តើមចែកចាយការប្រើប្រាស់បណ្តាញ 5G ដល់សាធារណជ នថា៖ «បច្ចេកវិទ្យា 5G ប្រើប្រាស់រលកសញ្ញាប្រេកង់យ៉ាងខ្ពស់ គឺខ្ពស់ជាងរលកសញ្ញារបស់ 4G បច្ចុប្បន្ន ដូច្នេះការបំពាក់បណ្តាញ 5G នៅតំបន់នានា នៅមានកម្រិត»។
លោក Wang ថ្លែងថាអង់តែន 5G អាចចែកចាយសញ្ញាបានត្រឹម ១០០ ម៉ែត្រទៅ ៣០០ ម៉ែត្រជុំវិញអង់តែនប៉ុណ្ណោះ ដូច្នេះប្រទេសចិនត្រូវស្ថាបនាស្ថានីយអង់តែនមួយ រាល់ ២០០ ទៅ ៣០០ ម៉ែត្រក្នុងតំបន់ទីប្រជុំជន។ ហើយដោយសារសញ្ញា 5G ខ្សោយខ្លាំង នៅតំបន់សង្កាត់មានបណ្តុំអគារការិយាល័យអគារស្នាក់នៅ និងអគារពាណិជ្ជកម្មច្រើន គេថែមទាំងត្រូវតំឡើងអង់តែន 5G នៅក្នុងអគារតែម្តង។
បើតាមសេចក្តីរាយការណ៍មួយពីទីភ្នាក់ងារព័ត៌មាន Xinhua ដើម្បីអាចចែកចាយសេវាបានទំហំដូចបណ្តាញ 4G បច្ចុប្បន្ន ក្រុមហ៊ុនទូរគមនាគមន៍នឹងត្រូវតំឡើងអង់តែនចែកចាយ 5G រហូតដល់ ១០ លានស្ថានីយនៅទូទាំងប្រទេសចិន។
លោក Xiang Ligang អគ្គនាយកនៃក្រុមសម្ព័ន្ធការប្រើប្រាស់ព័ត៌មាន ដែលជាសមាគមវិស័យទូរគមនាគមន៍ បានថ្លែងប្រាប់បណ្តាញផ្សាយរដ្ឋចិននេះ កាលពីឆ្នាំមុនថា៖ «នៅក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ស្ថានីយចែកចាយ 5G ១ លានកន្លែងទំនងត្រូវបានគេតំឡើងក្នុងមួយឆ្នាំៗ»។
នៅក្នុង ៦ ខែដំបូងនៃឆ្នាំនេះ ប្រទេសចិនបានតំឡើងស្ថានីយអង់តែនចែកចាយ 5G ថ្មីត្រឹម ២៥៧.០០០ កន្លែងប៉ុណ្ណោះ។ ចំនួនសរុបនៃស្ថានីយចែកចាយដែលត្រូវបានតំឡើងនៅទូទាំងប្រទេសចិនមកទល់នឹងពេលនេះ មានត្រឹម ៤១០.០០០ ស្ថានីយប៉ុណ្ណោះ គិតត្រឹមចុងខែមិថុនា។ នេះបើតាមក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានរបស់ចិន។
តម្លៃថ្លៃតែប្រយោជន៍តិច?
ការចំណាយលើថាមពលដើម្បីអាចទ្រទ្រង់បណ្តាញ 5G បាន បានបង្កជាបញ្ហាធំបំផុតមួយសម្រាប់ក្រុមហ៊ុនទូរគមនាគមន៍របស់ចិន។
លោក Soumya Sen សាស្ត្រាចារ្យរងខាងវិទ្យាសាស្ត្រព័ត៌មាននិងការសម្រេចចិត្ត បានថ្លែងប្រាប់វីអូអេតាមសារអេឡិកត្រូនិកថា៖ «ស្ថានីយអង់តែន 5G ប្រើថាមពលប្រមាណ ៣ ដងច្រើនជាងស្ថានីយ 4G ដោយសាររបៀបដែលបច្ចេកវិទ្យានេះប្រតិបត្តិការ។ បច្ចេកវិទ្យា 5G ប្រើប្រាស់អង់តែនជាច្រើន ដើម្បីអាចចាប់សញ្ញាដែលឡងពីអគារ ដើម្បីបង្កើនកម្រិតសញ្ញានិងការបញ្ជូនទិន្នន័យនៃបណ្តាញ 5G»។
ប្រសិនបើគេចង់ឈានដល់បំពាក់បណ្តាញ 5G ឲ្យស្មើនឹងទំហំបណ្តាញ 4G បច្ចុប្បន្នបានថ្លៃអគ្គិសនីប្រចាំឆ្នាំសម្រាប់ស្ថានីយអង់តែនចែកចាយ នឹងមានតម្លៃរហូតដល់ ២៩ ពាន់លានដុល្លារ។ នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន China Post និង Telecommunications News ដែលជាសារព័ត៌មានរបស់ក្រសួងទូរគមនាគមន៍ចិន។ ចំនួននេះគឺស្មើនឹង ១០ ដងនៃប្រាក់ចំណេញ កាលពីឆ្នាំ ២០១៩ របស់ក្រុមហ៊ុន China Telecom ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទូរគមនាគមន៍រដ្ឋបីរបស់ចិន។
ដំបូងឡើយគេបានខិតខំធ្វើឲ្យបណ្តាញ 5G អាចប្រើប្រាស់ថាមពលតិចជាងបណ្តាញមុនៗ ប៉ុន្តែមហិច្ឆិតានេះបានរលាយទៅវិញយ៉ាងឆាប់ ព្រោះជាក់ស្តែងគេមិនអាចសម្រេចបានឡើយ។
នៅពីរខែក្រោយពីបណ្តាញ 5G ត្រូវគេដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រុមហ៊ុនទូរគមនាគមន៍មួយរបស់ចិន បានទទួលស្គាល់ថា ក្រុមប្រតិបត្តិករមិនបានសម្រេចអ្វីច្រើនទេ ដើម្បីធ្វើឲ្យបណ្តាញ 5G ប្រើប្រាស់ថាមពលតិចជាងមុន។ ថ្លែងនៅឯសន្និបាតឈ្មោះ GSMA នៅទីក្រុងប៉េកាំង កាលពីដើមខែតុលា លោក Li Zhengmao អនុប្រធានក្រុមហ៊ុន China Mobile បានអំពាវនាវឲ្យរដ្ឋាភិបាលជួយចេញចំណាយខាងអគ្គិសនីឲ្យក្រុមហ៊ុនទូរគមនាគមន៍។
លោក Ross Feingold មេធាវីនិងអ្នកវិភាគម្នាក់ខាងហានិភ័យនយោបាយថ្លែងថា៖ «ការណ៍នេះតម្រូវឲ្យរដ្ឋាភិបាលជួយចេញសោហ៊ុយប្រចាំខែ ឬជួយចេញថ្លៃឧបករណ៍ទូរស័ព្ទនៅកម្រិតក្រុមហ៊ុនទៅកាន់អតិថិជន ឬផ្តល់ការលើកលែងពន្ធឬការលើកទឹកចិត្តផ្សេងទៀត»។
ការវិនិយោគសរុបអាចកើនរហូតដល់ជាង ២២០ ពាន់លានដុល្លារក្នុងប៉ុន្មានឆ្នាំខាងមុខ នេះបើតាមលោក Li Yizhong អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានចិន ដែលបានថ្លែងនៅក្នុងវេទិកាមួយកាលពីដើមឆ្នាំនេះ។
អតីតមន្ត្រីមួយរូបទៀតក៏បានព្រមាននៅក្នុងការថ្លែងនាពេលថ្មីៗនេះថា ការជំរុញនូវគម្រោង 5G របស់ចិនអាចក្លាយជាគម្រោងវិនិយោគដែលនឹងបរាជ័យ។
លោក Lou Jiwei អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុចិន ត្រូវបានគេរាយការណ៍ថា បានព្រមានកាលពីខែមុនថា៖ «បច្ចេកវិទ្យា 5G បច្ចុប្បន្ននៅថ្មីថ្មោងខ្លាំងណាស់ ហើយបានទទួលការវិនិយោគរាប់រយពាន់លានរួចទៅហើយ ហើយការចំណាយខាងប្រតិបត្តិការមានតម្លៃយ៉ាងខ្ពស់ គេមិនទាន់ឃើញពីស្ថានភាពនៃការប្រើប្រាស់ណាមួយនៅឡើយ គេពិបាកនឹងទស្សន៍ទាយការចំណាយទៅអនាគត»។
ចំណែកឯបណ្ឌិតសភាបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនងរបស់ចិន បាននិយាយនៅក្នុងសៀវភៅសឈ្មោះ «របាយការណ៍សេដ្ឋកិច្ច 5G របស់ប្រទេសចិនប្រចាំឆ្នាំ ២០២០» ថា៖ «វាជាការលំបាកសម្រាប់អ្នកប្រើប្រាស់ទូទៅនិងអ្នកបម្រើការក្នុងវិស័យ [ទូរគមនាគមន៍] ឲ្យអាចមើលឃើញពីប្រយោជន៍រយៈពេលវែងរបស់បច្ចេកវិទ្យា 5G»។
ការស្ទង់មតិថ្មីមួយទៅលើអ្នកប្រើប្រាស់ចិនបានឲ្យឃើញថា ជាង ៧៣ %នៃអ្នកដែលត្រូវបានសាកសួរថា ពួកគេជឿថា សាធារណជនមិនមានតម្រូវការទិញទូរស័ព្ទ 5G ទេ។ ការសិក្សានេះដែលត្រូវបានចេញផ្សាយកាលពីខែមុនដោយក្រុមហ៊ុនសិក្សាទីផ្សារឈ្មោះ iiMedia ក៏បានរកឃើញថាមូលហេតុចម្បងដែលគេមិនផ្តើមចាប់ទិញទូរស័ព្ទ 5G គឺដោយសារមិនមានតម្រូវការប្រើប្រាស់បច្ចេកវិទ្យា 5G។
ទោះបីមានការរំពឹងនិងការវិនិយោគយ៉ាងខ្លាំងទៅលើបច្ចេកវិទ្យា 5G ក្តី ក៏បច្ចេកវិទ្យានេះ «តាមពិតជាការពន្លើស» ហើយវាមិនមែនជាអ្វីដែលសង្គមនានាត្រូវការនោះទេ។ នេះបើតាមប្រសាសន៍របស់អ្នកដឹកនាំក្រុមហ៊ុនដែលក្តោបក្តាប់បច្ចេកវិទ្យា 5G នេះគឺក្រុមហ៊ុន Huawei។
លោក Ren Zhengfei ស្ថាបនិកនិងប្រធានប្រតិបត្តិនៃក្រុមហ៊ុន Huawei បានថ្លែងថា៖ «តាមពិតទៅ សង្គមមនុស្សមិនចាំបាច់ត្រូវការបច្ចេកវិទ្យា 5G ជាបន្ទាន់នោះទេ។ អ្វីដែលមនុស្សនានាត្រូវការនៅពេលនេះ គឺសេវាអ៊ីនធឺណិតប្រើខ្សែ Broadband ហើយធាតុសំខាន់របស់បច្ចេកវិទ្យា 5G ជាអ៊ីនធឺណិតចល័ត មិនមែនប្រើខ្សែនោះទេ»៕
ប្រែសម្រួលដោយ សឹង សុផាត