កាលពីថ្ងៃអង្គារ ទី ១៤ ខែកក្កដា ចក្រភពអង់គ្លេសបានដាក់បម្រាមលើគ្រឿងសម្ភារៈផ្គត់ផ្គង់របស់ក្រុមហ៊ុន Huawei សម្រាប់ការដំឡើងបណ្តាញអ៊ីនធឺណិតចល័តល្បឿនលឿនជាងគេ 5G ដែលនេះជាការធ្វើផ្ទុយពីការសម្រេចដែលបានធ្វើកាលពី ៦ ខែមុន។ ចំណាត់ការនេះហាក់ដូចជាត្រូវបានជំរុញពីក្រោយដោយការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើក្រុមហ៊ុន Huawei ហើយប្រទេសចិនបានព្រមានពីផលវិបាកផ្សេងៗដែលអាចកើតមានឡើងនៅពេលអនាគតទាក់ទិននឹងទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអង់គ្លេស។
ការផ្លាស់ប្តូរគោលនយោបាយរបស់អង់គ្លេសមានន័យថា គ្រប់ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មប្រព័ន្ធទូរសព្ទចល័តនឹងត្រូវហាមឃាត់មិនឲ្យប្រើប្រាស់គ្រឿងសម្ភារៈថ្មីរបស់ក្រុមហ៊ុន Huawei ចាប់ពីចុងឆ្នាំ ២០២០ តទៅ ហើយរាល់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ដែលមានស្រាប់ នឹងត្រូវដកចេញនៅត្រឹមឆ្នាំ ២០២៧។
សេចក្តីសម្រេចនេះត្រូវបានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានចាត់វិធានការកាលពីខែឧសភានៅក្នុងការដាក់ទណ្ឌកម្មលើក្រុមហ៊ុន Huawei ដោយបានរារាំងក្រុមហ៊ុននានានៅសហរដ្ឋអាមេរិកមិនឲ្យផ្គត់ផ្គង់បន្ទះស៊ីមីកុងឌុចទ័រសំខាន់ៗឲ្យក្រុមហ៊ុន Huawei។
លោក Oliver Dowden រដ្ឋមន្រ្តីក្រសួងវប្បធម៌អង់គ្លេស បាននិយាយថា៖ «ដោយសារតែភាពមិនច្បាស់លាស់ពាក់ព័ន្ធនឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Huawei ចក្រភពអង់គ្លេសលែងមានទំនុកចិត្តថា ខ្លួនអាចធានាអំពីសន្តិសុខរបស់គ្រឿងសម្ភារៈបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei នាពេលអនាគតបាននោះទេ»។
លោក James Sullivan អ្នកវិភាគផ្នែកសន្តិសុខអ៊ិនធឺណិត បាននិយាយថា ទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងចិនកំពុងមានភាពតានតឹងរួចទៅហើយជុំវិញការបង្រ្កាបរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅទីក្រុងហុងកុង និងការឆ្លើយតបរបស់រដ្ឋាភិបាលនេះចំពោះការរាតត្បាតវីរុសកូរ៉ូណាជាសាកល។ ប៉ុន្តែនេះមិនមែនជាហេតុផលជំរុញពីក្រោយការដាក់បម្រាមលើក្រុមហ៊ុន Huawei នោះទេ។
លោក James Sullivan នៃវិទ្យាស្ថាន Royal United Services បាននិយាយថា៖ «មិនមានអ្វីផ្លាស់ប្តូរនោះទេពាក់ព័ន្ធនឹងគំរាមកំហែងដែលគេយល់ឃើញជាទូទៅពីប្រទេសចិន ហើយមិនមានអ្វីផ្លាស់ប្តូរទាក់ទិននឹងការយល់ឃើញនូវរឿងអាក្រក់ៗ ដែលក្រុមហ៊ុន Huawei អាចធ្វើ ឬមិនអាចធ្វើនោះឡើយ។ តាមពិតទៅ វាពាក់ព័ន្ធនឹងបញ្ហាជាមូលដ្ឋាននៃការផ្គត់ផ្គង់ ហើយនៅទីបញ្ចប់ ចក្រភពអង់គ្លេសបានសម្រេចថា ខ្លួនមិនអាចសម្របជាមួយនឹងក្រុមហ៊ុន Huawei បាននោះទេ ដោយសារតែក្រុមហ៊ុននេះជាអ្នកផ្គត់ផ្គង់ ដែលមិនអាចទុកចិត្តបាន»។
សហរដ្ឋអាមេរិកបានបញ្ជាក់ថា ក្រុមហ៊ុន Huawei បង្កជាហានិភ័យផ្នែកសន្តិសុខជាតិដោយសារតែទំនាក់ទំនងជិតដិតរបស់ក្រុមហ៊ុននេះជាមួយនឹងរដ្ឋាភិបាលចិន។ សហរដ្ឋអាមេរិកព្រួយបារម្ភថា គ្រឿងសម្ភារៈរបស់ក្រុមហ៊ុន Huawei អាចត្រូវបានប្រើសម្រាប់ធ្វើចារកម្ម។
ក្រុមហ៊ុន Huawei បានច្រានចោលការលើកឡើងទាំងនេះ និងបាននិយាយថា សហរដ្ឋអាមេរិកកំពុងតែព្យាយាមបំបាក់គូប្រជែងផ្នែកពាណិជ្ជកម្ម។
លោក Jeremy Thompson អគ្គនាយករងក្រុមហ៊ុន Huawei ប្រចាំនៅចក្រភពអង់គ្លេស បាននិយាយថា៖ «រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រេចទាក់ជើងគូប្រជែងរបស់ខ្លួន»។
អង់គ្លេសចូលរួមជាមួយនឹងសហរដ្ឋអាមេរិក អូស្រ្តាលី នូវែលហ្សេឡង់ និងជប៉ុននៅក្នុងការដាក់បម្រាមទៅលើគ្រឿងសម្ភារៈរបស់ក្រុមហ៊ុន Huawei។ ក្រុមហ៊ុន Huawei បាននិយាយថា ការធ្វើដូចនេះនឹងធ្វើឲ្យអង់គ្លេសជាប់លើ «ផ្លូវបច្ចេកវិទ្យាបែបយឺតយ៉ាវមួយ»។ រដ្ឋាភិបាលក្រុងប៉េកាំងផ្ដល់តំរុយថា ការធ្វើដូច្នេះរបស់អង់គ្លេសនឹងមានផលវិបាកផ្នែកសេដ្ឋកិច្ចធំធេង។
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា៖ «នេះក៏ជាការព្យាករណ៍អំពីថាតើការវិនិយោគរបស់ចិននៅអង់គ្លេសមានសុវត្ថិភាពកម្រិតណា។ រដ្ឋាភិបាលចិនកំពុងតែតាមដានយ៉ាងដិតដល់លើរឿងនេះ»។
លោក Steve Tsang ដែលជាអ្នកវិភាគអំពីកិច្ចការប្រទេសចិន បាននិយាយថា កំហឹងរបស់រដ្ឋាភិបាលក្រុងប៉េកាំងគឺជាសញ្ញាចង្អុលបង្ហាញពីបញ្ហាមួយ។
លោក Steve Tsang ដែលជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ University of London បាននិយាយថា៖ «ក្រុមហ៊ុនមួយមិនថា ជារបស់រដ្ឋ ឬឯកជន ដែលទទួលបានការគាំទ្រកម្រិតនេះពីសំណាក់រដ្ឋាភិបាលចិន ហើយរដ្ឋាភិបាលចិនត្រៀមលក្ខណៈគ្រប់យ៉ាងដើម្បីផ្តល់ជំនួយដល់ក្រុមហ៊ុននេះ គឺពិតជាធ្វើឲ្យក្រុមហ៊ុនមួយនេះមានលក្ខណៈពិសេសខុសប្លែកពីគេខ្លាំង»។
ការដាក់បម្រាមរបស់ចក្រភពអង់គ្លេសនេះ បង្ហាញពីជោគជ័យមួយសម្រាប់គោលនយោបាយរបស់សហរដ្ឋអាមេរិក និងការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុន Huawei។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនសង្ឃឹមថា សម្ព័ន្ធមិត្តបស្ចិមប្រទេសដទៃទៀតនឹងធ្វើដូចគ្នានេះដែរ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា