កម្មករដែលធ្វើការនៅសំណង់អគារដែលបានបាក់រលំ កាលពីថ្ងៃសៅរ៍ក្នុងក្រុងព្រះសីហនុ បានថ្លែងថាពួកគេធ្លាប់ឃើញអាជ្ញាធរចុះមកកន្លែងធ្វើសំណង់ ហើយពួកគេមួយចំនួនត្រូវបានស្នើឲ្យឈប់ធ្វើការមួយរយ:។ ប៉ុន្តែក្រោយមកក្រុមហ៊ុនបានចាប់ផ្តើមសាងសង់បន្តទៀត។
ទីតាំងសំណង់ដែលបាក់រលំនេះត្រូវគេដឹងថា បានចាប់ផ្ដើមការសាងសង់កាលពីឆ្នាំ២០១៨។
អ្នកស្រី ញ៉រ ស្រីអូន អាយុ៣២ឆ្នាំ ជាកម្មករម្នាក់ដែលធ្វើការនៅការដ្ឋានសំណង់មួយនេះបានជិត៧ខែ។ ប៉ុន្តែអ្នកស្រីដែលមកពីខេត្តត្បូងឃ្មុំ មកធ្វើការសំណង់នៅខេត្តដែលកំពុងមានកំណើនជនជាតិចិនយ៉ាងគំហុកនេះ មិនរងគ្រោះថ្នាក់ពីការបាក់អគារនោះទេ ដោយសារអ្នកស្រីមិនបានស្នាក់នៅកន្លែងនោះនាពេលយប់កើតហេតុ។
អ្នកស្រី ញ៉រ ស្រីអូន ដែលមានកូនពីរនាក់បានថ្លែងថា អ្នកស្រីនិងកម្មករផ្សេងទៀត ត្រូវបានក្រុមហ៊ុនឲ្យឈប់ធ្វើការក្នុងខែមីនា ពេលដែលអគារសម្រេចការសាងសង់បានប្រាំជាន់ ហើយក្រោយពេលចូលឆ្នាំខ្មែរក្នុងខែមេសា ទើបក្រុមហ៊ុនហៅអ្នកស្រីមកធ្វើការងារបន្តទៀត ហើយត្រូវការកម្លាំងកម្មករផ្សេងទៀត។ ការងារនោះ អ្នកស្រីថាគឺសង់អគារពីរជាន់បន្ថែមទៀត។
អ្នកស្រីបានថ្លែងប្រាប់VOA នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ពេលនៅមើលថែប្អូនប្រុសថា៖
«ពេលចូលឆ្នាំទៅផ្ទះ យើងមកវិញ។ មកវិញគាត់តេប្រាប់យើងថាការងារមានហើយ ឲ្យយើងហៅគេហៅឯង បងប្អូនមកធ្វើការអីចឹង។ ពីដើមឡើយ ប្រាប់ថា៥ជាន់ទេ ដល់ពេលធ្វើការបោសសម្អាតចងដែក ចងអី។ ដល់ពេលហើយទៅ គាត់ថា[ប្រធានជាជនជាតិចិន] ធ្វើពីរជាន់ទៀត»។
អ្នកស្រីបានបន្ថែមថាកន្លងទៅ អាជ្ញាធររួមមានកងកម្លាំងនគរបាលផង ក៏ធ្លាប់បានមកពិនិត្យការដ្ឋានផងដែរ ប៉ុន្តែអ្នកស្រីមិនដឹងថាមានរឿងអ្វីច្បាស់ដែរ។ ប៉ុន្តែអ្នកស្រីថាក្រោយការមកពិនិត្យមើល ពេលខ្លះ ថៅកែបានប្រាប់ឲ្យសម្រាកធ្វើការងារមួយថ្ងៃ ពីរថ្ងៃ ឬបីថ្ងៃភ្លាមៗ។
អ្នកស្រីបានបញ្ជាក់ថា៖
«ប៉ូលីសមក និយាយចុះនិយាយឡើងទៅបាត់អញ្ចឹងទៅ។ ប្រហែលជាបួនដប់ថ្ងៃកន្លះខែ មានចុះមកទៀត។ ចុះឡើងៗ គេនិយាយតែគ្នាគេ គេមិនដែលឲ្យយើងឮ»។
អ្នកស្រីដែលធ្វើការភាគច្រើនផ្នែកចងដែក ដែលអាចរកកម្រៃបាន១១ដុល្លារក្នុងមួយថ្ងៃ បន្ថែមទៀតថា៖
«អីវ៉ែ អីវ៉ាន់អី គាត់ជញ្ជូនយកតែទៅលើទាំងអស់។ សម្រុកមុននឹងកើតហេតុហ្នឹង។ បួនប្រាំថ្ងៃហ្នឹង ជាងការ៉ូ ជាងរៀបឥដ្ឋ គឺថែមម៉ោងយប់ថ្ងៃៗ ជញ្ជូនអីវ៉ាន់ឡើងលើ។ ស្អីក៏គាត់ជញ្ជូនឡើងលើដែរ។ ការ៉ូរាប់ពាន់កេស គឺជញ្ជូនឡើងលើទាំងអស់។ ខ្សាច់ដឹកមកប៉ុន្មានឡាន គឺសម្រុកជញ្ជូនឡើងលើតែម្តង។ អញ្ចឹងវាធ្ងន់លើ»។
ការអះអាងរបស់អ្នកស្រី ញ៉រ ស្រីអូន ស្រដៀងគ្នានឹងការថ្លែងរបស់អភិបាលខេត្ត លោក យន្ត មីន ដែលលោកថាអាជ្ញាធរធ្លាប់បានចុះហាមឃាត់សំណង់នេះពីរដងរួចមកហើយ។
លោកអភិបាលខេត្តដែលទើបនឹងលាលែងរូបនេះ បានប្រាប់អ្នកសារព័ត៌មាននៅកន្លែងបាក់សំណង់អគារកាលពីថ្ងៃសៅរ៍ថា អាជ្ញាធរបានឃាត់សំណង់នេះ ចំនួន២ដងរួចមកហើយ ដោយលោកថាការធ្វើសំណង់នេះមិនអនុវត្តតាមបច្ចេកទេស។ ប៉ុន្តែលោកមិនបានបញ្ជាក់ថាមូលហេតុអ្វីបានជាមិនមានការបញ្ឈប់ការដ្ឋានសំណង់ រហូតមកដល់ថ្ងៃគ្រោះថ្នាក់។
លោកមានប្រសាសន៍ថា៖
«ជាក់ស្តែងក្រុមការងាររបស់យើង បានមកឃាត់ពីរដងដែរហើយ»។ លោកបន្ថែមថា៖ «ហើយកន្លងទៅ ខេត្តធ្លាប់ឃាត់ញឹកណាស់សំណង់ដទៃ។ ខ្លះគាត់ស្តាប់ទៅ ខ្លះគាត់លួច»។
នៅថ្ងៃចន្ទនេះ លោក យន្ត មីន បានស្នើសុំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លាលែងពីអភិបាលខេត្ត ហើយលោក ហ៊ុន សែន ក៏បានយល់ព្រម។ លោកអភិបាលខេត្តរូបនោះបានសរសេរនៅលើហ្វេសប៊ុករបស់លោកថា លោកបានជួបនាយករដ្ឋមន្រ្តី «ដើម្បីសុំការអភ័យទោសពីលោក»។
ប៉ុន្តែរហូតមកដល់ពេលនេះ គេមិនទាន់ដឹងថា តើនឹងមានចំណាត់ការផ្លូវច្បាប់ទៅលើមន្រ្តីណាមួយនៅឡើយទេ។
VOAមិនអាចសុំការបញ្ជាក់បន្ថែមពីមន្រ្តីរដ្ឋបាលនិងនគរបាលខេត្តបាននៅឡើយទេរហូតមកដល់ពេលនេះ។
ដើម្បីបំពេញតាមការត្រូវការកម្លាំងពលកម្មមកធ្វើការនៅសំណង់ដែលបាក់នេះ អ្នកស្រី ញ៉រ ស្រីអូន បាននាំប្អូនប្រុសពីរនាក់ និងប្អូនថ្លៃម្នាក់មកធ្វើការ។ ប្អូនប្រុសរបស់អ្នកស្រីម្នាក់អាយុ១៨ឆ្នាំ បានស្លាប់នៅក្នុងគ្រោះថ្នាក់នេះ ហើយប្អូនប្រុសម្នាក់ទៀត និងប្អូនថ្លៃ បានរងរបួសធ្ងន់។
ប្អូនប្រុសរបស់អ្នកស្រី គឺលោក ញ៉រ ចាន់ណេត ត្រូវបានជួយសង្រ្គោះទាន់ពេល ក្រោយជាប់ក្នុងនោះជិត១២ម៉ោង។ ភរិយារបស់លោកបានបាក់ជើងម្ខាង ហើយកំពុងសម្រាកព្យាបាលនៅភ្នំពេញ។
លោកបានថ្លែងថា៖
«ភឹងៗមក រកផ្លូវចេញអត់ឃើញហ្មង។ ពិបាកដកដង្ហើម ព្រោះយើងអត់មានខ្យល់អុកស៊ីសែន បើសង្កត់ពីជាន់ទី៨ដល់ជាន់ទី២ រាបស្មើដី ហើយអាអ៊ិចគេកាយ ធ្លាក់ថ្មគរៗពីលើ ហើយយើងខំប្រឹងស្រែកហៅគេ គេម៉េចឮ»។
ចំណែកលោក ផាត សុផល ជាកម្មករម្នាក់ ដែលត្រូវបានជួយសង្រ្គោះពីគ្រោះថ្នាក់ ក្រោយជាប់ជិត៦ម៉ោង បានថ្លែងថា លោកបានគេងនៅម៉ោង៨យប់ ហើយហេតុការណ៍នោះបានកើតឡើងនៅម៉ោងជិត៤ទៀបភ្លឺ។ លោកថាបងថ្លៃ និងក្មួយរបស់លោកបានជាប់នៅទីនោះ។
លោក សុផល ដែលមកពីខេត្តព្រៃវែងមានប្រសាសន៍ថា៖«កំពុងកាយហ្នឹងឃើញមានគ្នាខ្ញុំបីនាក់ មានបងថ្លៃខ្ញុំមួយ ក្មួយខ្ញុំមួយ។ ពេលបាក់ភ្លាម ក្មួយខ្ញុំក៏ដូចជានៅរស់ដែរ ព្រោះអីគាត់យំរហូត។ គាត់យំ គាត់សួរខ្ញុំពូអើយជួយផង ហើយបងថ្លៃខ្ញុំក៏ឮមាត់ដែរ ហើយក្រោយទៅ ក៏បាត់មាត់ទៅ ខ្ញុំស្រែកឲ្យគេជួយរហូតទៅ»។
នៅម៉ោងជាង៤រសៀលថ្ងៃចន្ទនេះ បងថ្លៃ និងក្មួយរបស់លោក ត្រូវបានក្រុមជួយសង្រ្គោះកាយរកឃើញ ហើយពួកគេនៅរស់រានមានជីវិត ក្រោយជាប់ក្នុងគំនរអគាររយ:ពេលជាង២ថ្ងៃកន្លះ។
កម្មករវ័យ៣៧ឆ្នាំរូបនេះ បន្តថា លោកក៏ធ្លាប់និយាយជាមួយកម្មករផ្សេងទៀតថា ជណ្តើរយន្តរបស់អគារ ហាក់មិនរឹងមាំនោះទេ។
លោកមានប្រសាសន៍ថា៖«មិនសូវសង្កេតដែរ តែគ្រាន់នាំគ្នានិយាយលេងរឿងជណ្តើរយន្ត។ ជណ្តើរយន្តរាងទន់ៗ ក្រែងលោមានថ្ងៃណាបាក់។ ដល់ពេលវាមានបាក់អាហ្នឹងណា វាបាក់អគារតែម្តង»។
អគារបាក់នេះ មានកម្ពស់៧ជាន់ មានទីតាំងស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ ដែលកំពុងមានការកើនឡើងយ៉ាងគំហុកនូវសំណង់ ខណ:មានកំណើនជនជាតិចិនមករស់នៅ និងរកស៊ីក្នុងខេត្តមួយនេះ។
សំណង់ដែលបាក់នេះ មានទទឹង១៥ម៉ែត្រ បណ្តោយ៣០ម៉ែត្រ និងដំណើរការសាងសង់បានប្រមាណ៧០ទៅ៨០ភាគរយ។ អាជ្ញាធរបញ្ជាក់ថាកំពុងស៊ើបអង្កេតរកមូលហេតុនៃការបាក់អគារនេះ។
សមត្ថកិច្ចបានចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានជនជាតិចិន៣នាក់ ដែលជាម្ចាស់ការដ្ឋានសំណង់ អ្នកម៉ៅការសាងសង់ អ្នកម៉ៅការបូកជញ្ជាំងអគារនិងជនជាតិខ្មែរម្នាក់ដែលជាម្ចាស់ដី។
ស្ថានទូតចិនប្រចាំកម្ពុជាបានប្រកាសគាំទ្រអាជ្ញាធរកម្ពុជាបើកការស៊ើបអង្កេតតាមផ្លូវច្បាប់លើបញ្ហានេះ។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានថ្លែងថាករណីនេះត្រូវមានការស៊ើបអង្កេតថាតើម្ចាស់សំណង់ជាជនជាតិចិននោះមានមន្រ្តីជាខ្នងបង្អែកឬយ៉ាងណា។
លោកមានប្រសាសន៍ថា៖
«វាជារឿងមួយ យើងមានការសង្ស័យទៅលើឥទ្ធិពលនៃខ្នងបង្អែករបស់ចិន ពីព្រោះអីបើសិនជាគ្មានខ្នងបង្អែកទេ ខ្ញុំគិតថាចិនទំនងជាស្តាប់អាជ្ញាធរសមត្ថកិច្ចក្នុងខេត្តនោះ។ ចំណុចនេះយើងចង់ឲ្យមានការស៊ើបអង្កេតនៅពីក្រោយចិននៅតែរំលោភសមត្ថកិច្ចរបស់អាជ្ញាធរមូលដ្ឋាន»។
លោកបន្តថាលោកសង្កេតឃើញសំណង់ភាគច្រើននៅក្នុងខេត្តព្រះសីហនុ មិនមានការត្រួតពិនិត្យឲ្យបានដិតដល់។ លោកស្នើឲ្យមានកំណែទម្រង់វិស័យសំណង់ និងបញ្ជៀសអំពើពុករលួយក្នុងវិស័យនេះ។
ក្រុងព្រះសីហនុ កំពុងរីកដុះដាលសំណង់យ៉ាងគំហុក ក្នុងរយ:ពេលពីរបីឆ្នាំចុងក្រោយនេះ ក្រោយមានកំណើនជនជាតិចិនក្នុងខេត្តមួយនេះ។ សំណង់ទាំងនេះមានដូចជាសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន កន្លែងស្នាក់សម្រាប់ជួល និងសំណង់ផ្សេងៗ។
អ្នកស្រី ញ៉រ ស្រីអូន ដែលប្អូនស្លាប់ក្នុងសំណង់បាក់រលំនេះ មានប្រសាសន៍ថា អ្នកស្រីមានការសោកស្តាយមិនគួរហៅប្អូនមកធ្វើការនៅទីនេះនោះទេ។
អ្នកស្រីបានបញ្ជាក់ថា៖«ប្រហែលជាឈប់ហៅបងប្អូនអីហើយ។ រៀងហើយ! ចង់ឈប់ធ្វើ ខ្លាច»៕