ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត ប្តេជ្ញា​ការពារ​សន្តិភាព ក្រោយ​ត្រូវ​បាន​ចាត់តាំង​ជា​នាយក​រដ្ឋមន្រ្តី


រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុសច្បង​របស់​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ កាន់ទង់ជាតិ​បក្ស​នៅពេល​លោក​ចូលរួមយុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាលពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។
រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុសច្បង​របស់​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ កាន់ទង់ជាតិ​បក្ស​នៅពេល​លោក​ចូលរួមយុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាលពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។

ព្រះមហាក្សត្រ​កម្ពុជា​បាន​ចេញ​ព្រះរាជក្រឹត្យ​ចាត់​តាំង​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្រ្តីថ្មី​នៃអាណត្តិទី​៧ ក្រោយ​លោក ហ៊ុន សែន បាន​ប្រកាស​លាលែង​ពី​តំណែង​ដែល​លោក​ដឹកនាំ​រយៈ​ពេល​៣៨​ឆ្នាំ។

យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី៧ ខែ​សីហា​នេះ ព្រះ​មហាក្សត្រ​បាន​ត្រាស់​បង្គាប់ «ចាត់​តាំង​ឯកឧត្តម​បណ្ឌិត​ ហ៊ុន ម៉ាណែត ជា​នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​នីតិកាល​ទី​៧​នៃ​រដ្ឋ​សភា»។ ព្រះរាជក្រឹត្យ​បញ្ជាក់​ទៀត​ថា ​នាយករដ្ឋ​មន្រ្តី​ដែល​ទទួល​បាន​កា​រចាត់​តាំង​នេះ​ មាន​ភារកិច្ច​រៀបចំ​សមាស​ភាព​រាជរដ្ឋាភិបាល​ដើម្បី​សុំ​សេចក្តី​អនុម័ត​ទុក​ចិត្ត​ពី​រដ្ឋ​សភា។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា ដោយ​ទទួល​បាន​អាសនៈ​សភា​ចំនួន​១២០​លើ​អាសនៈ​សរុប​ចំនួន​១២៥។ លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ជ្រើស​តាំង​ជា​តំណាងរាស្រ្ត​សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ ដែល​បើក​ឱកាស​សម្រាប់​លោក​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី។

ភ្លាមៗ​ក្រោយ​ពី​ទទួល​បាន​ព្រះរាជក្រឹត្យ​ចាត់​តាំង​ជា​នាយក​រដ្ឋមន្រ្តី​ពី​ព្រះ​មហាក្សត្រ​រួច​មក​ លោក ហ៊ុន ម៉ាណែត បាន​ចេញ​លិខិតថ្លែង​អំណរ​ព្រះ​គុណ​ព្រះ​មហាក្សត្រ។ លោក ហ៊ុន ម៉ាណែត ក៏​បាន​ប្តេជ្ញា​ថា ​លោក​និង​ឥស្សរជន​ក្នុង​រាជ​រដ្ឋាភិបាល នីតិ​កាល​ទី​៧​នៃ​រដ្ឋសភា​ នឹង​ខិតខំ​បំពេញបេស​កកម្ម​ជាតិ​ប្រកប​ដោយ​វីរភាព​ សេចក្តី​ស្មោះត្រង់ និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​បម្រើ​ជាតិ មាតុភូមិ និង​ប្រជា​ជន​កម្ពុជា ពិសេស​ការ​បន្ត​ធានា​ការពារ​ឯករាជ្យ​ជាតិ អធិប​តេយ្យជាតិ និង​បូរណ​ភាព​ទឹកដី ការ​ធានា​ការពារ​ជា​ដាច់​ខាត​នូវ​រាជបល្ល័ង្ក និង​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា ការ​បន្ត​ធានា​ការពារ​ឱ្យ​បាន​ដាច់​ខាត​នូវ​សុខ​សន្តិភាព និង​ស្ថិរ​ភាព​សង្គម​ជាតិ ការបន្ត​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​មាន​ការ​រីក​ចម្រើន​ជឿន​លឿន​ និង​ការ​បន្ត​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​ការ​បន្ត​លើក​ស្ទួយ​កិត្យានុ​ភាព​ជាតិ​នៅ​លើ​ឆាក​អន្តរ​ជាតិ។

នៅ​មុន​ការ​បោះ​ឆ្នោត លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​អំពី​ការ​ប្តេជ្ញា​របស់​លោក​ក្នុង​ការ​ការពារ​សន្តិ​ភាព និង​ទប់​ស្កាត់​នូវ​ឧបាយកល​របស់​អ្នក​ដែល​ចង់បំផ្លាញ​ប្រទេស​កម្ពុជា។

នាយក​រដ្ឋមន្រ្តី​ចាំ​ផ្ទះ លោក ហ៊ុន សែន ក៏​បាន​បង្ហោះ​សារ​ជា​អក្សរ​នៅ​លើ​ប្រព័ន្ធ​ Twitter ​របស់​លោក​ថា​ លោក​គឺ​ជា​នាយក​រដ្ឋមន្ត្រី​ដែល​ចូល​កាន់​តំណែង​ក្មេង​ជាង​គេ​ក្នុង​អាយុ​៣២​ឆ្នាំ និង​យូរ​ជាង​គេ​នៅ​ក្នុង​ពិភព​លោក ចាប់​តាំង​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ១៩៨៥។

លោក​បញ្ជាក់​ថា​៖ «ពេល​នេះ​ ខ្ញុំ​បន្ត​ជា​នាយក​រដ្ឋមន្ត្រី​១៥​ថ្ងៃ​ទៀត​ បន្ទាប់​ទៅ​ខ្ញុំ​នឹង​ឡើង​ឋានៈ​ទៅ​ជា​ឪពុក​នាយក​រដ្ឋមន្ត្រី​ម្តង។ មិន​ទាន់​ចប់​ត្រឹម​នេះ​ទេ ខ្ញុំ​នឹង​បន្ត​ការងារ​ក្នុង​មុខ​នាទី​ផ្សេង​ទៀត​យ៉ាង​តិច​ត្រឹម​ឆ្នាំ​២០៣៣ ដែល​ពេល​នោះ​ខ្ញុំ​នឹង​បំពេញ​ការងារ​ជាង​កន្លះ​សតវត្សរ៍»។

លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ថា ​លោក​នឹង​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធសភា ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅ​ពេល​កម្ពុជា​រៀបចំ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា។

កាល​ពី​ពេល​កន្លង​ទៅ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ព្រះ​មហាក្សត្រ​នឹង​កោះ​ប្រជុំ​សភា​លើក​ដំបូង​ ដែល​ជា​ការ​ចេញ​ដំណើរ​មួយ​ដ៏​ល្អ​សម្រាប់​សភា​ ក៏​ដូច​ជា​សម្រាប់​រដ្ឋាភិបាល​ថ្មី។ ចំណែក​ឯ​នៅ​ល្ងាច​ថ្ងៃ​ទី ២២ ខែសីហា​វិញ​ គឺ​ជា​ថ្ងៃ​ដែល​គណៈ​រដ្ឋមន្ដ្រី​នឹង​ស្បថ​ចូល​កាន់​តំណែង​ ជា​ថ្ងៃ​ដែល​លោក​ ហ៊ុន ម៉ាណែត ក្លាយ​ជា​នាយក​រដ្ឋ​មន្រ្តី​ពេញ​សិទ្ធិ​នៃ​អាណត្តិ​ទី​៧នេះ។ គេ​រំពឹង​ថា​ លោក ហ៊ុន ម៉ាណែត នឹង​រៀបចំ​គណៈ​រដ្ឋមន្រ្តី​វ័យ​ក្មេង ហើយ​ភាគ​ច្រើន​ជា​កូន​របស់​មន្រ្តី​ជាន់​ខ្ពស់​ដែល​ឪពុក​របស់​ពួកគេ​ឈប់​ធ្វើ​ជា​រដ្ឋមន្រ្តី។

ការ​ឡើង​កាន់​អំណាច​របស់​លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី​២២ ខែសីហា​ ខាង​មុខនេះ ក៏​នៅ​តែ​ជា​ចំណោទ​មួយ​សម្រាប់​មេដឹកនាំ​គណបក្ស​ជំទាស់​លោក សម រង្ស៊ី ដោយ​សារ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ដោយ​អវត្តមាន​គណបក្ស​ជំទាស់​ដ៏ចម្បង ​គឺ​គណបក្ស​ភ្លើងទៀន។ ការ​បោះ​ឆ្នោត​មួយ​នេះ​ត្រូវ​បាន​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​រិះគន់​ថា ​មិន​សេរី និង​យុត្តិធម៌ ដែល​ត្រូវបាន​ធ្វើ​ឡើង​ក្នុង​ស្ថានភាព​រឹត​ត្បិត​សេរី​ភាព​នយោបាយ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។

អ្នក​វិភាគ​នយោបាយ​លោក មាស នី លើក​ឡើង​ថា​ រដ្ឋាភិបាល​អាណត្តិថ្មី​ ដែល​ដឹកនាំ​ដោយ​លោក​ ហ៊ុន ម៉ាណែត ​គួរ​តែ​ពង្រឹង​នូវ​ទំនាក់​ទំនង​រវាង​កម្ពុជា​ជា​មួយ​នឹង​អន្តរ​ជាតិ​ឡើង​វិញ​ ដើម្បី​កុំ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​ប្លុក​នៃ​របប​ផ្តាច់​ការ។

លោក​ថ្លែង​ថា​៖ «អ្វី​ដែល​ខ្ញុំ​ចង់​សង្កត់​ធ្ងន់​ហ្នឹង​គឺ​ភាព​ចាំបាច់​នៃ​តួនាទី​របស់​ឯក​ឧត្តម​ ហ៊ុន ម៉ាណែត នៅ​ពេល​គាត់​ឡើង​មក​ជា​នាយករដ្ឋ​មន្រ្តី​ហ្នឹង ​គឺ​ការពិនិត្យ​មើល​ឡើង​វិញ​ទៅ​ទំនាក់​ទំនង​កម្ពុជា​ជា​មួយ​និង​អន្តរជាតិ ព្រោះ​អី​បច្ចុប្បន្ន​នេះ​ ឃើញ​ថា​កម្ពុជា​ចង់​ឬ​មិន​ចង់​ គេ​មើល​ឃើញ​ថា​កម្ពុជា​ដូច​កំពុង​តែ​ធ្លាក់​ចូល​ទៅ​កាន់​តែ​ជ្រៅ​ទៅ​ ទៅ​ក្នុង​ប្លុក​របស់​ចិន​កុម្មុយនិស្ត ជា​បញ្ហា​មួយ​ធ្វើ​ឱ្យ​កម្ពុជា​ហ្នឹង​ទៅ​ធ្លាក់​ចូល​ទៅ​ក្នុង​ភូមិ​សាស្រ្ត​នយោ​បាយ​ដែល​ជា​គន្លង​ចាស់​មួយ​ដែល​កម្ពុជា​ធ្លាប់​ឆ្លង​កាត់​ កាល​ពី​ចុង​ទស្សវត្សរ៍​ឆ្នាំ ​[១៩]៧០ [១៩]៦០ ​បាទ»។

លោក​បន្ថែម​ថា ​ប្រសិន​បើ​កម្ពុជា​មិន​បាន​ស្ដារទំនាក់​ទំនង​រវាង​កម្ពុជាជា​មួយ​នឹង​អន្តរ​ជាតិ​ឡើង​វិញ​ ឱ្យ​ត្រូវ​ទៅ​តាម​អ្វី​ដែល​បាន​ចែង​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ទេ​នោះ លោក​ថា​ កម្ពុជា​អាច​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ស្មុគ​ស្មាញនៅ​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ខាង​មុខ។

គួរ​បញ្ជាក់​ថា ​លោក ហ៊ុន ម៉ាណែត អាយុ​ ៤៥ ឆ្នាំ ជា​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​បណ្ឌិត​សភា​យោធា​ West Point សហរដ្ឋ​អាមេរិក ឆ្នាំ១៩៩៩។ លោក​ក៏​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​ពី​សាកល​វិទ្យាល័យ Bristol នៅ​ចក្រភព​អង់គ្លេស កាល​ពី​ឆ្នាំ ២០០៨​។ លោក​មាន​បទ​ពិសោធន៍​នៅ​ក្នុង​ផ្នែក​យោធា​ជា​ច្រើន​ឆ្នាំ បន្ទាប់​ពី​លោក​បាន​ទទួល​ការ​តែងតាំង​ឋានៈ​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ផ្នែក​យោធា​នេះ៕

XS
SM
MD
LG