រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Biden បានព្រមានជាសាធារណៈកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីអាចស្វះស្វែងរកប្រើអាវុធគីមីឬអាវុធជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែន នៅពេលដែលសេតវិមាន បានច្រានចោលការអះអាងរបស់រុស្ស៊ីថា សហរដ្ឋអាមេរិក បានអភិវឌ្ឍអាវុធគីមីខុសច្បាប់នៅក្នុងប្រទេសដែលខ្លួនបានឈ្លានពាន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
នៅសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានចោទប្រកាន់ដោយគ្មានភ័ស្តុតាងថា អ៊ុយក្រែន បានបង្កើតមន្ទីរពិសោធន៍គីមីនិងជីវសាស្ត្រដោយមានការជួយឧបត្ថម្ភពីសហរដ្ឋអាមេរិក។ អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានហៅការអះអាងរបស់រុស្ស៊ីថា ជាការ«មិនសមហេតុផល» ហើយបាននិយាយទៀតថា វាអាចជាផ្នែកមួយនៃការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីធ្វើការប្រើប្រាស់អាវុធប្រល័យលោកបែបនេះដោយខ្លួនឯងប្រឆាំងនឹងអ៊ុយក្រែន។
លោកស្រី Psaki បានបញ្ជូនសារតាម Twitter ថា៖ «ទាំងអស់នេះជាល្បិចកលពិតប្រាកដរបស់រុស្ស៊ីដើម្បីព្យាយាមធ្វើឲ្យការវាយប្រហារដែលគិតទុកជាមុននិងមិនត្រឹមត្រូវក្លាយជាការត្រឹមត្រូវ»។
សហរដ្ឋអាមេរិក បានព្រមានអស់ជាច្រើនខែមកហើយអំពីកិច្ចប្រតិបត្តិការយោធារបស់រុស្ស៊ីដើម្បីបង្កើតលេសសម្រាប់ការឈ្លានពាន។ ការព្រមានកាលពីថ្ងៃពុធ បានប្រាប់ឲ្យដឹងថា រុស្ស៊ីអាចស្វះស្វែងរកបង្កើតលេសដើម្បីបន្តជម្លោះ២សប្តាហ៍នេះ ដែលក្នុងនោះការវាយប្រហាររបស់រុស្ស៊ីមានការយឺតយ៉ាវដោយមានការតបតយ៉ាងខ្លាំងជាងការរំពឹងទុកពីកងទ័ពអ៊ុយក្រែន ក៏ប៉ុន្តែ ការវាយប្រហារនោះ មិនបានឈប់ទេ។
លោក Dmitry Chumakov ឯកអគ្គរដ្ឋទូតរុស្ស៊ីរងប្រចាំនៅអង្គការសហប្រជាជាតិ បានធ្វើការ ចោទប្រកាន់ម្តងទៀតកាលពីថ្ងៃពុធ ដោយបានជំរុញបណ្តាញព័ត៌មានប្រទេសលោកខាងលិចរាយការណ៍«ព័ត៌មានអំពីមន្ទីរពិសោធន៍ជីវសាស្ត្រសម្ងាត់នៅក្នុងប្រទេសអ៊ុយក្រែន»។
អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក John Kirby កាលពីថ្ងៃពុធ បានហៅការអះអាងរបស់រុស្ស៊ីថា ជា«សម្តីមិនស្មោះត្រង់»។
សហគមន៍អន្តរជាតិអស់ជាច្រើនឆ្នាំមកហើយ បានវាយតម្លៃថា រុស្ស៊ី បានប្រើអាវុធគីមីមុនការប៉ុនប៉ងធ្វើឃាតប្រឆាំងគូសត្រូវរបស់លោក Putinដូចជាលោក Alexey Navalny និងអតីតចារបុរស Sergei Skripal ជាដើម។ រុស្ស៊ី ក៏បានគាំទ្ររដ្ឋាភិបាលរបស់លោក Assad នៅក្នុងប្រទេសស៊ីរីដែលបានប្រើអាវុធគីមីប្រឆាំងប្រជាពលរដ្ឋរបស់ខ្លួននៅក្នុងសង្គ្រាមស៊ីវិលដែលមានរយៈពេលមួយទសវត្សរ៍នោះ។
នៅពេលដែលសួរដោយអ្នកកាសែតជាតិរុស្ស៊ីអំពីការអះអាងនេះ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិលោក Stephane Dujarric បាននិយាយថា៖ «នៅពេលនេះ មិនមានព័ត៌មានបញ្ជាក់អំពីសេចក្តីរាយការណ៍ឬការចោទប្រកាន់ទាំងអស់នេះអំពីមន្ទីរពិសោធន៍ប្រភេទនេះទេ»។
លោក Dujarric បានបញ្ជាក់ទៀតថា៖ «សហការីរបស់យើងនៅអង្គការសុខភាពពិភពលោក ដែលបានធ្វើការជាមួយរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ពួកគេមិនបានដឹងពីសកម្ម ភាពណាមួយខាងរដ្ឋាភិបាលអ៊ុយក្រែនដែលមិនបានធ្វើទៅតាមកាតព្វកិច្ចរបស់ខ្លួននៅក្នុងសន្ធិសញ្ញាអន្តរជាតិទេ រួមទាំងអាវុធគីមីឬជីវសាស្ត្រផង»៕
វ៉ាស៊ីនតោន —