លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្កោលទោសអ្នករិះគន់ការវិនិយោគទុនចិននៅខេត្តព្រះសីហនុដោយចាត់ទុកថាវាគ្រាន់តែជារឿងនយោបាយរបស់ក្រុមប្រឆាំងប៉ុណ្ណោះ។
លោកហ៊ុន សែនបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃច័ន្ទថា៖
«ខ្ញុំសូមថ្កោលទោសជាសាធារណៈ ទៅលើបញ្ហាទាក់ទងនឹងយកបញ្ហាវិនិយោគរបស់ចិនមកធ្វើការចោទប្រកាន់រាជរដ្ឋាភិបាលថាជាអាយ៉ងរបស់ចិន លក់ដីឱ្យចិន»។
ការវាយប្រហារខ្លាំងៗរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាធ្វើឡើងនៅថ្ងៃទីពីរពេលដែលលោកបានចុះទៅពិនិត្យមើលការដ្ឋានសាងសង់អគារខុនដូ៧ជាន់របស់ចិនដែលបានបាក់ហើយសម្លាប់ពលរដ្ឋខ្មែរយ៉ាងហោចណាស់២៨នាក់និងរងរបួស២៦នាក់។
លោក ហ៊ុន សែន ការពារថា គ្រោះថ្នាក់អាចកើតមានឡើងគ្រប់ពេលដែលមិនថាជនជាតិណាជាអ្នកបង្កទេ ប៉ុន្តែកត្តាសំខាន់ត្រូវគិតពីប្រយោជន៍ជាតិនិងពលរដ្ឋ។ លោកអះអាងថាពលរដ្ឋខេត្តព្រះសីហនុកំពុងតែទទួលបានផលពីការវិនិយោគទុនរបស់ចិន។
លោកបានបញ្ជាក់ថា៖
«ឥឡូវបើថាក្រុងព្រះសីហនុគ្មានអ្នកវិនិយោគចិនទេ សួរថាយើងមានអគារសំណង់ខ្ពស់ៗធំៗយ៉ាងដូច្នេះទេ? ចំណុចនេះកុំយកបញ្ហាតូចមួយឱ្យក្លាយជាភ្លើងអគ្គិភ័យ កំទេចភ្លើងក្លាយទៅជាអគ្គិភ័យបំផ្លាញនូវទំនាក់ទំនង បំផ្លាញនូវបរិយាកាសវិនិយោគដែលយើងខិតខំទាក់ទាញយកមក។ អ្នកណាទទួលអ្នកណាខុសត្រូវចាត់ការតាមផ្លូវច្បាប់»។
ខេត្តព្រះសីហនុដែលជាប់នឹងមាត់សមុទ្របានរីកលូតលាស់យ៉ាងលឿនដោយមានសំណង់ សណ្ឋាគារ កាស៊ីណូ និងអគាលំនៅដ្ឋានដែលជាការវិនិយោគទុនរបស់ចិន។ ការវិនិយោគទុនចិនក៏បានបន្តរហូតដល់ខេត្តកោះកុងដែលនាំឱ្យមានការព្រួយបារម្ភពីអ្នកនយោបាយមួយចំនួននិងសហរដ្ឋអាមេរិកថាអាចនឹងត្រូវប្រើប្រាស់ជាមូលដ្ឋានយោធាជើងទឹកហើយថាកម្ពុជានឹងធ្លាក់ទៅក្នុងអន្ទាក់បំណុលរបស់ចិនដូចប្រទេសមួយចំនួននៅក្នុងតំបន់និងទ្វីបអាហ្វ្រិក។
ប៉ុន្តែលោកហ៊ុន សែនលើកឡើងថាកម្ពុជានិងប្រទេសជាច្រើនកំពុងតែត្រូវការការវិនិយោគទុនរបស់ចិន។
លោកបានបន្ថែមថា៖
«ខ្ញុំបានស្តាប់ឮច្រើនពេកហើយដែលថាចិនមកដាក់អាណានិគមតាមរយៈការវិនិយោគក៏ប៉ុន្តែសូមបញ្ជាក់ថាអ្នកទាំងអស់គ្នា ឥឡូវពិភពលោកកំពុងត្រូវការអ្នកវិនិយោគចិនចូលទៅ វិនិយោគក្នុងប្រទេសរបស់គេ។ ឯយើងមានភ័ព្វសំណាងបានទាញអ្នកវិនិយោគចិនចូលក្នុងប្រទេសរបស់យើង ក៏ប៉ុន្តែអ្នកដែលមិនចង់ឱ្យយើងមានការរីកចម្រើនខ្លះគេថានេះជាអន្ទាក់បំណុលរបស់ចិន។ នេះជាអាណានិគមរបស់ចិន។ នេះជាកន្លែងលក់ដីឱ្យចិន»។
អាជ្ញាធរខេត្តព្រះសីហនុបានត្អូញត្អែរថាសំណង់របស់ចិននេះមិនមានការអនុញ្ញាតត្រឹមត្រូវទេ ដែលនាំឱ្យមានសោកនាដកម្មបាក់អគារកម្ពស់៧ជាន់កាលពីចុងសប្តាហ៍កន្លងមកនេះ។
លោកសម រង្ស៊ីប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានភ្ជាប់ការដួលរលំអគារនេះទៅ នឹងអំពើពុករលួយ ការព្រងើយកន្តើយ និងស្មារតីមិនទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំប្រទេស។
លោកសម រង្ស៊ីបានសរសេរនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនបន្ថែមទៀតថា៖
«នេះគ្រាន់តែជាសញ្ញាមួយ ដែលយើងទើបតែមើលឃើញទាំងអស់គ្នា តែមិនដឹងថា តើមានអគារបែបនេះ ប៉ុន្មានខ្នងទៀត ដែលកំពុងតែសាងសង់ដែរ ឬក៏ត្រូវបានសាងសង់រួចហើយ ដោយមិនមានលិខិតអនុញ្ញាតិ ហើយដោយមិនបានទទួលការត្រួតពិនិត្យអ្វីឡើយ ចំពោះស្តង់ដារបច្ចេកទេស និងសុវត្ថិភាព។ នៅប្រទេសកម្ពុជាសព្វថ្ងៃ មនុស្សខិលខូច ចង់ធ្វើអ្វីក៏បានដែរ ឲ្យតែមានលុយ។ របបពុករលួយ ដឹកនាំដោយ ហ៊ុន សែន គឺជាគ្រោះថ្នាក់សាធារណៈ សម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ»។
មានជនជាតិចិនចំនួនបីនាក់ដែលជាអ្នកម៉ៅការសាងសង់ ម្ចាស់សំណង់ អ្នកម៉ៅការបូកជញ្ជាំងអគារនិងខ្មែរម្នាក់ដែលជាម្ចាស់ដីត្រូវបានអាជ្ញាធរខេត្តព្រះសីហនុឃាត់ខ្លួនយកមកសាកសួរពាក់ព័ន្ធនឹងការបាក់អគារនេះ។
ស្ថានទូតចិនប្រចាំកម្ពុជាបានចូលរួមមរណទុក្ខចំពោះឧបទ្ទេវហេតុបាក់រលំអគារនេះ។ សារបង្ហោះតាមរយៈហ្វេសប៊ុករបស់ស្ថានទូតកាលពីថ្ងៃអាទិត្យបានបញ្ជាក់បន្ថែមថា៖
«បច្ចុប្បន្ន ជនជាតិចិនដែលពាក់ព័ន្ធនឹងឧបទ្ទេវហេតុលើកនេះ ត្រូវកម្លាំងសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនបានហើយ ភាគីចិនគាំទ្រស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបើកការស៊ើបអង្កេតតាមផ្លូវច្បាប់ និងគាំទ្រទាំងស្រុងចំពោះភាគីកម្ពុជាដើម្បីចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនល្មើសទាំងឡាយដែលពាក់ព័ន្ធក្នុងឧបទ្ទេវហេតុលើកនេះ»។
ការបាក់អគារចិននេះបាននាំឱ្យមានការដោះដូរតំណែងភ្លាមៗលើស្ថាប័នពាក់ព័ន្ធហើយរដ្ឋាភិបាលបានប្រកាសបើកការស៊ើបអង្កេតផងដែរ។ រហូតមកដល់ពេលនេះអភិបាលខេត្តព្រះសីហនុ គឺលោកយន្ត មីន បានសុំលាលែងចេញពីតំណែង រីឯលោកញឹម វណ្ណដាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រូវបានដកតំណែងដោយសារយឺតយ៉ាវមិនចេញមុខផ្តល់ការជួយសង្គ្រោះជនរងគ្រោះទាន់ពេលនិងកុហកនាយករដ្ឋមន្ត្រី៕