ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​ដែល​តែងតាំង​ថ្មី​លោក ហ៊ុន ម៉ាណែត នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី


រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត ដែល​នឹង​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ចាប់​ពី​ថ្ងៃ​ទី ២២ ខែ​សីហា​ខាង​មុខ​នេះ ជួប​ប្រជុំ​ជាមួយរដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi (វ៉ាង យី) នៅ​រាជធានី​ភ្នំណេញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣។
រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត ដែល​នឹង​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ចាប់​ពី​ថ្ងៃ​ទី ២២ ខែ​សីហា​ខាង​មុខ​នេះ ជួប​ប្រជុំ​ជាមួយរដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi (វ៉ាង យី) នៅ​រាជធានី​ភ្នំណេញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣។
នៅ​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ លោក វ៉ាង​ យី​ (Wang Yi) កាល​ពី​ថ្ងៃ​អាទិត្យ​ លោក ​ហ៊ុន ម៉ាណែត​ ដែល​នឹង​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​របស់​កម្ពុជា​ នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​ខែ​ក្រោយ​នេះ​ ខណៈ​ភាគី​ចិន ​និង​កម្ពុជាប្តេជ្ញា​រឹត​ចំណង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ។​ នេះ​បើ​យោង​តាមសារ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​ហ៊ុន ម៉ាណែត​ កាល​ពី​ថ្ងៃទី​១៣ ​ខែ​សីហា។​

តាម​ការ​គ្រោង​ទុក​ ​លោក​ ហ៊ុន ម៉ាណែត ​ដែល​ជា​ប្រធាន​យុវជន​ថ្នាក់​កណ្តាល​ និង​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​ទៅ​ប្រទេស​ចិន​ដើម្បី​ចូល​រួម​នៅ​ក្នុង​ពិព័រណ៍​ចិន-អាស៊ាន ​លើក​ទី​២០ ​ឆ្នាំ​២០២៣ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ណាននីង​ ខេត្ត​ក្វាងស៊ី ​ប្រទេស​ចិន ​នា​ពាក់​កណ្តាល​ខែ​កញ្ញា​ ឆ្នាំ​២០២៣​ ខាង​មុខ។​

គម្រោង​ទស្សន​កិច្ច​របស់​លោក​ ហ៊ុន ម៉ាណែត​ ទៅ​កាន់​ប្រទេស​ចិន​កើត​មាន​ឡើង​ បន្ទាប់​ពី​លោក​ វ៉ាង យី​ បាន​បិទ​បញ្ចប់​ទស្សន​កិច្ច​របស់​លោក​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​អាទិត្យ។​ ប្រមុខ​ការទូត​ចិន​រូប​នេះ​បាន​ជួប​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ក្រុម​មន្ត្រី​កម្ពុជា​ និង​ប្រមុខ​រដ្ឋាភិបាល​ចាំផ្ទះ​កម្ពុជា ​គឺ​លោក ​ហ៊ុន សែន។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​ និង​អ្នក​វិភាគ​នយោបាយ​មាន​មតិ​ចម្រុះ​ជុំវិញទស្សន​កិច្ច​របស់​លោក​ វ៉ាង យី​ នៅ​កម្ពុជា ​និង​សមត្ថភាព​របស់​មេ​ដឹកនាំ​ថ្មី​កម្ពុជា​ ក្នុង​ការ​ទាញ​យកប្រយោជន៍​ពី​ទំនាក់​ទំនង​កម្ពុជា ​និង​ចិន ​ដែល​បាន​បង្កើត​ទំនាក់​ទំនង​ដែក​ថែប​ជាមួយ​កម្ពុជា ​ហើយ​កំពុង​ស្ថិត​ក្នុង​ការប្រជែង​យក​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយជាមួយ​សហ​រដ្ឋ​អាមេរិក។​

អ្នក​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​សិក្សា​អាស៊ី​អាគ្នេយ៍​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​លោក ​លឹម ឆាយ ​បាន​ប្រាប់​វីអូអេ​ថា ​នៅ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា ​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​ពីរ​នឹង​ផ្តល់​ការគាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​របៀប​វារៈ​ជាក់លាក់​ក្នុងវិស័យ​នយោបាយ​និង​ការ​ទូត។​

ទោះ​ជា​យ៉ាងណា ​លោក​ព្រមាន​ថា​ កម្ពុជា​មិន​ត្រូវ​គិត​តែ​ដើរ​តាម​ដានជើង​របស់​ចិន​នោះ​ទេ ​ពី​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ជា​អវិជ្ជមាន​លើអធិប​តេយ្យភាព​និង​ឯករាជ្យ​ភាព​នៃ​គោល​នយោបាយ​ការ​បរទេស​និយម​កណ្តាលរបស់​កម្ពុជា។​

នៅ​ពេល​សួរ​ពាក់ព័ន្ធ​នឹង​ទំនាក់​ទំនង​កម្ពុជា​និង​អាមេរិក ​លោក ​លឹម ឆាយ ​លើក​ឡើង​ថា ​កម្ពុជា​មិន​មាន​ចេតនា​ក្នុង​ការ​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ដូច​អ្វី​ដែល​អាមេរិក​ចង់​បាន​នោះ​ឡើយ។ ​លោក​ជំរុញ​ឱ្យ​មាន​ការ​ជជែក​គ្នា​បន្ថែម​រវាង​ភាគី​ទាំង​ពីរ​ដើម្បី​សហការ​គ្នា​លើ​វិស័យ​ដែល​អាច​សហការ​គ្នា​បាន​ ជា​ជាង​ត្រឹម​តែ​មនោគមន៍​វិជ្ជា។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«វា​ច្បាស់​ណាស់​ថា​ កម្ពុជា​គាំទ្រ​គោល​នយោបាយ​ចិន​តែ​មួយ​ហើយ​កម្ពុជា​ចាត់ទុក​ករណី​នៅ ​Xinjiang ​ ហុងកុង ​និង​តៃវ៉ាន់​ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ចិន ​ដោយ​មិន​ជ្រៀតជ្រែក។ ​ត្រឡប់​មក​វិញ ​ចិន​គាំទ្រ​ការ​អភិវឌ្ឍ​របស់​កម្ពុជា ​បើ​ទោះ​បី​ជា​កម្ពុជា​នៅ​ក្រោម​របប​លោក ​ហ៊ុន សែន ​រង​ការ​រិះគន់​ពី​លោក​ខាង​លិច​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក៏ដោយ»។​

អ្នក​វិភាគ​នយោបាយ​ លោក ​សេង សារី​ ប្រាប់​វីអូអេ​ថា​ ការ​ប្រកួត​ប្រជែង​គ្នា​រវាង​ចិន​និង​អាមេរិក​គឺ​កំពុង​តែ​កើន​កម្តៅ​នៅ​ក្នុង​តំបន់អាស៊ី​អាគ្នេយ៍។​

អ្នក​វិភាគ​រូបនេះ​ចោទ​សួរ​ពី​ភាព​វ័យ​ឆ្លាត​នៅ​ក្នុង​ការ​រក្សា​ជំហរ​របស់​កម្ពុជា​នៅ​ក្នុង​ដំណាក់​កាល​ដែល​ប្រទេស​នេះ​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​ ហើយ​ពិភពលោក​កំពុង​ឃើញ​ការ​ប្រកួត​ប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ​យ៉ាង​ស្រួច​ស្រាល់​រវាង​ចិន​ និង​សហរដ្ឋ​អាមេរិក។​

លោក​ថ្លែ​ង​ថា៖ «ថា​តើ​កម្ពុជា​ហ្នឹង​ position ​(ជំហរ) ​ដាក់​ទី​តាំង​ កំណត់​ទី​តាំង​របស់​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ភូមិ​សាស្ត្រ​នយោបាយ​បច្ចុប្បន្ន​នេះដោយ​របៀប​ណា​ដើម្បី​ធ្វើ​ម៉េច​អាច​ទាញផល​ប្រយោជន៍​ឱ្យ​ច្រើន​បំផុត​ពី​ការ​ប្រកួត​ប្រជែង​ឥទ្ធិពល​របស់​មហា​អំណាច​ទាំង​ពីរ​ហ្នឹង»។

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​រយៈពីរ​ថ្ងៃម​ក​កាន់​ប្រទេសក​ម្ពុជា​ លោក ​វ៉ាង យី ​បាន​ជួប​ជា​មួយ​មេ​ដឹកនាំ​កម្ពុជា​មួយ​ចំនួន​ដូច​ជា​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​លោក​ ហ៊ុន សែន ​លោក ហ៊ុន ម៉ាណែត​ នាយក​រដ្ឋមន្ត្រី​ដែល​ទើប​តែងតាំង​ថ្មី លោក ​ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ដែល​នឹង​ចាក​ចេញ​ពី​តំណែង​ក្នុង​ពេល​ឆាប់ៗ​នេះ និង​លោក ​សុខ ចិន្តាសោភា​ ដែល​នឹង​ក្លាយ​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី​របស់​កម្ពុជា។​

ក្រោយ​ជួប​លោក​ វ៉ាង យី ​លោក ​ហ៊ុន ម៉ាណែត ​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ភាគី​ទាំង​ពីរ​ប្តេជ្ញា​បន្ត​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​បន្ថែម​ទៀត។ ​ភាគី​ចិន​ក៏​ត្រៀម​ទទួល​ស្វាគមន៍​ដំណើរ​ទស្សន​កិច្ច​ផ្លូវការ​របស់​លោក ​ហ៊ុន ម៉ាណែត ​ទៅ​កាន់​ប្រទេស​ចិន​នា​ពេល​ខាង​មុខ​ផង​ដែរ។​

លោក​ ហ៊ុន ម៉ាណែត ​បាន​បញ្ជាក់​ថា ​កម្ពុជា​នៅតែ​រក្សា​គោល​«ជំហរ​ឥត​ប្រែប្រួល»​ របស់​រដ្ឋាភិបាល​ថ្មី​ចំពោះ​គោល​នយោបាយ​ចិន​តែ​មួយ​ និង​ការ​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ចិន។​
លោក ​ហ៊ុន ម៉ាណែត ​បាន​បន្ថែម​ថា ​ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​បន្ត​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​តាម​រយៈ​ការ​ថែ​រក្សា​សមិទ្ធផល​ដែល​មាន​កន្លង​មក ​ក៏​ដូចជា​ការ​ពង្រីក​ទិស​ដៅ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ថ្មីៗ​បន្ថែម​ទៀត ​ដូចជា​វិស័យ​អគ្គិសនី​ ជាពិសេស​វារី​អគ្គិសនី ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​កសិកម្ម​ និង​ពាណិជ្ជ​កម្ម​ជាដើម។​

លោក​បញ្ជាក់​ដូច្នេះ​ថា៖ ​«លើស​ពី​នេះ ​ភាគី​ទាំង​ពីរ​ក៏​ឯកភាព​នឹង​បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ ​និង​ផ្តល់​ការ​គាំទ្រ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​តំបន់​និង​លើ​ឆាក​អន្តរជាតិ»។​

បើ​តាម​ការ​បង្ហោះ​សារ​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​ចិន​ នៅ​ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​ជា​មួយ​រដ្ឋមន្ត្រី​ការ​បរ​ទេស​ចិន ​លោក ​សុខ ចិន្តាសោភា​ បាន​លើក​ឡើង​ដោយ​រំពឹង​ថា​ ប្រទេស​ទាំងពីរ​នឹង​បន្ត​លើក​កម្ពស់​លក្ខណៈ​យុទ្ធសាស្ត្រ​នៃ​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​ចិន ​ត្រួស​ត្រាយ​វិស័យ​សហ​ប្រតិបត្តិ​ការ​ដើម្បី​បង្កើត​គំរូ​នៃ​ការ​រួម​គ្នា​កសាង​«ក្រវាត់​ផ្លូវពាណិជ្ជកម្ម​ចិន»​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់។​

បើ​តាម​ស្ថានទូត​ចិន​ដដែល​ ភាគី​ចិន​រីករាយ​ចូល​រួម​សហ​ការ​ជា​មួយ​ភាគី​កម្ពុជា​ក្នុង​ការ​ពង្រឹង​សាមគ្គីភាព​និង​កិច្ច​សម្រប​សម្រួល ​ពង្រឹង​ក្រប​ខ័ណ្ឌ​កិច្ច​សហ​ប្រតិ​បត្តិ​ការ ​«ត្បូង​ពេជ្រ»​រវាង​ចិន​ និង​កម្ពុជា ​ដើម្បី​ធ្វើ​ឱ្យ​ទំនាក់​ទំនង​មិត្ត​ភាព​រវាង​ចិន ​និង​កម្ពុជា​មិន​អាច​បំផ្លាញ​បាន ​ភ្លឺ​ចែង​ចាំង​ និង​យូរ​អង្វែង​ដូច​ពេជ្រ។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ​លោក​ អាន សុខខឿន មិន​ទាន់​អាច​ផ្តល់​ការ​អត្ថាធិប្បាយ​លម្អិត​លើ​របៀប​វារៈ​ពាក់ព័ន្ធ​ជាមួយ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ ហ៊ុន ម៉ាណែត​ នៅ​ឡើយ​ទេ​ ដោយ​ថា ​ក្រសួង​កំពុង​តែ​ធ្វើការ​លើ​រឿង​នេះ។​

ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក​ វ៉ាង យី​ មក​កម្ពុជា​ និង​គម្រោង​ទស្សន​កិច្ច​របស់​លោក ​ហ៊ុន ម៉ាណែត ទៅ​កាន់​ប្រទេស​ចិនកើត​មាន​ឡើង​ ស្រប​ពេល​មាន​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ ​ឆ្នាំ​នៃ​ទំនាក់​ទំនង​ការទូត​រវាង​កម្ពុជា​ និង​ចិន។​

លោក​ វ៉ាង យី​ បាន​ក្លាយ​ជា​អ្នក​ការទូត​បរទេស​ជាន់​ខ្ពស់​ដំបូង​គេ​បង្អស់​ដែល​បាន​ជួប​លោក​ ហ៊ុន ម៉ាណែត ​បន្ទាប់​ពី​លោក ​ហ៊ុន ម៉ាណែត ​ត្រូវ​បាន​តែងតាំង​ជា​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ ហើយ​កូន​ប្រុស​ច្បង​របស់​លោក ​ហ៊ុន សែន ​រូបនេះត្រូវ​គេ​រំពឹង​ថានឹង​ចូល​កាន់​អំណាច​ចាប់ពី​ថ្ងៃ​ទី២២ ​ខែ​សីហា​ ឆ្នាំ២០២៣ នេះ៕​

XS
SM
MD
LG