ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោកនិងប្រទេសកូរ៉េខាងត្បូងបានបង្កើនទំនាក់ទំនងទ្វេភាគីរបស់ខ្លួនដល់ភាពជាដៃគូយុទ្ធសាស្ត្រ។ លោកថ្លែងដូច្នេះនៅពេលលោកជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាជាច្រើនដូចជាបញ្ហាសមុទ្រចិនខាងត្បូងនិងស្ថានការណ៍នៅឧបទ្វីបកូរ៉េ ក៏ដូចជាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) លើកិច្ចសហប្រតិបត្តិការផ្នែកឆ្មាំសមុទ្រនិងថាមពលនុយក្លេអ៊ែរផងដែរ។
លោក Yoon បាននិយាយថា ប្រទេសទាំងពីរនឹងពង្រឹងភាពជាដៃគូរបស់ខ្លួនលើផ្នែកសន្តិសុខ ដោយប្រទេសកូរ៉េខាងត្បូងចូលរួមនៅក្នុងកម្មវិធីទំនើបកម្មយោធាហ្វីលីពីន។
លោក Yoon បានបញ្ជាក់ថា មេដឹកនាំទាំងពីរបានឯកភាពគ្នាប្រកាន់ខ្ជាប់តាមរបៀបរៀបរយអន្តរជាតិដែលផ្អែកលើច្បាប់ ដែលក្នុងនោះរួមទាំងសុវត្ថិភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូងផងដែរ។ លោកបានបន្ថែមថា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាថា សហគមន៍អន្តរជាតិនឹងមិនបណ្ដោយឱ្យបន្តទៅមុខនូវកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងឬក៏អ្វីដែលលោកហៅថាជា «ការបង្កហេតុដ៏ព្រហើន» នោះទេ។
លោក Yoon នឹងធ្វើទស្សនកិច្ចនៅប្រទេសសិង្ហបុរីពីថ្ងៃទី ៨ ដល់ទី ៩ ខែតុលានេះមុនពេលធ្វើដំណើរទៅកាន់ប្រទេសឡាវនៅថ្ងៃបន្ទាប់ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំថ្នាក់តំបន់របស់បណ្ដាមេដឹកនាំនៃសមាគមអាស៊ាន (ASEAN) និងបណ្ដាមេដឹកនាំនៃប្រទេសអាស៊ីផ្សេងទៀត៕
វេទិកាបញ្ចេញមតិ