កាលពីថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្កោលទោសការវាយប្រហារដោយមីស៊ីលរបស់ប្រទេសរុស្ស៊ីលើរដ្ឋធានីកៀវនិងទីក្រុងនានារបស់ប្រទេសអ៊ុយក្រែន ដោយបាននិយាយថា ការវាយប្រហារទាំងនេះ «បង្ហាញឱ្យឃើញពីភាពឃោរឃៅទាំងស្រុង» នៃ «សង្គ្រាមខុសច្បាប់» របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Biden បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «សហរដ្ឋអាមេរិកថ្កោលទោសខ្លាំងក្លាលើការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី … នៅទូទាំងប្រទេសអ៊ុយក្រែន»។
លោកបានបន្តថា៖ «ការវាយប្រហារទាំងនេះបានធ្វើឱ្យជនស៊ីវិលស្លាប់និងរងរបួសនិងបានបំផ្លាញទីតាំងនានាដែលមិនពាក់ព័ន្ធនឹងយោធា»។
លោកបានបន្ថែមថា៖ «ជាថ្មីម្ដងទៀត ការវាយប្រហារទាំងនេះបានបង្ហាញឱ្យឃើញពីភាពឃោរឃៅទាំងស្រុងរបស់សង្គ្រាមខុសច្បាប់របស់លោក Putin លើប្រជាពលរដ្ឋអ៊ុយក្រែន»។
លោក Biden បាននិយាយទៀតថា ការវាយប្រហារទាំងនេះ «មានតែធ្វើឱ្យការតាំងចិត្តរបស់យើងកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងការឈរជាមួយនឹងប្រជាពលរដ្ឋអ៊ុយក្រែនមិនថាយូរប៉ុណ្ណានោះឡើយ»។
លោកបានលើកឡើងបន្តថា៖ «រួមជាមួយនឹងសម្ព័ន្ធមិត្តនិងដៃគូរបស់យើង យើងនឹងបន្តដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីសម្រាប់ភាពគឃ្លើនរបស់ប្រទេសនេះ ធ្វើឱ្យលោក Putin និងរដ្ឋាភិបាលរុស្ស៊ីទទួលខុសត្រូវចំពោះភាពឃោរឃៅនិងឧក្រិដ្ឋកម្មសង្គ្រាមរបស់ខ្លួន និងផ្ដល់ការគាំទ្រដែលចាំបាច់សម្រាប់កងទ័ពអ៊ុយក្រែននៅក្នុងការការពារប្រទេសនិងសេរីភាពរបស់ពួកគេ»។
លោកបានបន្ថែមថា៖ «ជាថ្មីម្ដងទៀត យើងអំពាវនាវឱ្យប្រទេសរុស្ស៊ីបញ្ចប់ភាពគឃ្លើនបែបទទឹងទិសនេះជាបន្ទាន់និងដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអ៊ុយក្រែន»។
ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារដោយមីស៊ីលរាប់សិបគ្រាប់លើរដ្ឋធានីកៀវនិងទីក្រុងនានារបស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ ដោយលោក Putin បានបញ្ជាក់នៅក្នុងការប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខរបស់លោកថា ការវាយប្រហារទាំងនេះសំដៅលើហេដ្ឋារចនាសម្ព័ន្ធផ្នែកថាមពល យោធា និងសារគមនាគមន៍របស់ប្រទេសអ៊ុយក្រែន និងថាការវាយប្រហារទាំងនេះគឺជាការឆ្លើយតបចំពោះការវាយប្រហារកាលពីថ្ងៃសៅរ៍លើស្ពានដែលភ្ជាប់ប្រទេសរុស្ស៊ីទៅដែនដី Crimea៕
វ៉ាស៊ីនតោន —