ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ តើកម្ពុជាគួរដាក់កំហិតអត្រាការប្រាក់ដែរឬទេ?


អតិថិជន​ម្នាក់​ដើរ​ចេញ​ពី​​ទូរ​ដាក់​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យ​ប្រវត្តិ ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​នរោត្តម ខាង​ត្បូង​វិមាន​ឯក​រាជ្យ កាល​ពី​ថ្ងៃទី ៨ សីហា ឆ្នាំ២០១៥។ (អ៊ុច នីដា/ VOA)
អតិថិជន​ម្នាក់​ដើរ​ចេញ​ពី​​ទូរ​ដាក់​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យ​ប្រវត្តិ ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​នរោត្តម ខាង​ត្បូង​វិមាន​ឯក​រាជ្យ កាល​ពី​ថ្ងៃទី ៨ សីហា ឆ្នាំ២០១៥។ (អ៊ុច នីដា/ VOA)

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្តល់​កម្ចី​ទ្រង់ទ្រាយ​តូច​ជាង​ធនាគារ​ផ្តល់​សេវា​បាន​ច្រើន​ទាំង​ទីប្រជុំជន និង​ជនបទ ប៉ុន្តែ​យក​ការ​ប្រាក់​ខ្ពស់​ជាង​ធនាគារ​ពាណិជ្ជ ពោល​គឺ​ការ​ប្រាក់​អាច​ដល់​ជាង​៣០ភាគរយ​ក្នុងមួយឆ្នាំ បើធៀប​នឹង​ប្រមាណជា​១០ភាគរយ​ដោយ​ធនាគារ​ពាណិជ្ជ។

កំណត់​និពន្ធ៖ វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មាន​ការ​រីកចំរើន​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដោយ​មាន​ការ​កើនឡើង​នៃ​ចំនួន​ធនាគារ សេវា​ហិរញ្ញវត្ថុ ប្រាក់​បញ្ញើរ និង​ការ​ផ្តល់​ប្រាក់​កម្ចី និង​ការ​រីកចំរើន​យ៉ាង​ខ្លាំង​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ផ្តល់​ប្រាក់​កម្ចី​ទ្រង់ទ្រាយ​តូច​ផង​ដែរ។ សព្វថ្ងៃនេះ ប្រាក់​កម្ចី​ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងនេះ​មាន​ប្រហែលជា​២០ភាគរយ នៃ​ប្រាក់កម្ចី​ដែល​ផ្តល់​ដោយ​វិស័យហិរញ្ញវត្ថុ​ទាំងមូល ឬ​ប្រមាណជិត​៣ពាន់លាន​ដុល្លារ សម្រាប់​អតិថិជន​ជាង​២លាន​នាក់។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្តល់​កម្ចី​ទ្រង់ទ្រាយ​តូច​ជាង​ធនាគារ​ផ្តល់​សេវា​បាន​ច្រើន​ទាំង​ទីប្រជុំជន និង​ជនបទ ប៉ុន្តែ​យក​ការ​ប្រាក់​ខ្ពស់​ជាង​ធនាគារ​ពាណិជ្ជ ពោល​គឺ​ការ​ប្រាក់​អាច​ដល់​ជាង​៣០ភាគរយ​ក្នុងមួយឆ្នាំ បើធៀប​នឹង​ប្រមាណជា​១០ភាគរយ​ដោយ​ធនាគារ​ពាណិជ្ជ។ មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា គួរ​មាន​កំហិត​លើ​អត្រា​ការប្រាក់​យក​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ពីព្រោះ​វា​មាន​កម្រិត​ខ្ពស់​ ដែល​អាច​ប៉ះពាល់​លើ​សកម្មភាព​សេដ្ឋកិច្ច សក្ថានុពល​អាជីវកម្ម​ខា្នតតូច​និង​មធ្យម ក៏ដូចជា​ភាពក្រីក្រ។ តើ​កម្ពុជា​គួរ​មាន​ការ​កំហិតលើ​អត្រា​ការប្រាក់​ដែរឬទេ? តាម​បទពិសោធន៍​របស់​ប្រទេស​មួយ​ចំនួន ការ​ដាក់​កំហិត​លើ​អត្រាការ​ប្រាក់​មាន​ផលប៉ះពាល់​អវិជ្ជមាន​ច្រើន។ នាង ទែន សុខស្រីនិត នៃ VOA បាន​សម្ភាស​លោក ហេង ឌីណា ​ដែល​ជា​សមាជិក​មួយ​រូប​នៃ​សមាគម​សេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​សារ​អេឡិចត្រូនិក​អំពីប្រធានបទ​នេះ។

តើ​ស្ថានភាព​អត្រា​ការប្រាក់​បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​លក្ខណៈ​យ៉ាង​ដូចម្តេច​ដែរ?

លោក ហេង ឌីណា៖ បច្ចុប្បន្ន​នេះ អត្រា​ការប្រាក់​មាន​ច្រើន​កម្រិត​អាស្រ័យ​លើ​គ្រឹះស្ថាន​ ឬ​អ្នក​ដែល​ផ្តល់​ប្រាក់​កម្ចី ទំហំ​កម្ចី ប្រភេទ​និង​គោលបំណង និង​រយៈពេល​នៃកម្ចី និង​អតិថិជន។ ជាទូទៅ កម្ចី​កាន់​តែ​តូច មាន​ការប្រាក់​កាន់តែ​ខ្ពស់ បើ​គិត​ជា​ការ​ប្រាក់​ក្នុង​មួយ​ឆ្នាំ។ ជាឧទាហរណ៍ សម្រាប់​ធនាគារ​ពាណិជ្ជ ការប្រាក់​សម្រាប់​កម្ចី​ទិញផ្ទះ​អាច​ស្ថិត​ក្នុង​រង្វង់​១០ភាគរយ​ក្នុង​មួយ​ឆ្នាំ។ ចំពោះ​មីក្រូហិរញ្ញវត្ថុ​វិញ ការប្រាក់​សម្រាប់​កម្ចី​ជា​ក្រុម​ដែល​អតិថិជន​ចងជា​ក្រុម​ដើម្បី​ខ្ចី​នោះ និង​ដែល​មាន​ទំហំ​ប្រហែល​ពីរលាន​រៀល ឬ​៥០០ដុល្លារ​សម្រាប់​អតិថិជន​ម្នាក់ គឺស្ថិត​ក្នុង​រង្វង់​៣២ភាគរយ​ក្នុង​មួយ​ឆ្នាំ។ ការប្រាក់​សម្រាប់​កម្ចី​កាន់តែ​ធំ​សម្រាប់​អាជីវកម្ម​អាច​ទាប​ជាង​នេះ។ ជាឧទាហរណ៍ វា​ស្ថិត​ក្នុងរង្វង់​២០ភាគរយ​ក្នុង​មួយឆ្នាំ​សម្រាប់​កម្ចី​ទំហំ​២០លានរៀល ឬ​៥០០០​ដុល្លារ។ នា​ពេល​បច្ចុប្បន្ន ទំហំ​កម្ចី​ជាមធ្យម​មាន​ទំហំ​ចំនួន​ប្រហែល​១៥០០ដុល្លារ ដែល​មាន​អត្រា​ការប្រាក់​ជាង​២០ភាគរយ។ ក្រៅពីនេះ កម្ចី​ដែល​ផ្តល់​ដោយ​ហាង​បញ្ចាំ ឬ​អ្នក​ឲ្យ​ខ្ចី​ក្រៅ​ផ្លូវការ ដូចជា​អ្នក​ចង​ការ​ជាដើម មាន​ការប្រាក់​កាន់តែ​ខ្ពស់​ ពោលគឺ​ក្នុង​រង្វង់​៥ភាគរយ​ក្នុង​មួយខែ ឬ​៦០ភាគរយ​ក្នុង​មួយ​ឆ្នាំ។

ហេតុអ្វី​បានជា​អ្នកខ្លះ​ថា ការប្រាក់​យក​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​កម្រិត​ខ្ពស់?

លោក​ ហេង ឌីណា៖ ប្រសិន​បើ​ធៀប​នឹង​ទសវត្សរ៍​មុន ការប្រាក់​នៅ​កម្ពុជា​យើង​មាន​ការ​ថយចុះ​ច្រើន។ ប៉ុន្តែ យើង​ត្រូវ​ប្រឹងប្រែង​ច្រើន​ទៀត ដើម្បី​បន្ទាប​ការប្រាក់​នេះ ពីព្រោះ​ការប្រាក់​យើង​នៅ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង​មួយ​ចំនួន។ មួយផ្នែក​អាច​ដោយសារ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ត្រូវ​បង់​ការប្រាក់​ខ្ពស់​ដែរ សម្រាប់​ទុន​ដែល​គាត់​យក​មក​ឲ្យ​ខ្ចី​បន្ត។ មួយផ្នែក​ទៀត​គឺ​ដោយសារ​ទំហំ​កម្ចី​នៅតូច​ដែល​ជាទូទៅ​ត្រូវការ​ចំណាយ​ប្រតិបត្តិការខ្ពស់​ជាង​ធនាគារ និង​មួយផ្នែក​ទៀត​គឺ​កម្រិត​នៃ​ការ​ប្រកួត​ប្រជែង។

អ្នក​ខ្លះ​គិត​ថា ការប្រាក់​សព្វថ្ងៃ​ដែល​យក​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​កម្រិត​ខ្ពស់ ដោយសារ​គាត់​មើល​តែ​លើ​អត្រា​ការប្រាក់។ ប៉ុន្តែ ខ្ញុំ​ជឿ​ថា ការ​វិនិច្ឆ័យ​បែប​នេះ​មិន​បាន​មើល​ពី​ទំហំ​នៃ​កម្ចី។ ជាធម្មតា ការ​គណនា​ភាគរយ​អាច​ឃើញ​ធំ នៅ​ពេល​ដែល​ទំហំ​កម្ចី​តូច។ ឧទាហរណ៍ ការប្រាក់​សម្រាប់​កម្ចី​៥០០ដុល្លារ គឺ​ស្ថិត​ក្នុង​រង្វង់​៣២ភាគរយ​ក្នុង​មួយ​ឆ្នាំ ឬ​២.៧ភាគរយ​ក្នុង​មួយ​ខែ ឬ​ប្រហែល១៣.៥ដុល្លារ​ក្នុង​មួយ​ខែ។

ក៏ប៉ុន្តែ អត្រា​ផល​ចំណេញ​ដែល​បាន​ពី​ការ​ប្រើប្រាស់​កម្ចី​នោះ​អាច​មាន​ភាគរយ​ខ្ពស់​ដែរ។ ឧទាហរណ៍ ប្រសិនបើ​អាជីវករ​លក់​នំប៉័ង​ដាក់​សាច់​ដោយ​ប្រើ​ទុន​៥០០ដុល្លារ​នេះ គាត់​អាច​រក​ចំណេញ​សល់​បាន​៥ដុល្លារ​ក្នុង​មួយ​ថ្ងៃ ឬ​១៥០​ដុល្លារ​ក្នុង​មួយ​ខែ ដែល​ត្រូវ​នឹង​២៦ភាគរយ​ក្នុង​មួយ​ខែ ឬ​ជាង​៣០០ភាគរយ​ក្នុង​មួយ​ឆ្នាំ។ ក្នុង​ន័យ​នេះ ការប្រាក់​វា​មិន​ខ្ពស់​ទេ បើធៀប​នឹង​អត្រា​ចំណេញ។ ហេតុ​ដូចនេះ កម្ចី​ដែល​ប្រើប្រាស់​មាន​ប្រយោជន៍​ក្នុង​កម្រិត​បច្ចុប្បន្ន​នៅ​អាច​ជួយ​អ្នក ដែល​មាន​គំនិត និង​ស្ទុះស្ទារ​ធ្វើ​អាជីវកម្ម ជាពិសេស​អាជីវកម្ម​ខ្នាត​តូច។

តើ​អ្វី​ទៅជា​កំហិត​ការប្រាក់? តើ​មាន​ប្រទេស​ណា​ខ្លះ​ដែល​មាន​កំហិត​ការប្រាក់​នេះ? ហើយ​គេ​អនុវត្ត​ដើម្បី​អ្វី?

លោក ហេង ឌីណា៖ កំហិត​ការប្រាក់​គឺជា​កម្រិត​ការប្រាក់​មួយ​ ដែល​រដ្ឋាភិបាល​មួយ​អាច​កំណត់​ជា​កម្រិត​អតិបរមា ដែល​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អាច​យក​ពី​អតិថិជន។ ជាឧទាហណ៍ នៅ​ប្រទេស​ខ្លះ​ ដូចជា​នៅ​ប្រទេស​ថៃ រដ្ឋ​កំណត់​មិន​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ យក​ការប្រាក់​លើសពី​៣៦ភាគរយ។ កំហិត​ការប្រាក់​នោះ​មាន​គោលបំណង​ច្រើន ដូចជា​ដើម្បី​ការពារ​អតិថិជន​កុំ​ឲ្យ​លង់ខ្លួន​នឹង​បំណុល​ដែល​មាន​ការប្រាក់​ខ្ពស់ និង​ការ​កេងប្រវ័ញ្ច ដែល​ធ្វើ​ឲ្យ​គាត់​បាត់បង​ទ្រព្យសម្បត្តិ ដីធ្លី​ជាដើម។ នៅ​ប្រទេស​ខ្លះ ដូចជា​នៅ​ឥណ្ឌា រដ្ឋ​កំហិត​ការប្រាក់​សម្រាប់​កម្ចី​ទៅ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម ដើម្បី​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​វិស័យ​ទាំង​នេះ។

កំហិត​ការប្រាក់​ទាំងនេះ​តែងតែ​មាន​បំណង​ល្អ និង​មាន​ប្រជាប្រិយភាព​សម្រាប់​អ្នក​នយោបាយ ប៉ុន្តែ​បទពិសោធន៍​ក្នុង​បណ្តា​ប្រទេស​ភាគច្រើន ដូចជា​នៅ​ទ្វីបអាហ្រិក និង​ទ្វីប​អាមេរិក​ត្បូង​ បាន​បង្ហាញ​ពី​ភាព​អវិជ្ជមាន​ច្រើន ដូចជា​ភាព​គ្មាន​ប្រសិទ្ធភាព​នៃ​កំហិត និង​ការ​រាំង​ស្ទះ​ដល់​ការ​រីកចំរើន​វិស័យ​ហិរញ្ញវត្ថុ ក៏ដូចជា​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ ផ្ទុយ​នឹង​បំណង​ល្អ កំហិត​ទាំងនោះ​ភាគ​ច្រើន​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ច្រើន​ដល់​អ្នកក្រ និង​អាជីវកម្ម​ខ្នាត​តូច ដោយសារ​ការ​ដាក់​កំហិត​មិន​ត្រឹមត្រូវ និង​ការ​អនុវត្ត​មិន​បាន​ល្អ។

តើ​កម្ពុជា​គួរ​មាន ឬ​មិនគួរ​ការ​កំហិត​ការ​ប្រាក់​នេះ​ដែរ​ឬ​ទេ?

លោក ហេង ឌីណា៖ នៅក្នុង​បរិបថ​អភិវឌ្ឍ និង​ស្ថាប័ន​នា​ពេល​បច្ចុប្បន្ន ខ្ញុំ​គិតថា យើង​ពុំទាន់​គួរ​ដាក់​កំហិត​ការប្រាក់​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​នោះ​ទេ។ តាម​បទពិសោធន៍​ក្នុង​បណ្តា​ប្រទេស​ដែល​ធ្លាប់​មាន​កំហិត​ការប្រាក់ យើង​ឃើញ​ថា កំហិត​ការប្រាក់​មាន​ភាព​លំបាក​ក្នុងការ​អនុវត្ត និង​មាន​ផល​អវិជ្ជមាន​ច្រើន ដូចជា​ការ​បាត់បង់​សេវា​ហិរញ្ញវត្ថុ​នៅទី​ជនបទ និង​ការ​កើនឡើង​នៃ​កម្ចី​កេងប្រវ័ញ្ច។ ទោះបីជា​មាន​ទស្សនៈ​ដែល​ថា កំហិត​ការប្រាក់​គួរ​ស្ថិត​ក្នុង​កម្រិត​មួយ ដែល​មិនអាច​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំណេញ​ខ្លាំង​ពេក និង​មិន​ឲ្យ​ខាត​ក្តី ក៏​ជាក់ស្តែង​ការ​អនុវត្ត​ការ​កំហិត​ការប្រាក់​មាន​ភាព​លំបាក និង​ភាគច្រើន​ពុំ​មាន​ប្រសិទ្ធភាព ពីព្រោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​អ្នក​ផ្តល់​ប្រាក់កម្ចី​អាច​បង្កើន​ថ្លៃ​កម្ចី​ផ្សេងៗ តាមរយៈ​បង្កើន​ថ្លៃ​កម្រៃ​ជើងសារ និង​ប្រតិបត្តិការ​បន្ថែម​ពី​លើ​ថ្លៃ​ការប្រាក់។

ដូចដែល​យើង​បាន​ពិភាក្សា អត្រា​ការប្រាក់​អាច​មាន​ច្រើន​កម្រិត អាស្រ័យ​លើ​ទំហំ​កម្ចី និង​កត្តា​មួយ​ចំនួន​ទៀត។ ឧទាហរណ៍ ប្រសិន​បើ​យើង​ដាក់​កំហិត​ការប្រាក់​១៥ភាគរយ​សម្រាប់​ការប្រាក់ នោះ​អ្នក​ផ្តល់​ប្រាក់កម្ចី​អាច​គិត​១៥ភាគរយ តែ​គាត់​អាច​តម្លើង​ថ្លៃ​ផ្សេងៗ ដូចជា​ថ្លៃ​ទូទាត់ ថ្លៃ​ជើង​សារ​ជាដើម។ ទីបំផុត​ទៅ​ កំហិត​ការប្រាក់​ទាំងនោះ​នឹង​គ្មាន​ប្រសិទ្ធភាព។

លើសពីនេះ តាម​បទ​ពិសោធន៍​ក្នុង​បណ្តា​ប្រទេស​ជាច្រើន ផល​អវិជ្ជមាន​អាច​មាន​ដូចជា៖ ទីមួយ នៅពេល​ដែល​កំហិត​មាន​កម្រិត​ទាប​ពេក គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​ដក​សាខារ និង​សេវា​របស់​ខ្លួន​ចេញ​ពី​តំបន់ ដែល​មាន​ថ្លៃ​ប្រតិបត្តិការ​ខ្ពស់ ដែល​ពេលនោះ​ប៉ះពាល់​ដល់​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​របស់​អតិថិជន​នៅ​តំបន់​ទាំង​នេះ។ ការ​ប្រកួត​ប្រជែង​ក្នុងការ​ផ្តល់​សេវា និង​កម្ចី​ក្នុង​តំបន់​នោះ​ទៀត​សោធន៍​ក៏​មាន​ការ​ថយ​ចុះ។ បទ​ពិសោធន៍​ក៏​បាន​បង្ហាញ​ថា អតិថិជន​ទាំងនោះ​បាន​ទៅ​ខ្ចី​អ្នក​ចងការ​ក្រៅ​ផ្លូវការ ដែល​យក​ការប្រាក់​ខ្ពស់​ជាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទៅ​ទៀត។

ទីពីរ នៅពេល​ដែល​មាន​កំហិត​ការប្រាក់ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​បង្កើន​ទំហំ​កម្ចី​ដើម្បី​បន្ទាប​ការប្រាក់ ហើយ​ភាគច្រើន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​ងាក​ចេញ​ពី​អតិថិជន ដែល​មាន​ចំណូល​ទាបទៅរក​អតិថិជន​ ដែល​មាន​ចំណូល​ខ្ពស់​ដែល​មាន​សមត្ថភាព​សម្រាប់​កម្ចី​ទំហំ​ធំ។ ការ​ងាក​ចេញ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​របស់​អតិថិជន​ដែល​មាន​ចំណូល​ទាប និង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​តាម​ជនបទ។ ការ​បង្កើន​ទំហំ​កម្ចី​លឿន​ពេក ដែល​ខ្ពស់​ជាង​សមត្ថភាព​កម្ចី​របស់​អតិថិជន និង​កម្លាំង​សេដ្ឋកិច្ច ក៏​អាច​នាំ​ឲ្យ​មាន​ហនិភ័យ​ឥណទាន ពោលគឺ​បំណុល​មិន​ដំណើរការ​អាច​កើន​ឡើង ដែល​កត្តា​នេះ​ប៉ះពាល់​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ។

បើ​ពុំ​ដាក់​កំហិត​ការប្រាក់ តើ​យើង​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​បន្ទាប​ការប្រាក់ និង​ការពារ​អតិថិជន?

លោក ហេង ឌីណា៖ យើង​អាច​បន្ទាប​ការប្រាក់ ការ​តាមរយៈ​ការ​លើក​កម្ពស់​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច និង​ការ​ជំរុញ​ការ​ប្រកួត​ប្រជែង​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ។ ទីមួយ នៅពេល​ដែល​អ្នក​វិនិយោគ​ចង់​ផ្តល់​កម្ចី​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ជាដំបូង​គេ​មើល​កម្រិត​ហនិភ័យ​ប្រទេស​កម្ពុជា​ទាំងមូល​ដើម្បី​កំណត់​ការប្រាក់។ គេ​មើល​ទៅ​លើ​បរិយាកាស​នយោបាយ និង​ម៉ាក្រូ​សេដ្ឋកិច្ច សមត្ថភាព​ស្ថាប័ន​សារពើពន្ធ និង​ហានិភ័យ​ នៅពេល​ដែល​មាន​ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល ឬ​ថ្នាក់​ដឹកនាំ​ជាដើម។ ក្នុងន័យនេះ ប្រសិនបើ​យើង​អាច​ពង្រឹង​កត្តា​ទាំងនេះ​បាន នោះ​កម្រិត​ហានិភ័យ​សម្រាប់​វិនិយោគ​នៅ​កម្ពុជា​ក៏​ថយចុះ ដែល​អាច​ធ្វើ​ឲ្យការប្រាក់​ពី​អ្នក​វិនិយោគ​ទាំងនោះ​ថយចុះ​ដែរ។

ទីពីរ យើង​ត្រូវ​ជំរុញ​បន្ថែម​ការ​ប្រកួត​ប្រជែង​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ជាពិសេស​ប្រសិទ្ធភាព​ប្រតិបត្តិការ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ថ្លៃ​ប្រតិបត្តិការ​ទាប​ជាង​មុន។ ការ​ពង្រឹង​ក្របខ័ណ្ឌ​ច្បាប់ ហេដ្ឋា​រចនា​សម្ព័ន្ធ ប្រព័ន្ធ​ទូរស័ព្ទ ប្រព័ន្ធ​ទិន្នន័យ​អ្នក​ខ្ចី ដែល​គេ​អាច​ដឹង​ថា អ្នកខ្ចី​ល្អ ឬ​មិន​ល្អ​នោះ និង​ការ​បង្កើន​ការ​យល់ដឹង​របស់​ប្រជាពលរដ្ឋ​ពី​សេវា និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​គ្រួសារ ក៏ដូចជា​អាជីវកម្ម នឹង​អាច​ជួយ​ពង្រឹង​ការ​ប្រកួតប្រជែង និង​ការ​វិនិច្ឆ័យ​ហានិភ័យ​ក្នុងការ​ផ្តល់​ប្រាក់​កម្ចី។

ទីបី និយតករ​អាច​ធ្វើការ​អង្កេត តាមដាន និង​ចាត់​វិធានការ​ចំពោះ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ឬ អ្នក​ចង​ការ​ណា ដែល​ផ្តល់​កម្ចី​ក្នុង​កម្រិត​កេងប្រវ័ញ្ច តាមរយៈ​ការប្រាក់​ខ្ពស់​ហួស​ហេតុ ឬ​តម្លៃសេវាកម្ម​ពុំ​សមរម្យ។ ក្នុងន័យនេះ ការ​សហការ​គ្នា​ររវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធនាគារជាតិ ក្រសួង​មហាផ្ទៃ និង​អជ្ញាធរ​មូលដ្ឋាន មាន​សារៈសំខាន់។

តើ​ហេតុអ្វី​បានជា​ការ​ប្រកួត​ប្រជែង​អាច​ជួយ​បន្ទាប​ការប្រាក់?

លោក ហេង ឌីណា៖ ជាធម្មតា អ្នក​លក់​ច្រើន​អាច​ធ្វើ​ឲ្យ​តម្លៃ​ចុះទាប ពីព្រោះ​អតិថិជន​នឹង​ងាក​ទៅរក​អ្នក​លក់ ដែល​មាន​តម្លៃ​ទាប​ជាង​គេ​ចំពោះ​ផលិតផល​ដែល​មាន​គុណភាព​ដូចគ្នា។ នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ក៏ដូចគ្នា​ដែរ។ ការ​ប្រកួត​ប្រជែង​អាច​ធ្វើ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​នេះ​រិះរក​បង្កើត​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​ផ្សេងៗ​ដើម្បី​ទាក់ទាញ​អតិថិជន តាមរយៈ​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ និង​បន្ថយ​ហានិភ័យ ឬ​ធ្វើ​យ៉ាងណា​ឲ្យសេវា​ល្អ និង​ការប្រាក់​ទាប​ជាងគេ​ជាដើម។

តើ​យើង​អាច​លើក​កម្ពស់​ការ​យល់ដឹង​ហិរញ្ញវត្ថុ​ប្រជាពលរដ្ឋ​ដោយ​របៀបណា?

លោក ហេង ឌីណា៖ ការ​យល់ដឹង​ហិរញ្ញវត្ថុ​នេះ​សំដៅ​លើ​ការ​យល់ដឹង​ពី​ការចេះ​គិតគូរ​ មុននឹង​ខ្ចី​ការ​ប្រើប្រាស់​កម្ចី និង​ការ​យល់ដឹង​ពី​សិទ្ធិ និង​កាតព្វកិច្ច​ជា​អតិថិជន។ និយាយ​ឲ្យ​ស្រួល វា​សំដៅ​លើ​ការ​ចេះ​ចាត់ចែង​គ្រប់គ្រង​លុយកាក់ ដូចជា​ថា​ តើ​ការប្រាក់​សម្រាប់​កម្ចី​ក្នុង​ទំហំ​មួយ វា​សមស្រប​ទៅ​អាជីវកម្ម ឬ​ចំណូល​ដែរ​ឬទេ ហើយ​ថា តើ​ការ​ចាយ​វាយ ឬ​ការ​ទិញ​សម្ភារៈ​ វា​សមស្រប​នឹង​ចំណូល និង​ធនធាន ដែល​យើង​មាន​ដែរ​ឬទេ ឬ​ថា តើ​អាជីវកម្ម​របស់​គាត់​អាច​មាន​ហានិភ័យ​អ្វីខ្លះ ដែល​អាច​ប៉ះពាល់​ដល់​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​គាត់​ជាដើម។

ដូច្នេះ​ ការ​លើក​ដម្កើង​ការ​យល់ដឹង​នេះ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​អប់រំ ប្រព័ន្ធ​ផ្សព្វផ្សាយ ការ​ពិភាក្សា​ក្នុង​គ្រួសារ និង​ស្ថាប័ន​ហិរញ្ញវត្ថុ។ នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ធំ គេ​បញ្ជ្រាប​ការ​យល់ដឹង​ហិរញ្ញវត្ថុ​ពី​ថ្នាក់​មូលដ្ឋាន ហើយ​ជំរុញ​ឲ្យ​មាន​ទិវា​ហិរញ្ញវត្ថុ ដើម្បី​បង្កើន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ។ នៅ​ប្រទេស​មួយ​ចំនួន គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធ្វើការ​ពន្យល់ និង​ណែនាំ​ដល់​អតិថិជន​ថ្មី។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏មាន​តួនាទី​សំខាន់​ខ្លាំង ក្នុង​ការ​ជំរុញ​ការ​យល់ដឹង​អំពី​ប្រភេទ​កម្ចី ឬ​ពី​ព័ត៌មាន​ស្តី​ពី​គ្រឹះស្ថាន និង​បុគ្គល​ដែល​មាន​លក្ខណៈ​កេង​ប្រវ័ញ្ច៕

XS
SM
MD
LG