ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​ចារកម្ម​កូរ៉េ​ខាងត្បូង​ថា កូរ៉េ​ខាងជើង​បញ្ជូន​ទាហាន «ទ្រង់ទ្រាយធំ» ទៅ​រុស្ស៊ី


ទូរទស្សន៍​មួយ​នៅ​ស្ថានីយរថភ្លើង​កូរ៉េខាងត្បូង​បង្ហាញ​ទាហាន​កូរ៉េខាងជើង​កាលពីថ្ងៃទី​១៨ តុលា ២០២៤
ទូរទស្សន៍​មួយ​នៅ​ស្ថានីយរថភ្លើង​កូរ៉េខាងត្បូង​បង្ហាញ​ទាហាន​កូរ៉េខាងជើង​កាលពីថ្ងៃទី​១៨ តុលា ២០២៤

កូរ៉េ​ខាងជើង​បាន​សម្រេច​បញ្ជូន​កងទ័ព «ទ្រង់ទ្រាយធំ» ទៅ​ជួយ​រុស្ស៊ី​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន ដោយ​កងកម្លាំង​ពិសេស ១.៥០០ នាក់​បាន​ទៅ​ដល់​តំបន់​ចុងបូព៌ា​របស់​រុស្សី​រួចហើយ​និង​កំពុង​ទទួល​ការ​ហ្វឹកហ្វឺន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ដោយ​យោង​លើ​ប្រភព​ទីភ្នាក់ងារ​ចារកម្ម​របស់​កូរ៉េ​ខាងត្បូង។

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ​របស់​កូរ៉េ​ខាង​ត្បូង​បាន​បញ្ចេញ​រូប​ផ្កាយរណប​ដ៏​លម្អិត​ដែល​ខ្លួន​និយាយ​ថា​បាន​បង្ហាញ​ការ​បញ្ជូន​លើក​ទី​មួយ​នៃ​ទាហាន​កងកម្លាំង​ពិសេស​កូរ៉េ​ខាង​ជើង ដែល​ត្រូវ​បាន​ដឹក​តាម​នាវា​យោធា​រុស្ស៊ី​ទៅ​កាន់​ទីក្រុង Vladivostok។

ទីភ្នាក់ងារ​ចារកម្ម​កូរ៉េ​ខាងត្បូង​ថា ចន្លោះ​ថ្ងៃ​ទី ៨ និង​ទី ១៣ ខែ​តុលា ខ្លួន​បាន​រកឃើញ​ថា «កូរ៉េ​ខាងជើង​បាន​ដឹក​ជញ្ជូន» កងកម្លាំង​ពិសេស​របស់​ខ្លួន​ទៅ​រុស្ស៊ី​តាម​នាវា​ដឹកជញ្ជូន​មួយ​គ្រឿង​របស់​កងទ័ព​ជើងទឹក​រុស្ស៊ី។ ការ​រកឃើញ​នេះ​បង្ហាញ​ថា​យោធា​កូរ៉េ​ខាងជើង​បាន​ចាប់ផ្តើម​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​ហើយ។

កងទាហាន​លើក​ទី​មួយ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាងត្បូង​ថា​មក​ពី​អង្គភាព​ពិសេស​ក្រោម​កម្លាំង​ប្រតិបត្តិ​ពិសេស​របស់​កូរ៉េ​ខាង​ជើង ដែល​គេ​ស្គាល់​ថា «កងកម្លាំង​ព្យុះ (Storm Corps)» បច្ចុប្បន្ន​ឈរ​ជើង​នៅ​មូលដ្ឋាន​យោធា​ទូទាំង​តំបន់​ចុង​បូព៌ា​របស់​រុស្ស៊ី។

ទីភ្នាក់ងារ​ចារកម្ម​កូរ៉េ​ខាងត្បូង​ថា ទាហាន​នៃ​កងកម្លាំង​ពិសេស​ទាំង​នេះ «ត្រូវ​គេ​រំពឹង​ថា​នឹង​ត្រូវ​បញ្ជូន​ទៅ​ជួរមុខ [ក្នុង​សង្គ្រាម​រវាង​រុស្ស៊ី​ជាមួយ​អ៊ុយក្រែន] ពេល​ណា​ពួកគេ​បញ្ចប់​ការ​ហ្វឹកហ្វឺន​បន្សាំ​ទៅនឹង​អាកាសធាតុ​ទាំងស្រុង​ហើយនោះ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG