ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ពាក់ព័ន្ធ​របូត​តំណែង​ក្រោយ​ហេតុការណ៍​បាក់​រលំ​អគារ​ចិន​នៅ​ខេត្ត​ព្រះ​សីហនុ


រូបឯកសារ៖ ប្រតិបត្តិការ​ស្វែងរក​មប្រតិបត្តិការ​ស្វែងរក​មនុស្ស​ក្នុងគំនរ​អគារ​បាក់​បែក​នៅ​ក្រុង​ព្រះសីហនុ​ នៅព្រឹកថ្ងៃអាទិត្យ​នេះ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ (ស៊ុន​ ណារិន​/ VOA Khmer)
រូបឯកសារ៖ ប្រតិបត្តិការ​ស្វែងរក​មប្រតិបត្តិការ​ស្វែងរក​មនុស្ស​ក្នុងគំនរ​អគារ​បាក់​បែក​នៅ​ក្រុង​ព្រះសីហនុ​ នៅព្រឹកថ្ងៃអាទិត្យ​នេះ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ (ស៊ុន​ ណារិន​/ VOA Khmer)

ក្រោយពី​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​ប្រាំពីរ​ជាន់​ ដែល​បណ្តាល​ឲ្យមនុស្ស​ជិត៣០​នាក់​ស្លាប់​ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ​ មន្ត្រី​ពី​ររូប​​ដែល​រួមមាន​អភិបាល​ខេត្ត​ព្រះ​សីហនុ​ផង​នោះ បាន​របូត​ចេញ​ពី​តំណែង​ ក្រោយ​មាន​ការរិះគន់​ពី​សំណាក់​មហាជន សង្គមស៊ីវិល និង​ក្រុម​ជំទាស់​ទៅ​លើ​ការ​ខ្វះ​សមត្ថភាព​ក្នុង​ដឹកនាំ។

លោក​អភិបាល​ខេត្ត​ព្រះសីហនុ​ ​យន្ត មីន​ ​បាន​ចាកចេញ​ពី​តំណែង ​រី​ឯ​លោក​ទេស​រដ្ឋមន្ត្រី​ ​ញឹម វណ្ណដា​ ​ត្រូវ​បាន​លោក​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​ដក​តួនាទី​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះមហន្តរាយទាក់ទិន​នឹង​ការ​បាក់​រលំ​ការដ្ឋាន​ ​សំណង់​អគារ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នៅ​ខេត្ត​ព្រះសីហនុ។​

​លោក​ ​យន្ត មីន​ ​បាន​និយាយ​ថា​លោក​បាន​ជម្រាប​លោក​នាយក​រដ្ឋមន្ត្រី​ ​អំពី​ការលាលែង​ពី​តំណែង​នេះ​ ​អំឡុង​ពេល​លោក​ ​ហ៊ុន សែន​ ​បាន​ចុះទៅ​ត្រួត​ពិនិត្យ​ ​ទីតាំង​កើតហេតុ ​កាលពី​រំលង​អាធ្រាត​យប់ម៉ិញ​ ​ទី​ដែល​ក្រុម​អ្នកជួយ​សង្គ្រោះ​ ​បាន​ទាញ​យក​សាកសព​អ្នករងគ្រោះ​ចំនួន​ជិត​ ​៣០នាក់​ ​និង​អ្នក​រង​របួស២៦​ ​នាក់។​

​លោក​ ​យន្ត មីន​បាន​សរសេរ​ក្នុង​កំណត់​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ ​កាលពី​រសៀល​ថ្ងៃច័ន្ទ​នេះ​ ​យ៉ាង​ដូច្នេះ​ថា៖​

​«ក្នុង​ឧបទ្ទវហេតុ​រលំ​អគារ៧ជាន់​ក្នុង​ក្រុង​ព្រះសីហនុ​នេះ​ ​ខ្ញុំ​មានការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ​និង​សុំ​ការ​អ​ភ័​ទោស​ពី​ក្រុម​គ្រួសារ​នៃ​ជនរងគ្រោះ​ទាំងអស់»។​

​ការ​លាលែង​ពី​តំណែង​របស់​ ​លោក​ ​យន្ត​ ​មីន​ ​កើត​មាន​ឡើង​បន្ទាប់ពី​មាន​ការ​ស្រែក​ប្រកូក​ប្រកាស​ ​ពី​សំណាក់​សាធារណជន​ ​សង្គម​ស៊ីវិល​ ​និង​អ្នកនយោបាយ​ជំទាស់​ ​ឲ្យ​មានការ​ដក​មុខ​តំណែង​ ​និង​ដាក់​ពិន័យ​ ​មន្ត្រី​ដែល​ជាប់ពាក់ព័ន្ធ​ ​នឹង​គ្រោះថ្នាក់​អកុសល​ដ៏​ប្រល័យ​ខាងលើ។

​ស្ថានទូត​ចិន​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​អាទិត្យ​ ​ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា​អាគារ​នោះ​គឺ​ត្រូវ​បាន​សាងសង់​ដោយ​ក្រុម​អ្នក​វិនិយោគ​ចិន។​

​ក្នុងសារ​រំលែក​ទុក្ខ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ ​ស្ថាន​ទូតចិន​បន្ថែម​ថា «ជនជាតិ​ចិន​៣រូប​ដែល​ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​លើក​នេះ​ត្រូវ​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ឃាត់ខ្លួន»​ ​ហើយ​ ចិន​គាំទ្រ​ដល់​ការ​ស៊ើប​អង្កេត​ចាត់វិធាន​ការ​ផ្លូវ​ច្បាប់​នា​នា​លើ​ជនល្មើស​ទាំង​ឡាយ​ដែល​ពាក់ព័ន្ធ​ក្នុង​ឧបទ្ទវហេតុ​នេះ។​

​នៅ​ក្នុង​កំណត់​ផ្សាយ​មួយ​នៅ​ទំព័រ​ហ្វេសប៊ុ​ក​ផ្លូវការ​របស់​លោក​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ ​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​សរសេរ​ដែរ​ថា​ ​លោក​បាន​ទទួល​សំ​ណើរ​សុំ​លាឈប់​ របស់​លោក​ យន្ត​ ​មីន​ ​រួចហើយ​ ​ហើយ​ថា​ ​លោក​អភិបាលខេត្ត​រូប​នេះ​ ​បាន​«ទទួល​ស្គាល់​កំហុស»​ ​ទាក់ទិន​នឹង​ករណី​បាក់​រលំ​អគារ​ខាងលើ។​ ​តែ​លោក​មិនបាន​បញ្ជាក់​ថា​ ​នឹង​មាន​វិធានការ​អ្វី​បន្ទាប់​ ​ទៅលើ​លោក​ ​យន្ត មីន​ ​និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត​នៅ​ឡើយ​ទេ។

​លោក​ ​យន្ត មីន​ ​ដែល​ពីមុន​ជា​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​ខេត្ត​កោះកុង​ ​មាន​ឋានន្តរស័ក្តិ​ជា​ឧត្ដមសេនីយ៍​ត្រី​ ​បាន​ចូល​មក​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ព្រះសីហនុ​កាលពី​ឆ្នាំ២០១៥។​

​អស់​ពេល​ជិត​បួន​ឆ្នាំ​នៃ​អាណត្តិ​របស់​លោក​ ​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​គាប់​ជួន​ពេល​ដែល​មាន​ការ​ហូរ​ចូល​យ៉ាង​គំហុក​ភ្លាមៗ​នៃ​ការ​វិនិយោគ​របស់​ចិន​ទៅលើ​វិស័យ​សំណង់​ ​អចលនទ្រព្យ​ ​និង​កាស៊ីណូ​ព្រោង​ព្រាត​នា​អំឡុង​ពេល​ជាង​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ។

​ការ​កើន​ឡើង​ទ្រង់ទ្រាយ​ធំ​របស់​ជនជាតិ​ចិន​នេះ​បាន​បង្ក​រប​ញ្ហា​អសកម្ម​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ដូច​យ៉ាង​ជម្លោះ​ដីធ្លី​មួយ​ដែល​បាន​កើតឡើង​កាលពីដើម​ឆ្នាំនេះ​ ​ដែល​មានការ​នាំឲ្យ​ដក​តំណែង​អភិបាល​រង​ខេត្ត​ពីរ​រូប​នាគ្រា​នោះ​ ​ដែល​លោក​យន្ត​ មីន​ ​ខ្លួនឯង​ក៏​រក្សា​តួនាទី​ស្ទើរ​មិន​ជាប់។​

​លោក​ ហ៊ុន សែន​ ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ ទោះបី​មាន​ការ​លាលែង​ លោក​ យន្ត មីន​ ​នឹង​នៅ​បន្ត​កាន់​តំណែង​ជា​អភិបាលខេត្ត​រហូត​ប្រតិបត្តិ​ការរុករក​និង​ជួយ​សង្គ្រោះ​អ្នក​រងគ្រោះ​ ​នៅ​អគារ​បាក់​រលំ​ខាងលើ​ត្រូវ​បិទ​បញ្ចប់។​

​លោក​ ​គួច ចំរើន​ ​អភិបាលខេត្ត​កំពង់ចាម​នឹងត្រូវ​ផ្ទេរ​ឲ្យ​មក​ជំនួស​តួនាទី​លោក​ ​យន្ត មីន​ ​ជា​អភិបាល​ខេត្ត​ព្រះសីហនុ។​ នេះ​បើ​យោង​តាម​ការ​បន្ថែម​បន្ត​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ដែល​កំពុង​ពិគ្រោះ​យោបល់​ជាមួយ​លោក​ ​ស ខេង​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​ដ៏​មាន​ឥទ្ធិពល​របស់​លោក។​

​យ៉ាង​ណា​ក៏​ដោយ​យោងតាម​ព្រះរាជ​ក្រឹត្យ​ដែល​ចែកចាយ​ឱ្យ​អ្នកសារព័ត៌មាន​ ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ ព្រះ​មហាក្សត្រ​ខ្មែរ​ បាន​ឡាយប្រហស្ត​តែង​តាំង​ ​លោក​ ​គួច ចំរើន​ ​អភិបាលខេត្ត​កំពង់ចាម​ ឱ្យ​មក​ជំនួស​តួនាទី​លោក​ ​យន្ត មីន​ ​ជា​អភិ​បាល​ខេត្ត​ព្រះសីហនុ។​ លោក​ ​យន្ត មីន​ ​ត្រូវ​បាន​ផ្ទេរ​ការងារ​ទៅ​ក្រសួង​មហា​ផ្ទៃ​វិញ។

​ស្រប​ពេល​ជាមួយគ្នា​នេះ​ផង​ដែរ​ ​លោក​ ​ហ៊ុន​ ​សែន​ ​ក៏បាន​សម្រេច​ដក​តួនាទី​លោក​ ​ញឹម​ ​វណ្ណ​ដា​ ​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ ​ក្រោម​ថា​ ​លោក​ ​ញឹម​ ​វណ្ណ​ដា​ ​បាន​បំពេញ​តួនាទី​ដោយ​«​ខ្វះ​ការទទួលខុសត្រូវ​និង​ភូតភរ‍»។​

លោក​ ហ៊ុន​ សែន​ នៅរសៀល​ថ្ងៃច័ន្ទ​ នេះ​បាន​បញ្ជាក់ថាលោក​អនុប្រធាន​យូរឆ្នាំ​នៃ​ស្ថាប័ន​ឆ្លើយ តប​នឹង​គ្រោះមហន្តរាយ​របស់​រដ្ឋាភិបាល​មួយ​រូប​នេះ​ពុំ​អាច​ទាក់ទង​បាន​ និង​ពុំ​មាន​វត្តមាន​នៅ​ទីតាំង​ដែល​កើត​មាន​ឧបទ្ទវហេតុ​នោះ​ទេ តែ​បែរ​ជា​មាន​វត្តមាន​នៅ​ខេត្ត​កំពត​ជា​មួយ​ស្ត្រី​មួយ​រូប​ដែល​លោក​ ហ៊ុន​ សែន​និយាយ​ថា​ លោក​ពុំ​ដឹង​ថា​ជា​នរណា​នោះ​ទេ។

ក្នុង​ថ្ងៃ​ចន្ទ​ជាមួយ​គ្នា​ផង​ដែរ​ ​គេ​បានឃើញ​មានការ​តែងតាំង​លោក​ទេស​រដ្ឋមន្ត្រី​ ​គន់ គីម​ ​អតីតឋ​នាយ​អគ្គសេនាធិការ​ដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ​ មក​ជំនួស​តួនាទី​លោក​ ញឹម​ វណ្ណ​ដា​ ដែល​ត្រូវ​បាន​ផ្ទេរ​ទៅ​ស្ថិត​ក្នុង​ចំណោម​ទី​ប្រឹក្សា​ដ៏​ច្រើន​កុះករ​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន។​

​VO​Aមិន​អាច​ទាក់ទង​លោក​ ញឹម វណ្ណដា​ ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ទេ​ នា​រសៀល​ថ្ងៃ​ចន្ទ​នេះ។​

​លោក​ ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជាបាន​និយាយប្រាប់​ VOA​ថា​ ​ការ​លាលែង​របស់​លោក​ ​យន្ត​ ​មីន​ ​បាន​បង្ហាញ​អំពី​«ទំនួល​ខុសត្រូវ​ផ្ទាល់ខ្លួន» និង​ការ​បង្ហាញ​នូវ​«សម្ប​ជញ្ញៈ»​របស់​លោក​អភិបាល​ខេត្ត​រូប​នេះ។​

​រី​ឯ​ករណី​លោក​ ​ញឹម​ ​វណ្ណ​ដា​ ​វិញ​ ​លោក​ ​ផៃ​ ​ស៊ី​ផាន​ ​បាន​លើក​ឡើង​ថា​លោក​ផ្ទាល់​ជា​អ្នក​នាំពាក្យ​ស្រាប់​ ​ក៏​មិនទាន់​មាន​ព័ត៌មាន​លម្អិត​នៅ​ឡើយ​ ​ថា​តើ​លោក​ ​ញឹម វណ្ណ​ដា​ ​បាន​បង្ហាញ​ការ​ខ្វះ​ទំនួល​ខុសត្រូវ​ ​ឬ​ភូតភរ​លោកនាយក​រដ្ឋមន្ត្រី​នៅ​លើ​រឿង​អ្វី​នោះ​ទេ។​

​អ្នក​នាំពាក្យ​រដ្ឋាភិបាល​នេះ​បាន​និយាយ​ពី​ការ​ដក​តួនាទី​លោក​ ​ញឹម​ ​វណ្ណ​ដា​ ​ហើយ​តែង​តាំង​ភ្លាម​ៗ​ជាទេ​សរ​ដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ជាទី​ប្រឹក្សា​រដ្ឋាភិបាល​ក្នុង​ថ្ងៃ​តែមួយ​នេះ​ ​យ៉ាង​ដូច្នេះ​ប្រាប់​ ​VOAតាម​ទូរស័ព្ទ​ថា៖​

​«នៅក្នុង​កាលៈទេសៈ​នេះ​ ​នៅក្នុង​ន័យ​ប្រមូល​កម្លាំង​កសាង​និង​ការពារ​ជាតិ​ ​អាហ្នឹង​ជា​សារៈសំខាន់​ ​ហើយ​នៅក្នុង​ន័យ​ដែល​យើង​ផ្ដល់​តម្លៃ​នៃ​ការ​ប្រឹងប្រែង​របស់​ឥស្សរជន​ ​ទាំងនោះ​នៃ​អតីតកាល​ដែល​លោក​បាន​ផ្ដល់​សេវាកម្ម​សាធារណៈ​ ​យើង​មិន​កាត់ថ្លៃ​ ​ឬ​កាត់​ក​ ​ការបាត់បង់​តំណែង​ដែល​កំពុង​ទទួលខុសត្រូវ​គឺ​ជា​ការ​បាត់បង់​កិត្តិយស​ដ៏​ធំធេង​ណាស់»។​

​លោក​ ​ផៃ ស៊ីផាន​ ​បាន​លើកឡើង​បន្ត​ថា​ការ​យក​លោក​ ​ញឹម​ ​វណ្ណ​ដា​ ​ទៅជា​ទីប្រឹក្សា​រដ្ឋាភិបាល​ ​ក្នុង​ក្ដី​សង្ឃឹមថា​លោក​នឹង​យក​បទ​ពិសោធន៍​ការងារ​ច្រើន​ឆ្នាំ​កន្លងមកដែល​រដ្ឋាភិបាល​ទទួល​ស្គាល់ ​ជា​ធាតុ​ចូល​ ​ជួយ​ការងារ​រដ្ឋបាល​សាធារណៈ​ទៅ​ថ្ងៃមុខ​បន្ត​ទៀត។​

គិត​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​ ​ក្រុម​ជួយសង្គ្រោះ​ចម្រុះ​ដែល​មាន​កម្លាំង​ប្រមាណ​មួយ​ពាន់​នាក់​ ​បាន​ទាញ​យក​អ្នក​ស្លាប់​បាន​២៨នាក់​ ​និង​អ្នក​រង​របួស​សរុប​ ​២៦នាក់​ ​ចេញពី​គំនរ​បែកបាក់​ ​ដែល​នេះ​រាប់​បញ្ចូល​ទាំង​ការ​យកចេញ​បាន​នូវ​ ​អ្នក​រស់រាន​មានជីវិត​ពីរ​នាក់​ចុងក្រោយ​ ​ដែល​ទើបនឹង​រក​ឃើញ​នា​វេលា​ម៉ោង៤​:​៣០នាទី​រសៀល​នេះ​ ​បន្ទាប់ពី​ជាប់​ក្នុង​គំនរ​បែក​បាក់​អស់​ប្រមាណ​ជិត៦០ម៉ោង៕

XS
SM
MD
LG