យ៉ាងហោចណាស់មានកម្មករសំណង់ ២៦ នាក់ ត្រូវបានគេបញ្ជាក់ថាបានស្លាប់ ហើយមនុស្ស ២៤ នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍បាក់អាគារដែលកំពុងសាងសង់មួយខ្នងនៅក្នុងខេត្តព្រះសីហនុ។
ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តកិច្ចការស្វែងរកជនរងគ្រោះបន្ថែមទៀតនៅតាមគំនរបាក់បែករបស់អាគាររលំនេះនៅថ្ងៃចន្ទនេះ។
កម្មករសំណង់ទាំងនេះកំពុងសម្រាន្តលង់លក់នៅជាន់ទីពីរនៃសំណង់អាគារដែលមានកម្ពស់ ៧ ជាន់នេះនៅព្រឹកព្រហាមថ្ងៃសៅរ៍ នៅពេលដែលសំណង់អាគារនេះបានបាក់។ អ្នកនៅរស់រានមានជីវិតបាននិយាយថា យ៉ាងតិចមានកម្មករពី ៥០ ទៅ ៦០ នាក់ បានស្នាក់នៅបណ្ដោះអាសន្នក្នុងសំណង់អាគារនេះ។
សំណង់អាគារនេះជាគម្រោងអាគារខុនដូរបស់អ្នកវិនិយោគចិន។ ប៉ូលិសបានចាប់ខ្លួនជនជាតិចិន ៤ នាក់ ដើម្បីសួរចម្លើយអំពីហេតុការណ៍បាក់សំណង់អាគារនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរទៅត្រួតពិនិត្យមើលប្រតិបត្តិការជួយសង្គ្រោះដោយផ្ទាល់នៅខេត្តព្រះសីហនុ ហើយលោកបានបញ្ជាក់ថា លោក យន្ត មីន បានស្នើសុំលាលែងពីតំណែងជាអភិបាលខេត្តព្រះសីហនុ ដោយសារលោក យន្ត មីន ទទួលស្គាល់ «កំហុស» ក្នុងការ «គ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្ដាលឲ្យមានរឿងឈឺចាប់កើតឡើង»។ នេះបើយោងតាមទំព័រ Facebook ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ចំណែកឯស្ថានទូតចិតក៏ចូលរួមរំលែកទុក្ខផងដែរចំពោះគ្រួសារជនរងគ្រោះ និងបានបញ្ជាក់ថា ខ្លួនចូលរួមនៅក្នុងប្រតិបត្តិការជួយសង្គ្រោះ។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ គេឃើញសំណង់ចិនជាច្រើនរីកដុះដាលដូចផ្សិតនៅក្នុងខេត្តព្រះសីហនុ ដែលក្នុងនោះភាគច្រើនជាអាគារកាស៊ីណូ អាគារស្នាក់នៅ និងសណ្ឋាគារ៕