នៅក្នុងសារមួយដែលត្រូវបានបង្ហោះកាលពីថ្ងៃទី២៣ ខែមិថុនា លើគេហទំព័រហ្វេសប៊ុកដែលគេជឿថាជារបស់លោក កឹម សុខា បានសរសេរយ៉ាងដូច្នេះថា៖
«ខ្ញុំ កឹម សុខា និងភរិយាមានសេចក្តីរន្ធត់និងសោកស្តាយយ៉ាងខ្លាំងក្រៃលែងចំពោះកម្មករសំណង់ខ្មែរក្រីក្រដែលទទួលរងគ្រោះ ស្លាប់និងរងរបួសយ៉ាងច្រើនដោយបណ្តាលមកពីការរលំបាក់អាគារសំណង់របស់ចិននៅខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ។ ខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះនិងក្រុមគ្រួសារសពទាំងអស់ដោយក្តីក្រៀមក្រំបំផុត។ ខ្ញុំក៏សូមអំពាវនាវឲ្យមានការផ្តល់យុត្តិធម៌ជូនជនរងគ្រោះដោយផ្តល់សំណងនិងផ្តន្ទាទោសចំពោះអ្នកទទួលខុសត្រូវទាំងឡាយដែលពាក់ពន្ធ័ឲ្យបានសមរម្យ ហើយក៏សូមឲ្យរកមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ និងមានវិធានការបង្ការទប់ស្កាត់កុំឲ្យហេតុការណ៍បែបនេះកើតមានដដែលៗតទៅទៀត»។
គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ក្រុមអាជ្ញាធរអះអាងថាមានមនុស្សយ៉ាងហោចណាស់២៨ នាក់បានស្លាប់និង២៤នាក់ផ្សេងទៀតបានរងរបួសក្រោយអាគារមួយកម្ពស់៧ជាន់បាក់ស្រុតនៅមុនថ្ងៃរះ ថ្ងៃសៅរ៍នៅក្នុងខេត្តព្រះសីហនុ។ ប្រតិបត្តិការមួយ ត្រូវបានធ្វើឡើងភ្លាមៗដើម្បីរកជនរងគ្រោះដែលជាប់ក្នុងគំនរអាគារបាក់បែកនោះ។ គេដឹងថាអាគារដែលកំពុងដំណើរការសាងសង់នេះ មានម្ចាស់ជនជាតិចិន ហើយជនរងគ្រោះភាគច្រើនជាកម្មករសំណង់ជនជាតិខ្មែរ។
ស្ថានទូតចិនប្រចាំនៅកម្ពុជាក៏បានបង្ហោះសាររំលែកទុក្ខនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននិងចូលរួមក្នុងប្រតិបត្តិការសង្រ្គោះផងដែរ។ ស្ថានទូតចិនបន្ថែមថា «ជនជាតិចិនដែលពាក់ព័ន្ធនឹងឧបទ្ទវហេតុលើកនេះត្រូវកម្លាំងសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន» ហើយ ចិនគាំទ្រដល់ការស៊ើបអង្កេតចាត់វិធានការផ្លូវច្បាប់នានាលើជនល្មើសទាំងឡាយដែលពាក់ព័ន្ធក្នុងឧបទ្ទវហេតុនេះ។
មេដឹកនាំកម្ពុជាជាច្រើនរូបបានបង្ហាញការសោកស្តាយចំពោះសោដនាដកម្មដ៏កម្រមួយនេះ។ លំហូរនៃជនជាតិចិន បនល្បែង និងវិនិយោគនានាកំពុងកើនឡើងយ៉ាងគំហុកក្នុងខេត្តព្រះសីហនុ និងបានធ្វើឱ្យខេត្តដែលជាប់មាត់សមុទ្ររបស់ខ្មែរមួយនេះក្លាយជាបណ្តុំនៃបញ្ហាមួយចំនួន រួមទាំងឧក្រិដ្ឋកម្ម ជាដើម៕