នៅក្នុងដំណាក់កាលអន្តរកាលនៃការតែងតាំងមេដឹកនាំរដ្ឋាភិបាលថ្មីនៅប្រទេសកម្ពុជា ដែលនឹងដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះ មេដឹកនាំនយោបាយជំទាស់លោក សម រង្ស៊ី បានថ្លែងបរិហារថា ការតែងតាំងនោះជាទម្រង់នៃការផ្ទេរអំណាចខ្វះភាពស្របច្បាប់ ហើយក៏នឹងមិនទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិដែរ។
នៅក្នុងឃ្លីបវីដេអូមួយដែលមានរយៈពេលជាង៩នាទី និងត្រូវបានបង្ហាញលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃអាទិត្យ អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ត្រូវគេឃើញថ្លែងប្រាប់អ្នកគាំទ្ររបស់លោកថា ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាសហគមន៍អន្តរជាតិ នឹងមិនទទួលស្គាល់របបនយោបាយដែលកើតឡើងដោយការផ្ទេរអំណាចពីឪពុកទៅកូននោះទេ។
លោកថ្លែងថា៖ «ខ្វះភាពស្របច្បាប់ បារាំងហៅថា légitimité អង់គ្លេសហៅថា legitimacy [ភាពស្របច្បាប់]។ ចោរវាអត់មានភាពស្របច្បាប់ទេ។ វាអត់មាន légitimité។ ដូច្នេះ វាគ្មានលទ្ធភាពផ្ទេរអំណាចឱ្យកូនគាត់ទេ។ អាកូនគាត់ហ្នឹងរឹតតែអត់មានភាពស្របច្បាប់ទៅហើយ។ បើអត់មានភាពស្របច្បាប់ គ្មានអ្នកណាទទួលស្គាល់ទេ។ ប្រជារាស្ត្រខ្មែរអត់ទទួលស្គាល់ អត់យល់ព្រម។ អន្តរជាតិក៏អត់ទទួលស្គាល់ ហើយ ហ៊ុន សែន ជាចោរផ្ទេរអំណាចឱ្យកូនគាត់ធ្វើចោរជំនួសគាត់...អត់ដាច់ខាត»។
ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជាតិកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយចំនួន១៨ចូលរួម។ លទ្ធផលផ្លូវការរបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោតបង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ឈ្នះបានអាសនៈចំនួន១២០ នៅក្នុងសភា ខណៈគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចបានចំនួន៥អាសនៈ។
ការបោះឆ្នោតនៅខែកក្កដានោះមិនមានការចូលរួមរបស់គណបក្សជំទាស់ធំមួយគឺគណបក្សភ្លើងទៀន។ ការណ៍នេះនាំឱ្យមានការរិះគន់ថា ការបោះឆ្នោតធ្វើឡើង ដោយមិនឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ម្ចាស់ឆ្នោត។
លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេសកម្ពុជា លើកឡើងទៀតថា ការប្រគល់អំណាចរបស់លោក ហ៊ុន សែន ទៅឱ្យលោក ហ៊ុន ម៉ាណែត នឹងមិនទទួលបានជោគជ័យទេ ព្រោះលោកអះអាងថា ការកាន់អំណាចរបស់លោក ហ៊ុន សែន ខ្វះភាពស្របច្បាប់។ ប៉ុន្តែលោក ហ៊ុន ម៉ាណែត ដែលមានតួនាទីកំពូលៗក្នុងកងទ័ពកម្ពុជា ត្រូវបានរំពឹងថា នឹងដឹកនាំប្រទេសចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ។
វីអូអេព្យាយាមសុំការអត្ថាធិប្បាបាយពីលោក សម រង្ស៊ី តាមអ៊ីមែលនៅថ្ងៃចន្ទនេះ តែគ្មានការឆ្លើយតប។
អ្នកវិភាគនយោបាយលោក សេង សារី ប្រាប់វីអូអេ ថា ដំណើរការផ្ទេរអំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានភាពចម្រូងចម្រាសច្រើន នៅពេលសភាថ្មីមិនទាន់ត្រូវបានបង្កើត តែមានការតែងតាំងនាយករដ្ឋមន្ត្រីថ្មីជាមុនទៅវិញ។
លោកថ្លែងថា៖ «តើអ្នកណាជាប្រធានសភានីតិកាលទី៧? តើសភានីតិកាលទី៧ហ្នឹងកើតហើយ ឬនៅ? មកដល់ពេលនេះយើងឃើញថា អត់ទាន់ចេញជារូបរាងទេ ហើយប្រធានសភាហ្នឹងក៏គ្រាន់តែជាប្រធានសភាមួយដែលមិនទាន់មានការទទួលស្គាល់ជាផ្លូវការដែរ»។
លោកបន្ថែមថា ការឡើងមកកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត ក៏ប្រឈមនឹងកង្វះភាពស្របច្បាប់ ដែលនៅតែជាមន្ទិលសម្រាប់មហាជន។
លោកថ្លែងថា៖ «ចំណុចនេះក៏យើងត្រូវសួរដែរថា តើលោក ហ៊ុន ម៉ាណែត បានក្លាយជាបេក្ខជនតំណាងរាស្រ្ដពេញសិទ្ធិពីពេលណា? បើយើងមើលក្នុងបញ្ជីរាយនាមរបស់គ.ជ.ប ចុះថ្ងៃទី៥ សីហា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត នៅគ្រាន់តែជាបេក្ខជនជាប់ឆ្នោតនៅឡើយ ដូច្នេះហើយយើងឃើញថា បើយើងមើលផ្នែកខាងច្បាប់ legality យើងឃើញថា នៅមានសំណួរច្រើនណាស់ដែលមហាជន ពលរដ្ឋនៅងឿងឆ្ងល់»។
តែទោះជាមានការបកស្រាយរិះគន់ភាពស្របច្បាប់នៃការផ្ទេរអំណាច ឬដំណើរការរបស់រដ្ឋាភិបាលថ្មីបែបណាក្តី ក៏អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន មានសុទិដ្ឋិនិយមថា រដ្ឋាភិបាលដែលនឹងដឹកនាំដោយអ្នកជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា មិនបារម្ភនឹងបញ្ហានេះទេ។
លោកប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ការលើកឡើងណាមួយរបស់លោក សម រង្ស៊ី គឺជាការលាបពណ៌រដ្ឋាភិបាលកម្ពុជា ដោយលោកថា វាជាសិទ្ធិសេរីភាពរបស់បណ្ដាប្រទេសនីមួយៗក្នុងការទទួលស្គាល់ភាពស្របច្បាប់ ឬមិនស្របច្បាប់របស់រដ្ឋាភិបាលអាណត្តិទី៧នេះ។
លោកថ្លែងថា៖ «ហើយចំពោះការស្របច្បាប់ ឬមិនស្របច្បាប់ដែលបរទេសយល់ឃើញយ៉ាងណាជារឿងរបស់គេ តែយើងគឺថា យើងស្របច្បាប់សម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសរបស់យើង ហើយបញ្ហាទទួលស្គាល់ ឬមិនទទួលស្គាល់ជាសិទ្ធិរបស់អ្នកដែលទទួលស្គាល់ ឬមិនទទួលស្គាល់»។
លោកបន្ថែមថា កម្ពុជាបានអនុវត្តត្រឹមត្រូវទៅតាមនីតិវិធី ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ក្នុងដំណើរការតែងតាំងក្បាលម៉ាស៊ីនគណៈរដ្ឋមន្រ្ដីនៃរដ្ឋាភិបាលថ្មីដែលធ្វើឡើងដោយការរង់ចាំការផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា ហើយការបោះឆ្នោតកាលពីខែកក្កដា បានបង្ហាញពីឆន្ទៈ និងបំណងប្រាថ្នាពិតប្រាកដរបស់ពលរដ្ឋ៕