ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាងត្បូង​ទាមទារ​ឱ្យ «ដក​ជា​បន្ទាន់» នូវ​កងទ័ព​កូរ៉េ​ខាងជើង​ចេញ​ពី​រុស្ស៊ី


រូបភាពនេះត្រូវបានថតនៅថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៤ បង្ហាញពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un មកទស្សនាបញ្ជាការដ្ឋានទី២ នៃកងទ័ពកូរ៉េខាងជើង នៅ​ទីតាំង​មិន​បញ្ចេញ​ឈ្មោះ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។
រូបភាពនេះត្រូវបានថតនៅថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៤ បង្ហាញពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un មកទស្សនាបញ្ជាការដ្ឋានទី២ នៃកងទ័ពកូរ៉េខាងជើង នៅ​ទីតាំង​មិន​បញ្ចេញ​ឈ្មោះ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។

កូរ៉េ​ខាងត្បូង​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​ឱ្យ​រិះគន់​លើ​ការ​សម្រេច​របស់​កូរ៉េ​ខាងជើង​ក្នុង​ការ​បញ្ជូន​ទាហាន​រាប់​ពាន់​នាក់​ទៅ​គាំទ្រ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។ នេះ​បើ​ផ្អែក​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​ស្រង់​ប្រភព​ពី​ក្រសួង​ការបរទេស​កូរ៉េ​ខាងត្បូង​ដែល​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដក​កងទ័ព​កូរ៉េ​ខាងជើង​ចេញ​ពី​រុស្ស៊ី​ជា​បន្ទាន់។

នៅក្នុង​ការ​បញ្ជូន​កងទ័ព​របស់​កូរ៉េ​ខាងជើង​ជា​លើក​ដំបូង​ទៅ​ក្រៅ​ប្រទេស​បែប​នេះ កង​កម្លាំង​ពិសេស​កូរ៉េ​ខាងជើង​ប្រហែល ១.៥០០ នាក់​កំពុង​ស្ថិត​នៅក្នុង​ប្រទេស​រុស្ស៊ី​រួច​ស្រាប់​ទៅ​ហើយ​ដើម្បី​ឱ្យ​ស៊ាំ​នឹង​ធាតុ​អាកាស ហើយ​ទំនងជា​នឹង​ត្រូវ​បញ្ជូន​ទៅ​សមរភូមិ​ជួរមុខ​ក្នុង​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទីភ្នាក់ងារ​ចារកម្ម​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។ ទីភ្នាក់ងារ​នេះ​ថា​កងទ័ព​កូរ៉េ​ខាងជើង​បន្ថែម​ទៀត​គ្រោង​នឹង​ចេញ​ដំណើរ​ឆាប់ៗ​នេះ។

កូរ៉េ​ខាងត្បូង​បាន​អះអាង​ជា​យូរ​មក​ហើយ​ថា​កូរ៉េ​ខាងជើង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​កំពុង​ផ្គត់ផ្គង់​អាវុធ​ដល់​រុស្ស៊ី​ឱ្យ​ប្រើប្រាស់​នៅក្នុង​ប្រទេស​អ៊ុយក្រែន ខណៈ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ចុះ​កិច្ចព្រមព្រៀង​យោធា​មួយ​កាលពី​ខែ​មិថុនា។

កូរ៉េ​ខាងត្បូង​បាន​សម្ដែង «ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ទាក់ទង​នឹង​ការ​បញ្ជូន​កងទ័ព​កូរ៉េ​ខាងជើង​ថ្មីៗ​នេះ​ទៅកាន់​ប្រទេស​រុស្ស៊ី និង​បាន​ជំរុញ​យ៉ាង​ខ្លាំង​ឱ្យ​មាន​ការ​ដក​ទាហាន​កូរ៉េ​ខាងជើង​ចេញ​ពី​រុស្ស៊ី​ជា​បន្ទាន់»។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កូរ៉េ​ខាងត្បូង​លោក Kim Hong-kyun ដែល​បាន​ប្រាប់​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​លោក Georgiy Zinoviev។

លោក Kim Hong-kyun បាន​និយាយ​ថា កិច្ច​សហប្រតិបត្តិការ​យោធា​ណាមួយ​រវាង​ប្រទេស​រុស្ស៊ី​និង​កូរ៉េ​ខាងជើង​គឺ​រំលោភ​លើ​សេចក្ដីសម្រេច​ជាច្រើន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG