អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris នឹងសហការជាមួយប្រទេសប៉ូឡូញនិងរ៉ូម៉ានីអំពីវិធានការបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ហើយនឹងបញ្ជាក់ប្រាប់ប្រទេសទាំងនេះឡើងវិញពីការគាំទ្ររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្នុងអំឡុងពេលនៃជំនួបរបស់លោកស្រីជាមួយមេដឹកនាំរបស់ប្រទេសទាំង២ដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះទៅ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រទេសទាំងពីរនេះ មានការព្រួយកង្វល់កាន់តែខ្លាំងឡើងអំពីការឈ្លានពានរបស់រុស្ស៊ីនៅក្នុងតំបន់ ហើយប្រទេសទាំង២នេះក៏ជាសមាជិកនៅផ្នែកខាងកើតបំផុតរបស់អង្គការអូតង់ដែរ និងមានព្រំដែនជាប់ជាមួយអ៊ុយក្រែន ជាទីកន្លែងដែលជនភៀសខ្លួនរាប់ពាក់នាក់ កំពុងភៀសខ្លួនចេញ។
លោកស្រី Harris នឹងផ្តោតលើមធ្យោបាយនានាដែលសមាជិករបស់អង្គការអូតង់ អាចអនុវត្តការដាក់ទណ្ឌកម្មសេដ្ឋកិច្ចឱ្យមានប្រសិទ្ធភាពនិងថា តើពួកគេអាចនៅយល់ស្របគ្នានិងធ្វើឱ្យជឿនលឿនទៅមុខយ៉ាងដូចម្តេច។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រដ្ឋបាលម្នាក់។
មន្ត្រីជាន់ខ្ពស់ទាំងនោះ បាននិយាយទៀតថា លោកស្រីអនុប្រធានាធិបតីអាមេរិក ក៏នឹងពិភាក្សាបញ្ហានានានៅក្នុងរដ្ឋធានីវ៉ាសូវីនៃប្រទេសប៉ូឡូញជាមួយនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ដែលក៏កំពុងទស្សនកិច្ចតំបន់នោះដែរ។
ដំណើរទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុបខាងកើតនេះ កើតមានឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី Harris ទៅកាន់ប្រទេសអាល្លឺម៉ង់ដើម្បីចូលរួមសន្និសីទសន្តិសុខមួយ ជាទីកន្លែងដែលលោកស្រីអនុប្រធានាធិបតី បានជួបសម្ព័ន្ធមិត្តនិងដៃគូរបស់សហរដ្ឋអាមេរិករួមមានទាំងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiyy នៅក្នុងកិច្ចប្រឹងប្រែងមួយដើម្បីធ្វើឱ្យសម្ព័ន្ធមិត្តរួបរួមគ្នានៅពេលដែលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាន់តែច្បាស់ឡើង។
កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិក បានច្រានចោលការស្នើដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយប្រទេសប៉ូឡូញ ដើម្បីផ្ទេរយន្តហោះចម្បាំង MiG-29 ធ្វើនៅរុស្ស៊ី ទៅមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីជាមធ្យោបាយមួយផ្គត់ផ្គង់កងទ័ពអាកាសរបស់អ៊ុយក្រែននៅក្នុងការការពាររបស់ខ្លួនប្រឆាំងនឹងការឈ្លានពានកងទ័ពរុស្ស៊ី៕