ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​កូរ៉េ​ខាងជើង​គំរាម​កម្ទេច​កូរ៉េ​ខាងត្បូង​ដោយ​ប្រើ​នុយក្លេអ៊ែរ បើ​មាន​ការ​បង្កហេតុ


មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un មក​ត្រួត​ពិនិត្យ​បន្ទាយ​ហាត់​ទ័ព​កាលពីថ្ងៃទី២ តុលា ឆ្នាំ២០២៤។
មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un មក​ត្រួត​ពិនិត្យ​បន្ទាយ​ហាត់​ទ័ព​កាលពីថ្ងៃទី២ តុលា ឆ្នាំ២០២៤។

មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un បាន​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​និង​កម្ទេច​កូរ៉េ​ខាងត្បូង​ជា​ស្ថាពរ​បើ​ខ្លួន​រង​ការ​បង្កហេតុ​ណាមួយ។ ការ​គំរាម​នេះ​ធ្វើ​ឡើង ក្រោយពី​មេដឹកនាំ​កូរ៉េ​ខាងត្បូង​បាន​ព្រមាន​ថា​របប​ដឹកនាំ​របស់​លោក Kim នឹង​ដួល​រលំ បើ​លោក Kim ប៉ុនប៉ង​ប្រើ​អាវុធ​នុយក្លេអ៊ែរ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP ដែល​យោង​លើ​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​សុក្រ។

ក្នុង​ពេល​ចុះ​ត្រួត​ពល​នៅ​អង្គភាព​កម្លាំង​ប្រតិបត្តិ​ពិសេស​កាលពី​ថ្ងៃ​ពុធ លោក Kim ថា​យោធា​របស់​លោក «នឹង​ប្រើ​ដោយ​ឥត​ស្ទាក់ស្ទើរ​នូវ​កម្លាំង​វាយលុក​ទាំងអស់​ដែល​ខ្លួន​មាន​រួម​ទាំង​អាវុធ​នុយក្លេអ៊ែរ​ផងដែរ» បើ​កូរ៉េ​ខាងត្បូង​ប៉ុនប៉ង​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​រំលោភ​បំពាន​លើ​អធិបតេយ្យ​កូរ៉េ​ខាងជើង។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈិម​កូរ៉េ (KCNA) ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​កូរ៉េ​ខាងជើង។

លោក Kim ថា៖ «បើ​ស្ថានការណ៍​បែប​នេះ​មក​ដល់ នោះ​នឹង​លែង​មាន​ទីក្រុង​សេអ៊ូល​និង​សាធារណរដ្ឋ​កូរ៉េ​ជា​រៀងរហូត»។

ការ​ថ្លែង​របស់​លោក Kim នេះ​គឺជា​ការ​ឆ្លើយតប​ចំពោះ​សុន្ទរកថា​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Yoon Suk Yeol ក្នុង​ទិវា​រំឭក​ស្នាដៃ​កងកម្លាំង​ប្រដាប់​អាវុធ​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​អង្គារ។

ដោយ​បង្ហាញ​មីស៊ីល​ផ្លោង Hyunmoo-5 ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​កូរ៉េ​ខាងត្បូង​និង​អាវុធ​ផ្សេងៗ​ទៀត​ដែល​អាច​ដៅ​លើ​កូរ៉េ​ខាងជើង​បាន លោក Yoon បាន​និយាយ​ថា​ថ្ងៃ​ណា​ដែល​កូរ៉េ​ខាងជើង​ព្យាយាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ ថ្ងៃ​នោះ​នឹង​ជា​ទី​អវសាន​នៃ​រដ្ឋាភិបាល​របស់​លោក Kim ពីព្រោះ​លោក Kim នឹង​ប្រឈម​នឹង «ការ​តបត​ដ៏​មហិមា​និង​ដាច់ខាត» ពី​សម្ព័ន្ធភាព​កូរ៉េ​ខាងត្បូង​និង​សហរដ្ឋ​អាមេរិក៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG