ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សម រង្ស៊ី ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត គ្មាន​ភាពស្របច្បាប់ ខណៈ​គណបក្ស​ភ្លើងទៀន​ត្រូវបាន​ផាត់​ចេញពី​ការបោះឆ្នោត​ខែកក្កដា


រូបឯកសារ៖ រូបផ្គុំ​ពី​បណ្ដាញ​ព័ត៌មាន​ AP នេះ​បង្ហាញ​ពី​លោក សម រង្ស៊ី (ឆ្វេង) និង​លោក​ ហ៊ុន ម៉ាណែត (ស្ដាំ)។ (AP)
រូបឯកសារ៖ រូបផ្គុំ​ពី​បណ្ដាញ​ព័ត៌មាន​ AP នេះ​បង្ហាញ​ពី​លោក សម រង្ស៊ី (ឆ្វេង) និង​លោក​ ហ៊ុន ម៉ាណែត (ស្ដាំ)។ (AP)

គណបក្ស​ប្រជាជន​កម្ពុជា​ដែលឈ្នះ​ការ​បោះឆ្នោត​ខែកក្កដា​ភ្លូកទឹកភ្លូកដី​ ​កំពុង​រៀបចំមន្ត្រី​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ថ្មីដែល​នឹងត្រូវស្ថិតក្រោម​ការដឹកនាំ​របស់លោក​ ហ៊ុន ម៉ាណែត​ កូនប្រុស​ច្បង​របស់​លោក​ ហ៊ុន សែន​ ដែល​បាន​ប្រកាស​លាឈប់​ពីតំណែងជា​នាយករដ្ឋ​មន្ត្រី​។

​ក៏ប៉ុន្តែ​មេដឹកនាំនយោបាយ​ជំទាស់​លោក សម រង្ស៊ី​ បាន​រិះគន់​ជាបន្តបន្ទាប់​ថា​ ការ​រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មីនៅ​ប្រទេស​កម្ពុជា​ គឺជា​ផ្នែកមួយ​នៃការផ្ទេរ​អំណាច​របស់​លោក ហ៊ុន​ សែន​ ដែលបាន​កាន់​តំណែង​ជានាយក​រដ្ឋមន្ត្រី​៣៨ឆ្នាំ។ មេដឹកនាំនយោបាយ​ជំទាស់​រូបនេះក៏បាន​ចាត់​ទុក​រដ្ឋាភិបាល​របស់លោក ហ៊ុន ​ម៉ាណែត​ ជារដ្ឋាភិបាល​គ្មានភាព​ស្របច្បាប់​ ព្រោះ​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​មក​ដោយ​សារ​គ្មានការ​ចូលរួម​របស់​គណបក្ស​ភ្លើងទៀន។​

នៅ​ក្នុងសារ​អ៊ីមេល​ដែលតប​មក​កាន់​សំឡេង​សហរដ្ឋ​អាមេរិក​អំពីភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត លោក សម​ រង្ស៊ី បាន​លើកឡើង​ជា​ភាសា​អង់គ្លេស​និងត្រូវ​បានប្រែ​សម្រួល​ជា​ខេមរភាសា​ក្នុងអត្ថន័យ​ដើមថា៖ «រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ​គ្មានភាព​ស្របច្បាប់​ ហើយ​គ្មាន​សុពលភាព​អ្វីទាំង​អស់​ដែលមានន័យ​ថា​ វាគ្មាន​ស្ថិរភាព»។

ប្រទេស​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​ជាតិ​កាលពីថ្ងៃទី​២៣ ខែកក្កដា​ ឆ្នាំ​២០២៣​ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​១៨​ ចូល​រួម​។ លទ្ធផល​ផ្លូវ​ការ​របស់​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ បង្ហាញ​ថា​ គណបក្ស​ប្រជាជនកម្ពុជា​របស់​លោក​ ហ៊ុន សែន​ ​បានក្តោប​ក្តាប់​អាសនៈ​ស្ទើរតែទាំង​អស់ក្នុង​រដ្ឋសភា​ ដែល​គ្រប់គ្រាន់​សម្រាប់​ការបង្កើត​រដ្ឋាភិបាល​ថ្មី​។

ការ​បោះឆ្នោត​នៅខែ​កក្កដា​នោះ​ មិនមាន​ការ​ចូលរួម​របស់​គណបក្ស​ជំទាស់​ធំមួយ​គឺ​គណបក្ស​ភ្លើងទៀន​នោះ​ទេ​។ គណៈ​កម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​ (គ.ជ.ប) ​បាន​បដិសេធ​ការចុះបញ្ជី​ឈ្មោះគណបក្ស​ និង​បេក្ខជន​របស់​គណបក្ស​ជំទាស់​មួយ​នេះ​ ដោយសារ​គ្មានឯកសារ​ដើម​បញ្ជាក់​ពីការចុះបញ្ជី​គណបក្ស​នៅ​ក្រសួង​មហា​ផ្ទៃ​។

លោក សម​ រង្ស៊ី លើក​ឡើងថា ​ការបោះឆ្នោត​ថ្ងៃទី២៣ ខែ​កក្កដា ត្រូវ​បាន​រៀប​ចំ​ឡើង​តាំង​ពីដើម​ដល់ចប់ ដោយ​អ្នកគាំទ្រ​លោក ហ៊ុន សែន ដើម្បី​ប្រគល់​ជ័​យជម្នះដ៏ធំ​ជូន​គណបក្ស​ប្រជាជនកម្ពុជា​។ ការណ៍​នេះ​អាច​ធ្វើ​ទៅ​បាន​ដោយ​សារ​ការពិត​ដែល​គណបក្ស​ប្រឆាំង​ពិតប្រាកដ​តែមួយ​គត់ គឺគ​ណបក្ស​ភ្លើងទៀន​ត្រូវបាន​ទម្លាក់​ចោល​តែប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​នៅ​មុនការ​ប្រកួត​ប្រជែង ក្រោម​ហេតុ​ផល​ការិយាធិបតេយ្យ​ដ៏អាក្រក់​អាគ្រៃ​»។

​លោកសង្កត់ធ្ងន់ថា៖ «ការ​បោះ​ឆ្នោត​ទាំង​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​លើស​ពី​អ្វី​ទាំង​អស់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ស្នង​តំណែង​របស់​លោក ហ៊ុន សែន។ លោក​ចង់​ប្រគល់​អំណាច​ទៅ​ឲ្យ​កូនប្រុស​លោក ហ៊ុន ម៉ាណែត ដោយមិន​បាច់​មាន​ការប្រឹង​ប្រែង​ និង​បង្កើត​បរិយាកាស​នៃ​ភាព​ស្របច្បាប់​ ការទទួល​យកបាន និង​ស្ថិរភាព»។

លោកបាន​បន្ថែមថា​ ពិភពលោក​បានយល់​ពី​ធាតុពិត​នៃការបោះឆ្នោត​ថ្ងៃទី២៣ ខែកក្កដា ហើយ​គេអាច​និយាយបាន​ថា លោក​ហ៊ុន សែន​ ជំនួស​ឱ្យ​ការណ៍ដែលមិន​ចង់​ឱ្យមាន​ការ​ប្រឹងប្រែងច្រើន​សម្រាប់​លោក ហ៊ុន ម៉ាណែត​ តែគាត់​បានឱ្យ​បញ្ហា​ជា​ច្រើន​ទៅ​កូន​គាត់​ទៅវិញ។ ការ​ស្នងតំណែង​ដែលមាន​ភាព​ស្របច្បាប់​ក៏​ផ្ទុយ​ពីការ​ចង់​បាន​របស់​លោក ហ៊ុន សែន។

អ្នកនាំពាក្យ​គណបក្សកាន់​អំណាច​លោក សុខ ឥសាន​ ការពារ​ភាពត្រឹមត្រូវ​នៃការបោះឆ្នោត​។

លោកថ្លែងថា៖​ «ដំណើរការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ត្រឹម​ត្រូវ​ សេរី​ និងយុត្តិធម៌​ ដែល​សម្តែង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជាង​៨០% ដែលមិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ទេ​។អ៊ីចឹង​អានេះ​ជាភាព​ស្របច្បាប់​មួយ»។

បើតាម​អ្នកនាំពាក្យ​រូបនេះ​ ភាពស្រប​ច្បាប់​មិន​មែនអាស្រ័យ​លើប្រទេសដទៃ​ឡើយ​ ប៉ុន្តែ​អាស្រ័យ​លើ​ប្រជាពល​រដ្ឋកម្ពុជា​ខ្លួន​ឯង​ជាអ្នកកំណត់៕

XS
SM
MD
LG