ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ពរុស្ស៊ី ចូលជិត​រដ្ឋធានី​កៀវ បន្ទាប់ពី​ការវាយ​ប្រហារ​លើ​មន្ទីរពេទ្យ​កុមារ​មួយ​កន្លែង​ដែល​បណ្តាល​ឲ្យ​មាន​ការខឹង​សម្បា​ជាខ្លាំង


រថយន្ត និង​អគារ​មន្ទីរពេទ្យ​មួយ​ដែល​ត្រូវ​បំផ្លាញ​ដោយ​ការវាយ​ប្រហារ​តាម​ផ្លូវ​អាកាស ក្នុង​គ្រា​នៃ​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​ក្នុង​ក្រុង Mariupol ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។
រថយន្ត និង​អគារ​មន្ទីរពេទ្យ​មួយ​ដែល​ត្រូវ​បំផ្លាញ​ដោយ​ការវាយ​ប្រហារ​តាម​ផ្លូវ​អាកាស ក្នុង​គ្រា​នៃ​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​ក្នុង​ក្រុង Mariupol ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។

កងទ័ព​រុស្ស៊ី បាន​រុល​ចូល​កាន់តែជិត​រដ្ឋធានី​កៀវ​របស់​អ៊ុយក្រែន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈពេល​ដែល​មេដឹកនាំ​អន្តរជាតិ​និង​អ៊ុយក្រែន បាន​ចោទ​ប្រកាន់រុស្ស៊ីពី​ការវាយ​ប្រហារ​ដ៏​ព្រៃផ្សៃ​ទៅ​លើ​មន្ទីរពេទ្យ​កុមារ​មួយ​កន្លែង​នៅ​ទីក្រុង Mariupol ដែលស្ថិត​ក្នុង​ការឡោមព័ទ្ធ​នោះ។ នេះ ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ស្របពេល​ដែលអំពើហិង្សា​នៅ​កំពុង​បន្តកើត​មាននោះ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី និង​អ៊ុយក្រែន កំពុង​ស្ថិត​ក្នុង​ប្រទេស​តួកគី​ដើម្បី​ចរចា​កម្រិត​ខ្ពស់​បំផុត​មួយចាប់តាំង​ពីសង្គ្រាម​កើត​ឡើង​មក ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ក៏​ក្តី​សង្ឃឹមដើម្បី​ទម្លាយភាព​ទាល់ច្រក​ណា​ដែល​កើតចេញពី​ការចរចានោះ មាន​សង្ឃឹម​តិចតួច​នៅ​ឡើយ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky បាន​និយាយ​ថា ជន​ស៊ីវិល​ប្រមាណ ៣ម៉ឺន ៥ពាន់នាក់ បាន​រត់​គេចចេញពីទីក្រុង​នានា​នៅក្រោម​ការវាយ​ប្រហារ​របស់​កងទ័ព​រុស្ស៊ីកាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ហើយ​អភិបាល​ក្រុង Mariupol និយាយ​ថា ការបាញ់​ផ្តក់​ឥត​ឈប់ឈរ បាន​សម្លាប់ជនស៊ីវិល​ជាង១២០០នាក់​ក្នុង​រយៈពេល៩ ថ្ងៃ​នៃ​ការឡោមព័ទ្ធពីសំណាក់​កង​កម្លាំងរុស្ស៊ី​ជុំវិញ​ទីក្រុង​នេះ។

មាន​ការព្រួយ​បារម្ភ​ថា រដ្ឋធានី​កៀវ អាចស្ថិត​ក្រោមការ​ឡោមព័ទ្ធក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ស្របពេល​ដែលរថក្រោះ​របស់​រុស្ស៊ី​ជា​ច្រើន​គ្រឿង ស្ថិត​នៅក្នុង​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ​ពី​រដ្ឋធានី​នេះ ដោយ​ចេញ​ពី​ទីតាំងមុខព្រួញ​នៃ​ទីក្រុង​ដែល​ស្ថិត​នៅ​ជិត​ៗនោះ។

លោក Zelensky បាន​បង្ហោះវីដេអូ​ដែល​បង្ហាញ​ពីការខូចខាត​នៃ​មន្ទីរពេទ្យ​មួយកន្លែង​ដែល​ទើប​ត្រូវ​បាន​ជួសជុល​រួច​កាលពីពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង​កំពង់ផែ Mariupol ភាគ​ខាង​ត្បូង ដោយ​លោក​បាន​ថ្កោលទោស​ការវាយ​ប្រហារ​នោះ​ថា​ ជា«ឧក្រិដ្ឋកម្ម​សង្គ្រាម»។

មន្ត្រី​មូលដ្ឋាន​ម្នាក់​និយាយ​ថា ការវាយ​ប្រហារ​នេះ បាន​ធ្វើ​ឲ្យ​របួស​បុគ្គលិក​ពេទ្យយ៉ាង​ហោច​ណាស់​ក៏១៧នាក់​ផង​ដែរ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី គេ​នៅ​មិន​ទាន់ដឹង​ភ្លាមៗពីចំនួន​មនុស្ស​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះនៅឡើយ​ទេ។ លោក​ប្រធានាធិបតី Zelensky និយាយថា ការវាយ​ប្រហារ​ដោយ​ផ្ទាល់​របស់កងទ័ព​រុស្ស៊ី​ទៅ​លើ​មន្ទីរពេទ្យ​នោះ បាន​ធ្វើ​ឲ្យ​កុមារ​ជា​ច្រើន​នាក់​ស្ថិត​ក្នុង​គំនរ​បាក់បែក។

សេតវិមាន បាន​ថ្កោលទោស​ការប្រើ​កម្លាំង​ដ៏​ឃោរឃៅប្រឆាំង​នឹង​ជន​ស៊ីវិល ​ហើយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​ហៅ​ការវាយ​ប្រហារ​នោះ​ថា ជា​អំពើ«ថោកទាប»មួយ។

ទន្ទឹម​នឹង​នេះ អគ្គសេនា​ធិការកងទ័ព​អ៊ុយក្រែន និយាយ​ថា កង​កម្លាំង​រុស្ស៊ី បាន​បន្ត​ប្រតិបត្តិការវាយ​ប្រហារដើម្បី​ឡោមព័ទ្ធរដ្ឋធានី​កៀវ ស្របពេល​ដែល​កំពុង​បង្កើន​ការវាយប្រហារ​ជា​បន្ត​បន្ទាប់លើទីក្រុង​នានា​នៅ​ទូទាំង​ប្រទេសអ៊ុយក្រែន៕

XS
SM
MD
LG